Wednesday, July 06, 2022

ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន​ ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុកទី​ស្តីការ​គណៈរដ្ឋ​មន្ត្រី​​ ជួប​ពិភាក្សា​ការងារជា​មួយ​តំ​ណាង​ប្រទេស​ផ្តល់​ជំ​នួយសម្រាប់​សាលាក្តី​ខ្មែរក្រហម​

នាព្រឹក​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០២២  នៅ​ទី​ស្តី​ការគណៈរដ្ឋមន្ត្រី​ ឯកឧត្តមកិត្តិនីតិ​កោសល​បណ្ឌិត​ ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជាប្រធាន​​ក្រុម​ការងារ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ទ្រទ្រង់​ដំ​ណើរការ​កាត់​សេចក្តី​របស់​អង្គជំ​នុំ​ជម្រះ​វិសាម​ញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ឬហៅកាត់ថាសាលាក្តី​ខ្មែរក្រហម  បាន​ជួប​ពិភាក្សា​ការងារជាមួយ           ​បណ្តាប្រទេស​ផ្តល់​ជំ​នួយ​សំ​ខាន់​ៗ ប្រមាណ​១០ប្រទេស។ សមាសភាពនៃគណៈប្រតិភូ រួមមានៈ       អូស្ត្រា​លី សហភាពអឺរ៉ុប​ បារាំង​ ​ ជប៉ុន ស៊ុយ​អែត អង់​គ្លេស និងតំណាងទូតមួយចំនួននៅរាជធានីភ្នំពេញ​។ នៅក្នុងគណៈប្រតិភូនេះ គឺមាន​​លោកស្រី​ Alexandra Hutchison តំណាង​ប្រទេស​អូស្ត្រាលី ជាប្រធានប្រតិភូ   តំ​ណាង​ប្រទេស​ផ្តល់​ជំ​នួយ​និងជាអ្នកធ្វើ​​របាយការណ៍​ទៅ​បណ្តា​ប្រទេ​ស​ផ្តល់​ជំ​នួយ​ទៅ​ទី​ក្រុង​ញូវយ៉ក។ ដោយឡែក​លោកស្រី​ Hanna Dreifeldt គឺជា​មន្ត្រី​​ច្បាប់​ជាន់​ខ្ពស់​របស់​ការិយាល័យទទួល​បន្ទុក​កិច្ច​ការ​ច្បាប់​របស់ អ.ស.ប ក៏បាន​អញ្ជើញ​ចូលរួមនៅក្នុងកិច្ចប្រជុំនេះ​ផង​ដែរ​។

ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​ បាន​មាន​ប្រសាសន៍ថា រហូត​មកដល់​ពេល​នេះ​ អ.វ.ត.ក. បាន​ដំ​ណើរការ​កាត់​សេចក្តី​ប្រកប​ដោយ​ជោគ​ជ័យ​និង​ជិត​បិទបញ្ចប់​ដំ​ណើរការ​កាត់​សេចក្តី​ហើយ គឺ​គ្រោង​នឹង​បញ្ចប់​សំ​ណុំ​រឿង​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ ត្រឹមត្រីមាសទី​៤ ឆ្នាំ​២០២២នេះ។  ជំ​នួស​មុខ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន បាន​ថ្លែង​អំ​ណរគុណ​ដល់​បណ្តាប្រទេស​ផ្តក់​ជំ​នួយទាំង​អស់​ដែល​បាន​រួម​ចំ​ណែក​ផ្តល់​ថវិកាដល់ អ.វ.ត.ក. ដែល​សម្រេច​បាន​សមិទ្ធផល​ការងារ​ប្រកប​ដោយ​ជោគ​ជ័យ​ ហើយ​ដែល​ជោគ​ជ័យ​នេះ គឺជា​ជោគ​ជ័យ​រួម​ទាំង​អស់​គ្នា​ ទាំង​រាជរដ្ឋាភិបាលកម្ពុជា​អង្គការ​សហប្រជា​ជាតិ​ និង​សហគមន៍អន្តរជាតិ​ដែល​កន្លង​មក​បាន​រួម​សហការ​គ្នា​បាន​យ៉ាងល្អ​ ហើយ​ដែល​ អ.វ.ត.ក. អាច​ក្លាយ​ជា​គំរូតុលាការ​មួយ​សម្រាប់​ការ​វិនិច្ឆ័យ​ទោស​ចំ​ពោះ​ឧក្រិដ្ឋ​កម្ម​ធ្ងន់​ៗ និង​ការ​សម្លាប់​រង្គាលនាពេល​អនាគតលើឆាក​អន្តរជាតិ​ និង​ជា​ពិសេស​នៅ​ថ្នាក់​តំ​បន់។

ឯកឧត្តមកិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​បាន​មាន​ប្រសាសន៍បន្ថែម​ថា អ.វ.ត.ក. នៅ​មាន​ការងារ​សំខាន់​ៗចំ​នួន​ពីរទៀត​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀង​បន្ថែម​ជាមួយអង្គការសហប្រជា​ជាតិ​ សម្រាប់​អនុញ្ញាតឱ្យ អ.វ.ត.ក. អនុវត្តបន្ត​នូវ​មុខងារ​ដែល​នៅ​សេសសល់ រួម​មាន៖ ទី១)  ការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងកាត់សេចក្តី​របស់អ.វ.ត.ក. គឺត្រូវរក្សាទុកឱ្យអនុលោមទៅតាមស្តង់ដារអន្តរជាតិ និងអនុញ្ញាតឱ្យ​សាធារ​ណ​ជន​​អាច​ចូលពិនិត្យ​មើល​និងសិក្សាបាន​យ៉ាង​ទូលំទូលាយនិងទី២) ការងារអប់រំនិងផ្សព្វផ្សាយស្តីពីសមិទ្ធផ​លរបស់អ.វ.ត.ក. គឺមានសារៈសំខាន់ដែលគប្បីជំរុញអនុវត្តឱ្យកាន់តែទូលំទូលាយដល់សាធារណជ​ន និងអ្នកស្រាវជ្រាវជាតិ-អន្តរជាតិ ព្រមទាំងលើកកម្ពស់ការងារកេរដំណែលរបស់អ.វ.ត.ក.ឱ្យកាន់តែមានលក្ខណៈរឹងមាំ ដើម្បីបន្តអប់រំដល់មនុស្សជំនាន់ក្រោយ ក្នុងគោលដៅទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍នៅកម្ពុជា ក៏ដូចជានៅលើសកលលោក។

​          ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត​ ប៊ិន ឈិន បានប្រាប់​ទៅ​​តំ​ណាង​ប្រទេស​ផ្តល់​ជំ​នួយ​ផង​ដែរថា រាជ​រដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ផ្តល់​ថវិកាដល់​ អ.វ.ត.ក. នៅ​អំ​ឡុង​ពេល​អនុវត្ត​មុខងារ​សេសសល់និង​ក៏បាន​សំ​ណូម​ពរស្នើ​សុំ​ឱ្យប្រទេស​ផ្តល់​ជំ​នួយ​បន្ត​ផ្តល់​ការគាំ​ទ្រ​ដល់​អ.វ.ត.ក.ជា​បន្ត​ទៀត​ដោយ     ​​ឯកឧត្តមកិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​ បាន​សង្កាត់​ធ្ងន់​ថា​  ការ​ចូល​រួម​បន្ត​កិច្ច​សហការ​របស់​សហគមន៍អន្តរជាតិ​ក្នុង​ការ​បន្ត​ផ្តល់​ថវិកា គឺដើម្បី​ឱ្យ​ អ.វ.ត.ក. ដំ​ណើរការ​ទៅ​ដោយ​រលូន​ ជោគ​ជ័យ​និង​ប្រកប​ដោយ​កិត្តិយស។

ជាការ​ឆ្លើយ​តប​ទាំង​លោកស្រី​ Alexandra Hutchison តំ​ណាង​ប្រទេស​ផ្តល់​ជំ​នួយ​សម្រាប់​សម្រប​សម្រួល​ដឹកនាំ​កិច្ច​ប្រជុំ​ និង​លោកស្រី Hanna Dreifeldt មន្ត្រី​ច្បាប់​ជាន់​ខ្ពស់​របស់​ការិយាល័យ​ទទួល​បន្ទុក​កិច្ច​ការ​ច្បាប់​របស់​អ.ស.ប. បាន​វាយតម្លៃ​ខ្ពស់​ចំ​ពោះ​ជោគ​ជ័យ​របស់​ អ.វ.ត.ក. ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​គាំ​ទ្រ​ចូល​រួម​យ៉ាង​មោះមុត និង​​​បាន​បញ្ជាក់​ថាជោគ​ជ័យ​ដែល​សម្រេច​បាន​របស់​ អ.វ.ត.ក. គឺ​ពិត​ជា​កើត​ចេញ​ពី​ការ​ជឿទុកចិត្ត​គ្នា​ និងការ​​រួម​សហការ​គ្នា​បាន​ល្អក្នុង​គ្រប់​ដំ​ណាក់​កាល​នៃ​​ដំ​ណើរការកាត់​សេចក្តី​។ ដោយសារ​តែជំ​នឿទុកចិត្ត​នេះ​ហើយ លោក​ស្រី Alexandra Hutchison បាន​បញ្ជាក់​​នូវ​គោល​ជំ​ហរយ៉ាង​ច្បាស់​លាស់​ថា បណ្តាប្រទេស​ផ្តល់​ជំ​នួយប្តេជ្ញាបន្ត​គាំទ្រ​​កិច្ច​សហការក្នុង​ដំ​ណើរការ​របស់​តុលាការដែល​នៅ​សេសសល់​នេះ ទាំង​ការ​គ្រប់​គ្រង​បណ្ណាសារ ការ​ផ្សព្វ​ផ្សាយ រួម​ទាំង​ការ​រក្សាកេរដំ​ណែល​របស់​តុលាការ ធ្វើ​យ៉ាង​ណា​ឱ្យ​ អ.វ.ត.ក. សម្រេច​បាន​ជោគ​ជ័យ​ ដោយ​ការ​បិទបញ្ចប់​កិច្ច​ការ​របស់​ខ្លួន​នៅចុង​ឆ្នាំ​២០២២នេះ ប្រកប​ដោយ​កិត្តិយស​។

ជា​ចុង​បញ្ចប់ ​ឯកឧត្តមកិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ បានគូសបញ្ជាក់ផងដែរថា ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះគឺមិនមែនជាការសងសឹក ប៉ុន្តែគឺជាការផ្តល់ទំនុកចិត្តដល់តុលាការកាត់សេចក្តី និងបានសម្តែងនូវ​ការ​ថ្លែង​អំ​ណរគុណ​ដល់ក្រុម​កាងារ​នៃ​​បណ្តាប្រទេសផ្តល់​ជំ​នួយ​ដែល​បានជួប​ពិភាក្សាការងារ ព្រមទាំងបាន​​ប្តេជ្ញា​បន្ត​គាំ​ទ្រ​ការងារ​ដែល​នៅ​សេសសល់​របស់​ អ.វ.ត.ក.ឱ្យ​បន្ត​ដំ​ណើរការ​ដើម្បី​ឈាន​ដល់ការ​​បិទបញ្ចប់​ក្នុង​ពេល​អនាគត​ខាង​មុខ ដែល​សមិទ្ធផល​ទាំង​អស់​កើត​ចេញ​ពី​កិច្ច​សហការ​រួម​គ្នា​នេះ ធ្វើ​ឱ្យ​អ.វ.ត.ក.សម្រេច​បាន​ជោគ​ជ័យ​ដ៏ធំ​ធេង មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​៕​










ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយគណៈប្រតិភូអាស៊ានប៉ារ៉ាហ្គេម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នៅព្រឹក ថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។

ការប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតរវាងកីឡាករ កីឡាការិនី ជាជនពិការក្នុងចំណោមប្រទេសសមាជិកអាស៊ាន ត្រូវបានធ្វើឡើងជាទៀងទាត់រៀងរាល់២ឆ្នាំម្តង។ ការប្រកួតបានធ្វើចំនួន១០លើក រួចមកហើយ ប៉ុន្តែនៅឆ្នាំ២០១៩ ការប្រកួតដែលគ្រោងធ្វើឡើងនៅប្រទេសហ្វីលីពីន ត្រូវបានខកខានដោយសារតែវិបត្តិជំងឺកូវីដ១៩។

ដោយឡែកការប្រកួតលើកទី១១ នេះ តាមពិតត្រូវធ្វើនៅប្រទេសវៀតណាម តែវៀតណាមសុំលើកពេលក្រោមហេតុផលវិបត្តិជំងឺកូវីដ១៩ ទើបលើកទៅរៀបចំនៅប្រទេសឥណ្ឌូនេស៊ីជំនួសវិញ។

ក្នុងព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ កម្ពុជាបញ្ជូនប្រតិភូកីឡាចូលរួមសរុប ១១៦នាក់។ ក្នុងនោះមានអត្តពលិក ១១៥នាក់ និងប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយចំនួន ៣៩នាក់ មន្ត្រីបច្ចេកទេសចំនួន ៧នាក់ និងប្រតិភូជាតិចំនួន ៥នាក់។ កម្ពុជាបញ្ជូនអត្តពលិកចូលរួមប្រកួតលើប្រភេទកីឡាចំនួន១១កីឡា រួមមាន៖ វាយកូនឃ្លីលើតុ លើកទម្ងន់ អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរសនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង បាល់បោះជិះរទេះបុរសនារី បូស្យា វាយសី និងអុក។ ក្រុមប្រតិភូកីឡាប៉ារ៉ាហ្គេមកម្ពុជា នឹងចេញដំណើរទៅប្រកួតនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។ 







#អាស៊ាន #ប៉ារ៉ាហ្គេម #ហ៊ុនសែន #កម្ពុជា