Wednesday, April 05, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ យើងមានរោងចក្រផលិតទឹកស្អាត តែយើងមិនភ្លេចទេអំពីការខ្វះខាតទឹកប្រើប្រាស់ក្នុងកំឡុងឆ្នាំ ១៩៧៩

នៅព្រឹកថ្ងៃទី០៥ ខែ មេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា យើងមានរោងចក្រផលិតទឹកស្អាត តែយើងមិនភ្លេចទេអំពីការខ្វះខាតទឹកប្រើប្រាស់ក្នុងកំឡុងឆ្នាំ ១៩៧៩។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ ដែលមានតម្លៃជាង ៦០លានដុល្លារ ស្ថិតនៅក្នុង ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃនេះយើងមានរោងចក្រផលិតទឹកស្អាតជាច្រើនដែលបានកើតឡើង តែយើងមិនភ្លេចទេអំពីការខ្វះខាតទឹកប្រើប្រាស់ក្នុងកំឡុងឆ្នាំ ១៩៧៩ ដោយកាលនោះយើងមិនមានប្រព័ន្ធទឹកស្អាតដូចសព្វថ្ងៃនេះទេ កុំថាឡើយទឹកម៉ាស៊ីនប្រើប្រាស់យើងគ្មានទេនៅក្នុងទីក្រុងភ្នំពេញ ព្រលឹមឡើងត្រូវទៅ​អូសទឹកពីទន្លេយកមកដើម្បីចាក់នៅក្នុងពាងទុកប្រើប្រាស់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញនេះផ្ទាល់ នៅក្នុងស​ម័យប្រល័យពូជសាសន៍ប៉ុល ពត គឺបានបំផ្លាញប្រព័ន្ធទឹកស្អាតអស់។ ពេលនេះក្នុងរាជធានីភ្នំពេញបានបង្កើតប្រព័ន្ធទឹកស្អាតគ្រប់ទីកន្លែងដើម្បីបម្រើដល់សេចក្តីត្រូវការទឹកស្អាតដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញមកទីនេះម្តងហើយកាលពីឆ្នាំ ២០០៣ ក្នុងការសម្ពោធរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធ ជំហានទី១ ហើយថ្ងៃនេះបានអញ្ជើញមកជាលើកទី២ ក្នុងការសម្ពោធរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ទៀត៕







No comments:

Post a Comment