Wednesday, April 05, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ពហុកីឡដ្ឋានមរតកតេជោមានការគិតគូរខ្ពស់ក្នុងការរំដោះអ្នកទស្សនានៅពេលមានគ្រោះអាសន្ន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ពហុកីឡដ្ឋានមរតកតេជោ គឺជាពហុកីឡ​ដ្ឋានដ៏ទំនើបរបស់កម្ពុជា ដែលមានការគិតគូរខ្ពស់ក្នុងការរំដោះអ្នកទស្សនា នៅពេលមានគ្រោះអាសន្ន។ ពហុកីឡដ្ឋានមរតកតេជោ អាចជម្លៀសចំនួនអ្នកទស្សនាប្រមាណ ៦ម៉ឺននាក់ ក្នុងរយៈពេលតែប្រមាណ ៧នាទីប៉ុណ្ណោះ។ លោក បានថ្លែងដូចនេះ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ កីឡាមួយចំនួន នៅពហុកីឡដ្ឋានមរតកតេជោ សម្រាប់ដំណាក់កាលទី១ ព្រមទាំងបើកការដ្ឋានសាងសង់កីឡ​ដ្ឋាន​បាល់ទាត់ សម្រាប់ដំណាក់កាលទី២។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ចំពោះការខ្វះខាត​ក្នុងការសាងសង់ពហុកីឡដ្ឋានមរតកជាតិដំណាក់កាលទី៣នោះ លោក នឹងស្នើសុំឱ្យមិត្តចិនជួយសាងសង់បន្តទៅទៀត។ លោក ហ៊ុន សែន បានបន្ថែមថា ការមានកន្លែងហ្វឹកហាត់ល្អ ពហុកីឡដ្ឋានល្អ វាមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺទាមទារឱ្យមានការប្រឹងប្រែង ពង្រីកសមត្ថភាពបន្ថែម របស់កីឡាករ កីឡាការិនីថែមទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់គ្រប់សហពន្ធ័កីឡាទាំងអស់ដែលបានចូលរួមចំណែកក្នុងការលើកស្ទួយ ហ្វឹកហាត់កីឡាករ កីឡាការនីដើម្បីទទួលបាននូវសមត្ថភាពល្អដែលធ្វើឱ្យវិស័យកីឡារីកចម្រើន។ លោក ក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រវិស័យកីឡា និងសូមឱ្យលេងកីឡាទាំងអស់គ្នា យ៉ាងហោចណាស់ចេះកីឡាមួយយ៉ាងតិច ព្រោះកីឡានាំមកនូវសុខភាព មិត្តភាព និងកីឡាមិនប្រកាន់ពូជសាសន៍៕







No comments:

Post a Comment