Wednesday, April 05, 2017

ក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់ លោក កឹម សុខា ជាប្រធានគណបក្សសង្រ្គោះជាតិ ប៉ុន្តែមិនទទួលស្គាល់អនុប្រធានបីរូប ដោយសារការជ្រើសតាំងបំពានលក្ខន្តិកៈ

នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ ឧបនាយកដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានផ្ញើលិខិតជំរាប់ទៅលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ អំពីការជូនដំណឹងពីសមាសភាពប្រធាន អនុប្រធាន និងការដកនៅចំណងជើង «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ » ពីគោលនយោបាយអាទិភាព៥ចំនុចរបស់គណបក្សសង្គ្រោះជាតិ។
នៅក្នុងលិខិតរបស់លោក ស ខេង ក្រសូងមហាផ្ទៃបានទទួលស្គាល់លោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ ។ ដោយឡែកចំពោះការជ្រើសតាំងលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ជាអនុប្រធានគណបក្ស គឺនៅមិនទាន់ស្របតាមប្រការ៤៧ថ្មី នៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិនោះទេ។

សូមអានអត្ថបទដូចខាងក្រោម ៖


ហ្វេស​ប៊ុក សី ហា៖ បូសខ្នុ​របង្ហាញ​មុខ

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុក សី ហា បានបង្ហោះផ្សាយនូវអត្ថបទ លិខិតមិត្តអ្នកអានក្រោមចំណងជើងថា «បូសខ្នុរបង្ហាញមុខ» ដែលមានខ្លឹមសារដូចខាងក្រោម៖

ថ្ងៃនេះផេក សី ហា យើងខ្ញុំបានទទួលនូវខ្លឹមសារលិខិតរបស់មិត្តអ្នកអានម្នាក់ ជាសាស្ត្រាចារ្យ ស្រុកឆ្លូង ខេត្តក្រចេះ បានផ្ញើមកដោយដាក់ចំណងជើងថា ” បូសខ្នុរបង្ហាញមុខ”។

ដោយសារម្ចាស់អត្ថបទបានសំណូមពរឱ្យផេក សី ហា យើងខ្ញុំជួយចុះផ្សាយខ្លឹមសារទាំងស្រុង និងរូបភាពភ្ជាប់ជាមួយ ហេតុដូចនេះ យើងខ្ញុំសូមចុះផ្សាយអត្ថបទនេះដូចតទៅ ៖

លិខិតមិត្តអ្នកអាន៖ បូសខ្នុរបង្ហាញមុខ

ថ្ងៃចន្ទពណ៌ខ្មៅ ជាចលនាបដិវត្តពណ៌ដែលមានអង្គការចាត់តាំងរៀបចំ!ចលនាថ្ងៃចន្ទពណ៌ខ្មៅដែលមនុស្សមួយក្រុម តែងតែរៀបចំជារៀងរាល់សប្តាហ៍នោះមិនមែនជាព្រឹត្តិការណ៍នៃការតវ៉ាធម្មតាទេ។ ប៉ុន្តែ វាគឺជាការបង្កាត់ភ្លើងចលនាបដិវត្តន៍ពណ៌ ដែលមានការរៀបចំយ៉ាងល្អិតល្អន់ជាខ្សែបណ្តាយក្រោមការចាត់តាំង ផ្តល់គំនិត និងហិរញ្ញវត្ថុពីបរទេសថែមទៀតផង។ គេនៅចាំបានថា ដំបូងឡើយ គឺលោក ប៉ា ងួនទៀង ដែលជ្រកក្រោមស្លាកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងដែលមានវិទ្យុ VOD ជាឧបករណ៍ គឺជាអ្នកប្រកាសចលនាថ្ងៃចន្ទពណ៌ខ្មៅនេះ។គោលបំណងរបស់ពួកគេគឺ ការបង្កព្យុះភ្លៀងមិនឱ្យសង្គមមួយនេះបានស្ងប់សុខ។ តាមរយៈចលនានេះ ពួកគេរំពឹងទុកថា អាចនឹងបញ្ឆេះកំហឹងរបស់ពលរដ្ឋឱ្យខ្មែរឱ្យស្អប់រាជរដ្ឋាភិបាលកាន់តែច្រើនឡើង ហើយទីបំផុតចាក់សាំងបង្កឱ្យទៅជាចលនាបដិវត្តន៍ពណ៌ខ្មៅដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកំពុងដឹកនាំប្រទេស។

ដើម្បីធ្វើចលនានេះ អ្នករៀបចំបានបង្ហាត់បង្រៀន និងផ្តល់ហិរញ្ញវត្ថុដល់សមាជិកក្រុមឱ្យចេះរៀបចំកម្មវិធីប្លែកៗដើម្បីទាក់ទាញការចាប់អារម្មណ៍។ ជាក់ស្តែង ខុសពីអ្នកតវ៉ាធម្មតា ពួកគេ ម្តងរៀបចំតវ៉ាបែបនេះ ម្តងបែបនោះ ដោយពេលខ្លះមានទាំងចម្រៀងដែលគេនិពន្ធឱ្យ និងដែលពួកគេទន្ទិញរត់ចាំមាត់។ អ្វីដែលជាការគួរឱ្យកត់សម្គាល់គឺ ក្រុមនេះមានជំនាញ និងអាជីពជាអ្នកសម្តែងយ៉ាងស្ទាត់ជំនាញ។ នៅពេលមានការតវ៉ាម្តងៗ ពួកគេតែតែធ្វើដោយបំពានច្បាប់ បំពានបម្រាមរបស់អាជ្ញាធរ។ នៅពេលសមត្ថកិច្ចរារាំង ពួកគេបំពានទៅលើកម្លាំងសមត្ថកិច្ច ជេរប្រមាថភ្នាក់ងារនគរបាល និងពេលខ្លះវាយទៅលើសមត្ថកិច្ចទៀតផង។ បើសមត្ថកិច្ចហ៊ានប៉ះពួកគេតែបន្តិច ពេលនោះ ក្រុមសម្តែងក៏បានបញ្ចេញស្ទីលយ៉ាងស្ទាត់ជំនាញ៖ ពេលខ្លះធ្វើដួលច្រងាប់ច្រង៉ិល ពេលខ្លះធ្វើជាសន្លប់ ដើម្បីឱ្យក្រុមអ្នកសារព័ត៌មាន និងអ្នកលេងហ្វេសប៊ុកដែលសុទ្ធសឹងជាបក្សពួករបស់ខ្លួនថតរូបបង្ហោះ និងផ្សាយយ៉ាងព្រោងព្រាតដើម្បីបង្ខូចកេរ្តិ៍ឈ្មោះអាជ្ញាធររាជរដ្ឋាភិបាល ក៏ដូចជាដើម្បីបញ្ឆេះកំហឹងរបស់ពលរដ្ឋខ្មែរឱ្យស្អប់អាជ្ញាធរ។ ពេលខ្លះទៀតថែមទាំងបំប៉ោងថា ប៉ះពាល់ដល់កូនក្នុងផ្ទៃ ដើម្បីធ្វើឱ្យឈុតឆាករឹតតែកម្សត់ក្នុងន័យទាក់ទាញការអាណិតអាសូរពីមហាជន ក៏ដូចជាពីសហគមន៍អន្តរជាតិ។ ក្រៅពីបណ្តាញហ្វេសប៊ុករបស់ខ្លួន ក្រុមនេះក៏មានវិទ្យុអាស៊ីសេរី វិទ្យុវីអូឌី និង វីអូអេ និងសារព័ត៌មានបរទេសមួយចំនួនទៀតជាអ្នកជួយបំពងសំឡេងឱ្យកាន់តែកងរំពងថែមទៀត។

គេក៏នៅចាំបានដែរថា ក្រុមដែលមានអង្គការចាត់តាំងយ៉ាងត្រឹមត្រូវមួយនេះធ្លាប់បានសាកល្បងផ្តួលរំលំគណបក្សកាន់អំណាចម្តងហើយកាលពីឆ្នាំ ២០១៣ បន្ទាប់ពីពួកគេចាញ់ឆ្នោតមិនបានកាន់អំណាចដូចបំណង។ តែការសាកល្បងនេះត្រូវទទួលបរាជ័យទាំងស្រុងទោះបីនៅពេលនោះ ក្រុមជនបរទេសមួយចំនួនដែលមានជំនាញផ្នែកប្រតិបត្តិការបដិវត្តពណ៍បានមកសំងំនៅក្នុងសណ្ធាគារមួយក្បែរវត្តភ្នំដើម្បីដឹកនាំបញ្ជាផ្ទាល់យ៉ាងណាក៍ដោយ។ ទោះជាយ៉ាងនេះក្តី ក៏ពួកគេនៅតែបន្តចិញ្ចឹមចិត្តរកកលល្បិចផ្តួលរំលំបក្សកាន់អំណាចដោយមិនបោះបង់ឡើយពីព្រោះពួកគេយល់ច្បាស់ថា គ្មានថ្ងៃអាចយកឈ្នះគណបក្សប្រជាជនកម្ពុជាតាមរយៈការបោះឆ្នោតនោះឡើយ។ ម្តងនេះ ពួកគេបង្កើតចលនាបដិវត្តពណ៌វិញម្តងតាមរយៈចលនាថ្ងៃចន្ទពណ៌ខ្មៅដើម្បីផ្លាស់ប្តូររូបភាពនៃការប៉ុនប៉ងសារជាថ្មីទៀតក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល។

ប៉ុន្តែ ដោយសារតែប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់យល់ច្បាស់ថា គ្មានអ្វីប្រសើរជាងសន្តិភាព និងស្ថិរភាពនយោបាយ ហើយមានតែគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ដែលជាអ្នកធានាបាននូវសន្តិភាព និងស្ថិរភាពនយោបាយក្នុងប្រទេស ទើបពួកគេមិនចូលរួមជាមួយក្រុមនេះទេ។ ជាលទ្ធផល ក្រុមថ្ងៃចន្ទពណ៌ខ្មៅមិនត្រឹមតែមិនអាចរីកលូតលាស់ទៅមុខប៉ុណ្ណោះទេ តែថែមទាំងកាន់តែរេចរឹលទៅជាលំដាប់។ ទោះជាយ៉ាងណា ក្រុមនេះមិនបោះបង់ចោលលនូវមហិច្ឆតារបស់ខ្លួនឡើយ ហើយនៅតែខំត្រដរខ្យល់ដោយមានវិទ្យុអាស៊ីសេរីជាអ្នកជួយចូកជួយចែ ជួយគាស់ឱ្យមានជីវិតជីវ៉ាកុំឱ្យផុតរលត់។ ជារៀងរាល់ថ្ងៃអាទិត្យ និងថ្ងៃចន្ទ វិទ្យុមួយនេះតែងតែខំផ្សាយបំប៉ោងអំពីចលនាអាវខ្មៅនេះជាដរាបមិនដែលខានឡើយបើទោះបីជាមានមនុស្សតែមួយដំបរស្វាចូលរួមក៏ដោយ។ ពេលខ្លះដើម្បីកុំឱ្យមានរូបភាពយ៉ាប់ពេក លោក ប៉ា ងួនទៀង និងលោក ជុន ច័ន្ទបុត្រ ក៏នាំទាំងគ្រួសារ ប្រពន្ធកូនពាក់អាវខ្មៅហើយបង្ហោះតាមហ្វេសប៊ុកដើម្បីចូលរួមជាមួយតួសម្តែងមុខដដែលៗប៉ុន្មាននាក់នោះ ដែលពេលខ្លះកំពុងបាក់កម្លាំងចិត្តយ៉ាងខ្លាំងដោយសារតែគ្មានអ្នកចូលរួមជាមួយដូចការរំពឹងទុក។

យ៉ាងណាក៏ដោយក្រុមនេះនឹងបន្តត្រដរខ្យល់ម្តងទៀតក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតខាងមុខនេះដើម្បីជួយរកសំឡេងឆ្នោតឱ្យបក្សប្រឆាំង។ ដូច្នេះ តើអាជ្ញាធរគួរចាត់វិធានការបែបណាចំពោះក្រុមអាវខ្មៅតំណាងឱ្យពួករបបប្រល័យពូជសាសន៍ប៉ុល ពតមួយក្រុមនេះ? និងតើអ្នកនៅពីក្រោយចលនានេះនឹងត្រូវទទួលទោស បែបណាជាពិសេសគឺជនបរទេសដែលកំពុងដើរតួយ៉ាងសកម្មជាលោកគ្រូ” កុង ស៊ុន ” ?

ដោយ៖ សាស្ត្រាចារ្យ ស្រុកឆ្លូង ខេត្តក្រចេះ


រដ្ឋមន្ត្រីក្រសួងសាធារណការ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការដែលចូលនិវត្តន៍

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីចូលនិវត្តន៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងឱកាសពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ។

លោក ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដល់បណ្តាមន្ត្រីចូលនិវត្តន៍ ដែលតែងតែរក្សាខ្លួនជាធនធានមួយដ៏សំខាន់ ដើម្បីចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលសម្រេចបានរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។
ដើម្បីជាកិច្ចតបស្នងដល់គុណូបក្ការនេះ លោក បានជូនថវិការបស់ក្រសួងសាធារណការនិងដឹកជញ្ជូនមួយចំនួនដើម្បីលើកទឹកចិត្ត និងជាការដឹងគុណចំពោះការខិតខំបម្រើការងារកន្លងមករបស់មន្ត្រីទាំងនោះ។
លោក ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ផងដែរ អំពីសារៈសំខាន់នៃការរក្សាចំណងមិត្តភាពល្អ រវាងមន្ត្រីរាជការដែលកំពុងបំពេញការងារ នៅក្រសួងសាធារណការនិងដឹកជញ្ជូនបច្ចុប្បន្ន និងមន្ត្រីរាជការដែលបានចូលនិវត្តន៍រួចហើយ៕

ក្រសួង​សុខាភិ​បាល រៀបចំវេទិកា​ពិភាក្សាក្រោម​ប្រធានបទក្រសួង​សុខាភិបាល​

ភ្នំពេញ៖មន្ត្រីក្រសួងសុខាភិបាលបានអំពាវឲ្យប្រជាពលរដ្ឋដែលប្រឈមទៅនឹងជម្ងឺផ្លូវចិត្តប្រញាប់ទៅរកសេវាព្យាបាល ខណៈដែលជម្ងឺនេះបានបង្ករឲ្យមានផលលំបាកច្រើនដល់សុខភាព និងការរាំងស្ទះដល់ការអភិវឌ្ឍសង្គមជាតិ។
ក្នុងវេទិកាពិភាក្សាក្រោមប្រធានបទជំងឺធ្លាក់ទឹកចិត្តនៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះលោក ឈិត សុផល ប្រធាននាយកដ្ឋាន សុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថា អ្នកដែលមានអាការៈថប់អារម្មណ៍ និងជំងឺបាក់ស្បាត ស្រងួតស្រងាត់ ស្ងាមស្ងាត់ ផ្តាច់ខ្លួនចេញពីសង្គម សំរានមិនលក់ ថយចុះសមត្ថភាពបំពេញការងារបាត់បង់ចំណង់ផ្លូវភេទបាយមិនបានស្រកទំងន់ ឬឡើងទំងន់ខ្លាំងពេក គឺសុទ្ធតែជាអ្នកប្រឈមមុខចំពោះជំងឺធ្លាក់ទឹកចិត្ត។
លោក វេជ្ជបណ្ឌិត យឹមសុបុត្រា គ្រូពេទ្យឯកទេស វិកលវិទ្យា នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានមានប្រសាសន៍ថា មូលហេតុដែលនាំឲ្យកើតបញ្ហាផ្លូវចិត្តមានមូលហេតុចំបងៗ មួយចំនួនពាក់ព័ន្ធទៅនិង ភាពក្រីក្រ សម្ពាធការងារ សម្ពាធក្រុមគ្រួសារ កក្តាបរិស្ថានរស់នៅមិនល្អ និងកក្តាជីវសាស្រ្តហូបអាហារមិនគ្រប់គ្រាន់ជាដើម។
លោកវេជ្ជបណ្ឌិតបានបង្ហាញអំពីរបៀបព្យាបាលថា អាចធ្វើឡើងតាមរយៈការលើកទឹកចិត្តអោយមនុស្សគ្រប់គ្នា រួមមានគ្រួសារ មាតា បិតា គ្រូបង្រៀន មិត្តរួមការងារ មិត្តភក្ដិផ្សេងៗ រួមទាំងអនុវន៍ត្តការហាត់ប្រាណ និងចូល សម្រានឲ្យបានគ្រប់គ្រាន់ ដោយជៀសវាងការប្រើប្រាស់គ្រឿងស្រវឹងឬគ្រឿងញៀន។ ទន្ទឹមនេះ អ្នកជំងឺប្រភេទនេះ ត្រូវរកសេវាព្យាបាលបែបវេជ្ជសាស្ត្រ នៅ ជាមួយអ្នកជំនាញសុខភាពផ្លូវចិត្តដែលមាននៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬអង្គការក្រៅរដ្ឋាភិបាលជាដើម។
លោកស្រី សុខផាណែតប្រធានអង្គការTPOដែលធ្វើការជាមួយប្រជាពលរដ្ឋក្នុងសហគមក្រីក្របានឲ្យដឹងថា អ្នកជម្ងឺធ្លាក់ទឹកចិត្តងាយប្រព្រឹត្តអំពើអត្តឃាត អំពើហិង្សា ហើយធា្លក់ខ្លួនប្រើប្រាស់គ្រឿងញៀន ដែលជាមូលហេតុនាំឲ្យបាត់បង់ការងារឈានទៅបន្ថយសេដ្ឋកិច្ចក្នុងគ្រួសារជា និងអាចបង្ករឲ្យមានអសន្តិសុខក្នុងសង្គមជាដើម។
ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះចៅអធិការវត្តន៍នន្ទមុនីបានឲ្យដឹងថា ព្រះសង្ឃមានតួនាទីសំខាន់ផងដែរដើម្បីលើកទឹកចិត្តអ្នកដែលកើតជំងឺធ្លាក់ទឹកចិត្តនេះ តាមរយៈការទេសនា និងអប់រំប្រជាពលរដ្ឋនៅតាមសហគមន៍។
ក្រសួងសុខាបាលបានឲ្យដឹងថា ពលរដ្ឋកម្ពុជាប្រមាណ៤សែននាក់កំពុងកើតជំងឺធ្លាក់ទឹកចិត្តនេះហើយនិងបន្តកើនឡើងថែមទៀត៕

សាលា​រាជធានី​ភ្នំពេញ ជូនដំណឹង​ស្តីពី ការមិន​ឱ្យយក​ថ្លៃធ្វើ​ដំណើរតាម​ឡានក្រុងរយៈ​ពេល​ ៥ ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ បាន​ប្រកាសពីដំណើរនៃការដាក់ឱ្យជិះរថយន្តក្រុងរាជធានីភ្នំពេញ ដោយ​ឥតគិតថ្លៃរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែមេសា ឆ្នាំ ២០១៧ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ការបម្រើសេវាដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ តាម​រថយន្តក្រុង​​ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនេះ ធ្វើឡើងស្រប​តាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៕


លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ត្រូវបានប្រគល់ភារកិច្ចជាប្រធានក្រុមការងារសហប្រតិបត្តិការសម្រាប់ដំណើរការ អវតក

នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងបណ្តាប្រទេសផ្តល់ជំនួយសម្រាប់ទ្រទ្រង់ដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

សូមអានសេចក្តីសម្រេចខាងក្រោម៖





ទាហាន​មួក​ខៀវ​ចំនួន ៣៦​នាក់ បាន​បញ្ចប់​វគ្គ​ហ្វឹក​ហ្វឺន​បោស​សម្អាត​មីន

ភ្នំពេញ៖ សិក្ខាកាមកម្លាំងមួកខៀវចំនួន៣៦នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនបោសសម្អាតមីនក្នុងរយៈពេល ២សប្តាហ៍ដោយជោគជ័យជាមួយយោធាចារ្យឥណ្ឌា ខណៈដែលពួកគេនឹងត្រូវបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ នាពាក់កណ្តាលឆ្នាំ២០១៧ ខាងមុខនេះផងដែរ។
សូមជម្រាបផងដែរថា ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបោសសម្អាតមីន នៅសាលាហ្វឹកហ្វឺនកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ កាលពីថ្មីៗនេះ នាយឧត្តមសេនីយ៍ មឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាពកម្ពុជាបានថ្លែងថា ការហ្វឹកហ្វឺនជំនាញរក្សាសន្តិភាព និងបោសសម្អាតមីននេះ គឺមានទាហានមួកខៀវចំនួន ៣៦នាក់ ដែលពួកគេនឹងចេញទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅក្រៅប្រទេស នាពាក់កណ្តាលឆ្នាំ២០១៧នេះ។
លោកនាយឧត្តមសេនីយ៍ បន្តថាការសិក្សាជំនាញរក្សាសន្តិភាពនេះ គឺបង្ហាញថា កម្ពុជាពិតជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាល និងហ្វឹកហ្វឺនជំនាញនានា ដែលទាក់ទងទៅនឹង ការងារបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ។
លោកវរៈសេនីយ៍ឯក លោក A. Boral ប្រធានក្រុមយោធាចារ្យនៃប្រទេសឥណ្ឌាលើកឡើងថា
គ្រូយោធាចារ្យ ដែលមកបណ្តុះបណ្តាលដល់កម្លាំងមួកខៀវ កម្ពុជានេះ គឺជាគ្រូដែលមានបទពិសោធន៍មកពីមជ្ឈមណ្ឌលក្នុងទីក្រុងញូដេលី ដើម្បីផ្តល់ការហ្វឹកហ្វឺន រយៈពេលពីរសប្តាហ៍លើផ្នែករក្សាសន្តិភាព។
សូមជម្រាបផងដែរថា សមាជិកក្រុមយោធាចារ្យវិស្វកម្ម គឺមកពីមជ្ឈមណ្ឌលហ្វឹកហ្វឺនវិស្វកម្ម នឹងមានបទពិសោធន៍ខ្ពស់លើទីលាន៕


ប្រមុខ​រដ្ឋស្តីទី​ជួប​​ពិភាក្សា​​ការងារ​​ជាមួយ​អាជ្ញា​ធរ សង្កាត់​​សាក់សំ​​ពៅ អំពីការ​បោះ​ឆ្នោត​​ឃុំសង្កាត់​​

ភ្នំពេញ៖ លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីបានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។

នាឱកាសនោះលោក សាយ ឈុំ បានផ្តល់អនុសាសន៍ដល់អាជ្ញាធរគ្រប់ថ្នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ អាជ្ញាធរគ្រប់ថ្នាក់ត្រូវខិតខីពង្រឹង និងថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈក្នុងមូលដ្ឋានឲ្យបានល្អ និងប្រកបដោយសុខសុវត្ថិភាព ហើយការងារនេះត្រូវបន្តធ្វើរហូតដល់ ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីឲ្យប្រជាពលរដ្ឋយើង បានរៀបចំបុណ្យទាន តាមប្រពៃណីក្នងបរិយាកាសសប្បាយរីករាយ ហើយព្រមជាមួយគ្នានេះ ក៏ដើម្បីបង្កលក្ខណៈដល់ គ.ជ.ប បានរៀបចំការបោះឆ្នោតឲ្យប្រព្រឹត្តទៅបានរលូនល្អ ប្រកបដោយតម្លាភាព ដោយសេរី យុត្តិធម៌ គ្មានអំពើហិង្សា ហើយដែលទាំងអស់គ្នា អាចទទួលយកបាន។
លោកក៏បានសំណូមពរ សូមអាជ្ញាធរបន្តជំរុញប្រជាពលរដ្ឋ ដែលបានទៅចុះឈ្មោះបោះឆ្នោតរួចហើយ ឲ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាការបោះឆ្នោតជ្រើសរើសតំណាង និងជាអ្នកដែលនឹងដឹកនាំការងារបម្រើប្រជាជន និងអភិវឌ្ឍផ្ទាល់នៅមូលដ្ឋានរបស់យើងទាំងអស់គ្នា ក្នុងរយះមួយអាណត្តិ 5ឆ្នាំតទៅមុខទៀត។
លោក សាយ ឈុំ បានបន្តទៀតថា អាស្រ័យហេតុនេះ សូមបងប្អូនប្រើប្រាស់សិទ្ធិផ្ទាល់ខ្លួនម្នាក់ៗ ជ្រើសរើសគណបក្សណាដែលបងប្អូនស្រឡាញ់ពេញចិត្ត ជឿទុកចិត្ត មានបេក្ខជន ដែលមានសមត្ថភាព មានលទ្ធភាពជួយបងប្អូនបាន និងដែលតែងតែនៅជាប់ជិតស្និទ្ធជាមួយបងប្អូនក្នុងគ្រប់ពេល៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ យើងមានរោងចក្រផលិតទឹកស្អាត តែយើងមិនភ្លេចទេអំពីការខ្វះខាតទឹកប្រើប្រាស់ក្នុងកំឡុងឆ្នាំ ១៩៧៩

នៅព្រឹកថ្ងៃទី០៥ ខែ មេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា យើងមានរោងចក្រផលិតទឹកស្អាត តែយើងមិនភ្លេចទេអំពីការខ្វះខាតទឹកប្រើប្រាស់ក្នុងកំឡុងឆ្នាំ ១៩៧៩។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ ដែលមានតម្លៃជាង ៦០លានដុល្លារ ស្ថិតនៅក្នុង ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃនេះយើងមានរោងចក្រផលិតទឹកស្អាតជាច្រើនដែលបានកើតឡើង តែយើងមិនភ្លេចទេអំពីការខ្វះខាតទឹកប្រើប្រាស់ក្នុងកំឡុងឆ្នាំ ១៩៧៩ ដោយកាលនោះយើងមិនមានប្រព័ន្ធទឹកស្អាតដូចសព្វថ្ងៃនេះទេ កុំថាឡើយទឹកម៉ាស៊ីនប្រើប្រាស់យើងគ្មានទេនៅក្នុងទីក្រុងភ្នំពេញ ព្រលឹមឡើងត្រូវទៅ​អូសទឹកពីទន្លេយកមកដើម្បីចាក់នៅក្នុងពាងទុកប្រើប្រាស់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញនេះផ្ទាល់ នៅក្នុងស​ម័យប្រល័យពូជសាសន៍ប៉ុល ពត គឺបានបំផ្លាញប្រព័ន្ធទឹកស្អាតអស់។ ពេលនេះក្នុងរាជធានីភ្នំពេញបានបង្កើតប្រព័ន្ធទឹកស្អាតគ្រប់ទីកន្លែងដើម្បីបម្រើដល់សេចក្តីត្រូវការទឹកស្អាតដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញមកទីនេះម្តងហើយកាលពីឆ្នាំ ២០០៣ ក្នុងការសម្ពោធរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធ ជំហានទី១ ហើយថ្ងៃនេះបានអញ្ជើញមកជាលើកទី២ ក្នុងការសម្ពោធរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ទៀត៕







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រទឹកស្អាតនិរោធជំហានទី២

នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ ដែលមានតម្លៃជាង ៦០លានដុល្លារ នៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ដោយក្រុមហ៊ុនវិនស៊ីខុនស្ត្រាក់ស្សិន (VINCI CONSTRUCTION GRANDS PROJECTS) ដែលជាក្រុមហ៊ុនមកពីប្រទេសបារាំង ក្រោមការត្រួតពិនិត្យដោយទីប្រឹក្សាបច្ចេកទេសមកពីប្រទេសបារាំងឈ្មោះ សាហ្វែស (Safege)។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា បន្ថែមលើការវិនិយោគដ៏ធំនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលហិរញ្ញប្បទានផ្ទាល់លើកទី៣ ពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ព្រមទាំងបានអនុញ្ញាតឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញប្រើប្រាស់ថវិកាបដិភាគរបស់ខ្លួន ដើម្បីសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី២ ដែលមានសមត្ថភាពផលិតទឹក ១៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមលើសមត្ថភាពផលិតដែលមានស្រាប់នៅជំហានទី១ ចំនួន ១៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។

គម្រោងនេះបានប្រើរយៈពេលសាងសង់ ៣០ខែ ដោយប្រើថវិកាសរុបចំនួន ៦០.៩០លានដុល្លារអាមេរិក ក្នុងនោះមានថវិកាបដិភាគ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ២៤.៩០ លានដុល្លារអាមេរិក និងថវិកាកម្ចីពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍចំនួន ៣៦ លានដុល្លារអាមេរិក។ តាមរយៈរោងចក្រនេះ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអាចផលិតទឹកបាន ៥៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ និងអាចផ្គត់ផ្គង់ជូនប្រជាពលរដ្ឋរស់នៅសង្កាត់ជាយរាជធានីភ្នំពេញ និងក្រុងតាខ្មៅបានប្រមាណ ៣៣១ពាន់អតិថិជន ក្នុងឆ្នាំ២០១៧នេះ៕






បក្សីចាំក្រុង៖ អានលេងៗប្រការ ៤៧ ថ្មី ឃើញបក្សព្រះអាទិត្យខុសជាន់លើខុស

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកបក្សីចាំក្រុង បានបង្ហោះផ្សាយ​អត្ថបទ​មួយក្រោមចំណងជើងថា «អានលេងៗប្រការ ៤៧ ថ្មី ឃើញបក្សព្រះអាទិត្យខុសជាន់លើខុស» ដែលមានខ្លឹមសារដូចខាងក្រោម៖

នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៧ បក្សព្រះអាទិត្យបាន កោះប្រជុំបន្ទាន់គណៈកម្មាធិការនាយករបស់ខ្លួន និងបានចេញសេចក្តីសម្រេចលើពីរចំណុច ៖ ១-ផ្តល់ការគាំទ្រជាថ្មីម្តងទៀត ដល់សមាសភាពអនុប្រធានគណបក្ស គឺលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ស្របតាមប្រការ ៤៧ ថ្មី នៃលក្ខន្តិកៈគណបក្ស។ ២-ដកចំណងជើង «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ចេញពីគោលនយោបាយ ៥ ចំណុចរបស់គណបក្សសង្រ្គោះជាតិ​ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។

ដោយពុំគិតដល់រឿងទិសស្លោកខុសច្បាប់ដែលត្រូវបានដកចេញ ការសម្រេចរបស់គណៈកម្មាធិការនាយកនៃបក្សព្រះអាទិត្យខាងលើ ក្នុងការរៀបចំសារជាថ្មីឡើងវិញនូវក្បាលម៉ាស៊ីនគណបក្ស គឺមានន័យយ៉ាងច្បាស់ឥតប្រកែកបានថា បក្សព្រះអាទិត្យពិតជាបានទទួលស្គាល់កំហុសរបស់ខ្លួនថា សមាជវិសាមញ្ញជ្រើសរើសប្រធាន និងអនុប្រធានគណបក្សកាលពីថ្ងៃទី ០២ មីនា ២០១៧ គឺបានធ្វើខុសទៅនឹងប្រការ ៤៧ នៃលក្ខន្តិកៈដែលជាច្បាប់កំពូលនៃបក្សព្រះអាទិត្យពិតប្រាកដមែន។

ឥឡូវ ថ្ងៃទី ០២ មេសា នេះ បក្សព្រះអាទិត្យប្រកាសជាថ្មីទៀតថា ការសម្រេចរបស់គណៈកម្មាធិការនាយកខាងលើនេះ គឺអនុវត្តតាមប្រការ ៤៧ ថ្មី នៃលក្ខន្តិកៈបក្សព្រះអាទិត្យ។ តើប្រការ ៤៧ ថ្មី នៃលក្ខន្តិកៈបក្សព្រះអាទិត្យ ដែលត្រូវបានអនុម័តដោយសមាជវិសាមញ្ញកាលពីថ្ងៃទី ០២ មីនា ២០១៧ ពិតជាចែងអនុញ្ញាតអោយគណៈកម្មាធិការនាយករបស់បក្សព្រះអាទិត្យធ្វើអ្វីផ្តេសផ្តាសចឹងមែន ឬទេ?

ប្រការ ៤៧ ថ្មី ត្រេទី ១ ដែលចែងថា ៖ “ករណីប្រធានគណបក្សទទួលមរណភាព លាឈប់ បាត់បង់សមាជិកភាព ឬបាត់បង់សមត្ថភាពដឹកនាំគណបក្ស ដែលបញ្ជាក់ដោយគណៈកម្មាធិការនាយក បើ អាណត្តិនៅតិចជាង ១៨ ខែ អនុប្រធានគណបក្សមួយរូបដែលមានអាយុច្រើនជាងគេ ត្រូវទទួលនាទីជាប្រធានគណបក្ស ហើយបើគ្មានអនុប្រធានគណបក្ស គណៈកម្មាធិការនាយកត្រូវជ្រើសរើសអនុប្រធានគណបក្សថ្មីយ៉ាងតិចមួយរូប ក្នុងរយៈពេល ៣០ ថ្ងៃយ៉ាងយូរពីក្នុងចំណោមសមាជិករបស់ខ្លួន ដោយសំឡេងភាគច្រើនដាច់ខាត ៥០%+១ នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ដើម្បីជួយដល់ការងារប្រធានគណបក្សរហូតដល់​ចប់អាណត្តិ។”

អ្នកច្បាប់ក្តី អ្នកមិនច្បាប់ក្តី អ្នកក្នុងបក្សព្រះអាទិត្យក្តី អ្នកក្រៅបក្សព្រះអាទិត្យក្តី បើនាំគ្នាអានប្រការ ៤៧ ថ្មី នៃលក្ខន្តិកៈនៃបក្សព្រះអាទិត្យ គឺពិតជាមើលឃើញច្បាស់ដូចថ្ងៃថា បក្សនេះធ្វើខុសលក្ខន្តិកៈទៀតហើយ ហើយអ្នកខ្លះអាចរអ៊ូរទាំក្នុងចិត្តថា បក្សធំមួយនឹងគេដែរម្តេចក៏រកអ្នកចេះដឹងតិចតួចមួយមកធ្វើថ្នាំគ្មាន ហើយល្ងីល្ងើខុសក្បួនតម្រាខុសម្តងហើយខុសម្តងទៀត ធ្វើអោយបក្សនេះខ្មាសគេពេញនគរ ឬក៏បក្សនេះចេះតែឡាំប៉ារឿងនយោបាយទេ? ការសម្រេច​អនុវត្តប្រការ ៤៧ ថ្មី របស់គណៈកម្មាធិការនាយកបក្សព្រះអាទិត្យក្នុងការជ្រើសតាំងក្បាលម៉ាស៊ីនសារជាថ្មីឡើងវិញកាលពីថ្ងៃទី ០២ ខែមេសា កន្លងទៅ គឺខុសច្រើនចំណុចណាស់។ ០២ មីនា ខុសម្តង ឥឡូវ ០២ មេសា ខុសម្តងទៀត។ ខុសជាន់លើខុស ខុសហើយខុសទៀត។ ហេតុអីបានជាថាខុស ព្រោះដោយគ្រាន់តែអានប្រការ ៤៧ ថ្មី លេងៗទៅ គឺឃើញខុសលើគោកតែម្តង!

តាមពិតប្រការ ៤៧ ថ្មីនេះ មិនអាចយកមកអនុវត្តបានឡើយ បើចង់អនុវត្តប្រការ ៤៧ ម្តងទៀត ទោះប្រការ ៤៧ ចាស់ក្តី ប្រការ ៤៧ ថ្មីក្តី គឺត្រូវតែមានការលាលែងរបស់ប្រធានបក្ស ឬប្រធានស្តីទីបក្សជាថ្មីម្តងទៀត ព្រោះបក្សព្រះអាទិត្យតាក់តែងប្រការ ៤៧ ថ្មី នេះ មកអញ្ចឹង។ បើយកការលាលែងរបស់លោក សម រង្ស៊ី មកប្រើក្នុងករណីនេះ ក៏មិនត្រូវ ដោយហេតុ ករណីការលាលែងរបស់ សម រង្ស៊ី ត្រូវបានសម្រេចរួចរាល់ចប់សព្វគ្រប់អស់ហើយដោយគណៈកម្មាធិការនាយករបស់បក្សព្រះអាទិត្យកាលពីថ្ងៃទី ១២ កុម្ភៈ ២០១៧ ដោយបានប្រគល់ឱ្យ កឹម សុខា អនុប្រធានបក្ស ធ្វើប្រធានបក្សស្តីទី ស្របតាមប្រការ ៤៧ ចាស់នៃលក្ខន្តិកៈ ហើយតួនាទីប្រធានស្តីទីរបស់លោក កឹម សុខា ត្រូវបន្តរហូតដល់ចប់អាណត្តិក្នុងខែមេសា ឆ្នាំ២០១៨ ទោះបីក្រុម សម រង្ស៊ី ចង់យកមកវិញក៏មិនបានដែរ ព្រោះលក្ខន្តិកៈបក្សចែងដូច្នេះ។

ឥឡូវកុំនិយាយអំពីលក្ខខណ្ឌនៃការអនុវត្តប្រការ ៤៧ ថ្មី ដែលអាចពិបាកយល់។ បើទោះបីយើងនាំគ្នាចាត់ទុកថា ប្រការ ៤៧ ថ្មី អាចអនុវត្តបានដូចការលើកឡើងរបស់បក្សព្រះអាទិត្យទៅចុះ ក៏ក្នុងករណីនេះ បក្សព្រះអាទិត្យអនុវត្តតាមប្រការ ៤៧ ថ្មីនេះមិនត្រូវទៅទៀត។ លើកយកចំណុចតូចមួយមកនិយាយទៅចុះ។ ប្រការ ៤៧ ថ្មី ត្រេទី១ ចែងឱ្យគណៈកម្មាធិការនា​យក​អាចជ្រើសរើសអនុប្រធានយ៉ាងតិចមួយនាក់ ក្នុងរយៈពេល ៣០ ថ្ងៃ គិតពីថ្ងៃលាលែងរបស់ប្រធានបក្ស។ គិតពីថ្ងៃទី ១១ ខែកុម្ភៈ ថ្ងៃដែលលោក សម រង្ស៊ី លាលែងពីប្រធានបក្ស រហូតដល់ថ្ងៃប្រជុំគណៈកម្មាធិការនាយករបស់បក្សព្រះអាទិត្យកាលពីថ្ងៃទី ០២ មេសា នោះ គឺមានរយៈពេលលើស ៣០ ថ្ងៃហើយ។ បើដូចនេះ គណៈកម្មាធិការនាយកនេះ ពិតជាថ្លើមពាស​មេឃ បំពានច្បាប់កំពូលរបស់បក្ស និងសមាជរបស់បក្ស ដែលហ៊ានជ្រើសតាំងអនុប្រ​ធាន​បក្សទាំងបីនាក់ខុសក្បួនខ្នាតដែលចែងក្នុងប្រការ ៤៧ ថ្មី។ មិនយល់ថា ហេតុអីបានជាបក្សព្រះអាទិត្យមិនអនុវត្តអោយត្រូវតាមលក្ខន្តិកៈរបស់ខ្លួន !? បាយបិណ្ឌ ទៅជាបាយបាត្រ វ៉ល់ៗ ពេញបន្ទាយចាក់អង្រែ!

តើពិតជាប្រការ ៤៧ ថ្មីនេះ ពិបាកយល់ដល់ថ្នាក់នេះ មែនឬ? គ្រាន់តែអនុវត្តឱ្យត្រឹមត្រូវតាមលក្ខន្តិកៈ ដែលថាជាច្បាប់កំពូលរបស់បក្សខ្លួន តើពិតជាពិបាកមែនឬ? តើអ្នកធំៗនៃបក្សព្រះអាទិត្យពិតជាមិនចេះច្បាប់ មិនយល់លក្ខន្តិកៈរបស់ខ្លួនមែនក៏អី? ហើយបក្សនេះ ពិតជាអន់ដល់ថ្នាក់រកអ្នកច្បាប់ដែលចេះលក្ខន្តិកៈដែលជាច្បាប់កំពូលរបស់បក្សខ្លួនឯងមិនមានមែនឬ? ឬទាំងនេះ គឺគ្រាន់តែជាល្បិចកលនយោបាយ ដើម្បីដើរតួជាជនរងគ្រោះទាក់ទាញសណ្តានចិត្តមហាជនឱ្យអាណិតអាសូរ ថា រាជការធ្វើបាបម្តងហើយម្តងទៀត ពិសេស នៅពេលរាជការអនុវត្តច្បាប់ ហើយរាជការថា បក្សនេះធ្វើខុសម្តងហើយ ខុសម្តងទៀតនោះ!!!??? ប៉ុន្តែ បើរាជការមិនអនុវត្តច្បាប់ តើចាំបាច់តម្រូវអោយយកលក្ខន្តិកៈទៅតម្កល់ទុកនៅក្នុងរាជការធ្វើអី? ហើយពាក្យថា នគរមានច្បាប់ គ្រួសារមានវិន័យ ក៏អស់ន័យ និងតំលៃនៅត្រឹមនេះផងដែរ។

ទីបំផុត ទើបយល់ច្បាស់! ពាក្យរបស់បក្សព្រះអាទិត្យដែលថា សមាជជាស្ថាប័នខ្ពស់ជាងគេរបស់បក្ស និងលក្ខន្តិកៈជាច្បាប់កំពូលរបស់បក្ស គឺគ្រាន់តែជាឡប់ឡែគ្មានន័យទាំងអស់! ព្រោះ ថ្នាក់ដឹកនាំបក្សមិនទាំងគោរព តើឱ្យអ្នកណាគោរព! ថ្នាក់ដឹកនាំបក្សព្រះអាទិត្យ គ្រាន់តែត្រូវការភាសាទាំងនេះ ដើម្បីធ្វើជាឡប់ឡែសង្កត់ថ្នាក់ក្រោមប៉ុណ្ណោះ ឱ្យនៅស្ងៀម និងធ្វើតាមខ្លួនប៉ុណ្ណោះ! យោបល់តូចមួយជូនបក្សព្រះអាទិត្យ គឺថា បើយកល្អ កុំសរសេរយកតែល្អមើលតាមបែបទ្រឹស្តីក្នុងលក្ខន្តិកៈដើម្បីបង្ហាញមហាជនថា ឯងមានគោលការណ៍ប្រជាធិបតេយ្យគ្រាន់បើ គួរសរសេរប្រមូលផ្តុំអំណាចប្រគល់ជូនប្រធានបក្ស ឬគណៈអចិន្រ្តៃយ៍បក្សទៅ ទើបវាមិនចេះខុស កុំសរសេរក្បាច់ក្បូរអីច្រើនពេកក្នុងលក្ខន្តិកៈ!

ដោយ៖ បក្សីចាំក្រុង

ស្រុកស្នួល ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៧





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ វិស័យកីឡានាំមកនូវមោទនភាពជាតិ ស្មើមុខស្មើមាត់នឹងប្រទេសដទៃក្នុងពិភពលោក

នៅល្ងាចថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា វិស័យកីឡានាំមកនូវមោទនភាពជាតិ ស្មើមុខស្មើមាត់នឹង​ប្រទេសដទៃក្នុង​ពិភព​លោក និង​បង្កើនសាមគ្គីភាពក្នុងចំណោមប្រជាជនកម្ពុជា ឱ្យកាន់តែទូលំទូលាយ។ លោក បានថ្លែង​ដូចនេះក្នុងឱកាសអញ្ជើញជួបជុំពិសារអាហារសាមគ្គីជាមួយក្រុមកីឡាករ កីឡាការិនី ប្រមាណជាង ៣,០០០នាក់ នៅសាលពិពរណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា វឌ្ឍនភាពជា​ច្រើនកើតឡើងក្នុងក្របខណ្ឌជាតិ ទាំងអាជីព និងមានការផុសផុលក្នុងចំណោមមហាជន​ទូទៅទាំង២៥ខេត្តក្រុង។ មោទនភាពសម្រាប់កម្ពុជា ដែលមានវត្តមានឆ្ងាយទៅៗ ទង់កម្ពុជា បានដោតនៅលើពិភពលោក តាមរយៈវិស័យកីឡា ដែលមិនត្រឹមតែនាំ​មុខមាត់ជូនជាតិ​មាតុភូមិនោះទេ ថែមទាំងបង្កើតបាននូវសាមគ្គីភាពក្នុងចំណោមប្រជាជាតិយើងផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ពីមុនយើងបានស្គាល់តិចតួចណាស់នូវ មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធិដែលមកពីបរទេស ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានស្គាល់រួចហើយ មេដាយដែលបានមកពីការប្រកួតកម្រិតតំបន់និងពិភពលោក ដែលធ្វើឱ្យប្រទេសកម្ពុជាយើងឈានទៅស្មើមុខស្មើមាត់នឹងប្រទេសដទៃនៅក្នុងពិភពលោក៕




ហ្វេសប៊ុកចៅចាក់ស្មុក៖ បើខុសហើយខុសទៀត ពិតជាចោលម្សៀត!

នៅយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវ អត្ថបទមួយក្រោមចំណងជើងថា «បើខុសហើយខុសទៀត ពិតជាចោលម្សៀត! » ដែល​មានខ្លឹមសារដូចខាងក្រោម៖

ក្រោយពីអាម៉ាសដោយសារតែមើលលក្ខន្តិកៈខ្លួនឯងមិនយល់ បង្កើតស្ថានការណ៍ កូនកើតមុនឪ លក្ខន្តិកៈថ្មីមិនទាន់ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ផង នាំគ្នាបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានបក្សថ្មី ឥឡូវនេះ បន្ទាយព្រះអាទិត្យបានងាកមកអនុវត្តតាមលំដាប់លំដោយនៃលក្ខន្តិកៈខ្លួន វិញ។

សំណួរនៅតែចោទសួរថា តើរហូតមកទល់ ពេលនេះ អ្វីដែលបន្ទាយព្រះអាទិត្យអនុវត្តនោះ វាត្រឹមត្រូវហើយឬនៅដើម្បីទទួលបានសុពលភាពសម្រាប់ក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់ខ្លួន។ មិនទាន់មាននរណាដឹងទាំងអស់ ព្រោះកំពុងស្ថិតនៅក្នុងរាជការក្រសួងមហាផ្ទៃជាអ្នកពិនិត្យ។ កុំឱ្យមេបក្ស ឬមេបក្សរង ឬក៏កងសេនា អ្នកយុទ្ធសាស្ត្រស្ទើរភ្លើង ចេញមកអត្ថាធិប្បាយប៉ាតណាប៉ាតណី ខុសទទេ រហូតដល់លាក់មុខ លាក់មាត់ លាក់សំឡេង ព្រោះខ្មាស់អស់បក្សីបក្សា។ ខំចេញមកបង្ហាញតួអ្នកច្បាប់បកស្រាយនេះ បកស្រាយនោះ តែទីបំផុត ភ្លាត់ទាល់តែបាន។

សង្ឃឹមថាក្រោយពីកែ ធ្វើតាមលំដាប់លំដោយហើយ មិនខុសជាន់ខុសទៅចុះ។ បើសិនជាខុសជាន់លើខុសនោះ បង្ហាញថា បន្ទាយព្រះអាទិត្យ ពិតជាបន្ទាយដ៏អន់មួយទាំងធនធានមនុស្ស និងទាំងអ្នកយុទ្ធសាស្ត្រ សូម្បីលក្ខន្តិកៈពីរបីបន្ទាត់ក៏មើលមិនយល់ អនុវត្តមិនត្រូវ តើឱ្យរាស្ត្ររំពឹង យ៉ាងម៉េចនឹងកើត ហើយបើថែមទាំងពូកែភូតភរទៀត កាន់តែចោលម្សៀតមែនទែន!
ដោយ៖ចៅចាក់ស្មុក




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញពិសារអាហារជាមួយក្រុមកីឡាករ កីឡាការិនី

នៅល្ងាចថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជួបជុំពិសារអាហារសាមគ្គីជាមួយក្រុមកីឡាករ កីឡាការិនី ប្រមាណជាង ៣,០០០នាក់ នៅសាលពិពរណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ពិធីជួបជុំនេះជាលើកទី២ហើយ និងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមិនធ្លាប់មានក្នុងវិស័យកីឡា ដែលបងប្អូនកីឡាករ កីឡាការិនីមានឱកាសពិសេសបានចូលជួបពិភាក្សា សម្ដែងការគួរសម និងពិសារអាហារសាមគ្គីជាមួយ នាយករដ្ឋមន្ត្រី។ លោកនាយករដ្ឋមន្រ្តី និងភរិយា តែងតែគាំទ្រវិស័យកីឡា និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី គ្រូបង្វឹកនិងក្រសួងមន្ទីរស្ថាប័នពាក់ព័ន្ធក្នុងវិស័យកីឡា និងដើម្បីជំរុញឱ្យវិស័យនេះកាន់តែរីកចម្រើនជឿនលឿនទៅមុខ។

Facebook សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងផ្សាយផ្ទាល់ (Live) ពិធីនេះនៅម៉ោង ៦:០០ នាទីល្ងាច នាពេលបន្តិចទៀតនេះ៕




ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យបង្កើត និងផ្តល់គោរមងារ «សន្តិបណ្ឌិត» ដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ១៣រូប

ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ឱ្យបង្កើតគោរមងារ «សន្តិបណ្ឌិត» សម្រាប់ផ្តល់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ពីជំនាញដែលពាក់ព័ន្ធនឹងវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
ក្នុងព្រះរាជក្រឹត្យ បានត្រាស់បង្គាប់ តែងតាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃចំនួន១៣រូប ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញដឹកនាំបញ្ជាកងកម្លាំងនគរបាល ជា «សន្តិបណ្ឌិត» នៃបណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ៕
សូមអានខ្លឹមសារលម្អិត ក្នុងព្រះរាជក្រឹត្យដូចខាងក្រោម៖



(វីដេអូ ប្រភពពី GN) សេចក្តីជូនព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានកិត្តិយសសូមជម្រាបជូនសាធារណជន និងប្រជាជនកម្ពុជាទាំងអស់មេត្តាជ្រាបថា បន្ទាប់ពីបានដាក់បញ្ចូលចាប៉ីដងវែងខ្មែរ នៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមការងារបច្ចេកទេសរបស់ក្រសួងបានបន្តសិក្សារៀបចំឯកសារល្ខោនខោលខ្មែរ ដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

សូមទស្សនាវីដេអូដូចខាងក្រោម ៖

រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ អញ្ជើញ​ជាអធិបតី​ក្នុងពិធីបើក​សន្និបាត​បូកសរុបល​ទ្ធផល​ការងារ​ឆ្នាំ២០១៦ និងលើកទិសដៅ​ការងា​រឆ្នាំ​២០១៧

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ និយោជិត ក្រសួង-ស្ថាប័ន តំណាងប្រតិបត្តិករ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សរុបប្រមាណ ៦០០នាក់។
ថ្លែងក្នុងពិធីបើកអង្គសន្និបាត លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងតែងបានយកចិត្តទុកដាក់រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ដោយប្រើប្រាស់ពេលវេលានេះធ្វើជាវេទិកានៃការជួបជុំគ្នា ដើម្បីធ្វើការបូកសរុប ត្រួតពិនិត្យ-វាយតម្លៃចំពោះលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ និងពិគ្រោះពិភាក្សាគ្នាលើកជាគំនិត និងមានវិធានការរកដំណោះស្រាយ ដើម្បីកំណត់ឲ្យបាននូវទិសដៅ និងគោលដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត និងដំណើរឆ្ពោះទៅមុខរបស់ក្រសួង ពិសេសក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សនៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ។
លោកបន្តថា ការជំរុញការអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានឲ្យមានលក្ខណៈទំនើប និងប្រកបដោយគុណភាពស្របតាមស្តង់ដារអន្តរជាតិ មានតម្លៃប្រកួតប្រជែង និងមានសេវាគ្របដណ្តប់នៅទូទាំងប្រទេសដែលប្រជាជនទូទៅអាចប្រើប្រាស់បាន និងទទួលបានផលប្រយោជន៍គ្រប់ៗគ្នាពីវិស័យនេះ។
លោកបន្តទៀតថា លទ្ធផលការងារសំខាន់ៗដែលក្រសួងសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ មានដូចជា ការពង្រឹងការគ្រប់គ្រងរបស់ក្រសួង ការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស ការបង្កលក្ខណៈងាយស្រួលដល់ដំណើរការការងាររបស់មន្រ្តីរាជការ និយោជិត និងការធ្វើអោយប្រសើរឡើងជាលំដាប់នៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ក្រសួងនៅមានកិច្ចការចាំបាច់ដែលត្រូវបន្តដោះស្រាយ ហើយដែលអាចលើកយកមកពិភាក្សាមានដូចជា៖
១- បន្តជំរុញការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយប្រសិទ្ធិភាព ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា
២-ការស្វែងរកប្រភពថវិកា និងបច្ចេកទេសទ្រទ្រង់ដល់ការបណ្តុះបណ្តាលធនធានមនុស្សរបស់វិទ្យាស្ថានជាតិរបស់ក្រសួង
៣- បន្តការរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធវិស័យទាំងបី
៤. បន្តពង្រឹងយន្តការសម្របសម្រួល និងកិច្ចសហការរវាងប្រតិបត្តិករនិងប្រតិបត្តិករ និងបណ្តាស្ថាប័នពាក់ព័ន្ធ
៥-បន្តយន្តការគ្រប់គ្រងអង្គភាព ប្រកបដោយប្រសិទ្ធភាព តាមរចនាសម្ព័ន្ធដែលបានកែសម្រួល
៦-បន្តលើកកំពស់គុណភាពសេវា និងប្រសិទ្ធិភាពនៃបណ្តាញប្រៃសណីយ៍ ការពង្រឹងសមត្ថភាពក្នុងការអនុវត្ត និងគ្រប់គ្រងសេវាសកល
៧-បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងតំបន់ និងស្ថាប័នអន្តរជាតិ
មុននឹងប្រកាសបើកកម្មវិធីសន្និបាត
លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងការកោតសរសើរដោយស្មោះចំពោះមន្រ្តីរាជការ និយោជិត ដែលបានខិតខំប្រឹងប្រែង អំណត់ព្យាយាម បំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានលទ្ធផលជាផ្លែផ្កា និងបានថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយស ប្រតិបត្តិករជាដៃគូទាំងអស់ដែលបានរួមសហការយ៉ាងជិតស្និតជាមួយក្រសួងនាពេលកន្លងមក៕


ល្ខោនខោល និងក្បាច់គុនល្បុក្កតោ ត្រូវបានក្រសួងវប្បធម៌ ស្នើទៅអង្គការយូណេស្កូ សុំដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រួចរាល់ហើយ

ល្ខោនខោល និងក្បាច់គុនល្បុក្កតោ ជូនអង្គការយូណេស្កូរួចរាល់ហើយ ដើម្បីសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា។
ក្រសួងវប្បធម៌បានបន្តថា តាមគោលការណ៍ និងនិតីវិធីរបស់អង្គការយូណេស្កូ ឯកសារនីមួយៗដែលដាក់ស្នើសុំ ត្រូវឆ្លងកាត់ការពិនិត្យ និងវាយតម្លៃ ជាច្រើនដំណាក់កាល ពីក្រុមជំនាញអន្តរជាតិ មុននឹងដាក់ជូនការពិនិត្យ និងសម្រេច ក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល នៃអង្គការយូណេស្កូ ដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០១៨ ខាងមុខ។
សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ ក្រសួងវប្បធម៌ ក៏បានដាក់បញ្ចូលចាប៉ីដងវែងខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅអង្គការយូណេស្កូ ប្រកបដោយភាពជោគជ័យរួចមកហើយដែរ៕





រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ ប្រកាសបើក​ឲ្យប្រើប្រាស់​ជាផ្លូវការស្ពាន​ព្រះរាជដំណាក់​ទីពី​រក្នុងក្រុង​សៀមរាប​

សៀមរាប៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការស្ពានព្រះរាជដំណាក់ទីពីរក្នុងក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរដ្ឋបាលជាន់ខ្ពស់ខេត្តសៀមរាប និងប្រជាពលរដ្ឋផងដែរ។
សូមជម្រាបផងដែរថា ស្ពាននេះមានប្រវែងសរុប៤៦ម៉ែត្រ និងទទឹង៨,២ម៉ែត្រ តភ្ជាប់រវាងក្រុងសៀមរាបនិងផ្លូវជាតិលេខ៦ឆ្ពោះទៅកាន់រាជធានីភ្នំពេញ និងជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។
ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានប្រកាសប្រគល់កៅស៊ូត្រជាក់ចំនួនប្រាំតោន និងម៉ូតូកង់បីចំនួនមួយគ្រឿងបន្ថែមទៀតដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបដើម្បីប្រើក្នុងការជួសជុលគ្រលុកសំបុកមាន់។
លោក ស៊ុន ចាន់ថុល បានជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យជួបប្រទះតែសុខសុវត្ថិភាពក្នុងការធ្វើដំណើរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ និងសូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់បន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីជួយជ្រោមជ្រែងការអភិវឌ្ឍប្រទេសជាតិជាទីស្រឡាញ់នៃយើងឲ្យឈានឆ្ពោះទៅរកភាពសំបូរសប្បាយរុងរឿង៕


អាជ្ញាធរអប្សរា នឹងធ្វើការផ្អាកយាន​ជំនិះគ្រប់ប្រភេទចូល​ជា​បណ្តោះ​អាសន្ននៅបរិវេណទីតាំង Drop-off មុខ​ប្រាសាទ​អង្គរ​វត្ត

អគ្គនាយកដ្ឋាននៃអាជ្ញាធរអប្សរា បានជម្រាបជូន​ដល់​គ្រប់​ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ស្ថាប័នជាតិ អន្តរជាតិ សមាគម​ទី​​​​​ភា្នក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសទេសចរណ៍ ក្រុមហ៊ុន​ទេសចរណ៍ និងសាធារណ​ជនទាំង​អស់​អោយ​បានជ្រាបថា អាជ្ញាធរអប្សរា នឹងធ្វើការ​ផ្អាកយាន​ជំនិះ​គ្រប់​ប្រភេទ​ចូលជា​បណ្តោះអាសន្ននៅបរិវេណទីតាំង Drop-off មុខ​ប្រាសាទ​អង្គរ​វត្ត ចាប់ពីថ្ងៃទី៣១ ខែមិនា រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ៕

សូមអានខ្លឹមសារលិខិតទាំងស្រុង៖


រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាឲ្យស្នងការរាជធានីភ្នំពេញ និងខេត្តកណ្តាលដាក់គោលដៅត្រួតពិនិត្យនៅភូមិសាស្រ្តគ្រោះថ្នាក់ចរាចរណ៍ខ្ពស់

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាឲ្យស្នងការរាជធានីភ្នំពេញ និងខេត្តកណ្តាល ដាក់គោលដៅត្រួតពិនិត្យនៅភូមិសាស្រ្តគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ខណៈដែលរាជធានី និងខេត្តនេះមានចំនួនអ្នកស្លាប់ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ច្រើនជាងគេ។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនៃការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកត្រីមាសទី១ ឆ្នាំ២០១៧ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ នាទីស្តីការក្រសួងមហាផ្ទៃ លោក ស ខេង បានស្នើឲ្យស្នងការនគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ចុះសិក្សាទីតាំងភូមិសាស្រ្តដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ រួមទាំងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យរាយបណ្តាក់នៅកន្លែងដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេក្នុងភូមិសាស្រ្តរបស់ខ្លួន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ការដាក់បទបញ្ជានេះ គឺបានធ្វើឡើងបន្ទាប់ពីរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៧នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេស មានចំនួន៩៨៣លើក បណ្តាលឲ្យមនុស្សចំនួន៤៨៩នាក់ បានស្លាប់ និងមនុស្ស១,៤៥៦នាក់ ផ្សេងទៀតបានរងរបួស។
ក្នុងនោះរាជធានីភ្នំពេញនិង ខេត្តកណ្តាលមានចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ជាងគេ ខណៈនៅរាជធានីភ្នំពេញមានចំនួនអ្នកស្លាប់ ៥៥នាក់ ឈរលេខរៀងទី១ , ខេត្តកណ្តាលចំនួនអ្នកស្លាប់ ៤៤នាក់ ឈរលេខរៀងទី២ និងខេត្តបន្ទាយមានជ័យឈរលេខរៀងទី៣ដែលមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រហូតទៅដល់ចំនួន ៤០នាក់។
ជាមួយគ្នានេះដែរ របាយការណ៍បានបញ្ជាក់ថា កត្តាដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះច្រើនជាងគេ គឺការបើកបរលើសល្បឿនកំណត់ ៣៥ភាគរយ, មិនគោរពសិទ្ធិ ១៧ភាគរយ , ស្រវឹង១៣ភាគរយ និងការមិនប្រកាន់ស្តាំចំនួន១១ ភាគរយ។
ឆ្លើយតបភ្លាមៗទៅនឹងការដាក់បទបញ្ជារបស់លោក ស ខេង នេះដែរ ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបង្ហាញនូវការគាំទ្រ និងត្រៀមដាក់ផែនការអនុវត្តតាមការរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវច្បាប់នេះកាន់តែមានប្រសិទ្ធិភាព៕


តើសង្គ្រាមកំពុងផ្ទុះឡើងនៅសមុទ្រចិនខាងត្បូង?

​ដោយបន្ថែមប្រេងទៅលើស្ថានភាពដែលងាយឆាប់ឆេះនៅតំបន់អាស៊ីអាគ្នេយ៍ សារព័ត៌មាន Reuters បានឱ្យដឹងថា ចិនបាន «បញ្ចប់ការសាងសង់ដ៏ធំនៃហេដ្ឋារចនាសម្ព័ន្ធយោធានៅលើកោះសិប្បនិម្មិតដែលស្ថិតនៅសមុទ្រចិនខាងត្បូង» ហើយថា ចិន «អាចដាក់ពង្រាយយន្តហោះចម្បាំង និងសម្ភារៈយោធានៅទីនោះគ្រប់ពេល»។

ការលើកឡើងពីរូបភាពផ្កាយរណបត្រូវបានវិភាគដោយ Asian Maritime Transparency Initiative ជាផ្នែកមួយនៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្រ្ត និងអន្តរជាតិរបស់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ទីភ្នាក់ងារសារព័ត៌មាននេះបានសរសេរថា «ការងារនៅតំបន់ថ្មប៉ប្រះទឹក Fiery Cross, Subi, Mischief Reefs នៅប្រជុំកោះ Spratly រួមមានហេដ្ឋារចនាសម្ព័ន្ធកងទ័ពជើងទឹក អាកាស រ៉ាដា និងប្រព័ន្ធការពារ»។

ប្រកាន់ភ្ជាប់ទៅនឹងស្ថានភាពដែលថា ចិនឈ្លានពានក្នុងការទាមទារសិទ្ធិអធិបតេយ្យភាពភាគច្រើននៃសមុទ្រចិនខាងត្បូង អ្នកនាំពាក្យមេបញ្ជាការមន្ទីរបញ្ចកោណលោក Gary Ross បាននិយាយថា រូបភាពថ្មីបញ្ជាក់ពីអ្វីដែលយោធាអាមេរិកដឹងរួចទៅហើយ។

គាត់បានប្រាប់សារព័ត៌មាន Reuters ថា «ការបន្តសាងសង់របស់ចិននៅក្នុងសមុទ្រចិនខាងត្បូងជាផ្នែកមួយនៃការលូតលាស់រូបរាងកាយនៃភស្តុតាង ដែលពួកគេបានបន្តការចាត់វិធានការជាឯកតោភាគី ដែលជាការបង្កើនភាពតានតឹងនៅក្នុងតំបន់នេះ និងរារាំងដល់ការដោះស្រាយជម្លោះដោយសន្តិវិធី»។

ចិនបានបន្ធូរបន្ថយស្ថានភាពនេះ និងប្រកាន់ភ្ជាប់ជំហរដែលថា ខ្លួនគ្រាន់តែសាងសង់ហេដ្ឋារចនាសម្ព័ន្ធការពារនៅក្នុងព្រំដែនរបស់ខ្លួនតែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Hua Chunying បាននិយាយនៅឯសន្និសីទកាសែតមួយថា​ «ចំពោះការដាក់ពង្រាយ ឬមិនដាក់ពង្រាយហេដ្ឋារចនាសម្ព័ន្ធការពារទឹកដី នៅលើទឹកដីរបស់ខ្លួន វាគឺជាបញ្ហាមួយនៅក្នុងវិសាលភាពនៃអធិបតេយ្យភាពរបស់ចិន»។

ទោះបីជាមានការលើកឡើងបែបនេះក៏ដោយ និងរាល់ការពិតដែលថា ចិនមិនបាន ឈ្លានពាននរណាមួយឡើយ ប្រព័ន្ធផ្សព្វផ្សាយប្រញាប់ប្រញាល់ផ្សព្វផ្សាយរូបភាពថ្មីនេះ។

ជាក់ស្តែងសារព័ត៌មាន Forbes បានបង្ហាញហេតុផលទាំងអស់ថា ហេតុអ្វីបានជាចិនគឺជាតួអង្គអាក្រក់នៅក្នុងតំបន់ និងទូរទស្សន៍ CNN បាននិយាយទៅកាន់ក្រុមអ្នកវិភាគដែលបានពន្យល់ពីរបៀបដែលយោធាសាងសង់នៅលើកោះសិប្បនិម្មិត ខណៈដែលចិននៅតែបន្តប្រើប្រាស់ឥទ្ធិពលអំណាចផ្តាច់ការរបស់ខ្លួនទៅលើប្រទេសជិតខាង។

ប៉ុន្តែការពិតនៃស្ថានភាពនៅក្នុងសមុទ្រចិនខាងត្បូង ក្រៅពីការវិភាគភូមិសាស្រ្តនយោបាយទាំងអស់ គឺថា អាចមានសម្ភារៈយោធាយ៉ាងច្រើននៅដែនទឹកទាំងនោះ។

ខណៈការប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយត្រូវបានគេរាយការណ៍នោះ កងកម្លាំងអាមេរិកត្រៀមខ្លួនរួចជាស្រេចនៅក្នុងតំបន់នោះ ដោយចូលរួមក្នុងការធ្វើសមយុទ្ធរួមជាមួយប្រទេសកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តរហូតដល់ចុងខែមេសា។ បន្ទាប់មក នៅដើមខែឧសភា ជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកមួយទៀតនឹងបើកនាវាចម្បាំង ដែលមានឥទ្ធិពលបំផុតរបស់កងទ័ពជើងទឹករបស់ខ្លួនឆ្លងកាត់សមុទ្រចិនខាងត្បូងក្នុងដំណើរទស្សនកិច្ចរយៈពេលបីខែ។

អាមេរិកទើបតែដាក់ពង្រាយប្រព័ន្ធម៉ីស៊ីល Terminal High Altitude Area Defense (THAAD) នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលទាំងចិន និងរុស្ស៊ីមិនខ្វល់ខ្វាយច្រើនទៅលើរឿងនោះ៕

ប្រភព: Oilprice.com


តើ​ចិន​នឹង​ប្រើ​​ឥទ្ធិ​ពល​លើ​អាស៊ានឬ?

អស់​រយៈ​ពេល ​​​២០ ថ្ងៃ​កន្លង​មក​ហើយ​កាល​ពី​​ខែ​​មីនា​ ប្រ​ទេស​ចិន​បាន​ព្យាយាម​រារាំង​ប្រ​ទេស​សមា​ជិក​អា​ស៊ាន​ទាំង​១០ ដូច​ជា ​ព្រុយណេ កម្ពុជា​ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេ​ស៊ី ភូ​មា ហ្វី​លី​ពីន សឹង្ហ​បូរី ថៃ និង​វៀត​ណាម ស្តី​ពី​ច្បាប់​ចុង​ក្រោយ​នៃ​ក្រម​ប្រ​តិ​បត្តិ​ដែល​បាន​ស្នើ​ឡើង (COC) សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង។

យើង​នឹង​ឃើញ​តើ​អ្វី​នឹង​កើត​ឡើង​នៅ​ក្នុង​ទី​ក្រុងប៉េ​កាំង​នាខែ​ក្រោយ​នេះ នៅ​ពេល​ដែល​ចិន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​កិច្ច​ប្រ​ជុំ​អា​ស៊ាន​ដែល​មាន​មន្រ្តី​ជាន់​ខ្ពស់​អា​ស៊ានចូល​រួម​ផង​នោះ។

ជាក់​ស្តែង គំនិត​របស់​ចិន​គឺ​ដើម្បី​កំណត់​លក្ខខណ្ឌ​ក្រម​ប្រ​តិបត្តិ COC ដែល​ជា​កិច្ច​ព្រម​ព្រៀង​ផ្លូវ​ការ​ក្នុង​ចំណោម​សមាជិក​អា​ស៊ាន​ និង​ប្រ​ទេស​ជា​មិត្តដែល​ធ្វើ​​ពាណិជ្ជ​កម្ម​នៅ​​តំបន់ប៉ា​ស៊ី​ហ្វិក និង​សម្ព័ន្ធ​មិត្តដែល​ទទួល​មនោ​គមវិជ្ជារបស់​ខ្លួនគឺមាន​​ចិន (រាប់​បញ្ចូល​ទាំង​ទី​ក្រុង​ហុង​កុង) ជប៉ុន រុស្ស៊ី កូរ៉េ​ខាង​ត្បូង អូ​ស្រ្តា​លី នូវែល​ហ្សេឡង់ និង​សហ​រដ្ឋ​អា​មេ​រិក។

ប្រ​ទេស​ទាំង​នេះគឺ​ត្រូវ​បាន​គេ​ទទួល​ស្គាល់ជា​អន្តរ​ជាតិ​ទាំង​អស់​នូវ​​រដ្ឋ​អធិប​តេយ្យ ឯក​រាជ្យ​ផ្នែក​នយោ​បាយជា​មួយ​នឹង​រដ្ឋា​ភិបាល​ដែលបាន​​រៀប​ចំ​យ៉ាង​ត្រឹម​ត្រូវ​​​រៀងៗ​ខ្លួន​របស់​ពួក​គេ​ ដែល​ស្មើ​ភាព​គ្នា​ស្ថិត​ក្រោមគ្រួ​សារ​ប្រ​ជាជាតិដែល​ស៊ី​វិ​ល័យ​ និង​សមា​ជិក​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ។​

ក្រម​ប្រ​តិ​បត្តិ COC នឹង​កំណត់ និង​ដាក់​បទ​បញ្ញត្តិ​លើ​សកម្ម​ភាព ឬ​ឥរិ​យា​បទ​នៃ​រដ្ឋ​អធិប​តេយ្យ​និមួយៗទៅ​កាន់​រដ្ឋ​ដទៃ​ទៀត​នៅ​សមុទ្រ​ចិន​ខាង​ត្បូងស្ថិត​ក្រោម​​វិ​ធាន​នៃ​ច្បាប់​អន្តរ​ជាតិ។ នៅ​ពេល​ដែល​វិ​ធាន​ និង​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន​ក្នុង​ចំណោម​រដ្ឋ​អធិប​តេយ្យ​ត្រូវ​បាន​ចុះ​ហត្ថ​លេ​ខា និង​ផ្តល់​សច្ចាប័ន​ដោយបណ្តា​​រដ្ឋ​ដែល​ពាក់​​ព័ន្ធ ដែល​ទាំង​នេះ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ច្បាប់​ក្នុង​ស្រុក​របស់​រដ្ឋ​ទាំង​នេះ។

កាល​ពី​ខែ​ថ្ងៃ​ទី​១៣ និង​ថ្ងៃទី​១៤ ខែ​មីនាកន្លង​មក អ្នក​ជំនាញផ្នែក​​សន្តិ​សុខ និង​ការទូត​របស់​អា​ស៊ាន និង​អាស៊ី​ប៉ា​ស៊ី​ហ្វិក​បាន​ជួប​គ្នា​នៅ​ក្នុង​ទី​ក្រុង​ Jakarta ដើម្បី​ពិភាក្សា​ពីក្រម​ប្រ​តិ​បត្តិ COC។ គណៈ​ប្រ​តិភូ​មិន​មែន​ជា​ជន​ជាតិ​ហ្វី​លីពីនដែល​មិន​ចង់​ឱ្យ​គេ​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ក្រុម​គណៈ​ប្រ​តិ​ភូ​ចិនបាន​ព្យាយាម​ធ្វើ​ឱ្យ​ច្របូក​ច្របល់​ដល់​អ្នក​ចូល​រួម​ ដោយ​និយាយ​ថា ប្រ​ទេស​ហ្វីលីពីន​បាន​បដិ​សេធ​ក្នុង​ការ​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​នឹង​ចិន​ពី​​ភាព​មិន​ចុះ​សម្រុង​គ្នាលើ​បញ្ហា​ព្រំ​ដែន។

គណៈប្រ​តិ​ភូ​ចិន​បាន​បដិ​សេធ​ក្នុង​ការ​លើក​ឡើងពី​​សន្ធិ​សញ្ញា​សន្តិ​ភាព ការ​ស្រុះ​ស្រួល​គ្នា និង​មិត្ត​ភាព​របស់​​អាស៊ាន​​ដែល​ទីក្រុង​ប៉េ​កាំង​បាន​ចុះ​ហត្ថ​លេ​ខា៕

​ប្រភព: Financial Times ចុះថ្ងៃទី០៣ ខែ​​​​​មេ​សា​​​ ឆ្នាំ២០១៧

តើទស្សនវិស័យរបស់អាស៊ានអាចបំផ្លើសគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិនដោយរបៀបណា?

អ្វីដែលត្រូវធ្វើបន្ថែមទៀត ដើម្បីពង្រឹងទំនាក់ទំនងរវាងចិន និងអាស៊ាន ជារួមគឺត្រូវពង្រឹងទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាលទីក្រុង Beijing ជាមួយនឹងប្រទេសអាស៊ានមួយៗ។ សមាជិកអាស៊ានកំពុងប្រឈមទៅនឹងឧបសគ្គមួយចំនួន រួមមាន ការបែកបាក់ផ្ទៃក្នុង និងការពិតដែលថា ហេដ្ឋារចនាសម្ព័ន្ធល្អគឺត្រូវការជាចាំបាច់ និងដាច់ដោយឡែកពីគ្នាសម្រាប់សមាជិកអាស៊ានដែលក្រីក្រ និងតូចតាច ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។

បញ្ហាគន្លឹះមួយសម្រាប់អាស៊ាន គឺពង្រឹងមជ្ឈភាពមួយរបស់ខ្លួននៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់។ យោងតាមផែនការឆ្នាំ ២០២៥ របស់សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) អាស៊ានចាំបាច់ត្រូវផ្តោតលើការកាត់បន្ថយរបាំងផ្សេងៗ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីធ្វើការតភ្ជាប់ទំនាក់ទំនង។

ផែនការ AEC លើកឡើងថា សមាជិកអាស៊ានចាំបាច់ត្រូវពន្លឿនមិនត្រឹមតែ សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដោយផ្តោតលើសេរីភាពនៃចលនាមូលធន និងទំនិញទេ ថែមទាំងការសម្របសម្រួលគោលនយោបាយ និងយន្តការសម្រាប់កិច្ចសហប្រតិបត្តិការឱ្យប្រសើរឡើង។

AEC ២០២៥ នេះ មានទស្សនវិស័យធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឱ្យឈានដល់កម្រិតខ្ពស់មួយ។ ផែនការនេះ ស្វែងរកការបង្កើនការប្រកួតប្រជែងរបស់អាស៊ាន ដោយជំរុញតំបន់នេះទៅកាន់សង្វាក់ផ្គត់ផ្គង់កម្រិតពិភពលោក និងដើម្បីពង្រឹងតួនាទីរបស់អាស៊ាននៅក្នុងពិភពលោក។

ពាក់ព័ន្ធនឹងបញ្ហានេះ អាស៊ានគួរធ្វើសមាហរណកម្មបន្ថែមទៀតជាមួយនឹងសេដ្ឋកិច្ចចិន និងមហាអំណាចធំៗផ្សេងទៀត តាមរយៈគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយ (Obor) និងផែន​ការកិច្ចសហប្រតិបត្តិការផ្សេងទៀត ដូចជា ភាពជាដៃគូសេដ្ឋកិច្ចយោគយល់គ្នាក្នុងតំបន់ ដើម្បីបង្កើ​នការចូលរួមនៅក្នុងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ អន្តរកម្មរបស់ពួកគេអាចគាំទ្រដល់ការងើបឡើងរបស់អាស៊ានជាមហាអំណាចសេដ្ឋកិច្ចពិភពលោកមួយ និងពង្រឹងតួនាទីរបស់ខ្លួន ក៏ដូចជា បង្កើនកេរ្តិ៍ឈ្មោះនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក។

ចិន និងអាស៊ាន មានសក្តានុពលដ៏ធំមួយសម្រាប់កិច្ចសហប្រតិបត្តិការ។ ក៏ប៉ុន្តែ ដើម្បីធានាដល់ការរួបរួមកម្លាំងជាយុទ្ធសាស្រ្តរវាងការបង្កើតឡើងនៃផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិន និងទស្សនវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន វាមានសារៈសំខាន់សម្រាប់ចិន ក្នុងការសម្របសម្រួល សហការ និងធ្វើការប្រឹក្សាអំពីគោលនយោបាយជាមួយអាស៊ាន។

គំនិតផ្តួចផ្តើម Obor និងផែនការ ២០២៥ របស់ AEC អាចត្រូវបានរួបរួមកម្លាំងគ្នា និងតភ្ជាប់គ្នាក្នុងកម្រិតពីរថ្នាក់។

នៅកម្រិតជាតិ ចិនមានក្តីបារម្ភក្នុងការពង្រឹងការសម្របសម្រួលគោលនយោបាយជាមួយនឹងប្រទេសនីមួយៗរបស់អាស៊ាន ពាក់ព័ន្ធនឹងលទ្ធភាពផលិតកម្ម។ ចិនមានសក្តានុពលក្នុងការបញ្ជូនលទ្ធភាពផលិតកម្មគុណភាពខ្ពស់ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេស កម្ពុជា ឡាវ ភូមា និងវៀតណាម។ ចិនមើលឃើញកត្តានេះថា ជាមធ្យោបាយមួយនៃការដោះស្រាយបញ្ហាលទ្ធភាពផលិតកម្មលើសរបស់ខ្លួន ខណៈវាឆ្លើយតបទៅនឹងតម្រូវការការវិនិយោគ និងបច្ចេកវិទ្យានៅអាស៊ី​អាគ្នេយ៍។

នៅកម្រិតតំបន់ គំនិតផ្តួចផ្តើម Obor ក៏អាចរួមកម្លាំងគ្នា និងអនុវត្តន៍ទស្សនវិស័យរបស់ AEC។ អាស៊ានមានគំនិតផ្តួចផ្តើមជាច្រើននៅក្នុងគោលបំណងលុបបំបាត់ភាពចន្លោះប្រហោងនៅក្នុងការអភិវឌ្ឍរបស់ខ្លួន រួមមាន គំនិតផ្តួចផ្តើមសម្រាប់ផែនការការងារសមាហរណកម្មអាស៊ាន និងផែនការមេស្តីពីការតភ្ជាប់អាស៊ាន។ Obor និងផែនការកិច្ចសហប្រតិបត្តិការ Lancang-Mekong នឹងជួយឆ្លើយតបទៅនឹងភាពចន្លោះប្រយោង ដោយជំរុញការតភ្ជាប់សម្រាប់ប្រទេសដែលតាមពីក្រោយគេ។

អ្នកសិក្សាស្រាវជ្រាវវៀតណាម លោក Truong Minh Vu បាននិយាយថា “ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលភ្ជាប់ទំនាក់ទំនងអាស៊ីអាគ្នេយ៍ទៅនឹងចិន ជាជាងតភ្ជាប់អាស៊ាននោះ នឹងបង្កការគំរាមកំហែងមួយចំពោះការតភ្ជាប់អាស៊ាន។

នៅក្នុងបរិបទនេះ Obor នៅពេលនោះ អាចនឹងនាំមកនូវផលប្រយោជន៍ និងផលប៉ះពាល់ដល់ភាពរួបរួមរបស់អាស៊ាន ក៏ដូចជាប៉ះពាល់ដល់គោលការណ៍រួមរបស់អាស៊ាន។ កត្តាបង្ហាញថា អាស៊ានចាំបាច់ត្រូវមានជំហររួមមួយស្តីពីរបៀបដោះស្រាយទៅនឹងគំនិតផ្តួចផ្តើម Obor នេះ។

ចិន និងអាស៊ាន មានសក្តានុពលធំធេញសម្រាប់កិច្ចសហប្រតិបត្តិការ។ ក៏ប៉ុន្តែ ដើម្បីធានាដល់យុទ្ធសាស្រ្តរួមកម្លាំងរវាង គំនិតផ្តួចផ្តើម Obor និងទស្សនវិស័យរបស់ AEC វាជារឿងសំខាន់សម្រាប់ចិនក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ សម្របសម្រួលគោលនយោបាយជាមួយអាស៊ាន បន្ថែមលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការគោលនយោបាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការលទ្ធភាពផលិតកម្មទ្វេភាគីរវាងប្រទេសអាស៊ាននីមួយៗ៕

ប្រភព : The Straits

គ្មានផ្លូវដើម្បីឈ្នះសង្គ្រាមមួយនោះទេ

រហូតមកដល់ឥឡូវនេះមានការខ្វែងយោបល់គ្នាយ៉ាងខ្លាំង រវាងយុទ្ធសាស្ត្ររបស់អាមេរិកដែលគាំទ្រទៅលើយុទ្ធនាការយោធា ដើម្បីដណ្តើមយកមកវិញនៅទីក្រុង Mosul ពីកណ្តាប់ដៃរដ្ឋអ៊ីស្លាម និងរវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងរុស្ស៊ីដែលវាយប្រហារទៅលើក្រុមឧទ្ទាម នៅក្នុងប្រទេសជិតខាងស៊ីរី។ ប្រទេសស៊ីរីបានទម្លាក់គ្រាប់បែកដោយចេតនាទៅលើជនស៊ីវិល រាប់ទាំងមន្ទីរពេទ្យ ហាងលក់ម្ហូបអាហារ និងក្បូនរថយន្តដឹកជំនួយផងដែរ ដែលធ្វើឱ្យបាត់បង់ជីវិតមនុស្សរាប់ពាន់នាក់។

ខណៈនោះផងដែរ នៅក្រុង Mosul កងកម្លាំងប្រឆាំងភេរវកម្មអ៊ីរ៉ាក់បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរពីការវាយប្រហារគ្នាតាមដងផ្លូវ ខណៈដែលព្យាយាមដើម្បីដាក់កំហិតទៅលើការប្រើប្រាស់ កាំភ្លើងត្បាល់ និងការវាយប្រហារពីផ្លូវអាកាស ដើម្បីបញ្ចៀសការស្លាប់ជនស៊ីវិលដែលទង្វើនេះបានទទួលការកោតសរសើរពីក្រុមមនុស្សធម៌។

ការវាយប្រហារតាមផ្លូវអាកាសបានស្លាប់មនុស្សរាប់រយនាក់នៅក្រុង Mosul កាលពីថ្ងៃ១៧ មីនា។ មន្ត្រីការពារជាតិអ៊ីរ៉ាក់និយាយថា ការវាយប្រហារនោះបានផ្តោតផ្ទាំងស៊ីបទៅលើក្រុម Al-Jadida ដែលមានមូលដ្ឋាននៅក្រុង Mosul ដែលនៅពេលនោះមានមនុស្សកុះករជាច្រើនត្រូវគេដាក់នៅទីនោះ។ កាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា កងកម្លាំងចម្រុះបានផ្តោតផ្ទាំងស៊ីបទៅលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅចំកន្លែងដែលមានជនស៊ីវិលរងរបួស។

អាជ្ញាធរយោធាអ៊ីរ៉ាក់និយាយថា ការស្លាប់ និងរបួសនោះ កើតឡើងដោយសារតែក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជាអ្នកដាក់គ្រាប់បំផ្ទុះ ដែលបានដាក់នៅក្នុងផ្ទះនោះ ឬមួយជាការបំផ្ទុះដោយគ្រាប់បែកអត្តឃាតបំផ្ទុះចេញពីក្នុងឡានដែលគេដាក់នៅក្បែរនោះ ជាការជាក់ច្បាស់ណាស់ថា ក្រុមជីហាតកំពុងប្រើប្រាស់ជនស៊ីវិលជាខែលការពារដោយបង្ខំប្រជាជនឱ្យស្នាក់នៅក្នុងផ្ទះ។ ដែលត្រូវបានគេប្រើប្រាស់ជាទីតាំងសម្រាប់ការដាក់បាញ់តបវិញ។ បើទោះជាយ៉ាងណាក៏ដោយអជ្ញាធរអាមេរិកត្រូវតែកំណត់ឱ្យបានឆាប់ដែលអាចធ្វើទៅបានថា តើភាគីអាមេរិក ឬការទម្លាក់គ្រាប់បែកពីកងកម្លាំងចម្រុះជាអ្នកធ្វើឱ្យជនស៊ីវិលស្លាប់ ហើយបើសិនជាដូច្នេះមែននោះ ពួកគេត្រូវតែទទួលការខុសត្រូវ។

វាមានសារៈសំខាន់ណាស់ដែលថា កងកម្លាំងអាមេរិក និងអ៊ីរ៉ាក់បានកាត់បន្ថយការធ្វើឱ្យមាន ស្លាប់ និងរបួសតិចតួច ខណៈដែលពួកគេកំពុងតែព្យាយាមរឹបអូសមកវិញនូវតំបន់ដែលសេស សល់ដែលជាតំបន់មានប្រជាជនរស់នៅច្រើននៅក្នុងទីក្រុង Mosul ដែលកាន់កាប់ដោយរដ្ឋអ៊ីស្លាម។ នៅពេលដែលសង្គ្រាមចប់រលុតទៅរដ្ឋាភិបាលអ៊ីរ៉ាក់ដែលដឹកនាំដោយអំបូរស៊ីអីត និងប្រឈមពីការធ្វើឱ្យមានស្ថិរភាពនយោបាយ ដែលរាប់បញ្ចូលទាំងអំបូរជនស៊ុននីរាប់ពាន់នាក់ផ្សេងទៀត។ ស្ថានភាពនោះនឹងធ្វើឱ្យកាន់តែលំបាក់បន្ថែមទៀត ប្រសិនបើជាកងកម្លាំងដែលគាំទ្ររដ្ឋាភិបាលបានបង្កឱ្យមានរបួសស្នាមធ្ងន់ធ្ងរនោះ។

មេបញ្ជាការអាមេរិកហាក់ដូចជាយល់ពីការទទួលខុសត្រូវនេះ ឧត្តមសេនីយ៍ Joseph Votelជាមេបញ្ជាការទ័ពអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយថា «មរណភាពនៃជនស៊ីវិលស្លូតត្រង់ នៅ Mosul គឺជាសោកនាថកម្មដ៏រន្ធត់ ហើយនិយាយថា កងកម្លាំងចម្រុះនឹងចាត់វិធានការពិសេសដើម្បីជៀសវាងការធ្វើឱ្យឈឺចាប់ដល់ជនស៊ីវិល»។

អ្នកនាំពាក្យអាមេរិកនិយាយថា ច្បាប់នៃការគ្រប់គ្រងការវាយប្រហារផ្លូវអាកាសដែលជាគំរូក្នុងការចៀសវាងធ្វើឱ្យស្លាប់ជនស៊ីវិលនៅតែដដែល។

ទោះជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍នៅខាងក្រៅ បានប៉ាន់ស្មានថា ការចាប់ផ្តើមរបស់រដ្ឋបាលលោក Trump បានរង្គោះរង្គើពីការអត់ធ្មត់ស្តីពីការវាយប្រហាររបស់អាមេរិក នៅ មជ្ឈឹមបូព៌ា។ ការវាយប្រហារដ៏ចម្រូងចម្រាសកាលពីថ្ងៃ២៩ មករា នៅយ៉េមែន ដែលមានការយល់ព្រមពីលោក Trump បានសម្លាប់មនុស្សរហូតដល់រាប់សិបនាក់ នេះបើយោងតាមលោក Votel ។ ការវាយប្រហារពីផ្លូវអាកាសនៅខេត្ត Aleppo នៅប្រទេសស៊ីរី កាលពីថ្ងៃ១៦ មីនា កំពុងតែស៊ើបអង្កេតនៅឡើយ បើទោះបីជាមានការចោទប្រកាន់ថា ខ្លួនបានសម្លាប់ជនស៊ីវិល រាប់សិបនាក់ ដែលប្រមូលផ្តុំគ្នាវិហារអ៊ីស្លាមទីនោះ ក៏ប៉ុន្តែក្រសួងការពារជាតិអាមេរិកបានពណ៌នាថា ការផ្តោតផ្ទាំងស៊ីបវាយប្រហារនោះគឺទៅលើការប្រមូលផ្តុំរបស់ក្រុមអាល់កៃដាទៅវិញទេ។

លោក Obama បានរិះគន់សេចក្តីសម្រេចចិត្តការវាយប្រហារបែបយោធាក្រោមរដ្ឋបាល លោក Trump។ សម្រាប់លោក Trump វិញ បាននិយាយដោយគ្មានការប្រុងប្រយ័ត្នអំពីការទម្លាក់គ្រាប់បែកដ៏ធ្ងន់ធ្ងរទៅលើតំបន់ទាំងឡាយណាដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្លាម ហើយថែមទាំងបង្កើនការចូលរួមដោយត្រង់ពីកម្លាំងអាមេរិកនៅក្នុងការវាយប្រហារនេះ។

ការធ្វើឱ្យបរាជ័យរដ្ឋអ៊ីស្លាមកាន់តែលឿនបន្ថែមទៀត តាមរយៈនៃការប្រើប្រាស់កងកម្លាំងអាមេរិកកាន់តែសម្បើម គឺជាគោលដៅមួយដែលគួរប្រកាន់យក។ ប៉ុន្តែទង្វើរបៀបនេះ បានធ្វើឱ្យ ស្លាប់ និងរបួសជនស៊ីវិលកាន់តែច្រើនឡើង ដែលជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរ៕

ប្រភព : Washington Post ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ពហុកីឡដ្ឋានមរតកតេជោមានការគិតគូរខ្ពស់ក្នុងការរំដោះអ្នកទស្សនានៅពេលមានគ្រោះអាសន្ន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ពហុកីឡដ្ឋានមរតកតេជោ គឺជាពហុកីឡ​ដ្ឋានដ៏ទំនើបរបស់កម្ពុជា ដែលមានការគិតគូរខ្ពស់ក្នុងការរំដោះអ្នកទស្សនា នៅពេលមានគ្រោះអាសន្ន។ ពហុកីឡដ្ឋានមរតកតេជោ អាចជម្លៀសចំនួនអ្នកទស្សនាប្រមាណ ៦ម៉ឺននាក់ ក្នុងរយៈពេលតែប្រមាណ ៧នាទីប៉ុណ្ណោះ។ លោក បានថ្លែងដូចនេះ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ កីឡាមួយចំនួន នៅពហុកីឡដ្ឋានមរតកតេជោ សម្រាប់ដំណាក់កាលទី១ ព្រមទាំងបើកការដ្ឋានសាងសង់កីឡ​ដ្ឋាន​បាល់ទាត់ សម្រាប់ដំណាក់កាលទី២។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ចំពោះការខ្វះខាត​ក្នុងការសាងសង់ពហុកីឡដ្ឋានមរតកជាតិដំណាក់កាលទី៣នោះ លោក នឹងស្នើសុំឱ្យមិត្តចិនជួយសាងសង់បន្តទៅទៀត។ លោក ហ៊ុន សែន បានបន្ថែមថា ការមានកន្លែងហ្វឹកហាត់ល្អ ពហុកីឡដ្ឋានល្អ វាមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺទាមទារឱ្យមានការប្រឹងប្រែង ពង្រីកសមត្ថភាពបន្ថែម របស់កីឡាករ កីឡាការិនីថែមទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់គ្រប់សហពន្ធ័កីឡាទាំងអស់ដែលបានចូលរួមចំណែកក្នុងការលើកស្ទួយ ហ្វឹកហាត់កីឡាករ កីឡាការនីដើម្បីទទួលបាននូវសមត្ថភាពល្អដែលធ្វើឱ្យវិស័យកីឡារីកចម្រើន។ លោក ក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រវិស័យកីឡា និងសូមឱ្យលេងកីឡាទាំងអស់គ្នា យ៉ាងហោចណាស់ចេះកីឡាមួយយ៉ាងតិច ព្រោះកីឡានាំមកនូវសុខភាព មិត្តភាព និងកីឡាមិនប្រកាន់ពូជសាសន៍៕







លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន ថ្លែងអំណរគុណភាគីបារាំងដែលបានបង្ហាញឆន្ទៈជួយប្រទេសកម្ពុជាលើការងារកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ

នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណភាគីបារាំងដែលបានបង្ហាញឆន្ទៈជួយ​ប្រ​ទេស​កម្ពុជា​លើ​ការងារកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធា រណៈ។ លោក បានថ្លែងដូចនេះ ក្នុងឱកាស​អនុញ្ញាតិ​ឱ្យលោកស្រី Sylyie STUREL ប្រធាននាយកដ្ឋានសហប្រតិ​បត្តិ​ការអន្តរជាតិនៃ​អគ្គនាយក​ដ្ឋានហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធា​រ​ណរដ្ឋបារាំង ចូលជួប​សម្តែង​ការគួរសម និងពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការរវាង​ក្រ​សួងទាំងពីរជាពិសេស អំពីជំនួយបច្ចេកទេសសម្រាប់ការកែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា។

នៅក្នុងឱកាសនោះ លោកស្រី Sylyie STUREL ក៏បានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ​​បារាំង បានឆ្លើយតបជាវិជ្ជមានលើការផ្តល់ជំនួយបច្ចេកទេសលើ៖ ១- ការធ្វើវិសោធនកម្ម​ច្បាប់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ២- ការរៀបចំប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុតាមប្រព័ន្ធព័ត៌មាន​វិទ្យា និង៣- ការកសាងសមត្ថភាពមន្រ្តីអធិការកិច្ច និងមន្រ្តីសវនកម្មផ្ទៃក្នុង។

លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន ក៏បានលើកឡើងបន្ថែមថា ដោយសារប្រទេសបារាំង​ទទួលបានជោគជ័យលើការកែទម្រង់ថវិកានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លោក ក៏បានស្នើ សុំដល់ភាគីបារាំងជួយរៀបចំប្រព័ន្ធថវិកានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិកម្ពុជា ឱ្យក្លាយទៅ ជាប្រព័ន្ធថវិកាមួយដែលមានភាពប្រទាក់ប្រឡា និងសមាហរណកម្មជាមួយគ្នា ដែលស្ថាប័ន អនុវត្តថវិកាអាចទទួលខុសត្រូវលើថវិកា និងសមិទ្ធកម្ម ព្រមទាំងមានគណនេយ្យភាពលើការ អនុវត្តថវិការបស់ខ្លួន៕