Wednesday, April 05, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រទឹកស្អាតនិរោធជំហានទី២

នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ ដែលមានតម្លៃជាង ៦០លានដុល្លារ នៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ដោយក្រុមហ៊ុនវិនស៊ីខុនស្ត្រាក់ស្សិន (VINCI CONSTRUCTION GRANDS PROJECTS) ដែលជាក្រុមហ៊ុនមកពីប្រទេសបារាំង ក្រោមការត្រួតពិនិត្យដោយទីប្រឹក្សាបច្ចេកទេសមកពីប្រទេសបារាំងឈ្មោះ សាហ្វែស (Safege)។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា បន្ថែមលើការវិនិយោគដ៏ធំនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលហិរញ្ញប្បទានផ្ទាល់លើកទី៣ ពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ព្រមទាំងបានអនុញ្ញាតឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញប្រើប្រាស់ថវិកាបដិភាគរបស់ខ្លួន ដើម្បីសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី២ ដែលមានសមត្ថភាពផលិតទឹក ១៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមលើសមត្ថភាពផលិតដែលមានស្រាប់នៅជំហានទី១ ចំនួន ១៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។

គម្រោងនេះបានប្រើរយៈពេលសាងសង់ ៣០ខែ ដោយប្រើថវិកាសរុបចំនួន ៦០.៩០លានដុល្លារអាមេរិក ក្នុងនោះមានថវិកាបដិភាគ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ២៤.៩០ លានដុល្លារអាមេរិក និងថវិកាកម្ចីពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍចំនួន ៣៦ លានដុល្លារអាមេរិក។ តាមរយៈរោងចក្រនេះ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអាចផលិតទឹកបាន ៥៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ និងអាចផ្គត់ផ្គង់ជូនប្រជាពលរដ្ឋរស់នៅសង្កាត់ជាយរាជធានីភ្នំពេញ និងក្រុងតាខ្មៅបានប្រមាណ ៣៣១ពាន់អតិថិជន ក្នុងឆ្នាំ២០១៧នេះ៕






No comments:

Post a Comment