Tuesday, November 28, 2017

សហព័ន្ធស្រូវអង្ករកម្ពុជានឹករៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការពិសោធន៍បន្សាំបឋមស្រឡាយ ស្រូវសែនក្រអូបលើដីស្រែកសិករ

សហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងក្រុមហ៊ុនផលិតស្រូវពូជ នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយដល់សហគមន៍កសិកម្មសំខាន់ៗ ក្នុងខេត្តមួយចំនួនដែលមានសក្តានុពលដាំដុះស្រូវសែនក្រអូប ដើម្បីផ្សព្វផ្សាយពីការពិសោធន៍បន្សាំបឋមស្រឡាយស្រូវសែនក្រអូប ស្របតាមបច្ចេកទេសនិងបទដ្ឋានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ខែ វិច្ឆិកាឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ ។

ការរៀបចំកិច្ចប្រជុំនេះមានគោលបំណងចំបងបង្ហាញបច្ចេកទេសក្នុងការធ្វើវិសោធន៍ស្រូវពូជដល់សហគមន៍កសិកម្មដែលបានចូលរួមគម្រោងពិសោធន៍ឲ្យអនុវត្តន៍តាមបច្ចេកទេសត្រឹមត្រូវតាមបទដ្ឋានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាមួយគ្នានេះ កិច្ចប្រជុំក៏នឹងធ្វើការកំណត់ពេលវេលានិងឈ្មោះសហគមន៍ណាខ្លះដែលត្រូវធ្វើការពិសោធន៍នៅលើកទី១&២ ឲ្យបានច្បាស់លាស់។
នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះមន្ត្រីជំនាញមកពីវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នឹងធ្វើបទបង្ហាញ ពីបច្ចេកទេសនឹងលក្ខខណ្ឌនានាដែលវិទ្យាស្ថានធ្លាប់បានពិសោធន៍ក្នុងពេលកន្លងមក ដល់តំណាងសហគមន៍កសិកម្ម ក្រុមហ៊ុនផលិតពូជស្រូវ និងដៃគូអភិវឌ្ឍន៍។
សហព័ន្ធស្រូវអង្ករកម្ពុជាតែងតែសហការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងកម្មវិធីសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC) សម្រាប់ការអភិវឌ្ឍន៍ស្រូវពូជសែនក្រអូប បន្ទាប់ពីមើលឃើញនូវនិន្នាការកើនទាំងតម្រូវការទីផ្សារអង្ករក្រៅប្រទេសនិងការពេញនិយមដាំដុះពីសំណាក់ប្រជាកសិករ។
សូមជម្រាបផងដែថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ លោក ស៊ី រ៉ានី អនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មាធិការផលិតកម្មពូជនៃសហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំក្រុមការងារចុះពិនិត្យ បច្ចេកទេសបន្សុទ្ធពូជស្រូវសែនក្រអូបលើកដំបូង នៅ វិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ក្រោមការដឹកនាំពិសោធផ្ទាល់ពី លោក បណ្ឌិត អ៊ុក ម៉ាការ៉ា នាយកCARDI។
កម្មវិធីបន្សុទ្ធពូជស្រូវសែនក្រអូបនេះ ត្រូវបានធ្វើឡើងក្រោមកិច្ចសហការរវាងសហព័ន្ធស្រូវអង្ករកម្ពុជានិងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា និង មានការចូលរួមឧបត្ថម្ភថវិកាមួយផ្នែកពីកម្មវិធីសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC)៕







No comments:

Post a Comment