Monday, March 17, 2014

សម្តេច​​តេ​ជោ​៖ ​បញ្ហា​​ធន​ធាន​មនុស្ស​​នៅ​តែ​​ជា​​ចំណោទ​​ធំ សម្រាប់​​យើង

សម្តេច​អគ្គមហាសេនាបតី​តេជោ ​ហ៊ុន សែន ​មានប្រសាសន៍​នា​ព្រឹក​ពីថ្ងៃ​ទី១៧ ខែមីនា​ ឆ្នាំ​ ២០១៤ បាន​មាន​ប្រសាសន៍​រំលឹក​សារ​ជាថ្មី ​ចាត់​ទុក​បញ្ហា​ធន​ធាន​មនុស្ស​នៅ​តែ​ជា​ចំណោទ​ធំ​សម្រាប់​ការ​កសាង និង​អភិវឌ្ឍន៍​ប្រទេ​ស​ជាតិ និងបាន​​អំពាវនាវ​ឲ្យ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​បន្ត​ពង្រឹងគុណភាព​អប់រំ​នៅ​គ្រឹះស្ថាន​ឧត្តម​សិក្សា ដើម្បី​ធ្វើការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ឲ្យ​ត្រូវ​នឹង​ទីផ្សារ​ការងារ។

នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ​ក្នុងពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យ​លាភី​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ ខ្ពស់​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​សរុប​ចំនួន ៧.៥៧១ នាក់​ សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី មានប្រសា​សន៍​ឲ្យ​ដឹង​ថា ចាប់តាំងពី​ថ្ងៃទី​រំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតមកដល់​បច្ចុប្បន្ន​នេះ យើង​កសាង​ប្រទេស​បាន​ពី​ដំណាក់កាល​មួយ​ទៅកាន់​ដំណាក់​កាល​មួយ មិនមែន​មាន​ន័យ​ថា យើង​មិន​បាន​យក​ចិត្ត​ទុកដាក់​ទៅលើ​បញ្ហា​ធនធានមនុស្ស​នោះ​ទេ។ ​ប៉ុន្តែ​តាម​ដំណាក់កាល​នីមួយ​ៗ​​យើង​បានឆ្លង​កាត់​នូវ​ការ​លំបាក​រាប់មិន​អស់ ហើយ​យើង​ក៏បាន​រិះរក​គ្រប់​វិធី​ទាំងអស់ ដើម្បី​បញ្ជូន​​និស្សិត​របស់​យើង​ចេញទៅ​រៀន​នៅ​បរទេស​នៅក្នុង​ដំណាក់​កាល​នៃ​ការ​លំបាក​នោះ។ សម្តេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា នៅក្នុង​ដំណាក់​កាល​មួយ​ទសវត្ស​ចុង ក្រោយនេះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​​ជា​មធ្យម​មាន​ជាង ៨% ក្នុងមួយឆ្នាំ ដែល​កំណើន​នេះ​មិន​អាច​បាន​មក​ដោយ​សារ​ការ​គ្រប់​គ្រង និង​ដឹកនាំ​មិន​ច្បាស់លាស់​នោះ​ទេ ក៏ប៉ុន្តែ​បាន​មកអាស្រ័យ​ដោយ​ការ​ដឹក​នាំ និង​អាស្រ័យ​​ដោយ​កត្តា​ធនធានមនុស្ស​របស់​យើង។

សម្តេច​តេ​ជោមាន​ប្រសាសន៍​ថា ​ដូចដែល​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក ​ឯកជន​បាន​ឆ្លុះបញ្ចាំង​អំពី​ភាព​ពាក់ព័ន្ធ​គ្នា​រវាង​ម្ខាង​គឺ​ធនធានមនុស្ស និង​ម្ខាង​ទៀត​ការ​បណ្តុះបណ្តាល​របស់​យើង​មិន​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​ទីផ្សារ។ ឥឡូវនេះ​មិន​ថា ​ពិភពលោក​កំពុង​មាន​ការប្រែប្រួល​យ៉ាង​ខ្លាំង​ពី​ស្ថានភាព​មួយ​ទៅកាន់​ស្ថានភាព​មួយទៀត​ទេ សូម្បីតែ​នៅក្នុង​ប្រទេស​កម្ពុជា​របស់​យើង​វាក៏មាន​តម្រូវការ ហើយ​ឥឡូវនេះ​ដំណាក់កាល​នេះ​ជា​ដំណាក់​កាល​នៃ​ការ​ធ្វើ​ឯកទេស​កម្ម ដែល​នៅក្នុង​ការ​ធ្វើ​ឯកទេសកម្ម​នោះ​ហើយ ដែល​តែងតែ​ឆ្លុះ​បញ្ចាំង​ថា និស្សិត​ដែល​បាន​ទទួល​ការងារ​ធ្វើ​ចំ​មុខ​ជំនាញ​មាន​ប៉ុន្មាន និង​មិន​ចំ​មុខ​ជំនាញ​មាន​ប៉ុន្មាន?​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ឥ​ឡូ​វនេះ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​យើង​មាន​តម្រូវ​ការចាំបាច់ គឺដើម្បី​បម្រើ​ឲ្យ​ទីផ្សារការងារ​នៅពេលដែលវិនិយោគ​បាន​មក​ដល់ ដែល​យើង​ត្រូវ​មាន​ធនធានមនុស្ស​ដើម្បី​បម្រើ​ការងារ​ឲ្យ​គេ បម្រើ​ឲ្យខ្សែសង្វាក់​ផលិត​កម្ម បើ​មិន​ដូច្នេះ​ទេ យើង​នៅតែ​រត់​មិនទាន់​ដំណើរ​ក្នុងស្រុក​របស់​យើង ក៏ដូចជា​សមាហរណ​កម្ម​នៅ​ក្នុង​ក្របខណ្ឌ​តំបន់​ផងដែរ។

ទាក់​ទ​ង​នឹង​តម្រូវការ​ធន​ធាន​មនុស្ស​នេះ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​ក៏​នៅតែ​បន្ត​អំពាវនាវ​ដល់​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ទាំង​អស់​ទាំង​រដ្ឋ ទាំង​ឯកជន​ត្រូវ​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​គុណភាពនៃ​ការ​បណ្តុះបណ្តាល ដោយ​ត្រូវ​ធានា​ធ្វើ​យ៉ាង​ណា​ការ​បណ្តុះបណ្តាល​ទាំង​អាហា​រូបករណ៍ ទាំង​ការសិក្សា​បង់ថ្លៃ​នៅពេល​បញ្ចប់​ការសិក្សា​ត្រូវតែ​មាន​គុណភាព ​ដើម្បី​បម្រើ​ឲ្យ​ទីផ្សារ​ការងារ ​ទាំង​ការងារ​រដ្ឋ ទាំង​ការងារ​ឯកជន ដែល​ជា​តម្រូវ​ការចាំបាច់ ហើយ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​បន្ត​ការ​ខិតខំ​ធ្វើ​នូវ​កិច្ចការ​ទាំង​អស់នេះ។

ឯកឧត្តម​ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឲ្យ​ដឹងថា សាកលវិទ្យា​ល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ ដែលមាន​តួនាទី​ដ៏​សំ​ខាន់​ក្នុង​ការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស ដើម្បី​បម្រើ​ឲ្យ​ការអភិវឌ្ឍន៍សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។ គិត​មកដល់​ឆ្នាំ២០១៤នេះ និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ជា​ស្ថាពរ​ពី​សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​មាន​ចំនួន ៣១ ៦៣៣ នាក់ ដែល​និស្សិត​ទាំងនោះ កំពុង​បម្រើ​ការងារ​នៅក្នុង​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​នានា។ បច្ចុប្បន្ន​សាកលវិទ្យាល័យ មាន​និស្សិត​កំពុង​សិក្សា​គ្រប់​កម្រិត​សិក្សា​សរុប​១៥ ៦៧២ នាក់។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ដែរ​ថា ​បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​គ្រឹះស្ថាន​ឧត្តម​សិក្សា​សរុប​ចំនួន​១០៤ ដែល​ក្នុង​នោះ​គ្រឹះស្ថាន​ឧត្ដ​ម​សិក្សា​រដ្ឋ​មាន​ចំនួន ៣៩ និង​ឯកជន​ចំនួន ៦៥ និង​មាន​និស្សិត​​ថ្នាក់​បរិញ្ញាបត្ររង ដល់​បណ្ឌិត​ចំនួន ២២២ ១៦៤នាក់។ ជាមួយ​គ្នា​នេះ​ក៏​មាន​អន្តេ​វា​សិ​កដ្ឋាន​ចំនួន ​៧ខ្នង នៅ​រាជធានី​ភ្នំពេញ និង​មាន​និស្សិត​កំពុង​ស្នាក់នៅ​ប្រមាណ​ ៨០៤នាក់​ក្នុង​នោះ​ស្រី ៥៧៣នាក់ និង​មាន​និស្សិត​បរទេស ១៤០ នាក់៕