Wednesday, February 17, 2016

ប្រទេសបារាំងបំពាក់គ្រឿងឥស្សរិយយសជូនអ្នកគ្រូ នាង ផល្លា នៃអង្គការគ្រួសារថ្មី

នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦​នេះ  ឯកឧត្តម ហ្សង់¬ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបំពាក់​គ្រឿងឥស្សរិយ​យសអប់រំ (Ordre des Palmes Académiques) ថ្នាក់អស្សឫទ្ធិ ជូនលោកស្រី នាង ផល្លា គ្រូបង្រៀន​នៅសាលាអង្គការគ្រួសារថ្មី និងជាអ្នកសម្របសម្រួលកម្មវិធីជាតិនៃ «ការអប់រំសម្រាប់​កុមារពិការភ្នែក និងគ ថ្លង់»។ ពិធីនេះបានប្រព្រឹត្តទៅក្នុងឱកាសនៃការ ប្រារព្ធខួបលើកទី២៥ឆ្នាំ​របស់អង្គការ  គ្រួសារថ្មី ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា​ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង​វត្តមានរបស់សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី សមាជិកសមាជិការាជរដ្ឋាភិបាល និងលោក Benoît Duchâteau-Arminjon ដែលជាប្រធាននិងស្ថាបនិកនៃអង្គការនេះ។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានរៀបរាប់ពីប្រវត្តិការងាររបស់លោកស្រី នាង ផល្លា ក្នុងការបង្ហាត់បង្រៀនកុមារពិការភ្នែក។ ក្រោយរត់គេចចេញពីរបបខ្មែរក្រហម លោកស្រី នាង ផល្លា បានទទួលការបណ្តុះបណ្តាលពីអង្គការសហប្រជាជាតិក្នុងជំរុំជន ភៀសខ្លួននៅប្រទេសថៃ មុនពេលទៅបង្រៀន និងដឹកនាំសាលាកុមារពិការភ្នែកក្នុងជំរំ។

នៅពេលលោកស្រីត្រឡប់មកកាន់មាតុប្រទេសវិញនៅឆ្នាំ១៩៩១ លោកស្រីបានទាក់ទង ជាមួយអង្គការគ្រួសារថ្មី ដើម្បីជួយបង្ហាត់បង្រៀនកុមារពិការភ្នែក និងគថ្លង់ និងធ្វើការអភិវឌ្ឍ​កម្មវិធីបណ្តុះបណ្តាលពិសេសមួយសម្រាប់កុមារទាំងនេះ។

កិច្ចសហប្រតិបត្តិការនេះបាននាំអោយមានការបង្កើតសាលាសម្រាប់កុមារពិការភ្នែក និងគថ្លង់​លើក​ដំបូង​នៅកម្ពុជានៅក្នុងឆ្នាំ១៩៩៣។

លោកស្រីក៏បានក្លាយជាគ្រូបង្រៀនអក្សរប្រាយ(សម្រាប់កុមារពិការភ្នែក)ដំបូងគេបង្អស់នៅកម្ពុជា​ ហើយបានរួមចំណែកបង្កើតអក្សរប្រាយជាភាសាខ្មែរ។

ការងារនិងការប្តេជ្ញាចិត្តរបស់លោកស្រីត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ដោយសារ លោក​ ស្រីស្ថិតក្នុងចំណោមបេក្ខជន១០រូបដើម្បីដណ្តើមពានរង្វាន់គ្រូ បង្រៀនឆ្នើមពិភពលោក (Global Teacher Prize) ។
ដំណឹងនេះត្រូវបានផ្សព្វផ្សាយពាសពេញប្រទេសកម្ពុជា ដែលជាមោទនភាពមួយសម្រាប់​ប្រជាជនខ្មែរ ក៏ដូចជាសម្រាប់ថ្នាក់ដឹកនាំផងដែរ។
ដោយសារប្រវត្តិការងារគំរូនេះហើយទើបប្រទេសបារាំងសម្រេចបំពាក់គ្រឿងឥស្សរិយយសអប់រំ ជូនដល់លោកស្រី នាង ផល្លា ហើយកាយវិកានេះក៏ជាសក្ខីភាព បញ្ជាក់ពីការ ទទួលស្គាល់ និងលើកទឹកចិត្តរបស់បារាំងចំពោះលោកស្រី ដែលជាគ្រូបង្រៀននិងជាស្រ្តី មួយរូបមានដំណើរ​ជីវិត និងប្រវត្តិការងារដ៏គួរឱ្យកត់សម្គាល់។

សូមបញ្ជាក់ថា មេដាយអប់រំគឺជាគ្រឿងឥស្សរិយយសដ៏ចំណាស់មួយរបស់សាធារណ រដ្ឋបារាំង ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨០៨ដោយព្រះចៅណាប៉ូឡេអុងទី១ ដើម្បីផ្តល់ជូនសាស្រ្តាចារ្យ និងលោកគ្រូអ្នកគ្រូ។ ចាប់ពីឆ្នាំ១៨៦៦មក គ្រឿងឥស្សរិយយសនេះក៏ត្រូវបានបំពាក់ផងដែរ​ដល់បុគ្គលមិន មែនជាគ្រូបង្រៀន តែមានស្នាដៃឧត្តុង្គឧត្តមក្នុងវិស័យអប់រំ៕



No comments:

Post a Comment