Wednesday, April 05, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ វិស័យកីឡានាំមកនូវមោទនភាពជាតិ ស្មើមុខស្មើមាត់នឹងប្រទេសដទៃក្នុងពិភពលោក

នៅល្ងាចថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា វិស័យកីឡានាំមកនូវមោទនភាពជាតិ ស្មើមុខស្មើមាត់នឹង​ប្រទេសដទៃក្នុង​ពិភព​លោក និង​បង្កើនសាមគ្គីភាពក្នុងចំណោមប្រជាជនកម្ពុជា ឱ្យកាន់តែទូលំទូលាយ។ លោក បានថ្លែង​ដូចនេះក្នុងឱកាសអញ្ជើញជួបជុំពិសារអាហារសាមគ្គីជាមួយក្រុមកីឡាករ កីឡាការិនី ប្រមាណជាង ៣,០០០នាក់ នៅសាលពិពរណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា វឌ្ឍនភាពជា​ច្រើនកើតឡើងក្នុងក្របខណ្ឌជាតិ ទាំងអាជីព និងមានការផុសផុលក្នុងចំណោមមហាជន​ទូទៅទាំង២៥ខេត្តក្រុង។ មោទនភាពសម្រាប់កម្ពុជា ដែលមានវត្តមានឆ្ងាយទៅៗ ទង់កម្ពុជា បានដោតនៅលើពិភពលោក តាមរយៈវិស័យកីឡា ដែលមិនត្រឹមតែនាំ​មុខមាត់ជូនជាតិ​មាតុភូមិនោះទេ ថែមទាំងបង្កើតបាននូវសាមគ្គីភាពក្នុងចំណោមប្រជាជាតិយើងផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ពីមុនយើងបានស្គាល់តិចតួចណាស់នូវ មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធិដែលមកពីបរទេស ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានស្គាល់រួចហើយ មេដាយដែលបានមកពីការប្រកួតកម្រិតតំបន់និងពិភពលោក ដែលធ្វើឱ្យប្រទេសកម្ពុជាយើងឈានទៅស្មើមុខស្មើមាត់នឹងប្រទេសដទៃនៅក្នុងពិភពលោក៕




No comments:

Post a Comment