Wednesday, April 05, 2017

ក្រសួង​សុខាភិ​បាល រៀបចំវេទិកា​ពិភាក្សាក្រោម​ប្រធានបទក្រសួង​សុខាភិបាល​

ភ្នំពេញ៖មន្ត្រីក្រសួងសុខាភិបាលបានអំពាវឲ្យប្រជាពលរដ្ឋដែលប្រឈមទៅនឹងជម្ងឺផ្លូវចិត្តប្រញាប់ទៅរកសេវាព្យាបាល ខណៈដែលជម្ងឺនេះបានបង្ករឲ្យមានផលលំបាកច្រើនដល់សុខភាព និងការរាំងស្ទះដល់ការអភិវឌ្ឍសង្គមជាតិ។
ក្នុងវេទិកាពិភាក្សាក្រោមប្រធានបទជំងឺធ្លាក់ទឹកចិត្តនៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះលោក ឈិត សុផល ប្រធាននាយកដ្ឋាន សុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថា អ្នកដែលមានអាការៈថប់អារម្មណ៍ និងជំងឺបាក់ស្បាត ស្រងួតស្រងាត់ ស្ងាមស្ងាត់ ផ្តាច់ខ្លួនចេញពីសង្គម សំរានមិនលក់ ថយចុះសមត្ថភាពបំពេញការងារបាត់បង់ចំណង់ផ្លូវភេទបាយមិនបានស្រកទំងន់ ឬឡើងទំងន់ខ្លាំងពេក គឺសុទ្ធតែជាអ្នកប្រឈមមុខចំពោះជំងឺធ្លាក់ទឹកចិត្ត។
លោក វេជ្ជបណ្ឌិត យឹមសុបុត្រា គ្រូពេទ្យឯកទេស វិកលវិទ្យា នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានមានប្រសាសន៍ថា មូលហេតុដែលនាំឲ្យកើតបញ្ហាផ្លូវចិត្តមានមូលហេតុចំបងៗ មួយចំនួនពាក់ព័ន្ធទៅនិង ភាពក្រីក្រ សម្ពាធការងារ សម្ពាធក្រុមគ្រួសារ កក្តាបរិស្ថានរស់នៅមិនល្អ និងកក្តាជីវសាស្រ្តហូបអាហារមិនគ្រប់គ្រាន់ជាដើម។
លោកវេជ្ជបណ្ឌិតបានបង្ហាញអំពីរបៀបព្យាបាលថា អាចធ្វើឡើងតាមរយៈការលើកទឹកចិត្តអោយមនុស្សគ្រប់គ្នា រួមមានគ្រួសារ មាតា បិតា គ្រូបង្រៀន មិត្តរួមការងារ មិត្តភក្ដិផ្សេងៗ រួមទាំងអនុវន៍ត្តការហាត់ប្រាណ និងចូល សម្រានឲ្យបានគ្រប់គ្រាន់ ដោយជៀសវាងការប្រើប្រាស់គ្រឿងស្រវឹងឬគ្រឿងញៀន។ ទន្ទឹមនេះ អ្នកជំងឺប្រភេទនេះ ត្រូវរកសេវាព្យាបាលបែបវេជ្ជសាស្ត្រ នៅ ជាមួយអ្នកជំនាញសុខភាពផ្លូវចិត្តដែលមាននៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬអង្គការក្រៅរដ្ឋាភិបាលជាដើម។
លោកស្រី សុខផាណែតប្រធានអង្គការTPOដែលធ្វើការជាមួយប្រជាពលរដ្ឋក្នុងសហគមក្រីក្របានឲ្យដឹងថា អ្នកជម្ងឺធ្លាក់ទឹកចិត្តងាយប្រព្រឹត្តអំពើអត្តឃាត អំពើហិង្សា ហើយធា្លក់ខ្លួនប្រើប្រាស់គ្រឿងញៀន ដែលជាមូលហេតុនាំឲ្យបាត់បង់ការងារឈានទៅបន្ថយសេដ្ឋកិច្ចក្នុងគ្រួសារជា និងអាចបង្ករឲ្យមានអសន្តិសុខក្នុងសង្គមជាដើម។
ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះចៅអធិការវត្តន៍នន្ទមុនីបានឲ្យដឹងថា ព្រះសង្ឃមានតួនាទីសំខាន់ផងដែរដើម្បីលើកទឹកចិត្តអ្នកដែលកើតជំងឺធ្លាក់ទឹកចិត្តនេះ តាមរយៈការទេសនា និងអប់រំប្រជាពលរដ្ឋនៅតាមសហគមន៍។
ក្រសួងសុខាបាលបានឲ្យដឹងថា ពលរដ្ឋកម្ពុជាប្រមាណ៤សែននាក់កំពុងកើតជំងឺធ្លាក់ទឹកចិត្តនេះហើយនិងបន្តកើនឡើងថែមទៀត៕

No comments:

Post a Comment