Tuesday, November 28, 2017

លោក ឈួរ ច័ន្ទឌឿន និង លោកស្រីព្រមទាំងសហការីបានអញ្ជើញសាកសួរសុខទុក្ខលោក ម៉ម ឈឿម កំពុងសំរាកព្យាបាលជំងឺ

កំពង់ឆ្នាំង៖ នៅថៃ្ងទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនិងលោកស្រី រួមដំណើរដោយលោកហ៊ី ណាតអភិបាលរងខេត្ត លោក អ៊ុនសំអុលទីប្រឹក្សាក្រសួងមហាផ្ទៃនិងសហការីបានអញ្ជើញសាកសួរសុខទុក្ខ លោក ម៉ម ឈឿមប្រធានមន្ទីរព័ត៌មានខេត្តកំពុងដេកសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ។
លោក ឈួរ ច័ន្ទឌឿន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន និងលោក គង់ សំអុល ឧបនាយករដ្ឋមន្រ្តីកន្លងមកលោកតែងតែគិតគូរ និងយកចិត្តទុកដាក់ពីសុខទុក្ខមន្រ្តីរាជការមិនដែលបោះបង់ចោលម្តងណាឡើយ។
លោក ឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើដល់លោក ម៉ម ឈឿម អោយខិតខំថែទាំសុខភាព និងអនុវត្តការព្យាបាលអោយជាប់ជាប្រចាំ តាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យដើម្បីឆាប់ជាជួយថែរក្សាកូនចៅបានរៀនសូត្រនិងបានចូលបំពេញការងារដូចធម្មតាវិញ ។
ក្នុងឱកាសនោះលោក ឈួរ ច័ន្ទឌឿន ក៏បានឧបត្ថម្ភថវិកាចំនួន៣.៥០០.០០០រៀលដល់លោក ម៉ម ឈឿម សំរាប់ព្យាបាលជំងឺផងដែរ៕




ក្រុមតំណាងរាស្រ្តថ្មីទាំង៤៤រូប កំពុងចូលស្បថនៅព្រះបរមរាជវាំង ក្រោយប្រកាសសុពលភាព

នៅវេលាម៉ោងជាង ៣:៣០នាទីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រុមតំណាងរាស្រ្តថ្មីទាំង៤៤រូប ដែលមកពីគណបក្សនយោបាយ ចំនួន៣ បាននិងកំពុងចូលស្បថ នៅព្រះបរមរាជវាំង ក្រោយពេលដែល ពួកគាត់ ត្រូវបានប្រកាសសុពលភាពនៅរដ្ឋសភា។ តំណាងរាស្រ្តថ្មីទាំង៤៤រូបនោះ រួមមាន៤១រូប មកពីគណ បក្សហ៊្វុនស៊ិនប៉ិច ២រូប មកពីគណបក្សសញ្ជាតិកម្ពុជា និង១រូបទៀតមកពីគណបក្សខ្មែរ អភិវឌ្ឍសេដ្ឋកិច្ច ៕




កម្ពុជា-ជប៉ុនពិភាក្សាអំពីគម្រោងបណ្តុះបណ្តាលបច្ចេកទេសមេកានិករថយន្តនៅកម្ពុជា

នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ពេជ សោភ័ន រួមនិងមន្ត្រីថ្នាក់ដឹកនាំវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយក្រុមប្រតិភូជប៉ុនដែលមកពីក្រុមហ៊ុន The ReNet Japan ។
កិច្ចពិភាក្សាការងារនាឱកាសនោះគឺដើម្បីពិភាក្សាអំពីគម្រោងបណ្តុះបណ្តាលបច្ចេកទេសមេកានិករថយន្តនៅកម្ពុជា ព្រមទាំងនីតិវិធីនៃការរៀបចំនិងដំណើរការនៃការចុះអនុស្សរណៈយោគយល់លើគម្រោងបណ្តុះបណ្តាលនេះផងដែរ៕





ក្រសួងការងារចុះ MoU ស្តីពីការប្រគល់ និងទទួលជំនួយសម្ភារៈបច្ចេកទេសដែលមានទំហំទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារ

លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) សហការជាមួយក្រុមហ៊ុនយ៉ាឡុង នៃសាធារណរដ្ឋប្រជាមានិតចិន លើការប្រគល់ និងទទួលជំនួយសម្ភារៈបច្ចេកទេសជាច្រើនគ្រឿងសម្រាប់ប្រើប្រាស់ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់សិក្ខាកាមដែលសិក្សាក្នុងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋទាំង ៧កន្លែង ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក ពេជ សោភ័ន លោកស្រី Zhang Jing តំណាងមជ្ឈមណ្ឌលអាស៊ាន-ចិន និងលោកស្រី Zhu Zhiyan តំណាងក្រុមហ៊ុនយ៉ាឡុង នៅទីស្ដីការក្រសួងការងារ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក ពេជ សោភ័ន បានមានប្រសាសន៍លើកឡើងថា សម្ភារៈបច្ចេកទេសទាំងនេះ ភាគីចិននឹងបញ្ជូនមកដល់កម្ពុជា ក្នុងពេលឆាប់ៗខាងមុខ ភាគីទាំង៣ ត្រូវចុះហត្ថលេខាលើអនុស្សរណៈប្រគល់ និងទទួលជាមុនសិន។ សម្ភារៈបច្ចេកទេសដែលភាគីចិនប្រគល់ជូនកម្ពុជានោះ បើគិតជាទំហំទឹកប្រាក់ស្មើនឹងប្រមាណជាង ១០ម៉ឺនដុល្លារអាមេរិក។

លោក ពេជ សោភ័ន បន្តថា សម្ភារៈបច្ចេកទេសដែលទទួលបាននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងយកទៅប្រើប្រាស់សម្រាប់ការបណ្ដុះបណ្ដាលដល់សិស្ស ដែលសិក្សាក្នុងសាលាបណ្ដុះបណ្ដាលរបស់រដ្ឋទាំង ៧កន្លែង នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនកម្ពុជាឱ្យទទួលបានជំនាញវិជ្ជាជីវៈពិតប្រាកដ នឹងបានយកទៅប្រកបមុខរបរចិញ្ចឹមជីវិត ចូលរួមចំណែកអភិវឌ្ឍន៍សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់ថា នៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេសមានចំណូលខ្ពស់ ពោលជាប្រទេសអភិវឌ្ឍន៍៕










អភិបាលខេត្តបាត់ដំបងអញ្ជើញចូលរួមទិវាស្រែកសិករស្តីពីការផលិតស្រូវពូជផ្ការំដួល

នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីក្នុងទិវាស្រែកសិករស្តីពីការផលិតពូជស្រូវផ្ការំដួល ដែលរៀបចំដោយអង្គភាពអនុវត្តកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (PIO-BTB) គាំទ្រដោយ Rice-SDP(ADB) នៅភូមិទូលគរគី ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ការប្រារព្ធទិវានេះក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត តំណាងគណៈប្រតិភូធនាគារអភិវឌ្ឍអាស៊ី (ADB) ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកឧកញ៉ា ភូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្ត និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារស្រូវកម្ពុជា លោកអភិបាលស្រុក មន្ទីរកសិកម្មខេត្ត ព្រមទាំងសហគមន៍កសិករសរុបចំនួនជាង១០០នាក់ផងដែរ៕







លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ទទួលជួបសំដែងការគួរសមជាមួយគណៈប្រតិភូក្រុមហ៊ុនចិន

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានទទួលជួបសំដែងការគួរសមជាមួយគណៈប្រតិភូក្រុមហ៊ុនចិន SICHUAN INVESTMENT GROUP CO.,LTD (SCIG) នៅទីស្តីការក្រសួងរ៉ែនិងថាមពល។ ក្នុងជំនួបនេះ ក្រុមហ៊ុនបានសំដែងនូវចំណាប់អារម្មណ៍វិនិយោគក្នុងវិស័យថាមពលអគ្គិសនីនៅកម្ពុជា ដោយក្រុមហ៊ុនបានអះអាងថា ក្រុមហ៊ុនគឺជាក្រុមហ៊ុនធំជាងគេមួយនៅប្រទេសចិនដែលមានជំនាញផ្នែកថាមពលអគ្គិសនី និងមានដើមទុនវិនិយោគច្រើនចូលក្នុងផ្សារភាគហ៊ុនផងដែរ។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី មានប្រសាសន៍ស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុនចិន ពីព្រោះកន្លងមក គម្រោងអគ្គិសនីស្ទើរតែទាំងអស់នៅកម្ពុជាត្រូវបានអនុវត្តយ៉ាងល្អ និងប្រកបដោយផ្លែផ្កាដោយក្រុមហ៊ុនរបស់ប្រទេសចិន រហូតវិស័យអគ្គិសនីនៅកម្ពុជាអភិវឌ្ឍបានដូចបច្ចុប្បន្ន។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងរីករាយនឹងសហប្រតិបត្តិការជាមួយក្រុមហ៊ុនដែលមានបំណងវិនិយោគនៅកម្ពុជា ហើយក្រសួងនឹងពិនិត្យមើលផែនការអភិវឌ្ឍដើម្បីធ្វើអោយកិច្ចសហប្រតិបត្តិការស្របតាមផែនការត្រឹមត្រូវ៕




លោកស្រី អ៊ួង សុផល្លា ឃ្លាំង ហួត បាននាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋ ចាស់ជរា ដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ

នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោកស្រី អ៊ួង សុផល្លា ឃ្លាំង ហួត ប្រធានក្រុមការងារអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋ ចាស់ជរា ដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ រស់នៅសង្កាត់ព្រែកលៀប ។
នាឱកាសនោះ លោកស្រីប្រធានក្រុមការងារអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ដល់សុខទុក្ខប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋានពីសំណាក់ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចំនួន៧មុខ និងថវិកាចំនួន១១០.០០០រៀល ៕





ក្រសួងមហាផ្ទៃ ដាក់ឱ្យដំណើរការគេហទំព័រ និង APP នៅលើ Smart Phone ដើម្បីផ្តល់ ព័ត៌មានសន្តិសុខ

ក្រសួងមហាផ្ទៃ បាននិងកំពុងចាប់ផ្តើមដាក់ឱ្យដំណើរការ គេហទំព័រ និង កម្មវិធីលើទូរស័ព្ទដៃស្មាតហ្វូន (APP) ដើម្បីផ្តល់ព័ត៌មានអំពីសេចក្តីជូនដំណឹង និងព័ត៌មានសន្តិសុខ។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ រៀបចំក្រុមការងារព័ត៌មាននៅទូទាំងប្រទេស ដើម្បីផ្តល់ព័ត៌មានសម្រាប់ ផ្សព្វផ្សាយ នៅលើបច្ចេកវិទ្យានេះផងដែរ។

គេហទំព័រ និង កម្មវិធីលើទូរស័ព្ទដៃស្មាតហ្វូន (APP) នឹងផ្សព្វផ្សាយជាសាធារណៈ នូវរាល់សេចក្តីជូនដំណឹង លិខិតបទដ្ឋាន ពិសេសព័ត៌មានពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចរាចរណ៍ ការបម្រើសេវាសាធារណៈ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃទាំងមូល រួមទាំងសកម្មភាពថ្នាក់ដឹកនាំ អាជ្ញាធរសាលារាជធានី ខេត្តផងដែរ ៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ យើងបានរួមគ្នាកសាងប្រទេសពីបាតដៃទទេពីវាលរហោឋាន ពីគំនរផេះផង់

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដោយបានបញ្ជាក់ថាកម្ពុជាបានឆ្លងកាត់ការលំបាកយ៉ាងច្រើនរាប់មិនអស់ទម្រាំបានរីកចម្រើនដូចសព្វថ្ងៃនេះ។ លោកក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលតែងផ្តល់ទំនុកចិត្តនិងសេចក្តីស្រឡាញ់រាប់អានចំពោះរូបលោក ដែលបានធ្វើឱ្យលោកមានកម្លាំងចិត្តកសាង ថែរក្សាការពារ និងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនទៅមុខជាបន្តទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរខ្លឹមសារថា «គឺយើងបានឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនណាស់… ទម្រាំបានមកដល់ថ្ងៃនេះ! អរគុណបងប្អូនជនរួមជាតិគ្រប់ទីកន្លែងទូទាំងប្រទេសដែលបានផ្តល់នូវទំនុកចិត្ត ការគាំទ្រ និងក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះរូបខ្ញុំ។ ទាំងអស់នេះគឺជាកម្លាំងចិត្ត ដែលជំរុញអោយខ្ញុំខិតខំបម្រើបងប្អូន និងប្រទេសជាតិដោយពេញចិត្តបំផុត។ ពេលណាដែលបងប្អូនជួបទុក្ខលំបាក គឺពេលនោះនឹងមានវត្តមានខ្ញុំនៅជាមួយបងប្អូនជានិច្ច»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា នៅថ្ងៃស្អែកទី ២៩ វិច្ឆកា នេះ លោកនឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលពិសេសនៅទីក្រុងប៉េកាំង ប្រទេសចិន និងទៅគៀងគរអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជាឱ្យបានច្រើនថែមទៀត ដើម្បីនាំមកនូវការងារ និងប្រាក់ចំណូលសម្រាប់ពលរដ្ឋនិងប្រទេសជាតិយើង៕



ការស្ទង់មតិ:​ ក្រុមបំបែករដ្ឋ​ និងក្រុម​សហជីព​ប្រកួតគាំទ្រ​ មុនការបោះឆ្នោត​នៅ Catalan​

បក្សគាំទ្រឱ្យមានឯករាជ្យភាពប្រហែលជាបរាជ័យក្នុងការរក្សាបានអាសនៈមតិភាគច្រើន នៅក្នុងសភា ដែលជាការបោះឆ្នោតនៅក្នុងតំបន់នៅខែក្រោយនេះ ដោយមានបក្សគាំទ្រឯកភាពគ្នាទទួលបានការកើនឡើងចំនួនសន្លឹកឆ្នោតរបស់ពួកគេ នេះបើយោងតាមការស្ទង់មតិអំពីការបោះឆ្នោតមួយដែលបានចុះផ្សាយនៅថ្ងៃអាទិត្យ (២៦ វិច្ឆិកា)។

ភាពបរាជ័យដើម្បីទទួលបានមតិភាគច្រើននៅក្នុងសភាប្រចាំតំបន់នេះ គឺជាផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ក្រុមបំបែករដ្ឋនៅ Catalan ដែលបានកំណត់យកថ្ងៃទី២១ ខែធ្នូ ថា ជាលទ្ធផលឆ្នោតជាក់ស្តែង ស្តីពីសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលអេស្ប៉ាញក្នុងការដាក់បទបញ្ជាដោយត្រង់ទៅលើតំបន់អ្នកមានទ្រព្យស្តុកស្តម្ភកាលពីខែមុន។

បន្ទាប់ពីវិបត្តិនយោបាយដ៏អាក្រក់បំផុតរបស់អេស្ប៉ាញមិនធ្លាប់ដែលមាន នៅក្នុងរយៈពេលជាច្រើនទសវត្សកន្លងមកនេះ ការបណ្តេញចេញរដ្ឋាភិបាលផ្តាច់ខ្លួនកាលពីខែតុលា បានធ្វើឱ្យស្ថានការធូរស្រាលសម្រាប់ពេលនេះ បើទោះបីជាជ័យជម្នះសម្រាប់ក្រុមគាំទ្រឯករាជ្យភាពកាលពីខែធ្នូ នឹងធ្វើឱ្យតំបន់ប៉ែកឦសាននេះ ត្រលប់ទៅរកភាពមិនប្រាកដប្រជាក៏ដោយ។

ក្រុមបក្សបំបែកខ្លួននៅ Catalan បានទាយទុកថា នឹងទទួលបាន ៤៦ ភាគរយនៃសម្លេងឆ្នោតទាំងអស់ ជាចំនួនដែលថយជាងការបោះឆ្នោតកាលពីឆ្នាំ២០១៥ មានចំនួន ៤៧,៧ ភាគរយ។ ក្រុមបក្សសហជីពបូកបញ្ចូលគ្នាទាំងអស់មាន ៤៦ ភាគរយនៃចំនួនសម្លេងឆ្នោតទាំងអស់ ដែលពីមុនទទួលបានតិចជាង ៤០ ភាគរយប៉ុណ្ណោះ នេះបើយោងតាមការស្ទង់មតិដែលធ្វើឡើងដោយ Metroscopia ។

ការស្ទង់មតិនេះបានបង្ហាញថា ក្រុមបក្សដែលគាំទ្រឱ្យមានឯករាជ្យឈ្នះបាន ៦៧ អាសនៈ នៅខ្វះតែមួយអាសនៈមួយទៀតប៉ុណ្ណោះ ដើម្បីទទួលបានមតិភាគច្រើនដាច់ខាតដែលពួកគេនឹងរក្សាបានការគ្រប់គ្រងសម្រាប់សភាតំបន់។

កម្លាំងមកពីក្រុមសហជីពនឹងមិនអាចទទួលបានមតិភាគច្រើននៅក្នុងស្ថាននេះទេ បើទោះ បីជាមានការស្ទង់មតិបោះឆ្នោតបានលើកឡើងថា ពួកគេអាចទទួលបានចំនួនសន្លឹងឆ្នោតច្រើនប្រហែល ២៣ ភាគរយ ក៏ប៉ុន្តែសន្លឹកឆ្នោតនេះមិនទាន់បានគេសម្រេចនៅឡើងទេ។

ពលរដ្ឋមកពីបក្សសហជីពប្រកាន់ស្តាំកណ្តាលសម្លឹងមើលដើម្បីផ្សាភ្ជាប់ជំហររបស់ខ្លួនថា ជាបក្សប្រឆាំងដ៏ធំដែលទទួលបានការគាំទ្រ ២៥,៣ ភាគរយ ដោយមានការគាំទ្រពីបក្សអភិរក្ស ប្រជាប្រិយរបស់នាយករដ្ឋមន្ត្រី Rajoy ហើយបក្សនេះបានបាត់បង់អាសនៈចំនួន ៥ ក្នុងអាសនៈខ្លួនទាំងអស់មាន ១១ ដោយសារតែបានធ្លាក់ ៥,៨ ភាគរយ។

លទ្ធផលសម្រាប់ការបោះឆ្នោតដែលអតីតមេដឹកនាំនៅ Catalan គឺលោក Carles Puigde-mont និយាយកាលពីថ្ងៃសៅរ៍ថា ការបោះឆ្នោតនេះនឹងក្លាយទៅជាប្រវត្តិសាស្ត្រដ៏សំខាន់បំផុតុនៃតំបន់នេះ ដែលគាត់សង្ឃឹមថា មានប្រជាជនមកចូលរួមបោះឆ្នោតរហូតដល់ ៨០ ភាគរយមិនធ្លាប់ដែលមានពីមុនមក៕

ប្រភព : Reuters ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧

ស្រុកស្វាយជ្រំ​ បើកកិច្ចប្រជុំ​វិសាមញ្ញ​លើកទី៨​ ឆ្នាំទី៤ អាណត្តទី២​ របស់​ក្រុមប្រឹក្សាស្រុក​

ស្វាយរៀង៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសាលាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៨ ឆ្នាំទី៤ អាណត្តទី២ របស់ក្រុមប្រឹក្សាស្រុកស្វាយជ្រំ ក្រោអធិបតីភាព លោក ញឹម ឡាស់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សុទ្ធ គឹមច័ន្ទ អភិបាលស្រុកស្វាយជ្រំ។

ខ្លឹមសារនៃកិច្ចប្រជុំរួមមាន៖
– ការពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងគម្រោងសកម្មភាពវិនិយោគស្រុកដែលមានថវិកាគាំទ្រឆ្នាំ២០១៨
– ការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងបង្កើតគណៈកម្មាធិការគ្រប់គ្រងគម្រោងស្រុក ។
– គម្រោងជួសជុលរបង និងក្លោងទ្វាសាលាស្រុក
– គម្រោងជួសជុលលូបង្ហូរទឹកស្អុយផ្សារដូនស
– ការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងលក្ខខណ្ឌការងារមន្រ្តីរាជការសាលាស្រុក
– បញ្ហាប្រឈមផ្សេងៗដែលរដ្ឋបាលស្រុកជួបប្រទះ។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក លោក លោស្រី លោកអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោក លោកស្រី ការិយាល័យចំណុះសាលាស្រុក សរុបចំនួន២៣នាក់៕



ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីឱ្យ​តម្រុយថា​ នឹងមានការ​បោះឆ្នោត​កើតមានឡើង​ ប៉ុន្មានថ្ងៃប៉ុណ្ណោះ​ក្រោយពី​ចូលឆ្នាំចិន​

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ahmad Zahid Hamidi បានឱ្យតម្រុយកាលពីថ្ងៃអាទិត្យថា ការបោះឆ្នោតប៉ាឡេស៊ីលើកទី១៤ ទំនងជាត្រូវបានធ្វើតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយការចូលឆ្នាំចិននៅឆ្នាំក្រោយ។

លោក Ahmad Zahid គាត់ក៏ជារដ្ឋមន្ត្រីកិច្ចការក្នុងស្រុក និងជាសមាជិករដ្ឋសភា សម្រាប់រដ្ឋ Bagan Datuk ហើយក៏បាននិយាយទាក់ទងទៅនឹងប្រធានបទអំពីការបោះឆ្នោតនឹងកើតមានឡើង អំឡុងពេលការបើកសម្ពោធនៅវិហារ Teoh Fu Kiong  នៅក្នុងតំបន់ Hutan Melintang ។

គាត់បាននិយាយថា «កុំភ្លេចថា ថ្ងៃដ៏ធំរបស់យើងនឹងមកដល់ ក្រោយពីថ្ងៃចូលឆ្នាំចិនឆ្នាំក្រោយ យើងនឹងមានថ្ងៃធំមួយទៀតនឹងមកដល់»។

លោក Zahid បាននិយាយជាភាសាម៉ាឡេស៊ីថា «ប្រសិនបើអ្នកបោះឆ្នោតបានសាងកំហុសកាលពីលើកមុន វាមិនអីទេ ខ្ញុំអាចលើកលែងទោសឱ្យបាន។ ក៏ប៉ុន្តែបើសិនជាអាចធ្វើទៅបាននោះ ចូលកុំសាងកំហុសដដែលៗនៅពេលនេះ»។

នៅឆ្នាំ២០១៨ ថ្ងៃចូលឆ្នាំចិននឹងនៅថ្ងៃ១៦ និង១៧ ខែកុម្ភៈ។

ការបោះឆ្នោតថ្នាក់ជាតិត្រូវតែប្រព្រឹត្តនៅថ្ងៃ២៤ ខែសីហា ឬមុនថ្ងៃនោះ នៅឆ្នាំក្រោយ។

គាត់ក៏បាននិយាយអំពីសេរីភាពសាសនានៅក្នុងប្រទេសនេះ ដោយនិយាយថា វារួមចំណែក ដល់សន្តិភាព និងភាពសុខុដុមរមនា ដែលប្រជាជនទទួលបាន។

គាត់បាននិយាយថា «រដ្ឋាភិបាលម៉ាឡេស៊ី គឺជារដ្ឋាភិបាលដែលមានការយកចិត្តទុកដាក់ ហើយមានការយោគយល់ដល់សាសនាផ្សេងៗពីគ្នា។ បើទោះបីជារដ្ឋធម្មនុញ្ញរបស់យើងចែងថា ឥស្លាមគឺជាសាសនារបស់សហព័ន្ធក៏ដោយ ក៏ប៉ុន្តែអ្នកដែលមិនកាន់សាសនាឥស្លាម ក៏មានសេរីភាពដើម្បីប្រតិបត្តិសាសនារបស់ពួកគេផងដែរ»។

គាត់បាននិយាយថា «វាមានន័យថា រដ្ឋាភិបាលមានភាពយុត្តិធម៌ ហើយគោរពរាល់សាសនាទាំងអស់នៅក្នុងប្រទេសនេះ ពីព្រោះឥស្លាមបានបង្រៀនយើងឱ្យគោរពរាល់សាសនាដទៃទៀត»៕

ប្រភព : Bernama/ Channel News Asia ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧


សិង្ហបុរីសន្យាជួយពង្រឹងវិស័យកីឡានៅកម្ពុជាដើម្បីត្រៀមលក្ខណៈរៀបចំSEA GAMES នៅឆ្នាំ២០២៣

កម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាជាមួយសិង្ហបុរី ផ្ដោតលើការផ្លាស់​ប្តូរបទ​ពិសោធន៍ការ​ងារ​កីឡា និងចលនាអូឡាំពិកក្នុងនោះសិង្ហបុរីនឹងជួយកម្ពុជា ក្នុងការហ្វឹកហាត់កីឡាថ្នាល និង​កម្រិត​​ខ្ពស់ ចែករំលែកលើវិទ្យាសាស្រ្ត និងពេទ្យកីឡា ការប្រឆាំងនឹងការប្រើសារធាតុ Doping និងផ្តល់​​នូវបទពិសោធន៍គ្រប់គ្រង រៀបចំការប្រកួតកីឡាធំៗ ពង្រឹងសមត្ថភាពមន្រ្តីកីឡា និងកីឡាករកម្ពុជា ដើម្បីត្រៀមលក្ខណៈសម្បត្តិរៀបចំប្រកួតកីឡា SEA GAMES លើកទី៣២ នៅឆ្នាំ២០២៣។

ការចុះអនុស្សរណៈ និងខ្លឹមសារនៃអនុស្សរណៈនេះ ត្រូវបានបញ្ជាក់ដោយលោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

អនុស្សរណៈខាងលើត្រូវបានចុះហត្ថលេខាដោយលោក ថោង ខុន ជាមួយលោក TAN CHUON JIN សមាជិករដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាអូឡាំពិកសិង្ហបុរី នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅប្រទេសសិង្ហបុរី ដែលមានលោក SER MIENG សមាជិក​ប្រតិបត្តិ​គណៈ​កម្មាធិការ​អូឡាំពិកអន្តរជាតិ ជាសាក្សី។

លោក ថោង ខុន បានបញ្ជាក់ថា ខ្លឹមសាររួមនៃកិច្ចសហប្រតិបត្តិការខាងលើ គឺផ្អែកលើគោល​ដៅផ្លាស់​​ប្តូរបទពិសោធន៍ការងារកីឡា និងចលនាអូឡាំពិក ផ្តល់ការបណ្តុះបណ្តាលដល់កម្ពុជា ក្នុង​ការហ្វឹកហាត់កីឡាថ្នាល និងកម្រិតខ្ពស់ ចែករំលែកលើវិទ្យាសាស្រ្ត និងពេទ្យកីឡា ការប្រឆាំង​​នឹងការប្រើសារធាតុ Doping និងផ្តល់នូវបទពិសោធន៍គ្រប់គ្រង រៀបចំការប្រកួត​កីឡា​ធំៗ។

លោកបានបន្តថា អនុស្សរណៈនេះមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ដល់ការពង្រឹង​សមត្ថភាព​​មន្រ្តីកីឡា និងកីឡាករកម្ពុជា ឆ្ពោះទៅត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីទទួល​បានជោគជ័យក្នុងការរៀបចំប្រកួតកីឡា SEA GAMES លើកទី៣២ នៅឆ្នាំ២០២៣៕








មេរៀន​ត្រូវតែរៀន​ពីវិបត្តិ​ហិរញ្ញវត្ថុ​នៅអាមេរិក​

ការប្រកួតប្រជែងសម្រាប់កំណើនប្រាក់កម្ចី អាចធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុរបស់ថៃជួបហានិភ័យ

អត្ថបទចុះផ្សាយក្នុងកាសែតមួយកាលពីពីរបីរថ្ងៃមុន​ បានបង្ហាញថា វាគឺប្រភេទនៃបដិវត្តន៍មួយ។ នីតិវិធីនៃការផ្តល់ប្រាក់កម្ចីតែក្នុងរយៈ “មួយនាទី” គឺជារឿងល្អមួយសម្រាប់ប្រជាជនដែលកំពុងមានវិបត្តិហិរញ្ញវត្ថុ ក៏ប៉ុន្តែ ប្រជាជនដែលមានស្ថានភាពស្រដៀងគ្នាទៅនឹងប្រជាជនអាមេរិក ក្នុងពេលដែលអាមេរិកជួបវិបត្តិសេដ្ឋកិច្ចចុងឆ្នាំ ២០០០​ អាចមិនអន្ទះសារក្នុងការខ្ចីប្រាក់ទេ ពីព្រោះពួកគេមានអារម្មណ៍ថា វាគឺជាហានិភ័យមួយដូចកាលពីអតីតកាល។ នីតិវិធីផ្តល់ប្រាក់កម្ចីយ៉ាងឆាប់រហ័សនេះ អាចស្រដៀងទៅនឹងឥរិយាបថមានបញ្ហាមួយ ខណៈដែលហានិភ័យស្ថិតនៅកម្រិតខ្ពស់។

បទពិសោធន៍នៅអាមេរិក គឺបណ្តាលមកពីភាពយឺតយ៉ាវខ្លាំងនៃការសងប្រាក់កម្ចីមកធនាគារវិញ ដែលបញ្ហានេះ បានធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុអាមេរិកត្រូវបំផ្លាញ។ ប្រាក់កម្ចីភាគច្រើនគឺពាក់ព័ន្ធនឹងប្រាក់កម្ចីទិញផ្ទះ ហើយការផ្តល់ប្រាក់កម្ចី គឺធ្វើឡើងដោយពុំបានដឹងច្បាស់លាស់ពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នកខ្ចី។ ក៏មានប្រាក់កម្ចីដែលតម្រូវឱ្យមានការបញ្ជាក់ពីការងារ ឬការផ្ទៀងផ្ទាត់ប្រាក់ចំណូលរបស់អ្នកខ្ចី។ “វត្ថុបញ្ចាំ” គឺជាអ្វីដែលអ្នកផ្តល់ប្រាក់កម្ចីបានស្នើសុំ។ ប្រវត្តិហិរញ្ញវត្ថុរបស់អ្នកខ្ចីមិនមានក្នុងករណីជាច្រើនដោយសារតែពួកគេភាគច្រើនស្វែងរកប្រាក់កម្ចីជាលើកដំបូង។  ស្តង់ដារផ្ទៀងផ្ទាត់ពីព័ត៌មានរបស់អ្នកខ្ចីនៅក្នុងប្រទេសថៃសព្វថ្ងៃ និងនៅសហរដ្ឋអាមេរិកនៅពេលនោះ បើទោះបីជាមានភាពស្រដៀងគ្នាច្រើន ឬតិចក៏ដោយ ក៏វាមានហានិភ័យដែរ។ មានភាពខុសគ្នាមួយចំនួនផងដែររវាងអ្វីដែលកំពុងកើតមានឡើងនៅក្នុងប្រទេសថៃ និងនៅអាមេរិកអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច ដែលពេលនោះ ប្រាក់កម្ចីត្រូវបានផ្តល់ឱ្យប្រជាជនយ៉ាងងាយ ពីព្រោះពួកគេត្រូវបានបំភាន់ដោយសារភាពរីកចម្រើននៃវិស័យផ្ទះសម្បែង។ នៅក្នុងប្រទេសថៃសព្វថ្ងៃ គឺពុំទាន់មានស្ថានភាពរីកចម្រើនខ្លាំងនៃវិស័យផ្ទះសម្បែងទេ ក៏ប៉ុន្តែ ការប្រកួតប្រជែងរបស់ធនាគារក្នុងការផ្តល់ប្រាក់កម្ចី អាចបង្កើតឱ្យមានស្ថានភាពមួយដូចទៅនឹងអ្វីដែលបានកើតឡើងនៅសហរដ្ឋអាមេរិក ក្នុងសម័យនៃការដួលរលំសេដ្ឋកិច្ចអាមេរិកក្នុងទសវត្សរ៍ឆ្នាំ ២០០០។

ការប្រកួតប្រជែងក្នុងការផ្តល់ប្រាក់កម្ចី អាចធ្វើឱ្យការផ្ទៀងផ្ទាត់ស្តង់ដារលើព័ត៌មានហិរញ្ញវត្ថុរបស់អ្នកខ្ចីមានការធូរលុង។ ក៏ប៉ុន្តែ ប្រាក់ដែលឱ្យខ្ចីទៅប្រជាជនដែលចាំបាច់គឺជារឿងល្អមួយ។ ធនាគារតែងតែត្រូវបានរិះគន់សម្រាប់ការផ្តល់ប្រាក់កម្ចីទៅឱ្យអ្នកមាន ខណៈដែលអ្នកក្រ ដែលត្រូវការលុយចាំបាច់មិនត្រូវបានអនុញ្ញាតឱ្យខ្ចីសមស្របនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ការអនុវត្តន៍ការផ្ទៀងផ្ទាត់មុនពេលផ្តល់ប្រាក់កម្ចីគឺជារឿងល្អសម្រាប់ហេតុផលមួយចំនួន។ អ្វីដែលសំខាន់បំផុតនោះ គឺរក្សាស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេស។ ប្រាក់កម្ចីដែលឆ្លងកាត់ការត្រួតពិនិត្យម៉ត់ចត់ គឺជាទ្រព្យរបស់ធនាគារ ខណៈដែលប្រាក់កម្ចីធូរលុង អាចជាឱកាសដ៏ធំមួយនៃការបង្វែទៅជាបំណុល។ ខណៈដែលឥណទាយកនិយាយថា ពួកគេចំណាយពេលតិចតួចក្នុងការពិចារណាលើការដាក់ពាក្យសុំខ្ចីប្រាក់នោះ វាមានន័យថា ដំណើការនៃការត្រួតពិនិត្យគឺមានរយៈពេលខ្លី ហើយនីតិវិធីធម្មតាមួយចំនួន ត្រូវបានរំលងចោល ដើម្បីប្រកួតប្រជែងជាមួយនឹងស្ថានប័នផ្តល់ប្រាក់កម្ចីផ្សេងទៀត។

យើងសង្ឃឹមថា នីតិវិធីសំខាន់ៗនៃការផ្តល់ប្រាក់កម្ចី គឺជាផ្នែកមួយដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យា។ ក៏ប៉ុន្តែ បើមិនដូច្នោះទេ ឱកាសនៃការរងផលប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុ នឹងឈានដល់កម្រិតខ្ពស់មួយ។ នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចពាក់ព័ន្ធ នៅពេលដែលស្ថាប័នសំខាន់មួយមានបញ្ហា ស្ថាប័នផ្សេងទៀតនឹងរងផលប៉ះពាល់ផងដែរ គឺដូចទៅនឹងករណីរបស់អាមេរិកក្នុងទសវត្សរ៍ឆ្នាំ ២០០០។

រឿងអាក្រក់បំផុតពីវិបត្តិនៅអាមេរិកនោះគឺ ប្រាក់ដ៏ច្រើនលើសលប់របស់អ្នកបង់ពន្ធ ត្រូវបានប្រើប្រាស់ដើម្បីទូទាត់ទៅនឹងប្រព័ន្ធមួយ ដែលប៉ះពាល់ដោយសារស្ថាប័នហិរញ្ញវត្ថុពុករលួយ ឬក៏ស្ថាប័នគ្មានស្តង់ដារច្បាស់លាស់។ នៅពេលនោះ អ្នកគ្រប់គ្នានិយាយថា មេរៀនដ៏ជូចត់មួយនេះ ត្រូវបានសិក្សាឡើង ហើយវានឹងមិនកើតឡើងម្តងទៀតទេ។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយប្រព័ន្ធសេដ្ឋកិច្ចពិភពលោក ដែលពឹងផ្អែកលើការព្យាករណ៍ ដែលករណីខ្លះអាចត្រូវបានបំភាន់នោះ គឺជា “អនុភាពមួយ” ហើយការអនុវត្តដោយហានិភ័យគឺជាផ្នែកមួយនៃបញ្ហានេះ។

នៅក្នុងវិស័យសេដ្ឋកិច្ច បញ្ហាមួយ ជះឥទ្ធិពលដល់កត្តាផ្សេងទៀត។ សក្តានុពលនៃបញ្ហាមួយចំនួន ក៏អាចកើតចេញពីការកាត់បន្ថយតម្លៃអចលនទ្រព្យ ដែលបំភាន់ជា “ការឆ្នៃប្រឌិត” គឺដូចពេលវេលា មុនវិបត្តិអាមេរិកកើតមានឡើង ពេលដែលមូលធនប័ត្រគាំទ្រដល់ប្រាក់កម្ចីទិញផ្ទះ ត្រូវបានសាទ័រថា ជាគំនិតដ៏អស្ចារ្យមួយ។ បច្ចុប្បន្ន ប្រព័ន្ធហិរញ្ញវត្ថុរបស់ថៃ “ការឆ្នៃប្រឌិត” គឺជាពាក្យមួយដែលបានចាប់ផ្តើមរីករាលដាល់ឡើងក្នុងបញ្ហានេះ ដែលវាអាចជារឿងគួរឱ្យព្រួយបារម្ភ បើសិនជាគេដឹងពីប្រវត្តិនៃបញ្ហា៕

ប្រភព : The Nation ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងស្តីពីគោលការណ៍កំណត់ពេលវេលាចរាចរ និងតម្រាយផ្លូវដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានជូនដំណឹងដល់សាធារណជនជាម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនតាមរថយន្តគ្រប់ប្រភេទ ម្ចាស់ក្រុមហ៊ុនសហគ្រាសផ្គត់ផ្គង់បេតុងលាយស្រេច និងម្ចាស់ការដ្ឋានសំណង់ទាំងអស់មេត្តាជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញនូវគោលការណ៍កំណត់ពេលវេលាចរាចរ និងតម្រាយផ្លូវ ទៅតាមទំហំ និងប្រភេទរថយន្តដឹកជញ្ជូននីមួយៗក្នុងន័យកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

សេចក្តីជូនដំណឹង បានបញ្ជាក់ថា ទោះជាមានការកំណត់យ៉ាងនេះក្តី កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថា រថយន្តធំៗល្មើសច្បាប់មួយចំនួនបានបន្តចេញចូលរាជធានីភ្នំពេញ បណ្តាលឱ្យមានការកកស្ទះចរាចរណ៍ និងបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយសារអ្នកបើកបរមួយចំនួន មិនទាន់គោរពបានខ្ជាប់ខ្ជួនតាមគោលការណ៍កំណត់ ពិសេសពេលវេលា និងតម្រាយផ្លូវហាមឃាត់ធ្វើចរាចរនៅឡើយ។

ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការក្រើនរំលឹកសារជាថ្មី សូមបងប្អូនម្ចាស់រថយន្តដឹកជញ្ជូន និងរថយន្តលាយបេតុងទាំងអស់មេត្តាគោរពតាមការណែនាំ និងសេចក្តីជូនដំណឹងដែលរដ្ឋបាលរាជធានីភ្នំពេញបានចេញកន្លងមក ហើយរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការឃាត់ទុកចំពោះរថយន្តណាដែលនៅបន្តល្មើសមិនគោរពតាមគោលការណ៍ណែនាំ ដោយពុំទទួលខុសត្រូវចំពោះការខាតបង់ពេលវេលា សំភារៈ ឬទំនិញផ្សេងៗនៅជាប់នឹងរថយន្តឡើយ៕





(Video) ឱកាស​ទទួល​ការងារ​សមរម្យ និងកា​រ​អភិវឌ្ឍជំ​នាញ​នៅ​ក្នុង គ្រឹះស្ថាន​មីក្រូ​ហិរ​ញ្ញវត្ថុ ព្រីនស៍​​សេហ្វាយ​នែន ភីធិលស៊ី (២៥៧)

សហព័ន្ធស្រូវអង្ករកម្ពុជានឹករៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការពិសោធន៍បន្សាំបឋមស្រឡាយ ស្រូវសែនក្រអូបលើដីស្រែកសិករ

សហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងក្រុមហ៊ុនផលិតស្រូវពូជ នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយដល់សហគមន៍កសិកម្មសំខាន់ៗ ក្នុងខេត្តមួយចំនួនដែលមានសក្តានុពលដាំដុះស្រូវសែនក្រអូប ដើម្បីផ្សព្វផ្សាយពីការពិសោធន៍បន្សាំបឋមស្រឡាយស្រូវសែនក្រអូប ស្របតាមបច្ចេកទេសនិងបទដ្ឋានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ខែ វិច្ឆិកាឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ ។

ការរៀបចំកិច្ចប្រជុំនេះមានគោលបំណងចំបងបង្ហាញបច្ចេកទេសក្នុងការធ្វើវិសោធន៍ស្រូវពូជដល់សហគមន៍កសិកម្មដែលបានចូលរួមគម្រោងពិសោធន៍ឲ្យអនុវត្តន៍តាមបច្ចេកទេសត្រឹមត្រូវតាមបទដ្ឋានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាមួយគ្នានេះ កិច្ចប្រជុំក៏នឹងធ្វើការកំណត់ពេលវេលានិងឈ្មោះសហគមន៍ណាខ្លះដែលត្រូវធ្វើការពិសោធន៍នៅលើកទី១&២ ឲ្យបានច្បាស់លាស់។
នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះមន្ត្រីជំនាញមកពីវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នឹងធ្វើបទបង្ហាញ ពីបច្ចេកទេសនឹងលក្ខខណ្ឌនានាដែលវិទ្យាស្ថានធ្លាប់បានពិសោធន៍ក្នុងពេលកន្លងមក ដល់តំណាងសហគមន៍កសិកម្ម ក្រុមហ៊ុនផលិតពូជស្រូវ និងដៃគូអភិវឌ្ឍន៍។
សហព័ន្ធស្រូវអង្ករកម្ពុជាតែងតែសហការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងកម្មវិធីសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC) សម្រាប់ការអភិវឌ្ឍន៍ស្រូវពូជសែនក្រអូប បន្ទាប់ពីមើលឃើញនូវនិន្នាការកើនទាំងតម្រូវការទីផ្សារអង្ករក្រៅប្រទេសនិងការពេញនិយមដាំដុះពីសំណាក់ប្រជាកសិករ។
សូមជម្រាបផងដែថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ លោក ស៊ី រ៉ានី អនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មាធិការផលិតកម្មពូជនៃសហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំក្រុមការងារចុះពិនិត្យ បច្ចេកទេសបន្សុទ្ធពូជស្រូវសែនក្រអូបលើកដំបូង នៅ វិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ក្រោមការដឹកនាំពិសោធផ្ទាល់ពី លោក បណ្ឌិត អ៊ុក ម៉ាការ៉ា នាយកCARDI។
កម្មវិធីបន្សុទ្ធពូជស្រូវសែនក្រអូបនេះ ត្រូវបានធ្វើឡើងក្រោមកិច្ចសហការរវាងសហព័ន្ធស្រូវអង្ករកម្ពុជានិងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា និង មានការចូលរួមឧបត្ថម្ភថវិកាមួយផ្នែកពីកម្មវិធីសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC)៕







អាជ្ញាធរអប្សរា ចុះពិនិត្យទីតាំងរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខ ជូនប្រទេសកម្ពុជា នៅមុខប្រាសាទអង្គរវត្ត

សៀមរាប៖ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ស៊ុំ ម៉ាប់ រួមនិងមន្រ្តីពាក់ព័ន្ធ បានចុះត្រួតពិនិត្យទីតាំងរៀប ចំពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់កម្ពុជា ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២-៣ ខែធ្នូ នៅបរិវេណមុខ ប្រាសាទអង្គរវត្ត។

ក្នុងដំណើរចុះត្រួតពិនិត្យ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកអគ្គនាយក ស៊ុំ ម៉ាប់ បានប្រាប់ដល់មន្រ្តី គ្រប់គោលដៅ0ទាំងអស់ ត្រូវយកចិត្តទុកដាក់ និងរៀបចំឱ្យបានរៀបរយ មុនពិធីបួងសួងចាប់ផ្តើម។

ការចុះត្រួតពិនិត្យនេះ លោក ស៊ុំ ម៉ាប់ បានប្រាប់ឱ្យសម្អាតវាលស្មៅខាងមុខអង្គរវត្ត កាត់ស្មៅ និងបាញ់ទឹក សម្អាត ផ្លូវបរិវេណមុខប្រាសាទអង្គរជាដើម។ ក្រៅពីនេះ ក៏មានត្រៀមដើម្បីបិទ ចរាចរណ៍នៅខាងមុខ ប្រាសាទផងដែរ ក្នុងពេលពិធីបួងសួងដំណើរការ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពដល់ថ្នាក់ដឹកនាំ ដែលគ្រោងចូលរួមក្នុងពិធីទាំងមូល។

ដើម្បីរៀបចំពិធីនេះ ឱ្យបានល្អប្រសើរនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារ អន្តរក្រសួង មួយ ដើម្បីរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូន ព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះនឹងមានការអញ្ជើញចូលរួមពីសំណាក់លោកឧនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន។ ជាងនេះទៅទៀត ពិធីនេះក៏មានបំណង ដើម្បីដឹងគុណដល់បុព្វបុរសខ្មែរ ដែលសង់ប្រាសាទ អង្គរវត្ត និងប្រាសាទជាច្រើនទៀត ដែលបន្សល់មកដល់កូនចៅជំនាន់ក្រោយនេះ ហើយនឹងមានការរាប់បាត្រ ដោយមានព្រះសង្ឃចំនួន៥,០០០អង្គផងដែរ ៕