Wednesday, April 05, 2017

បក្សីចាំក្រុង៖ អានលេងៗប្រការ ៤៧ ថ្មី ឃើញបក្សព្រះអាទិត្យខុសជាន់លើខុស

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកបក្សីចាំក្រុង បានបង្ហោះផ្សាយ​អត្ថបទ​មួយក្រោមចំណងជើងថា «អានលេងៗប្រការ ៤៧ ថ្មី ឃើញបក្សព្រះអាទិត្យខុសជាន់លើខុស» ដែលមានខ្លឹមសារដូចខាងក្រោម៖

នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៧ បក្សព្រះអាទិត្យបាន កោះប្រជុំបន្ទាន់គណៈកម្មាធិការនាយករបស់ខ្លួន និងបានចេញសេចក្តីសម្រេចលើពីរចំណុច ៖ ១-ផ្តល់ការគាំទ្រជាថ្មីម្តងទៀត ដល់សមាសភាពអនុប្រធានគណបក្ស គឺលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ស្របតាមប្រការ ៤៧ ថ្មី នៃលក្ខន្តិកៈគណបក្ស។ ២-ដកចំណងជើង «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ចេញពីគោលនយោបាយ ៥ ចំណុចរបស់គណបក្សសង្រ្គោះជាតិ​ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។

ដោយពុំគិតដល់រឿងទិសស្លោកខុសច្បាប់ដែលត្រូវបានដកចេញ ការសម្រេចរបស់គណៈកម្មាធិការនាយកនៃបក្សព្រះអាទិត្យខាងលើ ក្នុងការរៀបចំសារជាថ្មីឡើងវិញនូវក្បាលម៉ាស៊ីនគណបក្ស គឺមានន័យយ៉ាងច្បាស់ឥតប្រកែកបានថា បក្សព្រះអាទិត្យពិតជាបានទទួលស្គាល់កំហុសរបស់ខ្លួនថា សមាជវិសាមញ្ញជ្រើសរើសប្រធាន និងអនុប្រធានគណបក្សកាលពីថ្ងៃទី ០២ មីនា ២០១៧ គឺបានធ្វើខុសទៅនឹងប្រការ ៤៧ នៃលក្ខន្តិកៈដែលជាច្បាប់កំពូលនៃបក្សព្រះអាទិត្យពិតប្រាកដមែន។

ឥឡូវ ថ្ងៃទី ០២ មេសា នេះ បក្សព្រះអាទិត្យប្រកាសជាថ្មីទៀតថា ការសម្រេចរបស់គណៈកម្មាធិការនាយកខាងលើនេះ គឺអនុវត្តតាមប្រការ ៤៧ ថ្មី នៃលក្ខន្តិកៈបក្សព្រះអាទិត្យ។ តើប្រការ ៤៧ ថ្មី នៃលក្ខន្តិកៈបក្សព្រះអាទិត្យ ដែលត្រូវបានអនុម័តដោយសមាជវិសាមញ្ញកាលពីថ្ងៃទី ០២ មីនា ២០១៧ ពិតជាចែងអនុញ្ញាតអោយគណៈកម្មាធិការនាយករបស់បក្សព្រះអាទិត្យធ្វើអ្វីផ្តេសផ្តាសចឹងមែន ឬទេ?

ប្រការ ៤៧ ថ្មី ត្រេទី ១ ដែលចែងថា ៖ “ករណីប្រធានគណបក្សទទួលមរណភាព លាឈប់ បាត់បង់សមាជិកភាព ឬបាត់បង់សមត្ថភាពដឹកនាំគណបក្ស ដែលបញ្ជាក់ដោយគណៈកម្មាធិការនាយក បើ អាណត្តិនៅតិចជាង ១៨ ខែ អនុប្រធានគណបក្សមួយរូបដែលមានអាយុច្រើនជាងគេ ត្រូវទទួលនាទីជាប្រធានគណបក្ស ហើយបើគ្មានអនុប្រធានគណបក្ស គណៈកម្មាធិការនាយកត្រូវជ្រើសរើសអនុប្រធានគណបក្សថ្មីយ៉ាងតិចមួយរូប ក្នុងរយៈពេល ៣០ ថ្ងៃយ៉ាងយូរពីក្នុងចំណោមសមាជិករបស់ខ្លួន ដោយសំឡេងភាគច្រើនដាច់ខាត ៥០%+១ នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ដើម្បីជួយដល់ការងារប្រធានគណបក្សរហូតដល់​ចប់អាណត្តិ។”

អ្នកច្បាប់ក្តី អ្នកមិនច្បាប់ក្តី អ្នកក្នុងបក្សព្រះអាទិត្យក្តី អ្នកក្រៅបក្សព្រះអាទិត្យក្តី បើនាំគ្នាអានប្រការ ៤៧ ថ្មី នៃលក្ខន្តិកៈនៃបក្សព្រះអាទិត្យ គឺពិតជាមើលឃើញច្បាស់ដូចថ្ងៃថា បក្សនេះធ្វើខុសលក្ខន្តិកៈទៀតហើយ ហើយអ្នកខ្លះអាចរអ៊ូរទាំក្នុងចិត្តថា បក្សធំមួយនឹងគេដែរម្តេចក៏រកអ្នកចេះដឹងតិចតួចមួយមកធ្វើថ្នាំគ្មាន ហើយល្ងីល្ងើខុសក្បួនតម្រាខុសម្តងហើយខុសម្តងទៀត ធ្វើអោយបក្សនេះខ្មាសគេពេញនគរ ឬក៏បក្សនេះចេះតែឡាំប៉ារឿងនយោបាយទេ? ការសម្រេច​អនុវត្តប្រការ ៤៧ ថ្មី របស់គណៈកម្មាធិការនាយកបក្សព្រះអាទិត្យក្នុងការជ្រើសតាំងក្បាលម៉ាស៊ីនសារជាថ្មីឡើងវិញកាលពីថ្ងៃទី ០២ ខែមេសា កន្លងទៅ គឺខុសច្រើនចំណុចណាស់។ ០២ មីនា ខុសម្តង ឥឡូវ ០២ មេសា ខុសម្តងទៀត។ ខុសជាន់លើខុស ខុសហើយខុសទៀត។ ហេតុអីបានជាថាខុស ព្រោះដោយគ្រាន់តែអានប្រការ ៤៧ ថ្មី លេងៗទៅ គឺឃើញខុសលើគោកតែម្តង!

តាមពិតប្រការ ៤៧ ថ្មីនេះ មិនអាចយកមកអនុវត្តបានឡើយ បើចង់អនុវត្តប្រការ ៤៧ ម្តងទៀត ទោះប្រការ ៤៧ ចាស់ក្តី ប្រការ ៤៧ ថ្មីក្តី គឺត្រូវតែមានការលាលែងរបស់ប្រធានបក្ស ឬប្រធានស្តីទីបក្សជាថ្មីម្តងទៀត ព្រោះបក្សព្រះអាទិត្យតាក់តែងប្រការ ៤៧ ថ្មី នេះ មកអញ្ចឹង។ បើយកការលាលែងរបស់លោក សម រង្ស៊ី មកប្រើក្នុងករណីនេះ ក៏មិនត្រូវ ដោយហេតុ ករណីការលាលែងរបស់ សម រង្ស៊ី ត្រូវបានសម្រេចរួចរាល់ចប់សព្វគ្រប់អស់ហើយដោយគណៈកម្មាធិការនាយករបស់បក្សព្រះអាទិត្យកាលពីថ្ងៃទី ១២ កុម្ភៈ ២០១៧ ដោយបានប្រគល់ឱ្យ កឹម សុខា អនុប្រធានបក្ស ធ្វើប្រធានបក្សស្តីទី ស្របតាមប្រការ ៤៧ ចាស់នៃលក្ខន្តិកៈ ហើយតួនាទីប្រធានស្តីទីរបស់លោក កឹម សុខា ត្រូវបន្តរហូតដល់ចប់អាណត្តិក្នុងខែមេសា ឆ្នាំ២០១៨ ទោះបីក្រុម សម រង្ស៊ី ចង់យកមកវិញក៏មិនបានដែរ ព្រោះលក្ខន្តិកៈបក្សចែងដូច្នេះ។

ឥឡូវកុំនិយាយអំពីលក្ខខណ្ឌនៃការអនុវត្តប្រការ ៤៧ ថ្មី ដែលអាចពិបាកយល់។ បើទោះបីយើងនាំគ្នាចាត់ទុកថា ប្រការ ៤៧ ថ្មី អាចអនុវត្តបានដូចការលើកឡើងរបស់បក្សព្រះអាទិត្យទៅចុះ ក៏ក្នុងករណីនេះ បក្សព្រះអាទិត្យអនុវត្តតាមប្រការ ៤៧ ថ្មីនេះមិនត្រូវទៅទៀត។ លើកយកចំណុចតូចមួយមកនិយាយទៅចុះ។ ប្រការ ៤៧ ថ្មី ត្រេទី១ ចែងឱ្យគណៈកម្មាធិការនា​យក​អាចជ្រើសរើសអនុប្រធានយ៉ាងតិចមួយនាក់ ក្នុងរយៈពេល ៣០ ថ្ងៃ គិតពីថ្ងៃលាលែងរបស់ប្រធានបក្ស។ គិតពីថ្ងៃទី ១១ ខែកុម្ភៈ ថ្ងៃដែលលោក សម រង្ស៊ី លាលែងពីប្រធានបក្ស រហូតដល់ថ្ងៃប្រជុំគណៈកម្មាធិការនាយករបស់បក្សព្រះអាទិត្យកាលពីថ្ងៃទី ០២ មេសា នោះ គឺមានរយៈពេលលើស ៣០ ថ្ងៃហើយ។ បើដូចនេះ គណៈកម្មាធិការនាយកនេះ ពិតជាថ្លើមពាស​មេឃ បំពានច្បាប់កំពូលរបស់បក្ស និងសមាជរបស់បក្ស ដែលហ៊ានជ្រើសតាំងអនុប្រ​ធាន​បក្សទាំងបីនាក់ខុសក្បួនខ្នាតដែលចែងក្នុងប្រការ ៤៧ ថ្មី។ មិនយល់ថា ហេតុអីបានជាបក្សព្រះអាទិត្យមិនអនុវត្តអោយត្រូវតាមលក្ខន្តិកៈរបស់ខ្លួន !? បាយបិណ្ឌ ទៅជាបាយបាត្រ វ៉ល់ៗ ពេញបន្ទាយចាក់អង្រែ!

តើពិតជាប្រការ ៤៧ ថ្មីនេះ ពិបាកយល់ដល់ថ្នាក់នេះ មែនឬ? គ្រាន់តែអនុវត្តឱ្យត្រឹមត្រូវតាមលក្ខន្តិកៈ ដែលថាជាច្បាប់កំពូលរបស់បក្សខ្លួន តើពិតជាពិបាកមែនឬ? តើអ្នកធំៗនៃបក្សព្រះអាទិត្យពិតជាមិនចេះច្បាប់ មិនយល់លក្ខន្តិកៈរបស់ខ្លួនមែនក៏អី? ហើយបក្សនេះ ពិតជាអន់ដល់ថ្នាក់រកអ្នកច្បាប់ដែលចេះលក្ខន្តិកៈដែលជាច្បាប់កំពូលរបស់បក្សខ្លួនឯងមិនមានមែនឬ? ឬទាំងនេះ គឺគ្រាន់តែជាល្បិចកលនយោបាយ ដើម្បីដើរតួជាជនរងគ្រោះទាក់ទាញសណ្តានចិត្តមហាជនឱ្យអាណិតអាសូរ ថា រាជការធ្វើបាបម្តងហើយម្តងទៀត ពិសេស នៅពេលរាជការអនុវត្តច្បាប់ ហើយរាជការថា បក្សនេះធ្វើខុសម្តងហើយ ខុសម្តងទៀតនោះ!!!??? ប៉ុន្តែ បើរាជការមិនអនុវត្តច្បាប់ តើចាំបាច់តម្រូវអោយយកលក្ខន្តិកៈទៅតម្កល់ទុកនៅក្នុងរាជការធ្វើអី? ហើយពាក្យថា នគរមានច្បាប់ គ្រួសារមានវិន័យ ក៏អស់ន័យ និងតំលៃនៅត្រឹមនេះផងដែរ។

ទីបំផុត ទើបយល់ច្បាស់! ពាក្យរបស់បក្សព្រះអាទិត្យដែលថា សមាជជាស្ថាប័នខ្ពស់ជាងគេរបស់បក្ស និងលក្ខន្តិកៈជាច្បាប់កំពូលរបស់បក្ស គឺគ្រាន់តែជាឡប់ឡែគ្មានន័យទាំងអស់! ព្រោះ ថ្នាក់ដឹកនាំបក្សមិនទាំងគោរព តើឱ្យអ្នកណាគោរព! ថ្នាក់ដឹកនាំបក្សព្រះអាទិត្យ គ្រាន់តែត្រូវការភាសាទាំងនេះ ដើម្បីធ្វើជាឡប់ឡែសង្កត់ថ្នាក់ក្រោមប៉ុណ្ណោះ ឱ្យនៅស្ងៀម និងធ្វើតាមខ្លួនប៉ុណ្ណោះ! យោបល់តូចមួយជូនបក្សព្រះអាទិត្យ គឺថា បើយកល្អ កុំសរសេរយកតែល្អមើលតាមបែបទ្រឹស្តីក្នុងលក្ខន្តិកៈដើម្បីបង្ហាញមហាជនថា ឯងមានគោលការណ៍ប្រជាធិបតេយ្យគ្រាន់បើ គួរសរសេរប្រមូលផ្តុំអំណាចប្រគល់ជូនប្រធានបក្ស ឬគណៈអចិន្រ្តៃយ៍បក្សទៅ ទើបវាមិនចេះខុស កុំសរសេរក្បាច់ក្បូរអីច្រើនពេកក្នុងលក្ខន្តិកៈ!

ដោយ៖ បក្សីចាំក្រុង

ស្រុកស្នួល ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៧





No comments:

Post a Comment