Wednesday, February 17, 2016

ប្រទេសបារាំងបំពាក់គ្រឿងឥស្សរិយយសជូនអ្នកគ្រូ នាង ផល្លា នៃអង្គការគ្រួសារថ្មី

នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦​នេះ  ឯកឧត្តម ហ្សង់¬ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបំពាក់​គ្រឿងឥស្សរិយ​យសអប់រំ (Ordre des Palmes Académiques) ថ្នាក់អស្សឫទ្ធិ ជូនលោកស្រី នាង ផល្លា គ្រូបង្រៀន​នៅសាលាអង្គការគ្រួសារថ្មី និងជាអ្នកសម្របសម្រួលកម្មវិធីជាតិនៃ «ការអប់រំសម្រាប់​កុមារពិការភ្នែក និងគ ថ្លង់»។ ពិធីនេះបានប្រព្រឹត្តទៅក្នុងឱកាសនៃការ ប្រារព្ធខួបលើកទី២៥ឆ្នាំ​របស់អង្គការ  គ្រួសារថ្មី ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា​ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង​វត្តមានរបស់សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី សមាជិកសមាជិការាជរដ្ឋាភិបាល និងលោក Benoît Duchâteau-Arminjon ដែលជាប្រធាននិងស្ថាបនិកនៃអង្គការនេះ។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានរៀបរាប់ពីប្រវត្តិការងាររបស់លោកស្រី នាង ផល្លា ក្នុងការបង្ហាត់បង្រៀនកុមារពិការភ្នែក។ ក្រោយរត់គេចចេញពីរបបខ្មែរក្រហម លោកស្រី នាង ផល្លា បានទទួលការបណ្តុះបណ្តាលពីអង្គការសហប្រជាជាតិក្នុងជំរុំជន ភៀសខ្លួននៅប្រទេសថៃ មុនពេលទៅបង្រៀន និងដឹកនាំសាលាកុមារពិការភ្នែកក្នុងជំរំ។

នៅពេលលោកស្រីត្រឡប់មកកាន់មាតុប្រទេសវិញនៅឆ្នាំ១៩៩១ លោកស្រីបានទាក់ទង ជាមួយអង្គការគ្រួសារថ្មី ដើម្បីជួយបង្ហាត់បង្រៀនកុមារពិការភ្នែក និងគថ្លង់ និងធ្វើការអភិវឌ្ឍ​កម្មវិធីបណ្តុះបណ្តាលពិសេសមួយសម្រាប់កុមារទាំងនេះ។

កិច្ចសហប្រតិបត្តិការនេះបាននាំអោយមានការបង្កើតសាលាសម្រាប់កុមារពិការភ្នែក និងគថ្លង់​លើក​ដំបូង​នៅកម្ពុជានៅក្នុងឆ្នាំ១៩៩៣។

លោកស្រីក៏បានក្លាយជាគ្រូបង្រៀនអក្សរប្រាយ(សម្រាប់កុមារពិការភ្នែក)ដំបូងគេបង្អស់នៅកម្ពុជា​ ហើយបានរួមចំណែកបង្កើតអក្សរប្រាយជាភាសាខ្មែរ។

ការងារនិងការប្តេជ្ញាចិត្តរបស់លោកស្រីត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ដោយសារ លោក​ ស្រីស្ថិតក្នុងចំណោមបេក្ខជន១០រូបដើម្បីដណ្តើមពានរង្វាន់គ្រូ បង្រៀនឆ្នើមពិភពលោក (Global Teacher Prize) ។
ដំណឹងនេះត្រូវបានផ្សព្វផ្សាយពាសពេញប្រទេសកម្ពុជា ដែលជាមោទនភាពមួយសម្រាប់​ប្រជាជនខ្មែរ ក៏ដូចជាសម្រាប់ថ្នាក់ដឹកនាំផងដែរ។
ដោយសារប្រវត្តិការងារគំរូនេះហើយទើបប្រទេសបារាំងសម្រេចបំពាក់គ្រឿងឥស្សរិយយសអប់រំ ជូនដល់លោកស្រី នាង ផល្លា ហើយកាយវិកានេះក៏ជាសក្ខីភាព បញ្ជាក់ពីការ ទទួលស្គាល់ និងលើកទឹកចិត្តរបស់បារាំងចំពោះលោកស្រី ដែលជាគ្រូបង្រៀននិងជាស្រ្តី មួយរូបមានដំណើរ​ជីវិត និងប្រវត្តិការងារដ៏គួរឱ្យកត់សម្គាល់។

សូមបញ្ជាក់ថា មេដាយអប់រំគឺជាគ្រឿងឥស្សរិយយសដ៏ចំណាស់មួយរបស់សាធារណ រដ្ឋបារាំង ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨០៨ដោយព្រះចៅណាប៉ូឡេអុងទី១ ដើម្បីផ្តល់ជូនសាស្រ្តាចារ្យ និងលោកគ្រូអ្នកគ្រូ។ ចាប់ពីឆ្នាំ១៨៦៦មក គ្រឿងឥស្សរិយយសនេះក៏ត្រូវបានបំពាក់ផងដែរ​ដល់បុគ្គលមិន មែនជាគ្រូបង្រៀន តែមានស្នាដៃឧត្តុង្គឧត្តមក្នុងវិស័យអប់រំ៕



សេចក្តីថ្លែងការណ៍រួមរបស់ មេដឹកនាំអាស៊ាន-អាមេរិក

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក រយៈពេលពីរថ្ងៃ (១៥-១៦ ខែកុម្ភៈ) នៅទឹកដីរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ប្រកបដោយភាពជោគជ័យ។ ប្រមុខរដ្ឋ/រដ្ឋាភិបាល នៃសមាជិកទាំងអស់ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន និងសហរដ្ឋអាមេរិក បានរួមគ្នាចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយមានចំនួន១៧ចំណុច។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់សេតវិមាននៃសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការនោះមានខ្លឹមសារដូចខាងក្រោម៖
សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូលពិសេស មេដឹកនាំអាស៊ាន-អាមេរិក
សាន់នីឡែនស៍ (Sunnylands), កាលីហ្វរញ៉ា (California)
យើងខ្ញុំ ក្នុងនាមប្រមុខរដ្ឋ/រដ្ឋាភិបាល នៃសមាជិកទាំងអស់ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន និង សហរដ្ឋអាមេរិក បានប្រមូលផ្តុំគ្នានៅទីក្រុង សាន់នីឡែនស៍ នៃរដ្ឋកាលីហ្វរញ៉ា ចាប់ពីថ្ងៃទី១៥ ដល់១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីបើកកិច្ចប្រជុំកំពូលពិសេស នៃមេដឹកនាំទាំងអស់។ កិច្ចកំពូលពិសេសរវាងមេដឹកនាំអាមេរិក និងអាស៊ាននេះ បានក្លាយជាលើកទី១ ហើយនៅក្នុងការរៀបចំនៅសហរដ្ឋអាមេរិក វាក៏ជាកិច្ចប្រជុំកំពូលដំបូងបង្អស់ ចាប់តាំងពីការបង្កើតសហគមន៍អាស៊ានផងដែរ។
កិច្ចប្រជុំកំពូលនេះ បានបញ្ជាក់ច្បាស់ពីឆ្នាំថ្មីសម្រាប់អាស៊ាន និងសម្រាប់ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ អាមេរិក-អាស៊ាន ដែលកំពុងតែកើនឡើងផងដែរ។ នៅឆ្នាំ២០១៥ ប្រទេសសមាជិកអាស៊ាន បានប្រារព្ធពិធី បង្កើតសហគមន៍អាស៊ាន ដើម្បីដើរតួនាទីរួមគ្នា នៅក្នុងអាស៊ាន ដែលអាចលើកស្ទួយការរីកចំរើន នៃប្រជាជន ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
នៅឯកិច្ចប្រជុំកំពូលរបស់យើង ក្នុងទីក្រុងគូឡាឡាំពួរ កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ យើងបានជម្រុញពីចំណងមិត្តភាពរវាង អាមេរិក-អាស៊ាន ឲ្យទៅជាដៃគូយុទ្ធសាស្ត្រ ដែលជាការទទួលស្គាល់នូវការផ្លាស់ប្តូរចំណងមិត្តភាពរបស់យើងទាំងពីរ នៅអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលពិសេសនេះ យើងខ្ញុំ ទាំងឡាយជាប្រមុខរដ្ឋ/រដ្ឋាភិបាល នៃប្រទេសសមាជិករបស់អាស៊ាន និង សហរដ្ឋអាមេរិក សូមយកពេលវេលា នេះដើម្បីបញ្ជាក់ឡើងវិញ ទៅលើគោលការណ៍គន្លឹះៗ ដែលនឹងដឹកនាំកិច្ចសហប្រតិបត្តិការរបស់យើង ឲ្យដើរ ឆ្ពោះទៅមុខ។
១៖ ការគោរពគ្នាទៅវិញទៅមក លើអធិបតេយ្យភាព, បូរណភាពដែនដី, ភាពស្មើគ្នា និងសេរីភាពនយោបាយចំពោះប្រជាជាតិទាំងអស់តាមរយៈ ការលើកកម្ពស់គោលការណ៍ និង គោលដៅនៃធម្មនុញ្ញរបស់អង្គការ សហប្រជាជាតិ, ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ។
២៖ សារៈសំខាន់នៃការចែករំលែកវិបុលភាព, ចីរភាព, ការអភិវឌ្ឍ និងរីកចំរើនជាចង្កោម, និង ការអប់រំយុវវ័យ របស់យើងឲ្យបន្ត រក្សានិរន្តភាព សន្តិភាព, ការអភិវឌ្ឍ និងស្ថិរភាពដើម្បីផលប្រយោជន៍ទៅវិញទៅមក។
៣៖ ការទទួលស្គាល់ទៅវិញទៅមកនូវសារៈសំខាន់ នៃការស្វែងរកនយោបាយនានា ដែលអាចដឹកនាំទៅរក សន្ទុះ, ការបើកទូលាយ, និង សេដ្ឋកិច្ចប្រកបដោយការប្រកួតប្រជែង ដែលជម្រុញកំណើនសេដ្ឋកិច្ច, ការបង្កើតការងារ, ការបង្កើតអ្វីដែលថ្មី, សហគ្រិនភាព និង ការផ្សារភ្ជាប់, និងដែលជាការគាំទ្រសហគ្រាសធុនតូច និង មធ្យម (SMEs) និងបង្រួមគម្លាតនៃការអភិវឌ្ឍ។
៤៖ ការប្តេជ្ញារបស់យើង ក្នុងការធានានូវឱកាសទាំងឡាយ សម្រាប់ប្រជាជនរបស់យើង តាមរយៈការពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ, លើកស្ទួយអភិបាលកិច្ចល្អ និងមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាព ព្រមទាំងប្រកាន់ខ្ជាប់ នូវការគោរពច្បាប់, ការលើកទឹកចិត្តឲ្យមានការលើកស្ទួយ ភាពអត់ឱន និង អធ្យាស្រ័យ, និង កិច្ចការពារបរិស្ថាន។
៥៖ គោរព និងគាំទ្រដល់ភាពជាកណ្តាលរបស់អាស៊ាន និងយន្តការនានាដែលដឹកនាំដោយអាស៊ាន នៅក្នុងចលនាស្ថាបត្យកម្មនៃតំបន់ អាស៊ី-ប៉ាស៊ីហ្វិក។
៦៖ ការប្រកាន់យ៉ាងមុតមាំ ទៅលើការអនុវត្តច្បាប់ប្រចាំតំបន់ និង សណ្តាប់ធ្នាប់អន្តរជាតិ ដែលជាការជ្រោមជ្រែង និង ការពារសិទ្ធិ ព្រមទាំង អត្ថប្រយោជន៍នៃរដ្ឋទាំងអស់។
៧៖ ការប្តេជ្ញារួមគ្នាទៅរកដំណោះស្រាយជម្លោះ ប្រកបដោយសន្តិវិធី ក្នុងនោះរួមមានការគោរពយ៉ាង ពេញលេញទៅលើដំណើរការការទូតដោយស្របច្បាប់ ដោយមិនមានការប្រើប្រាស់ការគម្រាមកំហែង ឬ កម្លាំងបាយ ដោយយោងទៅលើច្បាប់សមុទ្រដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និង អនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) កាលពីឆ្នាំ ១៩៨២។
៨៖ ការប្តេជ្ញារួមគ្នា ដើម្បីពង្រីកសន្តិភាព, សន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់, ធានាការសន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ ដែលក្នុងនោះ រួមមានសិទ្ធិ និងសេរីភាពនៃការចល័តនាវា និងយន្តហោះ និងច្បាប់នានា ដែលពាក់ព័ន្ធនឹងបញ្ហាសមុទ្រ។ មិនមានការរាំងការធ្វើនាវាចរណ៍លើ វិស័យពាណិជ្ជកម្ម ដូចមានបញ្ជាក់នៅក្នុងអនុញ្ញាសញ្ញាអន្តរជាតិស្តីពីសមុទ្រ (UNCLOS) ក៏ដូចជាការមិនប្រើប្រាស់យោធា និងកងកម្លាំងនៅក្នុងការ ប្រព្រឹត្តទង្វើរារាំងនានា។
៩៖ ការប្តេជ្ញារួមគ្នា ក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការទៅលើការដោះស្រាយបញ្ហាប្រឈមចាំបាច់ នៃដែននាវាចរ។
១០៖ ការដោះស្រាយឲ្យបានមុតមាំ ទៅលើបញ្ហាសកល ដូចជាភេរវកម្ម និង អំពើហិង្សាដោយពួកជ្រុលនិយម, ការជួញដូរមនុស្ស, ការជួញដូរគ្រឿងញៀន, និង អំពើល្មើសច្បាប់, ការមិនបានរាយការណ៍, និងការនេសាទដោយគ្មាការអនុញ្ញាត, ក៏ដូចជាការជួញដូរខុសច្បាប់សត្វព្រៃ និង អនុផលព្រៃឈើ។
១១៖ ការប្តេជ្ញារួមគ្នា ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និង ស្តារអាកាសធាតុឡើងវិញ, បរិស្ថាន អាស៊ានប្រកបដោយនិរន្តរភាព, ក៏ដូចជាការអនវត្តនូវការ សន្យារបស់ប្រទេសនីមួយៗ នីក្នុងកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីស។
១២៖ ការប្តេជ្ញារួមគ្នាក្នុងការលើកស្ទួយសន្តិសុខ និង ស្ថិរភាពប្រព័ន្ធអ៊ិនធឺណែត ដោយអនុវត្តន៍តាមច្បាប់ និងបទដ្ឋានប្រកប ដោយទំនួលខុសត្រូវពីបណ្តារដ្ឋ។
១៣៖ គាំទ្រសម្រាប់ការ ធ្វើឲ្យមានភាពខ្លាំងក្លា, ស្ថិរភាព, នយោបាយប្រកបដោយឥទ្ធិពល, កិច្ចសហការផ្នែកសេដ្ឋកិច្ច, ទំនួលខុសត្រូវសង្គម, តម្រង់ទិសប្រជាជន, ដឹកនាំប្រជាជន និង សហគមន៍អាស៊ានប្រកបដោយមូលដ្ឋានច្បាប់។
១៤៖ ការប្តេជ្ញារួមក្នុងការពង្រឹង និងពង្រីកការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈកម្មវិធីដែលផ្សាភ្ជាប់ប្រជាពលរដ្ឋអាស៊ាន និងអាមេរិក ជាពិសេសមនុស្សវ័យក្មេង និងលើកស្ទួយឱកាសសម្រាប់ប្រជាជនគ្រប់គ្នា ជាពិសេសអ្នកដែលមានសមត្ថភាព ដើម្បីបំពេញឲ្យបានតាម គោលដៅរបស់សហគមន៍អាស៊ាន។
១៥៖ ការប្តេជ្ញារួមគ្នាក្នុងការលើកស្ទួយ ភាពជាដៃគូសកលមួយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការប្រតិបត្តិតាមរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍដោយចរីភាព និងរបៀបវារៈសកម្ម ទីក្រុង អាដឌីស អាបាបា (Addis Ababa) ក្នុងការធានាឲ្យបាននូវនិរន្តរភាព, សមធម៌ និងសង្គមចំរុះ ដែលគ្មាននរណាម្នាក់ត្រូវបាន គេបោះបង់ចោលនោះទេ។
១៦៖ ការប្តេជ្ញារួមគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ នៅវេទិកាថ្នាក់តំបន់ និងអន្តរជាតិ ជាពិសេសយន្តការ ដឹកនាំដែលមានស្រាប់របស់អាស៊ាន។
១៧៖ ការប្តេជ្ញាធរក្នុងការបន្ត កិច្ចសន្ទនានយោបាយ ថ្នាក់ប្រមុខរដ្ឋ/រដ្ឋាភិបាល តាមរយៈការចូលរួមរបស់ មេដឹកនាំ នៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំ អាមេរិក-អាស៊ាន និង កិច្ចប្រជុំកំពូលអាស៊ីបូព៌ា៕





លោកជំទាវ ម៉ែន សំអន អញ្ជើញចូលជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូននៅ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាម៉ែលប៊ន ប្រទេសអូស្ត្រាលី

នាព្រឹក​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ លោកជំទាវឧប​នាយករដ្ឋមន្ត្រី ម៉ែន សំអន  រដ្ឋមន្ត្រី​ក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការ​កិច្ច ជាប្រធាន​សមាគមនារី    កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញ​ចូលជួប​សំណេះសំណាល និងសាក​សួរសុខទុក្ខ​ជាមួយបង​ប្អូននៅ សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និងអភិវឌ្ឍន៍ សាខាម៉ែលប៊ន ប្រទេស​អូស្ត្រាលី ។
លោក​ជំទាវ ម៉ែន សំអន មាន​ប្រសាសន៍ថា ថ្នាក់ដឹក​នាំរបស់​សមាគមនារី​កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានប្រើ​ប្រាស់ធនធាន​របស់ខ្លួនក្នុង​ការបម្រើការងារ​សង្គម ការងា​រមនុស្សធម៌ និង​ការងារអប់រំ ដើម្បី​បានជិតស្និទ្ធ​ជាមួយនឹង​ប្រជាពលរដ្ឋ ដឹងសុខទុក្ខ​លំបាក និងការប្រឈមទាំង​ឡាយរបស់​ប្រជាពលរដ្ឋ ជាពិសេស ស្រ្តីងាយ​រងគ្រោះ ហើយធ្វើការដោះ​ស្រាយបានទាន់​ពេល ក្នុងន័យ​រួមចំណែក​ជាមួយរាជរដ្ឋាភិបាល​ក្នុងការអភិវឌ្ឍន៍​ប្រទេស។ ក្នុង​នោះផងដែរសមាគមនារី​កម្ពុជាក៏បាន​ពង្រឹង និងពង្រីកកិច្ចសហការ ជាមួយ​អង្គការមិនមែន​រដ្ឋាភិបាល ដៃគូជាតិ អន្តរជាតិដទៃទៀត ក្នុងការស្វែង​រកធនធានមនុស្ស​បន្ថែមទៀត ដើម្បីផ្គត់​ផ្គង់សកម្មភាព​ក្នុងការចូលរួម​ការងារសង្គម និងអភិវឌ្ឍស្រប​តាមទិសដៅ​របស់រាជរដ្ឋាភិ​បាល ក្រោមការដឹក​នាំរបស់សម្តេច​អគ្គមហាសេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោក​ជំទាវ ម៉ែន សំអន បានថ្លែងអំណរគុណ​ចំពោះការដឹកនាំរបស់សមាគមនា​រីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាម៉ែល​ប៊ន ប្រទេសអូស្ត្រាលី កន្លងមកក្នុង​ការលើកស្ទួយ​ដល់នារីកម្ពុជា​ដែលបានរស់នៅ​ក្នុងប្រទេសអូ​ស្ត្រាលី និងបាន​សំណូមពរឲ្យ​ថ្នាក់ដឹកនាំ​សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខា​ម៉ែលប៊ន ប្រទេសអូ​ស្ត្រាលី ត្រូវខិតខំបន្ថែមទៀតក្នុងការពង្រឹង​កិច្ចសហប្រតិបត្តិការវាង​សមាគមនេះ៕


បទអត្ថាធិប្បាយ៖ តើ លោក ហ៊ុន សែន ជាជនកុម្មុយនិស្ដផ្ដាច់ការ ឬជាអ្នកប្រជាធិបតេយ្យ?(ប្រភពពី GNN)

កម្ពុជាកំពុងតែបោះជំហានយ៉ាងស្វាហាប់លើការពង្រឹងនីតិរដ្ឋ ដែល​ជា​មូល​ដ្ឋា​ន​គ្រឹះ​ដ៏​មាំនៃលទ្ធិ ប្រជាធិបតេយ្យ ដែលពិភពលោកទាំងមូលបានដឹងយ៉ាងច្បាស់ណាស់ថា ប្រជា​ធិ​ប​​តេយ្យសេរី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រជាបធិប​តេយ្យដែ​លមា​នការ​ធានា​យ៉ា​ង​ច្បា​ស់​ថា រាជរដ្ឋាភិបាល គឺជាតំណាងយ៉ាងពិតប្រាកដរបស់ពលរដ្ឋ ហើយរដ្ឋធម្មនុ​ញ្ញនៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា គឺជា ច្បាប់កំពូលរបស់ជាតិ ដែល​បាន​បង្កើ​តជា​មូល​ដ្ឋា​ន​គ្រឹះ​នៃច្បា​ប់​ទាំ​ង​ទ្បាយរបស់ប្រទេស។ អាណត្តិ នៃសមាជិកអង្គការនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ត្រូវ​បា​ន​កំណ​ត់​ពីការជ្រើសតាំងទ្បើងវិញ ឬត្រូវ ជំនួសតាមពេលវេលាទៀងទាត់។ បើបែប​នេះ​តើការលើ​ក​ទ្បើ​ងរបស់ក្រុមដែលមាននិន្នាការប្រឆាំង មួយចំនួនដែលថា លោក ហ៊ុន​ សែន ជាជន​កុម្មុ​យ​និ​ស្ត ផ្តាច់ការនោះ វាជាការត្រឹមត្រូវដែរឬទេ?

មនុស្សគ្រប់គ្នាបានដឹងយ៉ាងច្បាស់ថា ​​រាជរដ្ឋាភិបាល​ ក្រោម​ការ​ដឹក​នាំ​ដោយ​ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​​ខិត​ខំ​ស្តារ​ កសាង​ និ​ង​​​អភិវឌ្ឍ​ប្រទេសពី​បាត​ដៃ​ទទេ​ រហូត​មាន​អ្វី​ៗ​គ្រប់​យ៉ាង​ រួម​ទាំង​​​ដំណើរ​ការ​​ប្រជាធិបតេយ្យ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ឲ្យ​មាន​កំ​ណើ​ន​​ជារៀង​រាល់​ឆ្នាំ​ ការ​គោរព​សិទ្ធិមនុស្ស​ ជាពិសេស​ការ​ធានា​បាន​នូវ​ស្ថេរភាព​នយោបាយ​ ស​ន្តិសុខ​​ទូទាំង​ផ្ទៃ​ប្រទេស​ ការ​ផ្សះផ្សាបង្រួប​បង្រួម​ជាតិ​ ឯកភាព​ទឹក​ដី​ និង​ការ​រស់​នៅ​ក្រោម​ដំបូល​នៃ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ ដែល​មាន​ព្រះ​មហា​ក្សត្រ​គ្រង​រាជ្យសម្បត្តិ​។
ម្យ៉ាងវិញទៀត កម្ពុជាបានអនុវត្ត​តាមគន្លង​ប្រជាធិបតេយ្យ​ពេញ​លេញ​លើ​គោ​ល​ការ​ណ៍​សំខាន់ៗ ដែលរួមមាន ប្រព័ន្ធពហុបក្ស ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងទៀងទាត់ ការ​ទទួលស្គាល់ លទ្ធផលឆ្នោត ការចូលរួមរបស់ប្រជាពលរដ្ឋ ភាពស្មើគ្នា ការ​អ​ត់​ឱ​ន​ខា​ង​ន​យោ​បាយ ការទទួល ខុសត្រូវ តម្លាភាព ការត្រួតពិនិត្យការរំលោភអំណាច ការការពារសិទ្ធិមនុស្ស នី​តិ​រ​ដ្ឋ សេដ្ឋកិច្ច ទីផ្សារសេរី។

ការអនុវត្តយ៉ាងខ្ជាប់ខ្ជួនរបស់រាជរដ្ឋាភិបាលលើគោលកាណ៍ខាងលើ ប្រព័ន្ធ​ប្រជា​ធិប​​តេ​យ្យសេរី ពហុបក្ស​នៅកម្ពុជាត្រូវបានធានាយ៉ាងច្បាស់ថា កម្ពុជាមានគណបក្ស​ទាំងអស់ អាច​ប្រកួតប្រជែង ​​គ្នា​នៅ​ក្នុង​រង្វង់​ច្បាប់ តាមរយៈការបង្កឲ្យមាន​ការ​បោះឆ្នោត​ទៀងទាត់​ ដើ​ម្បី​ជ្រើសរើស​​តំណាង​រាស្រ្ត​​ ជ្រើស​រើស​ក្រុម​ប្រឹក្សារាជធានី ខេត្ត ក្រុង​ ឃុំ​ សង្កាត់ ដោយមាន​ការ​បោះឆ្នោត​ទូលំ​ទូលាយ​​ ដោយសេរី​ និង​យុត្តិធម៌​ អាច​ទទួលយក​បាន​ពីគ្រប់​ភាគី​ ដែ​ល​ប​ច្ចុ​ប្បន្ន​ រដ្ឋា​ភិបាល​កំពុង​តែអនុវត្ត​យ៉ាងខ្ជាប់ខ្ជួន។ លទ្ធផល​នៃការ​បោះឆ្នោត​ម្តងៗ​ ត្រូវបាន​ទទួ​ល​ស្គា​ល់​ដោយ​អ្នក​សង្កេត​ការណ៍ ជាតិ និង​អន្តរជាតិ​។​ ជាងនេះទៅទៀត នៅកម្ពុជា​មាន​ការ​បែ​ង​ចែក​អំណាចច្បាស់​លាស់ ​ដូច​មាន ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ គឺ​អំណាច​​នីតិ​បញ្ញត្តិ​ អំណាច​នី​តិ​ប្រតិបត្តិ និង​អំណាច​តុលាការ​។ ទន្ទឹម នឹង​នេះ កម្ពុជាក៏មាន​ស្ថាប័ន​ឯករាជ្យ​​មួយចំនួន ​​ដូច​ជា​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ អាជ្ញាធរ​សវនកម្ម​ជាតិ ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​​ជាដើម។ ​រាល់​កិ​ច្ច​ការ​​នយោបាយ​ និង​កិច្ចការ​ធំៗ​របស់​ជាតិ ត្រូវ បាន​សម្រេច​​ដោយមតិ​​ភាគ​ច្រើន​ គឺ ៥០​ បូក ​១ ដែ​​ល​កម្ពុជាបាននឹងកំពុង​អនុវត្ត​កិច្ច​ការ​នេះ នៅ ក្នុង​រដ្ឋសភាបច្ចុប្បន្ន។
តើនៅលើពិភពលោកនេះ មានមេដឹកនាំកុម្មុយនិស្តផ្តាច់ការណា​ដែ​ល​ប្រ​កា​ន់​គោ​ល​ការណ៍ និង របបដឹកនាំដូចដែល​ លោក ហ៊ុន សែន បាន​នឹ​ងកំពុងតែ​អនុវត្ត​នៅក​ម្ពុជា​ ដូច​ដែល​បានរៀបរាប់ ខាងលើដែរឬទេ?

បើកម្ពុជាប្រកាន់នូវររបបកុម្មុយនិសផ្តាច់ការដូចអ្វីដែលក្រុមអ្នកប្រឆាំងទាំង​ទ្បា​យ​ទាំងពួងបានលើក ទ្បើងមែននោះ តើពួកគេអាចរិះគន់ និង​បរិ​ហា​រដ្ឋា​ភិ​បា​ល​ដូច​ស​ព្វថ្ងៃ​ដែរ​ឬទេ? បើកម្ពុជាប្រកាន់ នូវររបបកុម្មុយនិស្ដផ្តាច់ការ តើពួកគេអាចដើរ​បំផុស​បំផុ​ល​ឲ្យ​មាន​ចលនានៃការផ្លាស់ប្តូររដ្ឋាភិបាល តាមរយៈបដិវត្តន៍ពណ៌លើគ្រប់រូបភាពដែរឬទេ? តើនៅ​លើ​ពិ​ភពលោកមានប្រទេសកុម្មុយនិស្ដ ផ្តាច់ការណាដែលមាន បណ្តាញសារព័ត៌មាន សមាគម និងអង្គ​កា​រមិនមែនរដ្ឋាភិបាល​ រហូតដល់ ទៅជាង ៥,០០០ ដូចនៅកម្ពុជា? ហើយធ្វើសកម្មភាពដោយសេរី។

ដូចនេះ សូមក្រុមប្រឆាំង និងគូកនមេត្តាយល់ឲ្យច្បាស់ថា នៅក្នុងលទ្ធិផ្តាច់ការ បុ​គ្គ​ល ​ឬ មនុស្ស មួយក្រុមតូចជាអ្នកកាន់អំណាច។ សម្តីរបស់ជនផ្តាច់ការ គឺជាច្បាប់ ជនផ្តាច់ការ ឬ​ក្រុមអ្នកដឹកនាំ ទាំងនោះ មិនដែលទទួលខុសត្រូវចំពោះឆន្ទៈរបស់រាស្រ្តម្តងណាទ្បើយ។ ដែលហេតុផលទាំង នេះ វាប្រាសចាកទាំងស្រុងនូវអ្វីដែល លោក ហ៊ុន សែន បាននឹ​ង​កំ​ពុ​ង​តែអនុវត្តនៅកម្ពុជាបច្ចុប្បន្ន។

សរុបមក បើយោងតាមដំណើរការក្នុងការដឹកនាំរបស់ លោក ហ៊ុន សែន ឆ្លង​តា​ម​ព្រឹត្តិការណ៍ នយោបាយនៅកម្ពុជាជិត ៤ ​ទសវត្សរ៍​កន្លងមក​នេះ ពិភព​លោកអាច​មើលឃើ​ញ​​យ៉ា​ងច្បាស់ថា  លោកជាអ្នកចរចាដ៏ល្បីល្បាញ និងដើរតួនាទីដ៏សំខាន់ជាអ្នកដោះស្រាយ ក៏ដូចជាអ្នកការទូត ដ៏ប៉ិនប្រសប់ ទន់ភ្លន់ នៅគ្រប់របត់នយោបាយធំៗ ជាអាយុជីវិតរបស់ជា​​តិ​ខ្មែរជាង ៣០ ឆ្នាំចុង ក្រោយនេះ ដោយលោកតែងតែបើកបេះដូងចិត្តទូ​លា​យ​ជា​មួយ​អ្នក​ន​យោ​បាយ​ខ្មែរគ្នាឯង ព្រម ទាំងជាមួយប្រទេសនានា ដើម្បីសន្តិភាព អភិវឌ្ឍនប្រទេសកម្ពុជា និ​ង​ផ​ល​ប្រ​យោជន៍សហគម៍ ទៅវិញទៅមក។ សមទ្ធផលរបស់កម្ពុជាបច្ចុប្បន្ន អាច​ស​ម​ល្ម​មប​ង្ហា​ញ​ឲ្យពិភពលោកមើល ឃើញថា កម្ពុជាជាគំរូនៃសន្តិភាព លោក ហ៊ុន សែន ជាអ្នក​សា​ប​ព្រួ​ស ជាអ្នកបំពាក់ ជាបិតា ប្រជាធិបតេយ្យ ជាអ្នកប្រជាធិបតេយ្យនិយមយ៉ា​ងពិ​ត​ប្រា​ក​ដ​នៅក​ម្ពុជា៕


ស្ថាប័នធានាគុណភាពជប៉ុនJQAបើកសវនកម្ម លើការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា

 ស្ថាប័នធានាគុណភាពជប៉ុនJQA បើកសវនកម្មប្រចាំឆ្នាំលើការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦។ ពិធីបើកដំណើរការសវនកម្ម បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Kozo Sakurada ប្រធានសវនករនៃស្ថាប័នJQA។
  ក្នុងបទបង្ហាញដល់អង្គប្រជុំ លោក Kozo Sakurada ពន្យល់ថា សវនកម្មលើកនេះជាប្រភេទសវនកម្មតាមដាន ទៅលើភាពអនុលោមនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន បន្ទាប់ពីអាជ្ញាធរជាតិអប្សរាទទួលបានវិញ្ញាបនបត្រ ISO14001 ជាថ្មីម្តងទៀតកាលឆ្នាំ២០១៥កន្លងទៅ។ តាមរយៈសវនកម្មនេះ នឹងធ្វើឲ្យក្រុមការងារគ្រប់គ្រងប្រព័ន្ធបរិស្ថាន និងក្រុមជំរុញការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា កាន់តែយកចិត្តទុកដាក់និងមានស្មារតីបន្ថែមទៀត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
  មានប្រសាសន៍ក្នុងពិធីបើកនេះ ឯកឧត្តមបណ្ឌិតលើកឡើងថា អាជ្ញាធរជាតិអប្សរាពិតជាមានមោទនភាពណាស់ ដែលអង្គរទទួលបានវិញ្ញាបនបត្រ ISO14001 ពីស្ថាប័នធានាគុណភាពរបស់ជប៉ុនជាបន្តបន្ទាប់តាំងពីឆ្នាំ២០០៦មក។ អង្គរជាបេតិកភណ្ឌពិភពលោកមុនគេបង្អស់ដែលទទួលបានវិញ្ញាបនបត្រនេះ។ ការងារនេះ មិនមែនបានមកពីបុគ្គលណាម្នាក់នោះទេ តែវាជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់។
ឯកឧត្តមបណ្ឌិតបានបន្ថែមថា ការទទួលបានវិញ្ញាបនបត្រISO14001 នេះមិនទាន់គ្រប់គ្រាន់ទេ យើងពិតជាមានមហិច្ឆិតាលើសហ្នឹងទៀត។ យើងចង់ឲ្យបរិស្ថានអង្គររឹងរឹតមានភាពស្រស់បំព្រង ព្រោះបេតិកភណ្ឌអង្គរ មិនមែនមានន័យត្រឹមតែប្រាង្គប្រាសាទប៉ុណ្ណោះទេ តែត្រូវរួមបញ្ចូលទាំងទេសភាពវប្បធម៌ក្នុងតំបន់អង្គរផង។ អាជ្ញាធរជាតិអប្សរានឹងបើកទូលាយបន្ថែមទៀត ដើម្បីសហការជាមួយដៃគូពាក់ព័ន្ធនានា ដើម្បីជំរុញឲ្យបរិស្ថានអង្គរកាន់តែមានភាពល្អប្រសើរជាងនេះ។ ឯកឧត្តមបណ្ឌិតក៏បានដាស់តឿនឲ្យនាយកដ្ឋាននិងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរាទាំងអស់ យកចិត្តទុកដាក់អនុវត្តឲ្យលើសពីតម្រូវការចាំបាច់របស់ស្ថាប័នJQA ព្រោះយើងមិនមែនធ្វើដើម្បីទទួលបានវិញ្ញាបនបត្រតែម្យ៉ាងប៉ុណ្ណោះទេ តែគឺដើម្បីសោភណភាព និងចីរភាពនៃរមណីយដ្ឋានអង្គររបស់យើង៕




សំណង់អគារភ្លោះមានកម្ពស់ ៥០០ម៉ែត្រ ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​នៅ​តំបន់​អាស៊ី ចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៦នេះ

    អគារ​ភ្លោះ​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​នៅ​តំបន់​អាស៊ី​ ត្រូវ​គេ​គ្រោង​នឹង​សាង​សង់​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​និង​ធ្វើ​ឲ្យ​រួច​រាល់​ក្នុង​រយៈ​ពេល​ ៣​ឆ្នាំ​ទៅ​មុខ​ទៀត​នេះ​ ។ អគារ​ភ្លោះ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ថៃ​ប៊ុន​រ៉ុង នឹង​មាន​ចំនួន ​១៣៣​ជាន់ កំពស់ ​៥០០​ម៉ែត្រ និង​ក្លាយ​ជា​អគារ​ខ្ពស់​ជាង​គេ​បង្អស់​នៅ​តំបន់​អាស៊ី​ ។

     មន្ទីរ​រៀប​ចំ​ដែន​ដី​នគរូប​នីយ​កម្ម និង​សំណង់​ក្រុង​ភ្នំពេញ​ បាន​សម្រេច​អនុម័ត​យល់​ព្រម​លើ​គម្រោង​សាង​សង់​អគារ​ភ្លោះ​នោះ​ហើយ ​ដែល​មាន​ទី​តាំង​នៅ​ក្នុង​មជ្ឈ​មណ្ឌល​កម្សាន្ត ឌ្រីម​លែន នៅ​ក្នុង​សង្កាត់​ចតុ​មុខ ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ យោង​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ក្រុម​ហ៊ុន​បណ្តាក់​ទុន​វិនិយោគ​ថៃ ប៊ុន​រ៉ុង ខូ​អិល​ធីឌី ដែល​តំណាង​ដោយ​ លោក​ឧកញ៉ា ខូវ សម្បត្តិ និង​ក្រុម​ហ៊ុន​របស់​ចិន ។

     គម្រោង​សាង​សង់ «​អគារ​ភ្លោះ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ថៃ ប៊ុន​រ៉ុង» គ្រោង​នឹង​ចាប់​ដំណើរ​ការ​សាង់​សង់​នៅ​ដើម​ឆ្នាំ ២០១៦​នេះ លើ​ផ្ទៃ​ដី​ទំហំ ៥​ហិកតា ហើយ​នឹង​ចំណាយ​ពេល​សាង​សង់​រយៈ ពេល ៣​ឆ្នាំ ដោយ​បញ្ចប់​ក្នុង​ឆ្នាំ​ ២០១៩​ ។ តាម​ការ​សិក្សា​វាយ​តម្លៃ​ជំហាន​ដំបូង ពី​ក្រុម​មន្ត្រី​ជំនាញ​គម្រោង​វិនិយោគ សំណង់​អគារ​ភ្លោះ​នោះ  អាច​នឹង​ត្រូវ​ចំណាយ​ទុន​យ៉ាង​ហោច​ណាស់​ជាង​ ១​ពាន់​លាន​ដុល្លារ​អាម៉េរិក​។ គម្រោង​នេះ គឺ​ជា​គម្រោង​ដ៏​ធំ​បំផុត​នៅ​អាស៊ី ហើយ​ត្រូវ​គេ​រំពឹង​ថា នឹង​បង្ហាញ​ពី​មុខ​មាត់ និង​លំនឹង​សេដ្ឋ​កិច្ច​កម្ពុជា​លើ​វិស័យ​សំណង់ ដែល​កំពុង​មាន​ការ​រីក​ចម្រើន និង​ទាក់​ទាញ​ការ​វិនិយោគ​ថ្មី​ៗ កាន់​តែ​ច្រើន​បន្ថែម​ទៀត​។ តាម​របាយ​ការណ៍ សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​រាជធានី​ភ្នំពេញ​ មាន​សំណង់​អគារ​ខ្ពស់​ៗ ចាប់​ពី​កម្ពស់ ៥​ជាន់ ដល់​លើស​ពី ៤០​ជាន់​ឡើង​ទៅ​មាន​ចំនួន​៦២៨​ អគារ​ហើយ​ ។