Tuesday, November 28, 2017

នាយកថ្មី ILO ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារជាមួយកម្ពុជា

លោក Graeme Buckley នាយកការិយាល័យថ្មីរបស់អង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំនៅកម្ពុជា-ឡាវ-ថៃ និងជាប្រធានក្រុមការងារបច្ចេកទេស ILO ប្រចាំអាស៊ីខាងកើតបានប្ដេជ្ញាថានឹងបន្តកិច្ចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែប្រសើរឡើងលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោកបានលើកឡើងដូចនេះក្នុងជំនួបពិភាក្សាការងារជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅទីស្ដីការក្រសួងការងារ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោករដ្ឋមន្ត្រី អ៊ិត សំហេង បានជម្រាបជូនតំណាង ILO ពីកិច្ចការដែលរាជរដ្ឋាភិបាលបានធ្វើជាច្រើនកន្លងមក ចំពោះវិស័យការងារ រួមទាំងការដំឡើងប្រាក់ឈ្នួលអប្បបរមា ការផ្តល់កិច្ចគាំពារសង្គមនានា និងការដោះស្រាយសម្រួលដល់បន្ទុកចំណាយរបស់កម្មករនិយោជិត ធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់ពួកគេកាន់តែប្រសើរឡើង ការរៀបចំចុះបញ្ជីដល់អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយឱ្យបេឡាជាតិរបបសន្តិសុខសង្គម ជាអ្នកធ្វើការលើរឿងចុះបញ្ជីរឿងនេះ។

លោក Graeme Buckley បានឯកភាពទាំងស្រុងលើសំណើរបស់លោករដ្ឋមន្រ្តី ដែលបានស្នើសុំ ILO បន្តជួយលើការការកសាងសមត្ថភាពមន្រ្តីអធិការកិច្ចការងារ តាមរយៈគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ការជួយគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុដល់លេខាធិការដ្ឋាន នៃគណៈកម្មាធិការអនុវត្តគោលនយោបាយមុខរបរ និងការងារ គោលនយោបាយជាតិស្តីពី ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើននៃសង្គមជាក់ស្តែង ដែលត្រូវការកម្លាំងពលកម្មដែលមានជំនាញ ការទទួលស្គាល់ជំនាញគ្នា ក្នុងក្របខណ្ឌសមាហរម្មអាស៊ាន។

លោកក៏បានបញ្ជាក់ថា នឹងបន្តកិច្ចសហប្រតិបត្តិការបន្តទៀតជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងផ្តល់នូវសេវាការងារ ព័ត៌មានទីផ្សារការងារ និងមជ្ឍមណ្ឌលការងារ រៀបចំឱ្យមានប្រព័ន្ធសន្តិសុខសង្គមសម្រាប់ពលករកម្ពុជាដែលកំពុងបម្រើការងារនៅក្រៅប្រទេសដើម្បីឱ្យពួកគេទទួលនិងរក្សាបានអត្ថប្រយោជន៍នានាពេលត្រឡប់មកធ្វើការនៅប្រទេសកម្ពុជាវិញ ដូចជាប្រាក់សោធននិវត្តន៍ស្របទៅតាមសេចក្តីថ្លែងការអាស៊ានស្តីពីការការពារសិទ្ធិពលករទេសន្តប្រវេសន៍ការបន្តការអនុវត្តកម្មវិធីការងារសមរម្យសម្រាប់កម្ពុជាការបន្តជួយយន្តការត្រីភាគីពាក់ព័ន្ធនឹងសំវាទសង្គម ប្រាក់ឈ្នួលអប្បបរិមា ការដោះស្រាយវិវាទការងារក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ភាគីទាំងពីរឯកភាពគ្នាគ្រោងរៀបចំជាព្រឹត្តការណ៍សម្រាប់ដាក់តាំងនូវសកម្មភាព និងសមិទ្ធផលនានា ដែលកើតចេញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កានេះនៅកម្ពុជា ក្នុងពិធីអបអរសាទរនូវខួបអនុស្សាវរីយ៍គម្រប់ខួប ១០០ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិខាងការងារ ILO នាឆ្នាំ២០១៩ ខាងមុខនេះ៕




No comments:

Post a Comment