Friday, December 08, 2017

(សូមទស្សនាវីដេអូ) លិខិតប្រជាជនកម្ពុជា៖ អាមេរិកប្រកាសសងសឹក​ម្តងទៀតដោយការ​រឹតត្បិតទិដ្ឋការ គឺមិនខុសពី​អាមេរិកទម្លាក់គ្រាប់​បែកពីលើក្បាល​សម្លាប់ប្រជាជនខ្មែរ ហើយឲ្យខ្មែរសង​ថ្លៃគ្រាប់បែកនោះទេ

សូមទស្សនាវីដេអូ ៖ តើប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ពិតជាស្លាប់មែនឫ បន្ទាប់ពីអតីត បក្សប្រឆាំង ត្រូវបានរំលាយ?

ទីភ្នាក់ងារសារព័ត៌មាន KCNA ៖ កូរ៉េខាងជើងនិយាយថា ការគំរាម​កំហែងរបស់​ អាមេរិកនឹង​ធ្វើឱ្យមាន​សង្រ្គាមមិនអាច​ចៀសផុតឡើយ​នៅឧបទ្វីបកូរ៉េ​

​​​​​​​​​​ក្រ​សួង​ការ​បរ​ទេស​កូរ៉េ​ខាង​ជើង​បាន​និយាយ​ថា សម​យុទ្ធ​យោ​ធា​ដ៏​ធំដែល​កំពុង​តែ​ធ្វើ​ឡើង​ដោយ​អា​មេ​រិក និង​កូរ៉េ​ខាង​ត្បូង​ ហើយ​ការ​គំរាម​កំហែង​របស់​អា​មេ​រិក​ចំពោះ​​សង្រ្គាម​ប្រ​ឆាំង​នឹង​ទី​ក្រុង​ព្យុង​យ៉ាងបាន​ធ្វើ​ឱ្យ​ផ្ទុះ​ឡើង​នូវ​សង្រ្គាម​នៅ​ឧប​ទ្វីប​កូរ៉េ​ គឺជា «​ការ​ពិត​មួយដែលត្រូវ​គេ​បង្កើត​ឡើង»។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរ​ទេស​កូរ៉េ​ខាង​ជើង​បាន​រិះ​គន់​ផង​ដែរ​ចំពោះ​សុន្ទ​រ​កថា​ដែល​បង្ក​ឱ្យ​មាន​សង្រ្គាម​ដោយ​មន្រ្តី​អា​មេ​រិក​ក្នុង​ការ​ជំរុញ​ឱ្យ​ឧ​ប​ទ្វីប​នេះ​ធ្លាក់​ចូល​ក្នុងមាត់​ជ្រោះ​នៃ​​សង្រ្គាម។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​និយាយ​កាល​ពី​ល្ងាច​​ថ្ងៃ​ពុធ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន KCNA ផ្លូវ​ការ​របស់​កូរ៉េ​ខាង​ជើង​ថា «​សំណួរ​ដែលត្រូវ​សួរ​នា​ពេល​នេះ​គឺ​ថា តើ​សង្រ្គាម​នឹង​ផ្ទុះ​ឡើង​នៅ​ពេល​ណា?» គាត់​បាន​បន្ត​ថា «​យើង​មិន​ចង់​ឱ្យ​មាន​សង្រ្គាម​ទេ ប៉ុន្តែ​យើងក៏​​មិ​ន​គួរ​លាក់​បាំង​វា​ដែរ»។

ភាព​តាន​តឹង​នៅ​ឧប​ទ្វីប​កូរ៉េ​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ បន្ទាប់​ពីការ​ធ្វើ​តេស្ត​នុយ​ក្លេ​អ៊ែរ និង​​មីស៊ីលនា​ពេល​ចុង​ក្រោយ​របស់​កូរ៉េ​ខាង​ជើង​ដែល​បាន​ធ្វើ​ឡើង​ផ្គើន​នឹង​សម្ពាធ​អន្តរ​ជាតិ និង​សេចក្តី​សម្រេច​របស់​អង្គ​ការ​សហ​ប្រ​ជាជាតិ។

កូរ៉េ​ខាង​ជើង​បាន​​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា ខ្លួន​បាន​ធ្វើ​តេស្ត​មី​ស៊ីល​បាញ់​ឆ្លង​ទ្វីប​ដ៏​ទំនើប​បំផុត​ ដែលមាន​សមត្ថ​ភាព​​អាច​ឈាន​ទៅ​ដល់​ទឹក​ដី​អា​មេ​រិក។

ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​នៅ​សេត​វិ​មាន​ លោក H.R. McMaster បាន​និយាយ​កាល​ពី​ចុង​សប្តាហ៍​ថា លទ្ធ​ភាព​នៃ​សង្រ្គាម​ជា​មួយ​កូរ៉េ​ខាង​ជើង​កំពុង​តែ​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។

សមា​ជិក​ព្រឹទ្ធ​សភាអា​មេ​រិក​​មក​ពី​គណ​បក្ស​សាធា​រណ​រដ្ឋ​ លោក ​Lindsey Graham កាល​ពី​ថ្ងៃ​អាទិត្យ​​បាន​ជំរុញ​ផង​ដែរ​ឱ្យ​មន្ទីរ​ Pentagon ចាប់​ផ្តើមឱ្យ​ក្រុម​គ្រួសារ​យោ​ធា​អា​មេ​រិក ដូច​ជា​ប្រ​ពន្ធ និង​កូនចាក​ចេញ​ពី​កូរ៉េ​ខាង​ត្បូង ដែល​គាត់​និយាយ​ថា ជម្លោះ​ជា​មួយ​នឹង​កូរ៉េ​ខាង​កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ។

កាល​ពី​ថ្ងៃ​ពុធ យន្ត​ហោះ​ទម្លាក់​គ្រាប់​បែកមួយ​គ្រឿង​​របស់​អា​មេ​រិក​ម៉ាក B-1B បាន​ចូល​រួម​នៅ​ក្នុង​សមយុទ្ធ​យោ​ធា​អា​មេ​រិក-កូរ៉េ​ខាង​ត្បូង​រួម​គ្នា​ ដែល​គេ​ហៅ​ថា «​Vigilant Ace» ហើយ​នឹង​បន្តរហូត​ដល់​ថ្ងៃ​សុក្រ។

កូរ៉េ​ខាង​ជើង​ដែល​តែង​តែ​គំរាម​កូរ៉េ​ខាង​ត្បូង អា​មេ​រិក និង​សម្ព័ន្ធមិត្ត​របស់​ពួក​គេ​នោះ បាន​ថ្កោល​ទោស​សមយុទ្ធ​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​ដែល​​ប្រើ​ឈ្មោះ​ផ្លូវ​ការ​របស់​កូរ៉េ​ខាង​ជើង​បាន​និយាយ​ថា «​នា​ពេល​ថ្មីៗ​នេះ ខណៈ​ដែល​អា​មេ​រិក​កំពុង​តែ​ធ្វើ​សម​យយុទ្ធ​រួម​គ្នា​ដ៏​ធំ​មួយ​ដែល​មិន​ធ្លាប់​មាន​នៅ​ឧប​ទ្វីប​កូរ៉េ​ដោយ​តម្រង់​ទិស​ដៅ​មក​លើ​សាធា​រណ​រដ្ឋ​ប្រ​ជា​មានិត​កូរ៉េនោះ អ្នក​នយោ​​បាយ​ជាន់​ខ្ពស់​របស់​ពួក​គេ​កំពុង​តែ​បង្ហាញ​សញ្ញាតាម​រយៈ​សុន្ទ​រ​កថា​បង្ក​សង្រ្គាម​ជា​បន្ត​បន្ទាប់​»។

គាត់​បាន​និយាយ​ថា «​សុន្ទ​រ​កថា​ដែល​បង្ក​ឱ្យ​មាន​សង្រ្គាម​ទាំង​នេះ​មិន​អាច​ត្រូវ​បាន​គេ​បក​ស្រាយ​តាម​វិធី​ផ្សេង​ទេ ប៉ុន្តែ​គឺ​បាន​ព្រ​មាន​យើង​ឱ្យ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​សង្រ្គាម​នៅ​ឧ​ប​ទ្វីប​កូរ៉េ»៕

ប្រភព: Reuters ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧

អារ៉ាប់ អឺរ៉ុប អង្គការសហប្រជាជាតិបដិសេធការទទួល​ស្គាល់របស់លោក​ Trump​ ថា ទីក្រុង​ហ៊្សេរុយសាឡិម​ជារដ្ឋធានី​អ៊ីស្រាអែល​

កាលពីថ្ងៃពុធ ប្រទេសអារ៉ាប់ និងជនមូស្លីមនៅទូទាំងមជ្ឈឹមបូព៌ាបានថ្កោលទោសការទទួលស្គាល់របស់អាមេរិកថា ទីក្រុងហ៊្សេរុយសាឡិមជារដ្ឋធានីរបស់អ៊ីស្រាអែល ជាការបញ្ឆេះធ្វើឱ្យស្ថានភាពនៅក្នុងតំបន់មិនឋិតថេរ ហើយជនប៉ាឡេស្ទីនបាននិយាយថា អាមេរិកកំពុងតែបោះ បង់តួនាទីនាំមុខរបស់ខ្លួនថា ជាអ្នកសម្របសម្រួលសន្តិភាព។

សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិបានបញ្ចេញនូវការមិនសប្បាយចិត្តចំពោះសេចក្តី សម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការរើទីតាំងស្ថានទូតអាមេរិកនៅអ៊ីស្រាអែលទៅដាក់នៅទីក្រុងហ៊េ្សរុយសាឡិម ហើយនិងផលប៉ះពាល់ណាមួយរបស់ខ្លួនទៅលើឱកាសធ្វើឱ្យរស់ឡើងវិញនូវការបង្កើតឱ្យមានសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

សម្ព័ន្ធមិត្តសំខាន់ៗរបស់អាមេរិកប្រឆាំងនឹងការផ្លាស់ប្តូរគោលជំហររបស់លោក Trump ទៅលើការងារដែលបានកើតឡើងអស់ជាច្រើនទសវត្សរ៍ នូវនយោបាយអន្តរជាតិរបស់អាមេរិក ចំពោះ ទីក្រុងហ៊េ្សរុយសាឡិម។

ប្រទេសបារាំងបានបដិសេធសេចក្តីសម្រេចចិត្តថា «ឯកតោភាគី» នេះ ខណៈដែលអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់នៅក្នុងតំបន់នេះ។ ចក្រភពអង់គ្លេសបាននិយាយថា ទង្វើនេះនឹងមិនជួយដល់ការខិតខំដើម្បីឱ្យមានសន្តិភាពទេ ហើយទីក្រុងហ៊្សេរុយសាឡិមនៅទីបញ្ចប់គួរតែចែករំលែកជាមួយអ៊ីស្រាអែល ហើយនិងអនាគតរដ្ឋប៉ាឡេស្ទីនមួយ។ អាល្លឺម៉ង់បាននិយាយថា ស្ថានភាពរបស់ទីក្រុងហ៊្សេរុយសាឡិមអាចត្រូវបានគេដោះស្រាយ ទៅតាមគោលការណ៍ដំណោះស្រាយរដ្ឋពីរតែប៉ុណ្ណោះ។

ផ្ទុយទៅវិញ អ៊ីស្រាអែលបានអបអរសាទរទៅនឹងជំហររបស់លោក Trump ។ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានថ្លែងនៅក្នុងសារវីដេអូដែលបានថតទុកជាមុនថា វាជា «ជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិភាព» ហើយវាក៏ជា «គោលដៅដំបូងបង្អស់របស់អ៊ីស្រាអែល» ផងដែរ។

គាត់បានបន្ថែមថា រាល់កិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយប៉ាឡេស្ទីននឹងត្រូវតែរាប់បញ្ចូលទីក្រុងរដ្ឋហ៊្សេរុយសាឡិមថា ជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយគាត់បានទាមទារបណ្តាប្រទេសផ្សេងទៀតដើម្បីធ្វើតាមគំរូរបស់លោក Trump ។

លោក Trump បានធ្វើឱ្យអាក់អន់ស្រពន់ចិត្តដល់នយោបាយអាមេរិកជាច្រើនទសវត្សរ៍នៅក្នុង ការតវ៉ានៃការព្រមានជុំវិញពិភពលោកថា ឥរិយាបថបែបនោះនឹងធ្វើឱ្យមានហានិភ័យនៃជម្លោះនៅមជ្ឈឹមបូព៌ាដែលបានឆាបឆេះរួចទៅហើយនោះ។

ស្ថានភាពនៃទីក្រុងហ៊្សេរុយសាឡិម ជាទីសក្ការៈសាសនាសម្រាប់ជនម៉ូស្លីម អ្នកដែលមានជំនឿកាន់សាសនាគ្រឹស្ត និងចេហ្វ។ នៅសង្គ្រាមឆ្នាំ១៩៦៧ អ៊ីស្រាអែលបានកាន់កាប់ប៉ែកខាងកើត ហើយផ្នែកនោះ មិនត្រូវបានទទួលស្គាល់ជាអន្តរជាតិឡើយ។ ប៉ាឡេស្ទីនបានអះអាងថា ប៉ែកខាងកើតនៃទីក្រុងហ៊្សេរុយសាឡិមនេះ គឺជារដ្ឋឯករាជ្យមួយដែលពួកគេកំពុងស្វែងរក។

អ៊ីស្រាអែលបានចាត់ទុកទីក្រុងហ៊្សេរុយសាឡិមជារាជធានីដែលមិនអាចបែងចែកបាន និងជាអមតៈ តាំងពីបុរាណកាលមកម្ល៉េះ ហើយស្ថានភាពនៅទីក្រុងហ៊្សេរុយសាឡិមនេះ គឺជាឧបសគ្គដ៏ចម្រូងចម្រាសបំផុតក្នុងការធ្វើឱ្យមានសន្តិភាពជាប់ឋិតថេររវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានថ្លែងនៅក្នុងសុន្ទរកថាថតទុកមួយ ថា ទីក្រុងហ៊្សេរុយសាឡិមគឺជារាជធានីអមតៈរបស់រដ្ឋប៉ាឡេស្ទីន ហើយនិយាយថា ទង្វើរបស់លោក Trump គឺស្មើទៅនឹងអាមេរិកបោះបង់ចោលនូវតួនាទីរបស់ខ្លួនជាអ្នកសម្របសម្រូលសន្តិភាព។

ការចរចាលើកក្រោយបង្អស់នៃការសម្របសម្រួលការចរចារបស់អាមេរិក ដែលបានបង្កើតឡើងនៅឆ្នាំ២០១៤ ទៅលើបញ្ហាទាំងអស់នេះ រាប់បញ្ចូលទាំងការពង្រីកការសង់លំនៅដ្ឋាននៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រងនៅ West Bank ហើយនិងការចោទប្រកាន់របស់អ៊ីស្រាអែលចំពោះការញុះញង់របស់ប៉ាឡេស្ទីន ដើម្បីប្រព្រឹត្តអំពើហិង្សា និងការបដិសេធចំពោះការទទួលស្គាល់តំបន់នោះថា ជារដ្ឋរបស់ជនជាតិចេហ្វ។

បាតុករបានផ្ទុះឡើងនៅក្នុងរាជធានី Amman នៃប្រទេសហ្ស៊កដានី ដែលមានជនភៀសខ្លួនប៉ាឡេស្ទីនរស់នៅ ហើយមានយុវជនក្មេងៗបានស្រែកដោយមានកាន់ពាក្យស្លោកប្រឆាំងសហរដ្ឋអាមេរិកផង។

តុលាការរបស់សូឌីបានចេញសេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសខ្លួនបានសោកស្តាយជាពន់ពេកចំពោះសេចក្តីសម្រេចចិត្តរបស់លោក Trump ហើយបានព្រមានអំពីផលវិបាកដ៏គ្រោះថ្នាក់ចំពោះការផ្លាស់ទីតាំងទូតអាមេរិកទៅកាន់ទីក្រុងហ៊្សេរុយសាឡិម។

សេចក្តីថ្លែងការណ៍នោះ ក៏បានពិពណ៌នាជំហររបស់អាមេរិកថា ជាការបោះជំហានថយក្រោយដ៏ធំនៅក្នុងការខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យដំណើរការសន្តិភាពឆ្ពោះទៅមុខ ហើយក៏បានទាមទារឱ្យរដ្ឋបាលអាមេរិកផ្លាស់ប្តូរនូវសេចក្តីសម្រេចរបស់ខ្លួន ព្រមទាំងប្រកាន់ភ្ជាប់នូវសុច្ឆន្ទៈជាអន្តរជាតិ។

អេហ្សីបដែលបានចុះកិច្ចព្រមព្រៀងសន្តិភាពអារ៉ាប់លើកដំបូងជាមួយអ៊ីស្រាអែល នៅឆ្នាំ១៩៧៩ បានទាត់ចោលសេចក្តីសម្រេចចិត្តរបស់លោក Trump ហើយបាននិយាយថា ខ្លួនមិនបានផ្លាស់ប្តូរគោលជំហរទៅលើស្ថានភាពផ្លូវច្បាប់នៃទឹកដីហ៊្សេរុយសាឡិម ដែលមានជម្លោះនោះទេ។

ប្រទេសហ៊្សកដានីបាននិយាយថា ទង្វើរបស់លោក Trump មានតម្លៃសូន្យនិយាយផ្នែកច្បាប់ ដោយសារតែខ្លួនពង្រឹងការគ្រប់គ្រងរបស់អ៊ីស្រាអែលទៅលើតំបន់ហ៊្សេរុយសាឡិមប៉ែកខាងកើត។

ប្រធានាធិបតីលីបង់បាននិយាយថា សេចក្តីសម្រេចចិត្តរបស់លោក Trump ក្នុងករណីហ៊្សេរុយសាឡិមនេះ ជាការគ្រោះថ្នាក់ និងគំរាមទៅដល់ការជឿទុកចិត្តបានរបស់អាមេរិកក្នុងឋានៈជា អ្នកសម្របសម្រួលឱ្យមានសន្តិភាពនៅមជ្ឈឹមបូព៌ា។

រដ្ឋមន្ត្រីការបរទេសកាតាឯណោះវិញ បាននិយាយថា សេចក្តីសម្រេចចិត្តរបស់លោក Trump គឺជាការដាក់ទោសប្រហារជីវិត សម្រាប់អ្នកទាំងឡាយណាដែលស្វែងរកសន្តិភាព ហើយបានហៅស្ថានភាពនេះថា ជាភាពអាក្រក់កាន់តែគ្រោះថ្នាក់ឡើង។

ប្រទេសតួកគីនិយាយថា ទង្វើរបស់លោក Trump គឺជាការមិនទទួលខុសត្រូវ។

នៅក្នុងការថ្កោលទោសដ៏ធ្ងន់ធ្ងររបស់អ៊ីរ៉ង់ចំពោះទង្វើរបស់លោក Trump ថា ជាការរំលោភទៅលើសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ស្តីពីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។

នៅក្នុងអាស៊ីអាគ្នេយ៍ឯណោះវិញ មេដឹកនាំឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបានបដិសេធទង្វើរបស់លោក Trump ។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ថា ស្ថានភាពនេះអាចធ្វើឱ្យរង្គោះរង្គើដល់ស្ថិរភាព និងសន្តិភាពពិភពលោក។

នាយករដ្ឋមន្ត្រីអង់គ្លេសមិនយល់ស្របទៅនឹងទង្វើរបស់លោក Trump ។

ប្រធានាធិបតីបារាំងនិយាយថា គាត់មិនគាំទ្រទង្វើឯកតោភាគីរបស់លោក Trump ឡើយ។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Anntonio Guterres និយាយថា មិនមានការផ្លាស់ប្តូរចំពោះដំណោះស្រាយរដ្ឋពីរ ហើយទីក្រុងហ៊្សេរុយសាឡិមមិនមែនជាចំណុចចុងក្រោយបង្អស់ដើម្បីធ្វើការដោះស្រាយ តាមរយៈការចរចាដោយត្រង់នោះទេ។

លោក Guterres បាននិយាយថា «ខ្ញុំបាននិយាយប្រកាន់គោលជំហរដដែលប្រឆាំងទៅនឹងវិធានការឯកតោភាគីណាមួយ ដែលធ្វើឱ្យគ្រោះថ្នាក់ដល់ផែនការសន្តិភាព សម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន។ ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងនៅក្នុងសិទ្ធិអំណាចរបស់ខ្ញុំ ដើម្បីគាំទ្រមេដឹកនាំប៉ាឡេស្ទីន និងអ៊ីស្រាអែលត្រឡប់ទៅរកការចារចាប្រកបដោយអត្ថន័យ»៕

ប្រភព : Reuters ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧

កាកបាទក្រហមខេត្តកំពង់ស្ពឺ នាំយកអំណោយ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៤៩គ្រួសារ

កំពង់ស្ពឺ ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកស្រី អោម ចន្នា នាយិកាសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤៩គ្រួសារ ស្ថិតនៅវត្តចំប៉ាចារ្យ ភូមិចំនួន១៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ។

ក្នុងឱកាសនោះដែរ លោកស្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែតែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឫនិន្នាការនយោបាយអ្វីឡើយ។

សូមជម្រាផងដែរថា អំណោយដែលបានផ្តល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ ទឹកដោះគោ ១កំប៉ុង នំធុង ១ធុង និងថវិកាចំនួន ២០,០០០រៀលផងដែរ៕




អាជ្ញាធរជាតិអប្សរាជម្រុញទីផ្សារកសិផលអ្នកស្រុកអង្គរតាមរយ:កម្មវិធីតាំងបង្ហាញផលិតផលបន្លែ ផ្លែឈើកម្ពុជាលើកទី១០នៅទីក្រុងសៀមរាប

កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧កន្លងមកនេះ ស្ពៃ ប៉េងប៉ោះ ត្រកូន ននោង ត្រឡាច សណ្តែកកួរ ត្រសក់ ត្រប់ និងកូនរុក្ខជាតិពូជជាច្រើន ត្រូវបានតាំងលក់យ៉ាងស្អេកស្កះនៅក្នុងស្តង់របស់អាជ្ញាធរជាតិអប្សរាក្នុងពិព័រណ៍ផលិតផលបន្លែ ផ្លែឈើកម្ពុជាលើកទី១០ ។
លោក ឡាច មយូរ៉ា បុគ្គលិកអាជ្ញាធរជាតិអប្សរា ជាប្រធានក្រុមកសិកម្មក្នុងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍និងបេតិកភណ្ឌអង្គរ (ACHA) សហការជាមួយប្រទេសញូវហ្សេឡែន បានឱ្យដឹងថា នេះជាលើកទី១ដែលកសិផលរបស់កសិករក្នុងតំបន់អង្គរបានយកបន្លែរបស់ខ្លួនមកលក់ក្នុងពិព័រណ៌ថ្នាក់ជាតិលើកទី១០នេះ ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើន។
លោក មយូរ៉ា បន្តទៀតថា ការលក់ក្នុងរយៈពេល៥ថ្ងៃនេះ ជាឱកាសល្អសម្រាប់ប្រជាកសិករដែលបានទាំងលុយកាក់និងបានផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន ពិសេសគាត់បានដឹងពីទីផ្សារថាលក់អ្វីដាច់ របស់អ្វីដែលគាត់គួរដាំ រួមទាំងបានស្គាល់ពីដៃគូផ្គត់ផ្គង់ផ្សេងៗទាក់ទងនឹងកសិកម្មផងដែរ។ ទាក់ទងនឹងការដាំដុះនេះ គម្រោង ACHA បានយកចិត្តទុកដាក់ជួយបណ្តុះបណ្តាលកសិករពីរបៀបដាំដុះ ការប្រើប្រាស់ជី ការជ្រើសរើសពូជ របៀបនៃការប្រមូលផល និងសហការជាមួយអង្គរការផ្សេងៗដើម្បីធ្វើយ៉ាងណាឱ្យជីវភាពប្រជាជនមានភាពរីកចម្រើនលើផ្នែកកសិកម្ម។ បច្ចុប្បន្នមាន១៥គ្រួសារមកពី៤តំបន់ គឺក្របីរៀល ដូនកែវ ចៅស្រីវិបុល និងព្រះដាក់បានទទួលជោគជ័យលើការដាំដុះ ហើយអាចផ្គត់ផ្គង់ផលិតផលទាំងនោះដល់ទីផ្សារ។ ក្នុងនោះ គម្រោង ACHA ទៅអនាគតនឹងជួយប្រជាកសិកក្នុងការផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សារឱ្យបានជារៀងរាល់ថ្ងៃ។
លោក ឡុង អ៊ាន មកពីភូមិអូរទទឹង ភូមិព្រះដាក់ ស្រុកបន្ទាយស្រី ជាកសិករមួយរូបដែលបានទទួលជោគជ័យលើការដាំដុះបានលើកឡើងថា ក្នុងដំណាក់ដំាំបន្លែដែលពិបាកបំផុតគឺការថែទាំកូន តែដោយបានការបណ្តុះបណ្តាលពីគម្រោងACHA លោកពូក៏ទទួលបានលទ្ធផលល្អប្រសើរអាចមានបន្លែសម្រាប់ហូបចុកគ្រប់គ្រាន់ និងអាចយកមកលក់នៅលើទីផ្សារបានទៀត។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់គម្រោងACHA ដែលបានជួយផ្តល់ជាសម្ភារៈនិងបច្ចេកទេសក្នុងការដាំដុះ ឱ្យទទួលបានផលជាទីគាប់ចិត្ត ពិសេសធ្វើឱ្យលោកពូកាន់តែចង់ដាំ ព្រោះជាបានជួយលើកកម្ពស់ជីវភាពរស់នៅបានល្អជាងមុន៕


មន្ទីរសុខាភិបាល​ខេត្តព្រះវិហារ​ រៀបចំពិធី​អបអរសាទរ​ទិវាពិភពលោក​ប្រយុទ្ធនឹង​ជំងឺអេដស៍​

ព្រះវិហារ៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ មន្ទីរសុខាភិបាលខេត្តព្រះវិហារ សហការណ៍ជាមួយអង្គការដៃគូរអភិវឌ្ឍន៍ បានរៀបចំពិធីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៧ ក្រោមប្រធានបទ “កម្ពុជាប្តេជ្ញាឆ្ពោះទៅសម្រេចបាននូវគោលដៅសូន្យបី និង៩៥.៩៥.៩៥ នៅឆ្នាំ២០២៥”។

ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក សុខ ហៃ អភិបាលរងខេត្តព្រះវិហារ ព្រមទាំងកងកំលាំងទាំងបី និងមន្ទីរអង្គភាពជុំវិញខេត្ត ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋចំនួន ៥០០នាក់ នៅពហុកីឡាដ្ឋានខេត្តព្រះវិហារ៕





សត្វអង្កត់ខ្មៅចំនួន០៣ក្បាល ញាស់នៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព

ព្រះវិហារ៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុក​​អង្គការ WCS Cambodia បានឱ្យដឹងថា កូន​សត្វអង្កត់ខ្មៅចំនួន០៣ក្បាលបានញាស់​នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព នៃតំបន់ខ្ពង់​រាបភាគខាងជើងប្រទេសកម្ពុជា ដែលផ្តល់ជាក្តីសង្ឃឹមដល់ អនាគតនៃការអភិរក្សប្រភេទសត្វដ៏កម្រមួយនេះ។ អង្កត់ខ្មៅ ឬដំបងក្រញូង គឺជាសត្វស្លាបដ៏កម្រមួយប្រភេទនៅក្នុង តំបន់អាស៊ី និងស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទ ជិតរងគ្រោះជាសាកល។ តាមការប៉ាន់ប្រមាណ អង្កត់ខ្មៅនៅលើសាកល លោកមានចំនួនចន្លោះ ១៥.០០០ក្បាល ទៅ ៣៥.០០០ក្បាល ហើយ ភាគច្រើននៃចំនួនទាំងអស់នោះមានរស់នៅក្នុងប្រទេសអូស្ត្រាលី។ សត្វអង្កត់ខ្មៅចំនួនតិចជាង១០គូរប៉ុណ្ណោះ កំពុងរស់នៅក្នុងកម្ពុជា ដែលជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគេតែងតែ អង្កេតឃើញមានវត្តមានសត្វស្លាបដ៏កម្រមួយនេះ។

លោក យឿន យឺប ដែលជាអ្នករកឃើញសំបុក ហើយត្រូវបានអង្គការ WCS ជួលឲ្យយាមសំបុកសត្វអង្កត់ខ្មៅនេះ បាននិយាយថា៖ “ខ្ញុំពិត ជាសប្បាយចិត្តខ្លាំងណាស់ដែលបានឃើញកូនសត្វអង្កត់ខ្មៅទាំង០៣ក្បាលនេះ ពីព្រោះពួកវាគឺជាប្រភេទសត្វស្លាបកម្រ ហើយយើងមិនសូវប្រទៈ ឃើញពួកវានៅក្នុងព្រៃឡើយ។ ខ្ញុំបានសម្រេចការងារយាមសំបុកនេះ ហើយសង្ឃឹមថាអ្នកផ្សេងទៀតនឹងជួយអភិរក្សពួកវាឲ្យនៅគង់វង្ស។”

កម្មវិធីការពារសំបុកសត្វស្លាបនៅក្នុងតំបន់ខ្ពង់រាបភាគខាងជើងប្រទេស កម្ពុជា ត្រូវបានរៀបបង្កើតឡើងដើម្បីទប់ស្កាត់ការប្រមូលយកពង និង កូនសត្វស្លាបសំខាន់ៗ។ តាមរយៈកម្មវិធីនេះ ប្រជាជនរស់នៅក្នុង ដែនជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វគូលែន ព្រហ្មទេពដែល ជាធ្លាប់តែប្រមូលយកពងកូនសត្វស្លាប ទទួលបានប្រាក់លើកទឹកចិត្ត ប្រសិនបើពួកគាត់ចូលរួមថែរក្សា និងការពារសំបុកពងកូនរបស់ សត្វស្លាបសំខាន់ៗរហូតដល់កូនវាញាស់ និងហើរចេញពីសំបុក។លោក រស់ វ៉ាន់ ប្រធានក្រុមស្រាវជ្រាវប្រចាំដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព នៃក្រសួងបរិស្ថាន និងអង្គការ WCS បាននិយាយថា អង្កត់ខ្មៅគឺជាប្រភេទដ៏កម្រនៅក្នុងប្រទេសកម្ពុជា។ ពួកវាមាន រប៉ាយនៅច្រើនទីកន្លែង ប៉ុន្តែចំនួនរបស់ពួកវាមានតិចតួចណាស់។ ប្រសិនបើយើងមិនអភិរក្ស ពួកវានឹងផុតពូជនៅក្នុងពេលខាងមុខដ៏ខ្លី។

តំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា រួមមានដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ដែនជម្រកសត្វព្រៃ ឆែប និងដែនជម្រកសត្វព្រៃព្រះរកា។ អង្គការ WCS សហការជាមួយក្រសួងបរិស្ថាន បង់ប្រាក់ឲ្យសមាជិក សហគមន៍ដើម្បីការពារសំបុកសត្វស្លាបសំខាន់ៗដែលងាយរងការគំរាម កំហែងពីការប្រមូលយកពងកូន និងសត្វដ៏ទៃស៊ីពងវាជាអាហារ។ តាមរយៈកម្មវិធីនេះ ប្រជាសហគមន៍ដែលធ្លាប់តែប្រមូលយកពងកូន សត្វស្លាប បានក្លាយខ្លួនទៅជាអ្នកថែរក្សា និងការពារសត្វស្លាបដ៏ស្រស់ ស្អាតទាំងអស់នោះវិញ ដូចជាសត្វអង្កត់ខ្មៅនេះជាដើម។

លោក សុង ច័ន្ទសុជាតិ អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បាននិយាយ ថា តំបន់ខ្ពង់រាបភាគខាង ជើងប្រទេសកម្ពុជា គាំទ្រដល់ការរស់នៅរបស់ ថនិកសត្វប្រភេទរងគ្រោះជាសាកលចំនួន៥៧ប្រភេទ និងសត្វស្លាបចំនួន ៣០០ប្រភេទ។ ការថែរក្សា និងការការពារតំបន់នេះ ពិតជាចាំបាច់ខ្លាំង ណាស់ដើម្បីធានាដល់ការពងកូន និងការរស់រាននៃសត្វព្រៃសំខាន់ៗ។ សូមចូលរួមថែរក្សា និងការពារសត្វព្រៃនៅកម្ពុជាដោយបញ្ឈប់ការទិញ ឬបរិភោគសាច់សត្វព្រៃជាដើម។

សូមជម្រាផងដែរថា កម្មវិធីការពារសំបុកសត្វស្លាបតំបន់ខ្ពង់រាបភាគខាងជើងទទួលបានការគាំទ្រពីមជ្ឈមណ្ឌល សំ វាសនា, សហភាពអឺរ៉ុប, Agence Française de Développement និង Margaret A. Cargill Philanthropies៕



អតីតប្រធានាធិបតីអាហ្សង់ទីន «លោកស្រី Fernadez ត្រូវប៉ូលិសចាប់ខ្លួន» ពាក់ព័ន្ធអំពើក្បត់ជាតិ

អតីតប្រធានាធិបតីអាហ្សង់ទីន លោកស្រី គ្រីស្ទីណា ហ្វែណាន់ដែស (Cristina Fernadez de Kirchner) ត្រូវបានចៅក្រមម្នាក់បញ្ជាឲ្យធ្វើការចាប់ខ្លួន ក្រោមការចោទប្រកាន់ដោយគ្មានភស្តុតាងថា លោកស្រីបានលាក់បាំងករណីមានជាក់ពាក់ព័ន្ធរបស់ប្រទេសអ៊ីរ៉ង់ នៅក្នុងសោកនាដកម្មបំផ្ទុះគ្រាប់បែក កាលពីឆ្នាំ១៩៩៤ ដែលបានផ្តាច់យកជីវិតមនុស្សចំនួន៨៥នាក់ នៅមជ្ឈមណ្ឌលសហគមន៍ជនជាតិជ្វីបមួយកន្លែង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Aljazeera នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧។
ចៅក្រមអាហ្សង់ទីនដ៏មានឥទ្ធិពលម្នាក់គឺ លោក កាឡូស បូណាឌីយ៉ូ (Carlos Bonadio) នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអះអាងថា លោកស្រី Kirchner ដែលបានដឹកនាំប្រទេសនៅតំបន់អាមេរិកខាងត្បូងនេះ កាលពីចន្លោះឆ្នាំ២០០៧ និង២០១៥នោះ ត្រូវតែស្ថិតក្រោមការឃុំឃាំងជាបណ្តោះអាសន្ន មុនពេលមានការជំនុំជម្រះក្តីនៅតុលាការ និងត្រូវដកអភ័យឯកសិទ្ធិចោលថែមទៀត។ ជាមួយគ្នានេះ សេចក្តីបង្គាប់របស់ចៅក្រមខាងលើ ក៏បានអំពាវនាវឲ្យមានការចាប់ខ្លួន លោក ហិចធើ ធីមើម៉ាន់ (Hector Timerman) ដែលជាអតីតរដ្ឋមន្រ្តីការបរទេសអាហ្សង់ទីន ព្រមទាំងមន្រ្តីមួយចំនួនផ្សេងទៀតផងដែរ ដែលធ្លាប់បម្រើការនៅក្នុងរដ្ឋបាលទាំង២អាណត្តិ របស់លោកស្រី Kirchner។

សូមជម្រាបផងដែរថា លោកស្រី Cristina Kirchner បានរងការចោទប្រកាន់ពីបទក្បត់ជាតិ និងធ្វើអន្តរាគមន៍ ក្នុងការស៊ើបអង្កេតទៅលើករណីបំផ្ទុះគ្រាប់បែកកាលពីឆ្នាំ១៩៩៤ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋាភិបាលអាហ្សង់ទីន និងរដ្ឋាភិបាលអ៊ីរ៉ង់។ ការចុះកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១២នេះ បានអនុញ្ញាតឲ្យបណ្តាមន្រ្តីអ៊ីរ៉ង់ ដែលជាប់សង្ស័យថានៅពីក្រោយខ្នង ការវាយប្រហារទៅលើមជ្ឈមណ្ឌលសហគមន៍ជនជាតិជ្វីប AMIA ដែលបានសម្លាប់មនុស្ស៨៥នាក់ និងបង្ករបួស៣០០នាក់ ស្ថិតក្រោមការស៊ើបអង្កេតនៅក្នុងប្រទេសរបស់ពួកគេ ជាជាងនៅក្នុងប្រទេសអាហ្សង់ទីន ដែលជាទីកើតហេតុ៕