Wednesday, February 10, 2016

សម្តេច​តេជោ ហ៊ុន សែន អរគុណ​ចំពោះ រដ្ឋាភិបាល​ជប៉ុន ដែលតែគាំ​ទ្ររាជរដ្ឋាភិបាល​កម្ពុជាក្នុងការកសាង​ហេដ្ឋារចនាសម្ព័ន្ឋ​ជាតិ

សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះ រដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាលតែងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជាតិរួមទាំងផ្លូវថ្នល់ និងស្ពានជាច្រើននៅក្នុងប្រទេសកម្ពុជា។
យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន ដែលមានឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister ចុះផ្សាយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦    សម្តេចបានសរសេរថា រាជរដ្ឋាភិបាលកម្ពុជា បន្តកសាងនូវហេដ្ឋារចនាសម្ព័ន គមនាគមន៍ជាបន្តបន្ទាប់ទៀតដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាក់ស្តែងនៅកំណាត់ផ្លូវជាតិលេខ១ ដែលនៅសល់ ប្រវែង០៤គីឡូម៉ែត្រទៀត គិតចាប់ពីគល់ស្ពានមុនីវង្ស ដល់ម្តុំវត្តក្តីតាកុយ ក្នុងខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងតែស្ថាបនាយ៉ាងមមាញឹក។
គំរោងនៃការស្ថាបនាកំណាត់ផ្លូវនេះ គឺជាកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ដែលគាំទ្រក្នុងការស្ថាបនាផ្លូវនេះ បន្ទាប់ពីបានជួយទាំងផ្លូវជាតិលេខ១ រហូតដល់ស្ពានអ្នកលឿង ។
តាមរយៈដៃគូអភិវឌ្ឍន៍ សមិទ្ធផលនិងគម្រោងផ្លូវដែលមានស្រាប់ គឺកំពុងពង្រីកតភ្ជាប់ប្រទាក់ក្រឡាគ្នាយ៉ាងច្រើនដែលផ្តល់នូវភាពងាយស្រួលក្នុងការដឹកជញ្ជូនចល័តទូទាំងប្រទេស ជាពិសេសក្នុងការជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មអោយកាន់តែរីកលូតលាស់ ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋបើកបរលើផ្លូវដែលកំពុងសាងសង់នេះ គោរព ច្បាប់ចរាចរ និងយោគយល់អធ្យាស្រ័យដើម្បីសុវត្ថិភាពទាំងអស់គ្នា៕




No comments:

Post a Comment