Friday, July 19, 2013

ឯកឧត្តម សុខ អាន សំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកកោះអណ្តែត ខេត្តតាកែវ




 
សមាជិក សមាជិកា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ប្រមាណ ​១ម៉ឺន​នាក់ ​​មក​ពី​បណ្តា​ឃុំ​នានា​ក្នុង​ស្រុក កោះអណ្តែត​ បានអញ្ជើញ​មកចូលរួម​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជា​មួយ ​ឯកឧត្តម សុខ អាន សមាជិកអចិន្រ្តៃយ៏ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា​បេក្ខ​ជន​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ នា​ព្រឹក​ថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៣ ក្នុង​ឃុំព្រៃខ្លា ស្រុក កោះអណ្តែត ខេត្ត​តាកែវ។
ឯកឧត្ត​ម សុខ អាន បាន​មាន​ប្រសាសន៍​ពន្យល់​ថា ការ​តម្លើង​ថ្លៃ​ស្រូវរបស់​កសិករ​ជូន​កសិករ​ ក្រៅ​ពី​ការ​ដាក់​ចេញ​គោល​នយោ​បាយនាំ​អង្ករ​ចេញ ១ លាន​តោន ​ក្នុង​ឆ្នាំ២០១៥ គឺ​ត្រូវ​ទាក់​ទាញ​ការ​វិនិយោគ​រោង​ម៉ាស៊ីន​កិន​ស្រូវ ដើម្បី​កែច្នៃ​អង្ករ​នាំ​ចេញ​ឲ្យ​មាន​ស្តង់ដារ​អន្តរជាតិ​ និង​ការ​ស្វែង​រក​ទីផ្សារ​ ទើប​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​របស់​កសិករ​កើន​ឡើង មិនមែន​គ្រាន់​តែ​សន្យា​នោះ​ទេ។
ឯក​ឧត្តម ​សុខ អាន បាន​ចាត់​ទុក​ការ​ឃោសនា​របស់​គណបក្ស​ប្រឆាំង​អំពី​វិធី​រក​ថវិកា​ដើម្បី​ តម្លើង​​ប្រាក់​បៀរវត្សរ៍​ដល់​កម្មករ មន្ត្រី​រាជការ​ គឺ​ជាការ​ភូត​កុហក់ គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ទាល់​តែសោះ​។ បញ្ហា​ប្រាក់​ខែ​កម្មករ​កម្ពុជា​មធ្យម​ជាង ១៣០ ដុល្លារ​អាមេរិក ដែល​បច្ចុប្បន្ន​ខ្ពស់​ជាង​ប្រទេស​​មួយចំនួន​រួចទៅហើយ​ នឹង​កើន​ឡើង​នៅ​ពេល​ដែល​ការ​វិនិយោគ​រោង​ចក្រ​កាន់​តែ​ច្រើន​ក្រោម​ការ​​ទាក់ ​ទាញ​ដោយ​រាជ​រដ្ឋាភិបាល​ សម្តេច​តេជោ និងដោយ​សារ​តែ​ប្រទេស​មាន​សុខ​សន្តិភាព ហើយ​​កម្មករកាន់​តែ​មាន​សមត្ថភាព​ផលិត។ ឯកឧត្តម​​ សុខ អាន បាន​បដិសេធ​ថា  ការ​ប្រកាស​យក​ចំណូល​ពី​ទេសចរ​ចូល​មើល​រមណីយដ្ឋាន​អង្គរ​វត្ត ដើម្បី​តម្លើ​ង​ប្រាក់​បៀរវត្សរ៍ គឺ​មិន​អាច​ធ្វើ​បាន​ ព្រោះ​ចំណូល​​នេះ​​មិន​គ្រប់​គ្រាន់​សម្រាប់​ថែរក្សា​ និង​អភិរក្ស​តំបន់​រមណីយ​ដ្ឋាន​អង្គរផងទេ ហើយដៃ​គូ​អន្តរជាតិ​ដែល​បច្ចុប្បន្ន​​កំពុង​ជួយ​ជួស​ជុល​ប្រាសាទ​នានា​ មិនគាំទ្រឡើយ។ ឯការ​ប្រកាស​លុប​ចោល​បំណុលរបស់​ប្រជា​ពលរដ្ឋ​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​ អនុវត្ត​សេដ្ឋកិច្ច​ទីផ្សារ​សេរី គឺ​មិន​អាច​ធ្វើ​បាន​ ហើយ​ជា​ការ​ភូតកុហក់​។ រដ្ឋ​គ្រាន់​តែ​ជា​អ្នក​សម្រ​ប​សម្រួល តែ​មិន​អាច​ចាប់​បង្ខំ​ឲ្យ​ធនាគារឯកជន​ណា​មួយ​លុប​ចោល​បំណុល​បាន​ឡើយ។ ឯកឧត្តម​ សុខ អាន បានបញ្ជាក់​ថា បើ​បងប្អូន​ប្រជា​ពលរដ្ឋ​ណា​ជឿ​តាម​បក្ស​ប្រឆាំង ហើយ​ទៅ​ខ្ចី​លុយ​ធនាគារ​ ដោយ​សង្ឃឹម​ថា គេ​នឹង​លុប​បំណុល​នោះ អាច​នឹង​ជួប​ផល​វិបាក​ជា​មិន​ខាន​។
ឯក​ឧត្តម សុខ អាន​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​បោះ​ឆ្នោត ជា​ពិសេស​កំណើន​អសនៈ​មណ្ឌល​ខេត្ត​​តាកែវជា​បន្ត​បន្ទាប់​ គឺដោយ​សារការ​ដឹកនាំ​ដ៏ល្អ​របស់​សម្តេច​ អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន
ឯកឧត្តម​ សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ដូច្នោះ បើ​ស្រឡាញ់, បើ​អាណិត, បើ​ពេញ​ចិត្ត, បើ​ជឿ​ទុក​ចិត្ត​ សម្តេច​ អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន សូម​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជា​ជន​កម្ពុជា។    
ឯក​ឧត្តម​ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​មាន​សសរ​ស្តម្ភ​ពីរ​សំខាន់​ គឺទី១,រំដោះ​ប្រជា​ពលរដ្ឋ​ពី​របប​ប្រល័យ​ពូជ​សាសន៍ ហើយ​បច្ចុប្បន្ន​មេដឹកនាំ​ជាន់​ខ្ពស់​បំផុត​នៃ​របប​ខ្មែរ​ក្រហម​កំពុង​ទទួល​ ការ​កាត់​ទោស​ដោយ​តុលាការ​ ដោយ​​មានការ​ចូល​រួម​ពី​ចៅក្រម​បរទេស​។ ទី២, ​កសាង​បានសុខ​សន្តិភាព និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ កាត់​បន្ថយ​ភាព​ក្រីក្រ​ជូនប្រជា​ពលរដ្ឋ​។ ឯកឧត្តម ​សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​រីក​ចម្រើន​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​យើង​សព្វ​ថ្ងៃ គឺ​ដោយ​សារ​ប្រទេស​យើង​មាន​សុខ​សន្តិភាព ដែល​រាជ​រដ្ឋាភិ​បាល​​ដឹកនាំ​ដោយ​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន សម្រេច​បាន​។ អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​បានដឹង​ថា សុខ​សន្តិភាព​មាន​តម្លៃ​ប៉ុណ្ណា?។ បច្ចុប្បន្ន គម្រូរបស់​កម្ពុជា​ក្នុង​ការ​កសាង​សុខ​សន្តិភាព និង​ការ​បង្រួប​បង្រួម​ជាតិ ការ​អភិវឌ្ឍន៍​ប្រទេស​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​ក្នុង​ពិភព​លោក។
ប្រជាពលបាន​​ប្តេជ្ញា​បោះឆ្នោត​​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែលមាន​លេខ​រៀង​ទី​៤ ដោយ​សារ​គណ​បក្ស​​ប្រជាជន​កម្ពុជា​មានគុណ​សម្បត្តិ​ដែល​ជា​សសរ​ស្តម្ភ​ពីរ​ សំខាន់ គឺ​ការ​រំដោះ​ប្រជា​ពលរដ្ឋ​ពី​របប​ប្រល័យ​ពូជ​សាសន៍ និង​ការ​កសាង​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ជាតិ​ ជា​ពិសេស​គណ​បក្ស​ប្រជា​ជន​កម្ពុជា ហ៊ានថា ហ៊ាន​ធ្វើ​ ហ៊ាន​ទទួល​ខុសត្រូវ មិន​សន្យា​ចោលទេ។
អត្ថបទដោយ៖ សម ភក្តី​