Friday, February 19, 2016

គណៈប្រតិភូសហភាពអន្តរសភា(IPU) អរគុណរដ្ឋសភាកម្ពុជា ដែលបានសម្របសម្រួល ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពី ស្ថានការណ៍នយោបាយនៅកម្ពុជាដោយបើកចំហ

គណៈប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្ស របស់សហភាពអន្តរសភា (IPU) បានបញ្ជាក់ថា បេសកកម្ម ក្នុងការសិក្សាស្វែងយល់ពី ស្ថានការណ៍​នយោបាយ និងបញ្ហា​សិទ្ធិ​មនុស្ស របស់ ខ្លួន នៅកម្ពុជា​រយៈពេលបីថ្ងៃ បានបញ្ចប់ដោយ​ជោគជ័យ។ នៅចំពោះ​មុខឯកឧត្ត​មបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា និងជាតំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេចប្រធាន​រដ្ឋសភា គណៈ ប្រតិភូ បានគូសបញ្ជាក់ថា ផ្លែផ្កា​នៃដំណើរ​ទស្សនកិច្ចនេះ បានមក​ពីកិច្ចសហការ និង​ការ សម្រប​សម្រួល​ដ៏ល្អ របស់រដ្ឋស​ភាកម្ពុជា។
ផ្តើមទស្សន​កិច្ចនៅ​ព្រះរាជាណាចក្រកម្ពុជា​ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ នេះ គណៈ ប្រតិភូបានចូលជួប​សម្តែងការគួរសម​ជួបពិភាក្សាការងារ ជាមួយ​ថ្នាក់ដឹកនាំសំខាន់ៗ នៅខាង ស្ថាប័ននីតិប្ប​ញ្ញត្តិ នីតិប្រតិបត្តិ ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ រដ្ឋសភា និងអង្គការ សង្គមស៊ីវិល​ជាដើម។
មុនបញ្ចប់​បេសកកម្ម​ពីកម្ពុជា​នៅរសៀល​ថ្ងៃពុធទី១៧ ខែកុម្ភៈ ឆ្នាំ​២០១៦នេះ គណៈ​ប្រតិ​ភូ បាន ចូល​សម្តែងកា​រគួរសម និងរាយ​ការណ៍ពីលទ្ធផល​នៃដំណើរ​ទស្សនកិច្ច ជូន​ឯក​ឧត្តម​បណ្ឌិត ងួន ញ៉ិល ។ នៅក្នុងឱកាស​នោះ គណៈប្រតិភូ​បានគូស​បញ្ជាក់ថា រយៈពេល​បីថ្ងៃនេះ គណៈ​ប្រតិភូ​បានជួប​ពិភាក្សាការងារ​ជាមួយថ្នាក់​ដឹកនាំស្ថាប័ន​សំខាន់ៗ សមាជិក​ព្រឹទ្ធសភា​រដ្ឋ​សភា គណ​បក្សនយោបាយ ព្រមទំាង​អង្គការសង្គម​ស៊ីវិល។ គណៈប្រតិភូ​បាន​ជូប​ពិ​ភា​ក្សា អ្នក​ពាក់​ព័ន្ធ​ដោយសេរី និងដោយកា​របើកចំហរ ក្នុងការប្រមូល​ព័ត៌មានគ្រប់​ជ្រុងជ្រោយ។ ទាំង ជាផ្នែក​សំខាន់​ណាស់ ដែលជំរុញ​ឲ្យយើងខ្ញុំ ទទួលបានព័ត៌មាន​ជាច្រើន​មកពីគ្រប់​ភាគី ។ យើងខ្ញុំយល់ឃើញថា យើងបានជជែកគ្នា ដោយភាពស្មោះត្រង់
សូម​បញ្ជាក់ថា ឝណៈប្រតិភូសហភាព​អន្តរសភា ដែលបានមក​បំពេញបេសកកម្ម​នៅកម្ពុជា នៅពេល​នេះ មាន​ឯកឧត្តម Alioune Abatalib GUEYE សមាជិក រដ្ឋ​សភា ប្រទេស សេ​ណេ ហ្គាល់ ឯកឧត្តម Alis ALARADI សមាជិករដ្ឋសភា ប្រទេសបារ៉ែន និង​លោកស្រី Gaelle LAROQUE មន្រ្តីការិយាល័យ​សិទ្ធិមនុស្ស នៃអគ្គ​លេខាធិការ​ដ្ឋានសហភាព​អន្តរសភា (IPU)
យោងតាម​ដំណើរទស្សន​កិច្ចដែលបាន​ជួបពិភាក្សា​ការងារ ជាមួយ​អ្នកពាក់ព័ន្ធ​ជាច្រើនបែប​នេះ គណៈប្រតិភូបាន​ជម្រាបជូន ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ថាជារួមគណៈ​ប្រតិភូបាន​វាយ តម្លៃខ្ពស់ ចំពោះ​វប្បធម៌សន្ទនា​នៅកម្ពុជា ហើយមាន​សង្ឃឹមថា វប្បធម៌ សន្ទនា នឹង អនុវត្ត បន្តទៀត ក្នុងការ​ដោះស្រាយ​បញ្ហាផ្សេងៗទៀត។
ជាមួយគ្នានេះ ឯកឧត្តម Alioune Abatalib GUEYE បានលើកឡើងថា តាម​រយៈ​ដំណើរ ទស្សន​កិច្ចនេះ​គណៈប្រតិភូក៏បានមើលឃើញពី ការរីកចម្រើន របស់កម្ពុជាផងដែរ។ កំណើន សេដ្ឋកិច្ច​នៅកម្ពុជា ដែលមាន​ក្នុងរង្វង់៧% ជាប់ៗ​គ្នារយៈ​ពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​សក្តានុពល យ៉ាងខ្លំាងរបស់​កម្ពុជាក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានស្វាគមន៍ និងបានវាយ​តម្លៃខ្ពស់ ចំពោះ​ដំណើរ​ទស្សនកិច្ច របស់​គណៈកម្មការ​សិទ្ធិមនុស្ស នៃសហភាព​អន្តរសភា (IPU) នៅកម្ពុជា។ ឯកឧត្តម​បណ្ឌិត បាន​លើក​ឡើង​ថាក្នុងនាម​ជាសមាជិក (IPU) តំាងពីឆ្នាំ​១៩៩៧មកសភា​កម្ពុជាតែ​ងបំពេញ កាតព្វ​កិច្ច​និងភារកិច្ចរបស់ខ្លួន​យ៉ាងខ្ជាប់ខ្ជួន ពិសេស​គណៈ​ប្រតិភូ​សភាកម្ពុជា ដែល​តែងតែ មាន​វត្តមានក្នុង​កិច្ច​ប្រជុំ របស់​សហភាព​អន្តរ​សភា មិនដែរ​ខាននោះទេ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានជម្រាប​ជូនគណៈប្រតិភូ ពីកិច្ចខិត​ខំរបស់​សភាកម្ពុជា លើ វិស័យ​ការទូត​សភាផងដែរ។            ឯកឧត្តមបណ្ឌិត បានលើក​ឡើងថា ក្រៅពី​ជា​សមាជិក សហភាព​អន្តរសភា សភាកម្ពុជាជា​សមាជិក អង្គការ​សភាពិ​ភពលោក និង​តំបន់​ជា​ច្រើន ទៀត។ ដោយឡែក នៅពេល​នេះ​សភាកម្ពុជាកំពុង​ស្ថិតក្នុង​តួនាទីជា​ប្រធាន​សភា​តំបន់​អាស៊ី (APA) ក្នុង​អាណត្តិ​ពីរឆ្នាំ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានលើក​ឡើងថា កម្ពុជាដែល​បានឆ្លង​កាត់សង្រ្គាមជា​ច្រើន ទស្សវត្សរ៍ និង​បាន​បញ្ចប់​សង្រ្គាម​ផ្ទៃក្នុង​នៅឆ្នាំ​១៩៩៨ ក្រោម​យុទ្ធសាស្រ្ត​ឈ្នះ​ឈ្នះ របស់ សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន កម្ពុជាមាន​ភារកិច្ចសំខាន់​ណាស់ក្នុង​ការ ថែ​រក្សា​សុខ​សន្តិភាព ស្ថេរភាព ជូនប្រជាជ​ពលរដ្ឋ និង​ប្រទេសជាតិ។

ឯកឧត្តម​បណ្ឌិត អនុប្រធាន​ទី២ នៃ​រដ្ឋសភា បានលើក​ឡើង​ថា កាល​ពីឆ្នាំ​២០១៥ សភា​កម្ពុជា បានរៀបចំ​មហា​សន្និបាត​សភាតំបន់​អាស៊ី លើក​ទី៨ បាន​ជោគ​ជ័យ​យ៉ាង​ធំធេង ហើយ​ត្រៀម ធ្វើជា​ម្ចាស់ផ្ទះ​មហា​សនិ្នបាត​លើក​ទី៩ នៃស្ថាប័ន​នេះទៀត នៅចុង​ឆ្នាំ២០១៦នេះ។
ឯកឧត្តម​បណ្ឌិត បានគំាទ្រ​ចំពោះការ​លើក​ឡើង​របស់ គណៈ​ប្រតិភូពី​វប្បធម៌សន្ទនា។ វប្បធម៌ សន្ទនា​ដែលថ្នាក់​ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា និងថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះជាតិ បាន​បង្កើត​ឡើង​នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ក្នុងទិសដៅ​ដើម្បី​បង្រួប​បង្រួមជាតិ ជំរុញ​ដំណើរ​ការ​លទ្ធិប្រជាធិ​បតេយ្យ​ក្នុងថ្នា​ក់ជាតិ និងថ្នាក់​ក្រោម​ជាតិ។ តែវប្បធម៌​សន្ទនា មិន​អាច​រំលោភ​លើ​ច្បាប់ ពិសេស​ច្បាប់រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស បាននោះ​ឡើយ។

នៅទី​បញ្ចប់ ឯកឧត្តមបណ្ឌិត បានស្នើ​ដល់គណៈប្រតិភូ ត្រូវមាន​ព័ត៌មាន​គ្រប់​គ្រាន់ គ្រប់​ជ្រុង​ជ្រោយ​មិនលម្អៀង ក្នុង​របាយការណ៍ និង​ត្រូវ​មាន​យុត្តិធម៌ សម្រាប់​សភា​កម្ពុជា ហើយ​ធ្វើការ​វិនិច្ឆ័យ​ឲ្យបាន​គ្រប់​ជ្រុង គ្រប់​ទិដ្ឋភាព​ច្បាប់ នៅក្នុង​បេសកកម្ម នៅពេលនេះ ៕



No comments:

Post a Comment