Friday, February 19, 2016

មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ក្រោម ប្រធានបទ « សូមអរគុណចំពោះ ការជួយ សង្គ្រោះជីវិតខ្ញុំ»

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងលោក វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធី អប់រំផ្សព្វផ្សាយ និងការបរិច្ចាគ ឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ « សូមអរគុណចំពោះ ការជួយសង្គ្រោះជីវិតខ្ញុំ» ដែលបានរៀបចំធ្វើនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ។
ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានមាន ប្រសាសន៍ថា សកម្មភាពមនុស្សធម៌ដែលកំពុងប្រព្រឹត្តនាពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីសា្មរតីនៃការចូលរួមក្នុងចលនាផ្តល់ឈាមដែលជាចលនាមួយកំពុងតែរីកសាយទាំងផ្ទៃប្រទេស ក្រោមការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនិងមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងស្របតាមសេចក្តីអំពាវនាវ ដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃ រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបន្តថា ការបរិច្ចាគឈាម គឺជាកាយវិការមនុស្សធម៌ ដ៏មាន តម្លៃសម្រាប់ជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ។ ជាក់ស្តែង នៅថ្ងៃ នេះ ដើម្បីចូលរួមចលនាផ្តល់ឈាម ឲ្យកាន់តែផុលផុស មន្រ្តីនៃ អគ្គលេខា ធិការដ្ឋានរដ្ឋសភា បានស្ម័គ្រចិត្តមកចូលរួមយ៉ាងច្រើន ក្នុងការបរិច្ចាគឈាម ដើម្បីឲ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម មានឈាមស្តុកគ្រប់គ្រាន់ សម្រាប់បម្រើឲ្យការព្យាបាល ជួយ សង្រ្គោះជនរងគ្រោះ ដែលត្រូវការឈាម នៅគ្រប់មន្ទីរពេទ្យ ក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបន្ថែមថា ឈាមជាតម្រូវការចាំបាច់សម្រាប់ជួយ សង្គ្រោះ ជីវិតជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ស្រ្តីពេលសម្រាល កូន អ្នកជម្ងឺត្រូវវះកាត់ ក៏ដូចជាជនរងគ្រោះក្នុងឧប្បត្តិវហេតុផ្សេងៗ។
ឯកឧត្តមបានបញ្ជាក់ថា ក្រោយពីធ្វើការបរិច្ចាគឈាម អ្នកនឹង ទទួលបានប័ណ្ណមួយសន្លឹកពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលប័ណ្ណនេះមានន័យថា គាត់អាចធ្វើការដោះដូរ បានឈាម មួយផ្លោកមកវិញ ប្រសិនជាថ្ងៃក្រោយគាត់មាន បងប្អូន ឬសាច់ ញាតិណាម្នាក់ ត្រូវការឈាមជាបន្ទាន់ សម្រាប់ប្រើប្រាស់។
ចំណែកលោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមបានមានប្រសាសន៍ឲ្យដឹងថា ការបរិច្ចាគឈាម មិនមានផលប៉ះពាល់អ្វីដល់សុខភាពអ្នកបរិច្ចាគនោះទេ ផ្ទុយទៅវិញ គឺវាបានធ្វើឲ្យកាន់តែមានសុខភាពល្អប្រសើរថែមទៀត។ លោកវេជ្ជបណ្ឌិត បញ្ជាក់ថា មនុស្សកាន់តែមានអាយុច្រើន ឈាម កាន់តែមានកំហាប់ នៅពេលបានបរិច្ចាគឈាម គឺហាក់ដូចជា បានដកកំហាប់ឈាមមួយចំណែកចេញ បន្ទាប់មករាងកាយ ក៏ផលិតឈាមថ្មីដែលរាវជាងមុន នឹងធ្វើឲ្យឈាមរត់ស្រួល ក្នុងរាងកាយ ហើយសុខភាពរបស់យើងក៏ល្អប្រសើរផងដែរ។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង មានប្រសាសន៍ទៀតថា តាងនាម ឲ្យជនរងគ្រោះទាំងអស់ លោក សូមថ្លែងអំណរគុណចំពោះឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានសហការជា បន្តបន្ទាប់ជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការលើកកម្ពស់ ដល់ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តនេះ និងក៏សូមអរគុណចំពោះ មន្ត្រី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលមានទឹកចិត្តសប្បុរស ចូលរួមផ្តល់ឈាម ក្នុងបុព្វហេតុជួយជីវិតមនុស្ស ដោយគ្មាន ការរើសអើង នៅទូទាំងប្រទេសកម្ពុជា។
មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានចូលរួមបរិច្ចាគឈាម បានបង្ហាញពីទឹកចិត្តរីករាយដែលបានចូលរួម ក្នុងការបរិច្ចាគឈាម នៅពេលនេះ។ ពួកគាត់មានជំនឿថា ការបរិច្ចាគឈាមមិនត្រឹមតែជា បុណ្យកុសល សម្រាប់ជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះប៉ុណ្ណោះទេ ប៉ន្តែវាក៏អាចជួយឲ្យយើងមានសុខភាពកាន់តែប្រសើរ ព្រោះក្រោយ ពីធ្វើការបរិច្ចាគឈាម សរីរាង្គកាយរបស់យើងនឹងធ្វើការ ផលិតគ្រាប់ ឈាមជាថ្មីដែលល្អមកជំនួសវិញ។
ជាមួយនឹងមោទនភាព និងការអះអាងថានឹងផ្តល់ឈាម ជាបន្តទៀត នាថ្ងៃអនាគត មន្ត្រីដែលបានធ្វើការបរិច្ចាគឈាម នាពេលនេះ ក៏បានសំណូមពរ និងអំពាវនាវដល់មន្ត្រីផ្សេងទៀត សូមចូលរួម បរិច្ចាគឈាម ឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីរួមចំណែកជួយ សង្រ្គោះអាយុជីវិត ជនរងគ្រោះដែលត្រូវការឈាមបន្ទាន់។
សូមបញ្ជាក់ថា អគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្លាប់បានរៀបចំ កម្មវិធី បរិច្ចាគឈាមម្ដងរួចមកហើយ កាលពីខែមករា ឆ្នាំ២០១៥។ កម្មវិធី អប់រំផ្សព្វផ្សាយ និងការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នាពេលនេះ រៀបចំដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា សហការ ជាមួយ មជ្ឈមណ្ឌល ជាតិផ្ដល់ឈាម តាមរយៈ លេខាធិការដ្ឋាន សម្របសម្រួលបច្ចេកទេសនៃសភាកម្ពុជា៕




No comments:

Post a Comment