Friday, February 19, 2016

សម្តេចតេជោ ហ៊ុន សែន ដោះស្រាយបំណុលការងារនៅថ្ងៃនេះ បន្ទាប់ពីវិលត្រលប់មកពីចូលរួមកិច្ចប្រជុំកំពូល ASEAN US

នៅប៉ុន្មាននាទីមុននេះសម្តេចតេជោ ហ៊ុនសែន បានបង្ហោះនៅក្នុងទំព័រ facebook ផ្ទាល់ខ្លួនរបស់សម្តេចថា «ថ្ងៃនេះខ្ញុំត្រូវសងបំណុលដែលខ្ញុំជំពាក់ នោះគឺឯកសារ ដែលខ្ញុំត្រូវពិនិត្យសំរេច និងចុះហត្ថលេខា» 
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ការងារប្រទេសជាតិពិតជាច្រើនដែលត្រូវបំពេញ ទោះជាបញ្ហាពេលម៉ោងសំរាក នៅមានបញ្ហាខ្លះៗ ព្រោះប៉ុន្មានថ្ងៃនេះខ្ញុំទម្លាប់ តាមម៉ោងអាមេរិកដែលនេះជាពេលយប់។ ជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ»។
សូមជំរាបផងដែរថា សម្តេចតេជោ ហ៊ុន សែន រួមទាំងគណៈប្រតិភូ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅម៉ោង១១៖០០យប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះម្សិលមិញ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រយៈពេល២ថ្ងៃនោះ។
បន្ទាប់ពីត្រលប់មកដល់ប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាព សម្តេចតេជោ បានបង្ហោះតាមរយៈ facebook ភ្លាមផងដែរថា «មកដល់មាតុប្រទេសវិញ បំណុលដែលខ្ញុំជំពាក់ពិតជាមានច្រើន។ ឯកសារពិតជានៅកកកុញរង់ចាំខ្ញុំពិនិត្យសំរេច និងចុះហត្ថលេខា។ ខ្ញុំត្រូវធ្វើកិច្ចការទាំងអស់នេះនៅថ្ងៃស្អែក ដើម្បីជំរុញល្បឿនការងារ ព្រោះបើនាយករដ្ឋមន្ត្រីមិនសំរេច ឬមិនចុះហត្ថលេខាទេ ការងារនឹងយឺតយ៉ាវ ។»
គួររំលឹកផងដែរថា កិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលសាន់នីឡែនស៍ រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយសហរដ្ឋអាមេរិក ដោយបានសម្រេចជាគោលការណ៍រួមចំនួន១៧ចំណុច ដែលជារួមគឺបង្កើនចំណងមិត្តភាព ជម្រុញកំណើនសេដ្ឋកិច្ច និងសហការគ្នាក្នុងការរក្សាសន្តិភាព ស្ថេរភាពក្នុងតំបន់។
ក្រៅពីកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង រួមទាំងបងប្អូនចាមខ្មែរ-អាមេរិកាំង និងព្រះសង្ឃដែលបាននិមន្តមកពីរដ្ឋផ្សេងៗមកជួបជុំសំណេះសំណាលជាមួយនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ប្រមាណ៦០០នាក់ផងដែរ ដើម្បីផ្សព្វផ្សាយអំពីនយោបាយ និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ក្រោយពីបានស្តាប់ អ្នកចូលរួមទាំងអស់បានសម្តែងនូវការពេញចិត្តបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំកសាងប្រទេសបានរីកចម្រើន ព្រមទាំងបានថែរក្សាសុខសន្តិភាពដែលជាបំណងប្រាថ្នាដ៏ធំបំផុតរបស់ប្រទេសជាតិទាំងមូល មិនដូចក្រុមប្រឆាំងមួយចំនួនតូចដែលមិនខ្វល់អំពីសុខសន្តិភាពរបស់ប្រទេសជាតិ ដែលគួរអោយសោកស្តាយបំផុត៕





No comments:

Post a Comment