Friday, February 19, 2016

គណបក្ស​សង្គ្រោះ​ជាតិ​បានមាក់ងាយ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិកថា «ជាជន​ស៊ី​ឈ្នួល»

ទស្សនៈពលរដ្ឋខ្មែរ
 បងប្អូន​ខ្មែរ​ប្រមាណជាង៦០០នាក់នៅ​សហរដ្ឋ​អាមេរិក​ បានចំ​ណាយ​យក​ពេល​វេលាដ៏មានតម្លៃ​ខិតខំធ្វើដំ​ណើរមក​ពី​តំបន់​ឆ្ងាយៗ អ្នកខ្លះ​ជិះទ្បាន អ្នកខ្លះ​ជិះយន្តហោះ​មក​ពី​រដ្ឋ​ផ្សេងៗទៀត មក​កាន់​រដ្ឋកាលីហ្វ័រញ៉ា ​ដើម្បី​​ទទួល​ស្វាគមន៍រាក់​ទាក់ និងអបអរសាទរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបាន​អញ្ជើញ​មកចូល​រួម​កិច្ច​ប្រជុំ​កំពូល​ពិសេសអាស៊ាន‑ អាមេរិក នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​​ កាល​ថ្ងៃ​ទី១៥ និង១៦ ខែ​មក​រា ឆ្នាំ​២០១៦។ នេះសបញ្ជាក់ឲ្យឃើញ​ពី​កាយ​វិការដ៏​ប្រពៃមិន​អាចកាត់​ថ្លៃបាន​របស់​បងប្អូន​ខ្មែរ​ដែល​បាន​​សម្តែងការ​​គោរព ​ស្រលាញ់ និងគាំទ្រលោកនាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែលជា​ឥស្សជន​ឆ្នើមរបស់​កម្ពុជា​ ដែលបាននាំមកនូវ​សុខសន្តិភាព និងការ​អភិវឌ្ឍន៍ប្រទេស និង​​ធ្វើឲ្យ​​ពិភព​លោកទទួលស្គាល់ពី​​កិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ ​​​។ ​
នៅក្នុងកំទ្បុងពេលទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាននៅអាមេរិក​​ លោកនាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ក៏បាន​​ឆ្លៀត​យក​ពេល​វេលានោះជួប​ជុំសួរ​សុទុក្ខ និងសំណេះ​សំណាល​ជា​មួយ​បងប្អូន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​​ ដោយ​​​បានធ្វើ​ការ​អំពាវនាវ​ឲ្យ​​​ប្រជាពលរដ្ឋ​ខ្មែរនៅ​អាមេរិក​ចេះរួបរួម​គ្នា​ ដើម្បី​ការពារផល​ប្រយោជន៍​ជាតិជាធំ បើ​ទោះ​បី​ជាគាំទ្រគណ​បក្ស​ខាងណា ឬ​កាន់​សាសនា​អ្វី​ក៏​ដោយក៏​យើងនៅ​តែ​ជា​ខ្មែរ​​តែមួយ។
ក្រោយពីបាន​ស្តាប់​ប្រសាសន៍​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនោះបានធ្វើឱ្យបងប្អូន​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក​បាន​ដឹង​កាន់តែច្បាស់​អំពីល្បិច​កិច្ច​កល​ និ​ង​ការ​ឃោសនាមិន​ពិត​របស់​គណ​បក្ស​​សង្គ្រោះជាតិ​ដែល​ជាបុគ្គល​ជ្រុល​និយម​តែង​​​​​និយាយ​អាក្រក់​ពី​កម្ពុជាកន្លងមក ដែលពួកគេធ្លាប់បានញុះ​ញង់​បំបែក​បំបាក់​ឲ្យ​ខ្មែរ​​ស្អប់​ខ្មែរគ្នាឯង ​ហើយ​សកម្ម​ភាពញុះ​ញង់​មិន​មែន​កើត​មាន​តែក្នុង​ប្រទេស​ទេ សូម្បី​​​តែ​នៅ​ក្រៅ​ប្រទេស​ក៏បាន​បំផុសបំផុល​ផងដែរ។ យ៉ាងណាមិញ សូម្បីតែការជួបសំណេះសំណាល​លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមួយ​បង​ប្អូន​ខ្មែរនៅអាមេរិកក៏ត្រូវបានគណបក្សសង្គ្រោះជាតិចោទ​ប្រកាន់ថា​ ជាអ្នកស៊ីឈ្នួលក្នុងតម្លៃ​ទឹកប្រាក់​ពី​១០០​​ដុល្លារ ទៅ ២០០ដុល្លារអាមេរិកដែរ។
តាមពិតស្ថាបនិកសន្តិភាពដូចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  ​គឺមិនមាន​វប្បធម៌​ក្នុង​ការ​ទិញ​លក់​ ឬជួញ​ដូរ​មនុស្សឲ្យស៊ី​ឈ្នួល​ធ្វើ​បាតុកម្ម​ដូចគណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​កន្លងមក​នោះ​ទ្បើយ។
ក្នុង​​នាមខ្ញុំជាពលរដ្ឋខ្មែរ​​មួយរូបចាត់ទុកថា ការលាបពណ៌បងប្អូនខ្មែរនៅសហរដ្ឋអាមេរិកថា ជាអ្នក​​ស៊ីឈ្នួលដោយគ្រាន់​តែ​ការ​ជួប​ជា​មួយ​លោក ហ៊ុន សែននោះ គឺបង្ហាញនូវ​​​ទម្លាប់អាក្រក់បំផ្លាញ​វប្បធម៌ល្អ​ផូរផង់របស់​ខ្មែរ និងមិនឲ្យតម្លៃចំពោះខ្មែរគ្នាឯង ហើយការបន្ទាបបន្ថោកនេះ មិនត្រឹមតែ​ប្រជា​ពល​រដ្ឋ​ខ្មែរ នៅ​សហរដ្ឋអាមេរិកជាង៦០០នាក់ទេ គឺនៅមានខ្មែរជាច្រើននាក់ទៀតក៏ទទួលយកការតេះដៀល​ចោទ​ប្រកាន់​លាបពណ៌នោះមិនបានដែរ។ យើងខ្ញុំជាបញ្ញវន្តខ្មែរមួយរូបក៏មិនខុសពីបងប្អូនខ្មែរនៅក្នុង​ប្រទេស​ដ៏​ច្រើន​​​លើសលប់ដែរយល់ឃើញថា  បងប្អូនខ្មែរមិនមែនជាទំនិញសម្រាប់ការជួញដូរ ហើយក៏​មិន​លក់​ឆន្ទៈ​ស្នេ​ហា​​​ជាតិក្នុងតម្លៃថោក ១០០ ទៅ២០០ដុល្លារអាមេរិក ដូចការចោទប្រកាន់របស់គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ដែរ។
យើង​សូម​សួរ​ទៅវិញ​ថា ចុះបើគេចោទក្រុមបាតុករប្រឆាំង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមាណ​ជា៥០ ទៅ៦០នាក់នោះ ជា​​ជនស៊ីឈ្នួល​​ដាច់ថ្លៃឲ្យបក្សប្រឆាំងវិញ តើពួកគេទទួលយកបាន​ដែរឬទេ? ប៉ុន្តែ សម្រាប់​ក្រុម​ជន​មនុស្ស​មួយ​ចំ​នួន​ដែល​ជាជនលក់ឧត្តមគតិ និង​ស៊ី​ឈ្នួល​ធ្វើ​បាតុកម្ម​ជា​អាជីព​ចិញ្ចឹម​ជីវិត​ គឺ​ពួក​គេមិនខឹង​សម្បាតបវិញ​ទេ ប៉ុន្តែ​ ចំ​ពោះ​បង​ប្អូន​ខ្មែរ​យើង​នៅ​សហរដ្ឋ​អាមេរិក​ទាំង​៦០០នាក់ និង​បងប្អូន​ខ្មែរជា​ច្រើន​ទៀត​ដែល​កំ​ពុង​រស់​នៅ​ទី​នោះ​ គឺ​រស់​នៅ​ជា​មួយ​តម្លៃ​ជា​បុគ្គល​ថ្លៃ​ថ្នូរ និង​កិត្តិយសខ្ពង់ខ្ពស់​ គឺ​មិន​ថោក​ដូច​ពួក​ក្រុម​ប្រឆាំង​ផ្កាប់​មុខឡើយ  ពី​ព្រោះ​សូម្បី​តែពាក្យ​សម្តី​នៅ​ពេល​ធ្វើ​បាតុកម្ម​ក៏ពួក​គេប្រើពាក្យ​អសុរោះ​ និយាយបំ​ភ្លើស​ខុសពី​ស្ថានការណ៍​ពិត​នៅ​កម្ពុជា​ដែរ។

 ដូច្នេះ សូមថ្នាក់​ដឹកនាំ​ និង​សកម្ម​មួយ​ចំ​នួន​របស់គណបក្ស​សង្គ្រោះជាតិដែល​មាន​ទម្លាប់​លាប​ពណ៌ បញ្ឈប់​ទៅ​នូវការប្រមាថ និងមាក់​ងាយមកលើបងប្អូនខ្មែរនៅសហរដ្ឋអាមេរិកថា​ជាអ្នកលក់​ឆន្ទៈ​ស្នេហាជាតិ ដើម្បី​​ប្តូរ​ជា​មួយ​នឹង​​​​ទឹកប្រាក់នោះ ពីព្រោះការចោទប្រកាន់ដែលដែល​គ្មាន​មូលដ្ឋាន និង​ប្រាស់ចាកពីការពិត គ្មាន​អ្វី​ចំ​ណេញ​សម្រាប់​ជាតិ​យើង​នោះ​ទេ គឺផ្ទុយ​ទៅ​វិញ​ការចោទ​ប្រកាន់​ទាំង​នោះ​នាំឲ្យតែខ្មែរឈ្មោះ​បែកបាក់សាមគ្គីគ្នាតែ​ប៉ុណ្ណោះ​៕



No comments:

Post a Comment