Wednesday, April 05, 2017

ទាហាន​មួក​ខៀវ​ចំនួន ៣៦​នាក់ បាន​បញ្ចប់​វគ្គ​ហ្វឹក​ហ្វឺន​បោស​សម្អាត​មីន

ភ្នំពេញ៖ សិក្ខាកាមកម្លាំងមួកខៀវចំនួន៣៦នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនបោសសម្អាតមីនក្នុងរយៈពេល ២សប្តាហ៍ដោយជោគជ័យជាមួយយោធាចារ្យឥណ្ឌា ខណៈដែលពួកគេនឹងត្រូវបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ នាពាក់កណ្តាលឆ្នាំ២០១៧ ខាងមុខនេះផងដែរ។
សូមជម្រាបផងដែរថា ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបោសសម្អាតមីន នៅសាលាហ្វឹកហ្វឺនកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ កាលពីថ្មីៗនេះ នាយឧត្តមសេនីយ៍ មឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាពកម្ពុជាបានថ្លែងថា ការហ្វឹកហ្វឺនជំនាញរក្សាសន្តិភាព និងបោសសម្អាតមីននេះ គឺមានទាហានមួកខៀវចំនួន ៣៦នាក់ ដែលពួកគេនឹងចេញទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅក្រៅប្រទេស នាពាក់កណ្តាលឆ្នាំ២០១៧នេះ។
លោកនាយឧត្តមសេនីយ៍ បន្តថាការសិក្សាជំនាញរក្សាសន្តិភាពនេះ គឺបង្ហាញថា កម្ពុជាពិតជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាល និងហ្វឹកហ្វឺនជំនាញនានា ដែលទាក់ទងទៅនឹង ការងារបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ។
លោកវរៈសេនីយ៍ឯក លោក A. Boral ប្រធានក្រុមយោធាចារ្យនៃប្រទេសឥណ្ឌាលើកឡើងថា
គ្រូយោធាចារ្យ ដែលមកបណ្តុះបណ្តាលដល់កម្លាំងមួកខៀវ កម្ពុជានេះ គឺជាគ្រូដែលមានបទពិសោធន៍មកពីមជ្ឈមណ្ឌលក្នុងទីក្រុងញូដេលី ដើម្បីផ្តល់ការហ្វឹកហ្វឺន រយៈពេលពីរសប្តាហ៍លើផ្នែករក្សាសន្តិភាព។
សូមជម្រាបផងដែរថា សមាជិកក្រុមយោធាចារ្យវិស្វកម្ម គឺមកពីមជ្ឈមណ្ឌលហ្វឹកហ្វឺនវិស្វកម្ម នឹងមានបទពិសោធន៍ខ្ពស់លើទីលាន៕


No comments:

Post a Comment