Friday, December 08, 2017

អារ៉ាប់ អឺរ៉ុប អង្គការសហប្រជាជាតិបដិសេធការទទួល​ស្គាល់របស់លោក​ Trump​ ថា ទីក្រុង​ហ៊្សេរុយសាឡិម​ជារដ្ឋធានី​អ៊ីស្រាអែល​

កាលពីថ្ងៃពុធ ប្រទេសអារ៉ាប់ និងជនមូស្លីមនៅទូទាំងមជ្ឈឹមបូព៌ាបានថ្កោលទោសការទទួលស្គាល់របស់អាមេរិកថា ទីក្រុងហ៊្សេរុយសាឡិមជារដ្ឋធានីរបស់អ៊ីស្រាអែល ជាការបញ្ឆេះធ្វើឱ្យស្ថានភាពនៅក្នុងតំបន់មិនឋិតថេរ ហើយជនប៉ាឡេស្ទីនបាននិយាយថា អាមេរិកកំពុងតែបោះ បង់តួនាទីនាំមុខរបស់ខ្លួនថា ជាអ្នកសម្របសម្រួលសន្តិភាព។

សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិបានបញ្ចេញនូវការមិនសប្បាយចិត្តចំពោះសេចក្តី សម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការរើទីតាំងស្ថានទូតអាមេរិកនៅអ៊ីស្រាអែលទៅដាក់នៅទីក្រុងហ៊េ្សរុយសាឡិម ហើយនិងផលប៉ះពាល់ណាមួយរបស់ខ្លួនទៅលើឱកាសធ្វើឱ្យរស់ឡើងវិញនូវការបង្កើតឱ្យមានសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

សម្ព័ន្ធមិត្តសំខាន់ៗរបស់អាមេរិកប្រឆាំងនឹងការផ្លាស់ប្តូរគោលជំហររបស់លោក Trump ទៅលើការងារដែលបានកើតឡើងអស់ជាច្រើនទសវត្សរ៍ នូវនយោបាយអន្តរជាតិរបស់អាមេរិក ចំពោះ ទីក្រុងហ៊េ្សរុយសាឡិម។

ប្រទេសបារាំងបានបដិសេធសេចក្តីសម្រេចចិត្តថា «ឯកតោភាគី» នេះ ខណៈដែលអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់នៅក្នុងតំបន់នេះ។ ចក្រភពអង់គ្លេសបាននិយាយថា ទង្វើនេះនឹងមិនជួយដល់ការខិតខំដើម្បីឱ្យមានសន្តិភាពទេ ហើយទីក្រុងហ៊្សេរុយសាឡិមនៅទីបញ្ចប់គួរតែចែករំលែកជាមួយអ៊ីស្រាអែល ហើយនិងអនាគតរដ្ឋប៉ាឡេស្ទីនមួយ។ អាល្លឺម៉ង់បាននិយាយថា ស្ថានភាពរបស់ទីក្រុងហ៊្សេរុយសាឡិមអាចត្រូវបានគេដោះស្រាយ ទៅតាមគោលការណ៍ដំណោះស្រាយរដ្ឋពីរតែប៉ុណ្ណោះ។

ផ្ទុយទៅវិញ អ៊ីស្រាអែលបានអបអរសាទរទៅនឹងជំហររបស់លោក Trump ។ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានថ្លែងនៅក្នុងសារវីដេអូដែលបានថតទុកជាមុនថា វាជា «ជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិភាព» ហើយវាក៏ជា «គោលដៅដំបូងបង្អស់របស់អ៊ីស្រាអែល» ផងដែរ។

គាត់បានបន្ថែមថា រាល់កិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយប៉ាឡេស្ទីននឹងត្រូវតែរាប់បញ្ចូលទីក្រុងរដ្ឋហ៊្សេរុយសាឡិមថា ជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយគាត់បានទាមទារបណ្តាប្រទេសផ្សេងទៀតដើម្បីធ្វើតាមគំរូរបស់លោក Trump ។

លោក Trump បានធ្វើឱ្យអាក់អន់ស្រពន់ចិត្តដល់នយោបាយអាមេរិកជាច្រើនទសវត្សរ៍នៅក្នុង ការតវ៉ានៃការព្រមានជុំវិញពិភពលោកថា ឥរិយាបថបែបនោះនឹងធ្វើឱ្យមានហានិភ័យនៃជម្លោះនៅមជ្ឈឹមបូព៌ាដែលបានឆាបឆេះរួចទៅហើយនោះ។

ស្ថានភាពនៃទីក្រុងហ៊្សេរុយសាឡិម ជាទីសក្ការៈសាសនាសម្រាប់ជនម៉ូស្លីម អ្នកដែលមានជំនឿកាន់សាសនាគ្រឹស្ត និងចេហ្វ។ នៅសង្គ្រាមឆ្នាំ១៩៦៧ អ៊ីស្រាអែលបានកាន់កាប់ប៉ែកខាងកើត ហើយផ្នែកនោះ មិនត្រូវបានទទួលស្គាល់ជាអន្តរជាតិឡើយ។ ប៉ាឡេស្ទីនបានអះអាងថា ប៉ែកខាងកើតនៃទីក្រុងហ៊្សេរុយសាឡិមនេះ គឺជារដ្ឋឯករាជ្យមួយដែលពួកគេកំពុងស្វែងរក។

អ៊ីស្រាអែលបានចាត់ទុកទីក្រុងហ៊្សេរុយសាឡិមជារាជធានីដែលមិនអាចបែងចែកបាន និងជាអមតៈ តាំងពីបុរាណកាលមកម្ល៉េះ ហើយស្ថានភាពនៅទីក្រុងហ៊្សេរុយសាឡិមនេះ គឺជាឧបសគ្គដ៏ចម្រូងចម្រាសបំផុតក្នុងការធ្វើឱ្យមានសន្តិភាពជាប់ឋិតថេររវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានថ្លែងនៅក្នុងសុន្ទរកថាថតទុកមួយ ថា ទីក្រុងហ៊្សេរុយសាឡិមគឺជារាជធានីអមតៈរបស់រដ្ឋប៉ាឡេស្ទីន ហើយនិយាយថា ទង្វើរបស់លោក Trump គឺស្មើទៅនឹងអាមេរិកបោះបង់ចោលនូវតួនាទីរបស់ខ្លួនជាអ្នកសម្របសម្រូលសន្តិភាព។

ការចរចាលើកក្រោយបង្អស់នៃការសម្របសម្រួលការចរចារបស់អាមេរិក ដែលបានបង្កើតឡើងនៅឆ្នាំ២០១៤ ទៅលើបញ្ហាទាំងអស់នេះ រាប់បញ្ចូលទាំងការពង្រីកការសង់លំនៅដ្ឋាននៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រងនៅ West Bank ហើយនិងការចោទប្រកាន់របស់អ៊ីស្រាអែលចំពោះការញុះញង់របស់ប៉ាឡេស្ទីន ដើម្បីប្រព្រឹត្តអំពើហិង្សា និងការបដិសេធចំពោះការទទួលស្គាល់តំបន់នោះថា ជារដ្ឋរបស់ជនជាតិចេហ្វ។

បាតុករបានផ្ទុះឡើងនៅក្នុងរាជធានី Amman នៃប្រទេសហ្ស៊កដានី ដែលមានជនភៀសខ្លួនប៉ាឡេស្ទីនរស់នៅ ហើយមានយុវជនក្មេងៗបានស្រែកដោយមានកាន់ពាក្យស្លោកប្រឆាំងសហរដ្ឋអាមេរិកផង។

តុលាការរបស់សូឌីបានចេញសេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសខ្លួនបានសោកស្តាយជាពន់ពេកចំពោះសេចក្តីសម្រេចចិត្តរបស់លោក Trump ហើយបានព្រមានអំពីផលវិបាកដ៏គ្រោះថ្នាក់ចំពោះការផ្លាស់ទីតាំងទូតអាមេរិកទៅកាន់ទីក្រុងហ៊្សេរុយសាឡិម។

សេចក្តីថ្លែងការណ៍នោះ ក៏បានពិពណ៌នាជំហររបស់អាមេរិកថា ជាការបោះជំហានថយក្រោយដ៏ធំនៅក្នុងការខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យដំណើរការសន្តិភាពឆ្ពោះទៅមុខ ហើយក៏បានទាមទារឱ្យរដ្ឋបាលអាមេរិកផ្លាស់ប្តូរនូវសេចក្តីសម្រេចរបស់ខ្លួន ព្រមទាំងប្រកាន់ភ្ជាប់នូវសុច្ឆន្ទៈជាអន្តរជាតិ។

អេហ្សីបដែលបានចុះកិច្ចព្រមព្រៀងសន្តិភាពអារ៉ាប់លើកដំបូងជាមួយអ៊ីស្រាអែល នៅឆ្នាំ១៩៧៩ បានទាត់ចោលសេចក្តីសម្រេចចិត្តរបស់លោក Trump ហើយបាននិយាយថា ខ្លួនមិនបានផ្លាស់ប្តូរគោលជំហរទៅលើស្ថានភាពផ្លូវច្បាប់នៃទឹកដីហ៊្សេរុយសាឡិម ដែលមានជម្លោះនោះទេ។

ប្រទេសហ៊្សកដានីបាននិយាយថា ទង្វើរបស់លោក Trump មានតម្លៃសូន្យនិយាយផ្នែកច្បាប់ ដោយសារតែខ្លួនពង្រឹងការគ្រប់គ្រងរបស់អ៊ីស្រាអែលទៅលើតំបន់ហ៊្សេរុយសាឡិមប៉ែកខាងកើត។

ប្រធានាធិបតីលីបង់បាននិយាយថា សេចក្តីសម្រេចចិត្តរបស់លោក Trump ក្នុងករណីហ៊្សេរុយសាឡិមនេះ ជាការគ្រោះថ្នាក់ និងគំរាមទៅដល់ការជឿទុកចិត្តបានរបស់អាមេរិកក្នុងឋានៈជា អ្នកសម្របសម្រួលឱ្យមានសន្តិភាពនៅមជ្ឈឹមបូព៌ា។

រដ្ឋមន្ត្រីការបរទេសកាតាឯណោះវិញ បាននិយាយថា សេចក្តីសម្រេចចិត្តរបស់លោក Trump គឺជាការដាក់ទោសប្រហារជីវិត សម្រាប់អ្នកទាំងឡាយណាដែលស្វែងរកសន្តិភាព ហើយបានហៅស្ថានភាពនេះថា ជាភាពអាក្រក់កាន់តែគ្រោះថ្នាក់ឡើង។

ប្រទេសតួកគីនិយាយថា ទង្វើរបស់លោក Trump គឺជាការមិនទទួលខុសត្រូវ។

នៅក្នុងការថ្កោលទោសដ៏ធ្ងន់ធ្ងររបស់អ៊ីរ៉ង់ចំពោះទង្វើរបស់លោក Trump ថា ជាការរំលោភទៅលើសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ស្តីពីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។

នៅក្នុងអាស៊ីអាគ្នេយ៍ឯណោះវិញ មេដឹកនាំឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបានបដិសេធទង្វើរបស់លោក Trump ។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ថា ស្ថានភាពនេះអាចធ្វើឱ្យរង្គោះរង្គើដល់ស្ថិរភាព និងសន្តិភាពពិភពលោក។

នាយករដ្ឋមន្ត្រីអង់គ្លេសមិនយល់ស្របទៅនឹងទង្វើរបស់លោក Trump ។

ប្រធានាធិបតីបារាំងនិយាយថា គាត់មិនគាំទ្រទង្វើឯកតោភាគីរបស់លោក Trump ឡើយ។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Anntonio Guterres និយាយថា មិនមានការផ្លាស់ប្តូរចំពោះដំណោះស្រាយរដ្ឋពីរ ហើយទីក្រុងហ៊្សេរុយសាឡិមមិនមែនជាចំណុចចុងក្រោយបង្អស់ដើម្បីធ្វើការដោះស្រាយ តាមរយៈការចរចាដោយត្រង់នោះទេ។

លោក Guterres បាននិយាយថា «ខ្ញុំបាននិយាយប្រកាន់គោលជំហរដដែលប្រឆាំងទៅនឹងវិធានការឯកតោភាគីណាមួយ ដែលធ្វើឱ្យគ្រោះថ្នាក់ដល់ផែនការសន្តិភាព សម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន។ ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងនៅក្នុងសិទ្ធិអំណាចរបស់ខ្ញុំ ដើម្បីគាំទ្រមេដឹកនាំប៉ាឡេស្ទីន និងអ៊ីស្រាអែលត្រឡប់ទៅរកការចារចាប្រកបដោយអត្ថន័យ»៕

ប្រភព : Reuters ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧

No comments:

Post a Comment