Friday, August 06, 2021

រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរ ស្តីពីការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ តាមព្រំដែនគោក

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានសារាចរ ស្តីពីការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យបាលនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ តាមព្រំដែនគោក។

ខាងក្រោមនេះជាសារាចររាជរដ្ឋាភិបាល៖

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យចាក់វ៉ាក់សាំងដូសទី៣ ជូនដល់ប្រជាពលរដ្ឋនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ហើយចាប់ផ្តើមចាក់ជូនមន្រ្តីជួរមុខនៅព្រំដែនជាបន្ទាន់

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសារមួយបញ្ជាឱ្យ លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនដល់ប្រជាពលរដ្ឋ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើនត្រឡប់ពីប្រទេសថៃ។ ជាមួយគ្នានេះ សម្តេចបានបញ្ជាឱ្យយកវ៉ាក់សាំង Astra Zeneca ចាក់ដូសទី៣ ជូនមន្រ្តីជាន់មុខនៅទីនោះជាបន្ទាន់។

តាមរយៈសាររបស់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «សូមឱ្យ លោកជំទាវ ឱ វណ្ណឌីន អនុវត្តនូវការចាក់ដូសទី៣ ជូនដល់(ប្រជាពលរដ្ឋ)បណ្តាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ដោយយកសប្តាហ៍ទី២ អាចថា ខានស្អែក ឬខណ្ឌស្អែក១»។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ប្រជាពលរដ្ឋដែលរស់នៅជួរមុខជាប់ព្រំដែនថៃទាំងនោះ នឹងទទួលហានិភ័យបន្ទាប់ពីប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ ឬលើសពីនេះត្រឡប់ពីប្រទេសថៃ។ ជាមួយគ្នានេះ សម្តេចបានដាក់បទបញ្ជាឱ្យដឹកវ៉ាក់សាំង Astra Zeneca ទៅកាន់ព្រំដែន ដើម្បីចាក់ជាដូសទី៣ ជូនដល់គ្រូពេទ្យ កងទ័ព នគរបាល អាវុធហត្ថ និងមន្រ្តីពាក់ព័ន្ធជាបន្ទាន់ផងដែរ។

«ធ្វើកិច្ចការនេះឱ្យបានបន្ទាន់បំផុត តាមដែលអាចធ្វើទៅបាន មិនមែនតាមដែលអាចធ្វើទៅបានទេ គឺធ្វើឱ្យបាន»។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ។

សម្តេចបញ្ជាក់ថា យើងមានវ៉ាក់សាំង Astra Zeneca ដែលកម្ពុជាមានពេលនេះ គឺគ្រប់គ្រាន់សម្រាប់ការចាក់ដូសទី៣ ដល់ជនអាទិភាពទាំងនោះ។

សម្តេចបានបញ្ជាក់បន្ថែមថា ការចាក់វ៉ាក់សាំងដល់មន្រ្តីជួរមុខត្រូវធ្វើនៅសប្តាហ៍ទី២នេះតែម្តង ដោយកន្លងទៅរាជរដ្ឋាភិបាលចង់រង់ចាំចាក់នៅខែកញ្ញា ប៉ុន្តែដោយស្ថានការណ៍នាពេលនេះមានភាពចាំបាច់ តម្រូវឱ្យចាក់ដូសទី៣ ជូនអ្នកទាំងនោះឱ្យបានទាន់ពេលវេលា។

រាជរដ្ឋាភិបាលកម្ពុជា កាលពីដេីមខែសីហា ឆ្នាំ២០២១ បានសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងតំបន់។ ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម ឬស៊ីណូវ៉ាក់។ ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀត៕

អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំពិធីបុណ្យសមុទ្រ

ព្រះសីហនុ ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំពិធីបុណ្យសមុទ្រ នៅតាមបណ្តោយវិថី តេជោ  តភ្ជាប់ពីវិថី  ២ធ្នូ មកចុងផ្លូវ  ៥០២ ស្ថិតនៅតំបន់ពយតាមូង  ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាស លោក គួច ចំរើន បានមានប្រសាន៍ថា នៅដំណាច់ឆ្នាំខាងមុខនេះ ប្រសិនបើមិនមានការប្រែប្រួល ឬការរំខានដោយសារជំងឺកូវី-១៩ នោះទេ រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងទេសចរណ៍ គ្រោងនឹងយកទីតាំងនៅវិថីតេជោ តំបន់ពយតាមូង ដើម្បីប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ។ 

ជាមួយគ្នានេះ ដើម្បីឱ្យទីតាំងប្រារព្ធពិធីបុណ្យសមុទ្រ មានសោភ័ណភាព និងបរិស្ថានស្អាត រដ្ឋបាលខេត្តបាន និងកំពុងរៀបចំកែលម្អសួនច្បារ ដាក់អំពូលភ្លើង ដាំដើមកោងកាង រៀបចំបន្ទប់ទឹក និងពង្រីកទីធ្លាឱ្យបានធំទូលាយបន្ថែមទៀត ដើម្បីរៀបចំប្រារព្ធពិធី ជាពិសេសជាការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងឱកាសនៃពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ នាពេលខាងមុខ។ 

លោកអភិបាលខេត្ត ក៏បានណែនាំឱ្យក្រុមការងារត្រូវពន្លឿនការរៀបចំឱ្យបានលឿន ប្រកបដោយគុណភាព និងសោភ័ណភាព ដោយត្រូវធ្វើយ៉ាងណាឱ្យបានរួចរាល់ មុនថ្ងៃនៃការរៀបចំពិធីបុណ្យសមុទ្រ  ៕






លោកឧបនាយករដ្ឋមន្រ្តី ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-up ចំនួន៨៧គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០២១នេះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-up ចំនួន៨៧គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបែងចែកជូនអធិការដ្ឋាននគរបាល ក្រុង ស្រុក ។ ពិធីនេះបានប្រារព្ធឡើងនៅបរិវេណមុខអគារទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអនុវត្តយ៉ាងត្រឹមត្រូវតាមវិធានការសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដូចជាការពាក់ម៉ាស់ វាស់កំដៅ យកសំណាក បាញ់អាល់កុល និងរក្សាគម្លាតសុវត្ថិភាពជាដើម ។

យោងតាមរបាយការណ៍ស្វាគមន៍របស់ លោកនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ គិតចាប់តាំងពីឆ្នាំ២០១៩មក លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់អំណោយរថយន្ត Pikc-up ចំនួន៤លើក សរុប១៥៨គ្រឿង ដល់អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងនោះរួមមាន ស្នងការដ្ឋាននគរបាលខេត្តចំនួន ២២គ្រឿង វរសេនាតូចនគរបាលការពារព្រំដែនចំណុះភូមិភាគ៤ និងភូមិភាគ៥ចំនួន ១៦គ្រឿង ក្រុមល្បាតត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោកលើផ្លូវជាតិលេខ៤ និងលេខ៥ ចំនួន ៤គ្រឿង អធិការដ្ឋាននគរបាលខណ្ឌតាមរយៈស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ១៣គ្រឿង និងអធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌចំនួន១០៣គ្រឿង ។

ដោយឡែកនៅថ្ងៃនេះ លោកអគ្គនាយក បានរាយការណ៍ជូនអង្គពិធីថា រថយន្តទាំង៨៧គ្រឿងនេះ នឹងប្រគល់ជូនអធិការដ្ឋាននគរបាលក្រុង ស្រុក ដែលពុំទាន់ទទួលបានរថយន្តទាំង ៨៧អធិការដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តចំនួន២៤ខេត្ត រួមមានខេត្តព្រៃវែង ៤គ្រឿង បាត់ដំបង ៥គ្រឿង បន្ទាយមានជ័យ ២គ្រឿង ស្ទឹងត្រែង ២គ្រឿង ពោធិ៍សាត់ ៤គ្រឿង  ព្រះវិហារ ៣គ្រឿង  កណ្ដាល ៥គ្រឿង កំពង់ស្ពឺ ៥គ្រឿង កំពង់ឆ្នាំង ៦គ្រឿង កំពង់ចាម ៨គ្រឿង ត្បូងឃ្មុំ ៤គ្រឿង ក្រចេះ ១គ្រឿង តាកែវ ៤គ្រឿង កំពត ៤គ្រឿង ព្រះសីហនុ ២គ្រឿង កោះកុង ៣គ្រឿង កំពង់ធំ ៧គ្រឿង សៀមរាប ១០គ្រឿង កែប២គ្រឿង ឧត្តរមានជ័យ ១គ្រឿង ប៉ៃលិន ១គ្រឿង មណ្ឌលគិរី ១គ្រឿង និងរតនគិរី ៣គ្រឿង សរុបពីឆ្នាំ២០១៩មក លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានផ្ដល់ជូនរថយន្តចំនួន ៥លើក ស្មើនឹង២៤៥គ្រឿង ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានសម្ដែងសេចក្ដីរីករាយដែលបានប្រគល់រថយន្តសម្រាប់ចែកជូនអធិការដ្ឋាននគរបាលបង្គ្រប់ទូទាំងប្រទេស ខណៈក្រសួងក៏គ្រោងផ្ដល់ជូនរថយន្តដូចគ្នានេះ ជូនវរសេនាតូចដែលមិនទាន់ទទួលបានរថយន្តចំនួន ១៦អង្គភាពទៀតនាពេលខាងមុខ ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ដែរថា ការប្រារព្ធពិធីប្រគល់រថយន្តនៅថ្ងៃនេះ បានគោរពតាមគោលការណ៍សុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ដូចជាការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពជាដើម និងថាការផ្ដល់រថយន្តជូននាពេលនេះគឺជាកិច្ចការចាំបាច់មួយ ដើម្បីឱ្យអធិការនគរបាលក្រុង ស្រុក យកទៅប្រើប្រាស់សម្រាប់បំពេញបេសកកម្មបំរើជាតិ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានទាន់ពេលវេលា ។

លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានថ្លែងអំណរគុណជូន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជានិច្ចជាកាលបានយកចិត្តទុកដាក់ជួយជ្រោមជ្រែង និងលើកទឹកចិត្តដល់កម្លាំងនគរបាលជាតិរបស់យើង ជាក់ស្ដែងនៅពេលនេះ រថយន្ត៨៧គ្រឿងនេះ គឺជាថយន្តដែលនាំចូលដោយពន្ធជាបន្ទុករបស់រដ្ឋដែលទទួលបានការឯកភាពពីលោកនាយករដ្ឋមន្រ្តី ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងកោតសរសើរចំពោះការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់កម្លាំងនគរបាលជាតិក្នុងស្ថានភាពកូវីដ-១៩ ដ្បិតកម្លាំងមួយផ្នែកនៃមន្រ្តីរាជការអាចមានឱកាសស្នាក់នៅផ្ទះ តែសម្រាប់កម្លាំងនគរបាលជាតិស្ទើរទាំងអស់បានចេញប្រតិបត្តិការគ្រប់ទីកន្លែងដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពិសេសនៅតាមតំបន់ប្រឈមខ្ពស់ ដូចជាតំបន់ក្រហម តំបន់លឿងទុំជាដើម ។

ទន្ទឹមនឹងការថ្លែងកោតសរសើរដល់កងកម្លាំងនគរបាលជាតិ ក្រោមការដឹកនាំរបស់លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន លោកឧបនាយករដ្ឋមន្រ្តី ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសារសពកងកម្លាំងនគរបាលជាតិ ដែលបានពលីជីវិតក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ប្រយុទ្ធប្រឆាំងងនឹងជំងឺកូវីដ-១៩ និងក្រុមគ្រួសារសពមន្រ្តីរាជការស៊ីវិលដែលទទួលមរណភាពបដោយសារជំងឺឆ្លងនេះ។

ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩នេះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានគូសបញ្ជាក់ថាមកដល់ពេលនេះអត្រាឆ្លងជំងឺកូវីដ-១៩ លើពិភពលោកនៅតែស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ ខណៈប្រទេសកម្ពុជា និងបណ្ដាប្រទេសជាបន្តបន្ទាប់ បានរកឃើញវត្តមានមេរោកបំប្លែងខ្លួនថ្មី ដែលតា ។ លោកឧបនាយករដ្ឋមន្រ្តី បានបន្តក្នុងន័យដើមថា«ជាការពិតហើយយើងត្រូវគោរពតាមវិធានការសុខាភិបាល ប៉ុន្តែទន្ទឹមគ្នានេះយើងក៏ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចជាចាំបាច់ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ។ លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បន្តថា «ខ្ញុំសូមកោតសរសើរ ដ្បិតជាក់ស្ដែងក្នុងរយៈពេលក្លងទៅនេះការបង្ក្រាបបទល្មើសបានទទួលលទ្ធផលយ៉ាងល្អប្រសើរ» ។

ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនក្នុងស្ថានភាពប្រឈមនេះ លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បទល្មើសនេះបានថយចុះបន្តិច ប៉ុន្តែក្រុមឧក្រិដ្ឋជននៅតែឆ្លៀតឱកាសលួចកែច្នៃ ផលិត និងនាំចូលសារធាតុញៀន អាភៀន ពីបណ្ដាប្រទេសជុំវិញ ពិសេសពីតំបន់ត្រីកោណមាសមកកម្ពុជា ធ្វើឱ្យមានការកែច្នៃ និងផលិតគ្រឿងញៀនកើនឡើងជាងពេលមុន ។ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាកថា «ចាប់តាំពីយុទ្ធនាការបង្ក្រាបគ្រឿងញៀនដំបូងឆ្នាំ២០១៧មកដល់ពេលនេះ គិតទាំងអាភៀន និងសារធាតុគីមីផ្សុំ មានជាង ១១តោន ហើយក៏មិនដឹងថារួចផុតចេញពីយើងទៅប៉ុន្មានទៀតដែរ យ៉ាងណានេះគឺជាលទ្ធផលដែលកើតចេញពីឆន្ទៈមុះមុតនៃការបំពេញភារកិច្ចជារួមរបស់កងកម្លាំងនគរបាលជាតិ និងមន្រ្តីរាជការពាក់ព័ន្ធទាំអស់» ។

ទាក់ទងនឹងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងការផ្ដល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានគូសបញ្ជាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ ត្រូវបានចាត់ទុកថាជាថ្នាក់រដ្ឋបាលដែលនៅជិតប្រជាពលរដ្ឋបំផុត ពោលគឺបេសកកម្មរបស់ថ្នាក់ក្រោមជាតិនេះក៏មិនខុសពីថ្នាក់ជាតិដែរ ហើយរឹតតែសំខាន់ជាងថ្នាក់ជាតិទៅទៀត នៅត្រង់ថាពួកគាត់នៅគៀកនឹងប្រជាពលរដ្ឋ ប្រជាពលរដ្ឋអាចដឹងថាពួកគាត់ធ្វើល្អ និងមិនធ្វើល្អដោយងាយ ។ លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា «ដូច្នេះបានខ្ញុំលើកយោបល់ថានៅថ្នាក់ឃុំ យើងត្រូវផ្ដោតលើមុខសញ្ញា៤ គឺ ១.មេឃុំ ចៅសង្កាត់ ២.ស្មៀនឃុំ ស្មៀនសង្កាត់ ៣.ប្រធានប៉ុសិ៍្តនគរបាលរដ្ឋបាល និងទី៤គឺមេភូមិ» ។ 

លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា «អ៊ីចឹងបានជាយើងត្រូវតែយកចិត្តទុកដាក់ឱ្យពួកគាត់ធ្វើការងារបំរើប្រជាពលរដ្ឋឱ្យបានល្អ ដែលទាមទារការផ្ដល់នូវការណែនាំ ទិសដៅ គោលការណ៍ វិធានការនានា និងមធ្យោបាយធ្វើការ ដើម្បីមានលទ្ធភាព ដូចជាបើមិនទាន់មានអគារប៉ុសិ៍្តរដ្ឋបាលទេ យើងត្រូវធ្វើអគារជូនគាត់ ដ្បិតសម័យនេះមិនអាចធ្វើការក្រោមដើមឈើទៀតបានទេ។ តាមខ្ញុំដឹងយើងបានសាងសង់អគាររដ្ឋបាលប៉ុសិ៍្តរដ្ឋបាលឃុំសង្កាត់បានច្រើនហើយ គឺនៅសល់តែប្រមាណ៨០កន្លែងទៀតទេ ក្នុងចំណោម ១.៦៦៤ឃុំ សង្កាត់» ។ យ៉ាងណាលោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាកិច្ចការដែលនៅសេសសល់ប្រមាណ៥០ភាគរយនោះ គឺការសាងសង់អគារដ្ឋបាលសាលាឃុំ សង្កាត់។ 

លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងដែរអំពីការបណ្ដុះបណ្ដាលធនធានមនុស្សជាមន្រ្តីស្មៀនឃុំសង្កាត់ និងមន្រ្តីកងកម្លាំងនគរបាលនៅមូលដ្ឋាន ព្រមទាំងបានបន្ថែមថា អធិការដ្ឋាននគរបាល និងប៉ុសិ៍្តនគរបាលរដ្ឋបាល ក្រសួងក៏នឹងមានការគិតគូរបន្ថែមទៀត ដូចជាការវិភាគក្របខណ្ឌ និងមុខងារឱ្យបានសមស្រប ដោយផ្អែកលើកត្តាភូមិសាស្រ្ត និងប្រជាសាស្រ្ត ពោលគឺផ្អែកលើចំនួនប្រជាពលរដ្ឋតិចឬច្រើន និងវិសាលភាពទឹកដីរដ្ឋបាលនោះធំឬតូច ឬមានភាពស្មុគស្មាញជាដើម ដើម្បីដាក់ពង្រាយបរិមាណកងកម្លាំងឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែង ។ លោកឧបនាយករដ្ឋមន្រ្តី ទទួលស្គាល់ថា នៅភ្នំពេញ នគរបាលប៉ុស្តិ៍មានការខ្វះខាត និងទទួលខុសត្រូវបំពេញការងារច្រើន ដែលទាមទារឱ្យមានការគិតគូឡើងវិញ ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងថា កន្លងមក លោកក៏បានណែនាំឱ្យមានការគិតគូរអំពីអង្គភាពនីមួយៗនៅថ្នាក់ក្រសួង តើមានតម្រូវការមន្រ្តីនគរបាលប៉ុន្មាននាក់ឱ្យពិតប្រាកដ ដើម្បីដាក់មន្រ្តីឱ្យសមល្មម ហើយរំលែកក្របខណ្ឌនេះទៅឱ្យប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងអធិការដ្ឋាននគរបាលវិញ ។ ចំណុចនេះលោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ជាវិធានការកាត់បន្ថយការស្នើសុំក្របខណ្ឌបន្ថែមសម្រាប់កងកម្លាំងនគរបាលជាតិពីរាជរដ្ឋាភិបាល ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានបន្ថែមថា បញ្ហាដែលកំពុងដោះស្រាយនេះ មិនមែនកើតឡើងដោយសារកំហុសនរណាម្នាក់នោះទេ ពីព្រោះកម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្រ្តដែលរដ្ឋចាប់ផ្ដើមបំពេញការងារជាមួយនឹងភាពខ្វះខាតធនធានមនុស្ស ទើបបណ្ដាលឱ្យជួបស្ថានភាពខ្វះ តែសល់ ពោលគឺខ្វះអ្នកមានសមត្ថភាពធ្វើការ តែសល់អ្នកមិនមានសមត្ថភាពធ្វើការ ។

ពាក់ព័ន្ធនឹងការប្រគល់រថយន្តនៅថ្ងៃនេះវិញ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យអធិការដ្ឋាននគរបាលទាំងអស់ចូលរួមថែទាំរថយន្តនេះឱ្យបានល្អ ព្រោះជារថយន្តដែលបានចុះបញ្ជីជាទ្រព្យសម្បត្តិរួម ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុគិតគូរការផ្ដល់ប្រេងឥន្ធនៈប្រើប្រាស់សម្រាប់រថយន្តនេះឱ្យបានល្អ និងបានសម្ដែងក្ដីសង្ឃឹមជឿជាក់ថាទោះបីជាត្រូវបន្តប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ-១៩ដែលមិនមានភាពប្រាកដប្រជាយ៉ាងណាក្ដី ថ្នាកដឹកនាំ មន្រ្តីរាជការស៊ីវិល និងកងកម្លាំងទាំងអស់ និងរួមគ្នាបន្តខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវដើម្បីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរថែមទៀត ៕













វ៉ាក់សាំង AstraZeneca ជំហានទី២ ចំនួន ៦៦៨,០០០ ដូស ដែលជាជំនួយទ្វេភាគីពីប្រទេសជប៉ុន នឹងដឹកមកដល់កម្ពុជានាយប់នេះ

 វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទAstraZeneca ដែលជាជំនួយទ្វេភាគីរបស់រដ្ឋាភិបាលជប៉ុនជំហានទី២ ចំនួន ៦៦៨,០០០ដូស នឹងដឹកមកដល់កម្ពុជានៅយប់នេះ សរុបទាំងអស់គ្រប់ចំនួន១លានដូស។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា នៅយប់ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ជំនួយទ្វេភាគីរបស់រដ្ឋាភិបាលជប៉ុនជំហានទី២ ជូនរាជរដ្ឋាភិបាលកម្ពុជាចំនួន ៦៦៨,០០០ដូសនឹងដឹកមកដល់កម្ពុជា។

កាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង Astra Zeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា ដែលជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។

គួរជម្រាបថា វ៉ាក់សាំងកូវីដ-១៩ (Astra Zeneca) ចំនួន៣៣២០០០ដូស ជំហានទី១ បានដឹកមកកម្ពុជារួចហើយ កាលពីរាត្រីថ្ងៃទី២៣កក្កដា ឆ្នាំ ២០២១ ហើយពិធីប្រគល់-ទទួលវ៉ាក់សាំងពេលនោះ ស្ថិតក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គ រាជទូត វិសាមញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯជំហានទី២ ដែលនឹងមកដល់នៅយប់នេះបន្ថែមទៀតនោះ មានចំនួន ៦៦ ៨,០០០ដូស សរុបទាំងអស់ចំនួន ១លានដូស។

មកទល់ពេលនេះរដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយសរុបប្រមាណជាង៥០លានដុល្លារអាមេរិកដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំឱ្យបានត្រឹមត្រូវផងដែរ។ រដ្ឋាភិបាលជប៉ុនក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។

កាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាត្រូវ តែសម្រេចឱ្យបាននូវការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា ដែលដល់អាយុត្រូវចាក់ ហើយពេទ្យអនុញ្ញាតឱ្យចាក់ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា នៅលើ ពិភពលោក ក៏ដូចជានៅកម្ពុជា នៅសង្ឃឹមតែលើវ៉ាក់សាំងសម្រាប់ចាក់ ព្រោះវាមានអត្ថប្រយោជន៍ដ៏សំខាន់ ដើម្បីកាត់បន្ថយនូវការវាយលុកធ្ងន់ធ្ងរ ពីជំងឺកូវីដ និងអត្រាស្លាប់ផងដែរ។

សូមបញ្ជាក់ថា ក្នុងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា គិតត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ បានចំនួន ៧.៦១២.៦៦៣នាក់ សម្រាប់ពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ស្មើនឹង ៧៦,១៣% បើធៀបជាមួយនឹងចំនួនប្រជាជនគោលដៅ ១០លាននាក់។ ចំពោះដំណើរការចាក់លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ បានចំនួន ១៩៧.៨០៦នាក់ស្មើនឹងចំនួន ១០,០៦% ធៀបនឹងគោលដៅជិត ២លាននាក់ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស៕ AKP



ការងារជួសជុលប្រាសាទបាយក្អែកគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២១នេះ

សៀមរាប៖ ប្រាសាទបាយក្អែក មានទីតាំងស្ថិតនៅប៉ែកខាងលិចនៃប្រាសាទអង្គរវត្ត កំពុងធ្វើការជួសជុល និងរៀបចំលើកកម្ពស់សោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌សំដៅរក្សាតុល្យភាពរវាងការងារអភិរក្ស និងការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោក ស្រ៊ុន តិច បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ប្រាសាទបាយក្អែកបានដួលរលំទាំងស្រុង ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម និងកត្តាមនុស្ស។ តាំងពីខែកុម្ភៈ ឆ្នាំ២០២១ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានដំណើការជួសជុលពង្រឹងនិងលើកតម្លៃរចនាសម្ពន្ធប្រាសាទឡើងវិញ។ មកដល់ពេលនេះដំណើរការជួសជុលបានរយៈពេលប្រមាណ៥ខែមកហើយ ដោយសម្រេចបានជាង៦០ភាគរយ ដែលគ្រោងនឹងបញ្ចប់នៅ២ខែខាងមុខ។

លោកបន្តថា ចំពោះដំណើរការជួសជុលពង្រឹងសំណង់នេះ ក្រុមការងារបច្ចេកទេសប្រកាន់យកគោលការណ៍អភិរក្ស  គោរពតាមអនុសាសន៍របស់អ្នកជំនាញ អាយស៊ីស៊ីអង្គរ និងគោរពតាមធម្មនុញ្ញអង្គរ ក្នុងគោលដៅរក្សារូបរាង ឬទម្រង់ស្ថាបត្យកម្មដើមរបស់ប្រាសាទ។ ការងារជួសជុលនេះ ក្រុមការងារព្យាយាមប្រើប្រាស់ថ្មចាស់ៗឡើងវិញ ហើយជំនួសថ្មថ្មីក្នុងកម្រិត១០ទៅ១៥ភាគរយ។ 

សូមជម្រាបដែរថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា គាំពារកេរមត៌កដូនតាខ្មែរ ដែលជាបេតិកភណ្ឌពិភពលោកឱ្យនៅគង់វង្សយូរអង្វែង៕














អភិបាលរងខេត្តកំពង់ឆ្នាំង ចូលរួមសិក្ខាសាលាស្ដីពីការចាប់ផ្ដើមអនុវត្តគម្រោង "សន្តិសុខស្បៀង និងការគាំទ្រស្ដារឡើងវិញរបស់សហគមន៍មូលដ្ឋានដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅប្រទេសកម្ពុជា"

កំពង់ឆ្នាំង ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារខេត្ត ស្រុក ឃុំគោលដៅ ចូលរួមសិក្ខាសាលាតាមរយៈប្រព័ន្ធ Zoom ស្ដីពីការចាប់ផ្ដើមអនុវត្តគម្រោង "សន្តិសុខស្បៀង និងការគាំទ្រស្ដារឡើងវិញរបស់សហគមន៍មូលដ្ឋានដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅប្រទេសកម្ពុជា" ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីបង្គោលនៃលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ទីចាត់ការផែនការ និងវិនិយោគ និងថ្នាក់ដឹកនាំស្រុក ឃុំគោលដៅ។

ពិធីសិក្ខាសាលានេះរៀបចំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកម្មវិធីស្បៀងអាហារពិភពលោក ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងផ្ដល់ការតម្រង់ទិសអំពីការអនុវត្តផែនការសកម្មភាពគម្រោងដល់ភ្នាក់ងារអនុវត្តគម្រោងថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំគោលដៅ និងអ្នកពាក់ព័ន្ធនានា ព្រមទាំងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធសំខាន់ៗ ស្ដីពីផលប៉ះពាល់អវិជ្ជមាននៃគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់លើជីវភាព និងសន្តិសុខស្បៀងដែលលទ្ធផលនៃការពិគ្រោះយោបល់នេះនឹងត្រូវប្រើប្រាស់ជាធាតុចូលក្នុងដំណើរការកសាងផែនការរបស់រដ្ឋបាលឃុំគោលដៅ។

សូមជម្រាបផងដែរថា គម្រោងនេះមានរយៈពេល១ឆ្នាំ អនុវត្តនៅក្នុងខេត្តគោលដៅចំនួន៤ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងកំពង់ធំ ហើយសម្រាប់ខេត្តកំពង់ឆ្នាំង គឺអនុវត្តនៅឃុំខុនរ៉ង ស្រុកបរិបូណ៌ និងឃុំព្រៃគ្រី ស្រុកជលគីរី៕



អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំគម្រោងចំណូលរបស់រដ្ឋបាលខេត្តសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២

កំពត៖ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១ នាសាលប្រជុំសាលាខេត្ត រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំពិនិត្យពិភាក្សា ស្ដីពីការរៀបគម្រោងចំណូលរបស់រដ្ឋបាលខេត្តសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធ។

លោក ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា ការអភិវឌ្ឍន៍ក៏ដូចជាការលើកកម្ពស់សេដ្ឋកិច្ចសង្គមជាតិកម្ពុជា ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលនៅថ្នាក់ក្រោមជាតិរីកចម្រើនទៅបានគឺអាស្រ័យពឹងផ្អែកលើប្រភពចំណូលចូលថវិការដ្ឋ។ ជាក់ស្ដែងការអភិវឌ្ឍន៍ប្រទេស និងការជំរុញល្បឿនសេដ្ឋកិច្ចសង្គមកម្ពុជា ដែលមានការរីកចម្រើនមកដល់ពេលនេះ គឺរាជរដ្ឋាភិបាលដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ តែងបានដាក់ចេញនូវគោលនយោបាយ និងការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងថវិកាជាតិ បានយ៉ាងមានប្រសិទ្ធភាពល្អប្រសើរ។

ដូចនេះ កិច្ចប្រជុំពេលនេះគឺជាការងារសំខាន់មានគោលបំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូលចូលថវិកាសម្រាប់ខេត្ត ដែលក្នុងនោះមានកំណត់គោលដៅអំពីការគ្រោង ការប្រមូល ការបែងចែក ការបង់ និងការប្រើប្រាស់ ចំណូលដែលបានពីកម្រៃ នៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗ ទៀតដែលជាប្រភពចំណូលមិនមែនសារពើពន្ធ តាមរយៈការប្រគល់ ឬការធ្វើប្រតិភូកម្មមុខងារពីក្រសួង ស្ថាប័ននានា រដ្ឋបាលក្រុង ស្រុក និងអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត។ ដោយការប្រមូលនេះទៀតសោត ផ្អែកលើមូលដ្ឋានទិន្នន័យសមស្រប និងផ្អែកតាមប្រភេទ និងតម្លៃសេវាដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន និង ត្រូវគ្រោងចំណូលដែលបានប៉ានស្មាននេះនៅក្នុងគម្រោងថវិកាប្រចាំឆ្នាំរបស់ខ្លួនទៅតាមចំណាត់ថ្នាក់នៃ មាតិកាថវិកា។ 

លោក ក៏បានស្នើឲ្យថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនីមួយៗដែលពាក់ព័ន្ធមានប្រភពចំណូល ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ក្នុងការប្រមូលឲ្យមានប្រសិទ្ធភាព គ្រប់ប្រភពចំណូលចូលជាថវិកាខេត្ត សម្រាប់បន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ចសង្គមនៅក្នុងខេត្តសំដៅបម្រើប្រយោជន៍សាធារណៈក៏ដូចជាប្រជាពលរដ្ឋ បានកាន់តែប្រសើរឡើងថែមទៀត។

កិច្ចប្រជុំនេះ គឺជាការផ្ដល់ឱកាសដល់មន្ទីរនិងអង្គភាព វិស័យ ជំនាញពាក់ព័ន្ធ តាមរយៈការប្រគល់ ឬការធ្វើប្រតិភូកម្មមុខងារពីក្រសួង ស្ថាប័ននានា ក្នុងការបម្រើសេវារដ្ឋបាលនិងសេវាសាធារណៈផ្សេងទៀត ដែលមានលទ្ធភាពអាចប្រមូលចំណូលចូលថវិការខេត្តដែលជាប្រភពចំណូលមិនមែនសារពើពន្ធ ។ ក្នុងនោះមានមន្ទីរសុខាភិបាល មន្ទីរទេសចរណ៍ មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរព័ត៌មាន មន្ទីរបរិស្ថាន មន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីររ៉ែនិងថាមពល មន្ទីរពាណិជ្ជកម្ម មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ទីរអប់រំយុវជន និងកីឡា មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍៕