Wednesday, April 05, 2017

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាឲ្យស្នងការរាជធានីភ្នំពេញ និងខេត្តកណ្តាលដាក់គោលដៅត្រួតពិនិត្យនៅភូមិសាស្រ្តគ្រោះថ្នាក់ចរាចរណ៍ខ្ពស់

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាឲ្យស្នងការរាជធានីភ្នំពេញ និងខេត្តកណ្តាល ដាក់គោលដៅត្រួតពិនិត្យនៅភូមិសាស្រ្តគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ខណៈដែលរាជធានី និងខេត្តនេះមានចំនួនអ្នកស្លាប់ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ច្រើនជាងគេ។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនៃការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកត្រីមាសទី១ ឆ្នាំ២០១៧ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ នាទីស្តីការក្រសួងមហាផ្ទៃ លោក ស ខេង បានស្នើឲ្យស្នងការនគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ចុះសិក្សាទីតាំងភូមិសាស្រ្តដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ រួមទាំងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យរាយបណ្តាក់នៅកន្លែងដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេក្នុងភូមិសាស្រ្តរបស់ខ្លួន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ការដាក់បទបញ្ជានេះ គឺបានធ្វើឡើងបន្ទាប់ពីរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៧នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេស មានចំនួន៩៨៣លើក បណ្តាលឲ្យមនុស្សចំនួន៤៨៩នាក់ បានស្លាប់ និងមនុស្ស១,៤៥៦នាក់ ផ្សេងទៀតបានរងរបួស។
ក្នុងនោះរាជធានីភ្នំពេញនិង ខេត្តកណ្តាលមានចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ជាងគេ ខណៈនៅរាជធានីភ្នំពេញមានចំនួនអ្នកស្លាប់ ៥៥នាក់ ឈរលេខរៀងទី១ , ខេត្តកណ្តាលចំនួនអ្នកស្លាប់ ៤៤នាក់ ឈរលេខរៀងទី២ និងខេត្តបន្ទាយមានជ័យឈរលេខរៀងទី៣ដែលមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រហូតទៅដល់ចំនួន ៤០នាក់។
ជាមួយគ្នានេះដែរ របាយការណ៍បានបញ្ជាក់ថា កត្តាដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះច្រើនជាងគេ គឺការបើកបរលើសល្បឿនកំណត់ ៣៥ភាគរយ, មិនគោរពសិទ្ធិ ១៧ភាគរយ , ស្រវឹង១៣ភាគរយ និងការមិនប្រកាន់ស្តាំចំនួន១១ ភាគរយ។
ឆ្លើយតបភ្លាមៗទៅនឹងការដាក់បទបញ្ជារបស់លោក ស ខេង នេះដែរ ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបង្ហាញនូវការគាំទ្រ និងត្រៀមដាក់ផែនការអនុវត្តតាមការរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវច្បាប់នេះកាន់តែមានប្រសិទ្ធិភាព៕


No comments:

Post a Comment