Wednesday, April 05, 2017

រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ អញ្ជើញ​ជាអធិបតី​ក្នុងពិធីបើក​សន្និបាត​បូកសរុបល​ទ្ធផល​ការងារ​ឆ្នាំ២០១៦ និងលើកទិសដៅ​ការងា​រឆ្នាំ​២០១៧

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ និយោជិត ក្រសួង-ស្ថាប័ន តំណាងប្រតិបត្តិករ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សរុបប្រមាណ ៦០០នាក់។
ថ្លែងក្នុងពិធីបើកអង្គសន្និបាត លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងតែងបានយកចិត្តទុកដាក់រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ដោយប្រើប្រាស់ពេលវេលានេះធ្វើជាវេទិកានៃការជួបជុំគ្នា ដើម្បីធ្វើការបូកសរុប ត្រួតពិនិត្យ-វាយតម្លៃចំពោះលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ និងពិគ្រោះពិភាក្សាគ្នាលើកជាគំនិត និងមានវិធានការរកដំណោះស្រាយ ដើម្បីកំណត់ឲ្យបាននូវទិសដៅ និងគោលដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត និងដំណើរឆ្ពោះទៅមុខរបស់ក្រសួង ពិសេសក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សនៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ។
លោកបន្តថា ការជំរុញការអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានឲ្យមានលក្ខណៈទំនើប និងប្រកបដោយគុណភាពស្របតាមស្តង់ដារអន្តរជាតិ មានតម្លៃប្រកួតប្រជែង និងមានសេវាគ្របដណ្តប់នៅទូទាំងប្រទេសដែលប្រជាជនទូទៅអាចប្រើប្រាស់បាន និងទទួលបានផលប្រយោជន៍គ្រប់ៗគ្នាពីវិស័យនេះ។
លោកបន្តទៀតថា លទ្ធផលការងារសំខាន់ៗដែលក្រសួងសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ មានដូចជា ការពង្រឹងការគ្រប់គ្រងរបស់ក្រសួង ការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស ការបង្កលក្ខណៈងាយស្រួលដល់ដំណើរការការងាររបស់មន្រ្តីរាជការ និយោជិត និងការធ្វើអោយប្រសើរឡើងជាលំដាប់នៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ក្រសួងនៅមានកិច្ចការចាំបាច់ដែលត្រូវបន្តដោះស្រាយ ហើយដែលអាចលើកយកមកពិភាក្សាមានដូចជា៖
១- បន្តជំរុញការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយប្រសិទ្ធិភាព ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា
២-ការស្វែងរកប្រភពថវិកា និងបច្ចេកទេសទ្រទ្រង់ដល់ការបណ្តុះបណ្តាលធនធានមនុស្សរបស់វិទ្យាស្ថានជាតិរបស់ក្រសួង
៣- បន្តការរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធវិស័យទាំងបី
៤. បន្តពង្រឹងយន្តការសម្របសម្រួល និងកិច្ចសហការរវាងប្រតិបត្តិករនិងប្រតិបត្តិករ និងបណ្តាស្ថាប័នពាក់ព័ន្ធ
៥-បន្តយន្តការគ្រប់គ្រងអង្គភាព ប្រកបដោយប្រសិទ្ធភាព តាមរចនាសម្ព័ន្ធដែលបានកែសម្រួល
៦-បន្តលើកកំពស់គុណភាពសេវា និងប្រសិទ្ធិភាពនៃបណ្តាញប្រៃសណីយ៍ ការពង្រឹងសមត្ថភាពក្នុងការអនុវត្ត និងគ្រប់គ្រងសេវាសកល
៧-បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងតំបន់ និងស្ថាប័នអន្តរជាតិ
មុននឹងប្រកាសបើកកម្មវិធីសន្និបាត
លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងការកោតសរសើរដោយស្មោះចំពោះមន្រ្តីរាជការ និយោជិត ដែលបានខិតខំប្រឹងប្រែង អំណត់ព្យាយាម បំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានលទ្ធផលជាផ្លែផ្កា និងបានថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយស ប្រតិបត្តិករជាដៃគូទាំងអស់ដែលបានរួមសហការយ៉ាងជិតស្និតជាមួយក្រសួងនាពេលកន្លងមក៕


No comments:

Post a Comment