Wednesday, January 19, 2022

រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី : គ្មាន​ប្រទេស​ណាមួយ​មានកម្ម​សិទ្ធិផ្តាច់មុខ​លើ​លក្ខណៈវិនិច្ឆ័យ​នៃ​លទ្ធិប្រជាធិបតេយ្យ​នោះទេ​

ភ្នំពេញៈ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រីបាន​បញ្ជាក់ថា គ្មាន​ប្រទេស​ណាមួយ​មានកម្ម​សិទ្ធិផ្តាច់មុខ​លើ​លក្ខណៈវិនិច្ឆ័យ​នៃ​លទ្ធិប្រជាធិបតេយ្យ​នោះទេ​ហើយក៏​មិនអាច​កម្រិត​សិទ្ធិ​របស់​ប្រជាជន ក្នុងការ​ស្វែងរក​និង​ការជ្រើសរើស​គំរូ​ប្រជាធិបតេយ្យ​នោះដែរ​។ ដូច​សុភាសិត​មួយ​និយាយថា “​មានតែ​អ្នក​ពាក់​ស្បែកជើង​ទេ​ទើប​ដឹងថា ស្បែកជើង​នោះ​ត្រូវ​ជើង​គេ​ឬ​អត់​”​។ ការវិនិច្ឆ័យ​ថា​តើ​ប្រទេសមួយ​មាន​ប្រជាធិបតេយ្យ​ឬ​អត់ គួរ​ធ្វើឡើង​ដោយ​ប្រជាជន​នៃ​ប្រទេស​នោះ មិនមែន​ដោយ​មនុស្ស​មួយ​ក្តាប់​តូច​ណា​នោះទេ​។




ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី

​ការបញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចសន្ទនា​លើក​ទី​២​ស្តីពី​ការផ្លាស់ប្តូរ​និង​ការស្វែងយល់​ពី​អារ្យធម៌​រវាង​គ្នា​ដោយមាន​ការចូលរួម​ពី​សំណាក់ អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន រដ្ឋមន្ត្រី​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈកម្មាធិការ មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន រួមទាំង​ភាគី​ពាក់ព័ន្ធ​។​កិច្ចសន្ទនា​នេះ​ត្រូវបាន​ថត​ទុក​និង​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០២២​។​


​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាន​ថ្លែងថា លក្ខណៈពិសេស​នៃ​អារ្យធម៌​មិន​ខុសគ្នា​ពី​លក្ខណៈពិសេស​នៃ​ប្រជាធិបតេយ្យ​នោះទេ​។ ក្នុង​ពិភពលោក​យើង​នេះ​អារ្យធម៌​មាន​លក្ខណៈ​សម្បូរបែប​និង​ពិពិធ​ភាព​ហើយ​ប្រជាធិបតេយ្យ​ក៏​ដូច្នោះ​ដែរ​។ ​ប្រជាធិបតេយ្យ​មិនមែនជា​ផលិតផល​ដែលមាន​គំរូ​ឬ​រូបសណ្ឋាន​តែមួយ​សម្រាប់​ប្រទេស​នានា​ជុំវិញ​ពិភពលោក​នោះទេ​។​មាន​វិធី​ជាច្រើន​ដើម្បី​ធ្វើឱ្យ​ប្រជាធិបតេយ្យ​ទទួលជោគជ័យ ហើយ​មិន​អាចមាន​គំរូ​ប្រជាធិបតេយ្យ​ណាមួយ ដែល​អាច​យកទៅអនុវត្ត​នៅ​គ្រប់​ប្រទេស​បាន​នោះទេ​។ ប្រទេស​នានា​មាន​ប្រវត្តិសាស្ត្រ វប្បធម៌ អារ្យធម៌ ទំនៀមទម្លាប់ ប្រពៃណី​និង​លក្ខខណ្ឌ​ជាតិ​ដោយឡែកៗ​របស់ខ្លួន​។​ដូច្នេះ​ពួកគេ​គួរតែបង្កើត​ទម្រង់​លទ្ធិប្រជាធិបតេយ្យ ដែល​សមស្រប​បំផុត​ស្របតាម​លក្ខណៈ​និង​តថភាព​របស់ខ្លួន​។​គ្មាន​ប្រទេស​ណាមួយ​មានកម្ម​សិទ្ធិផ្តាច់មុខ​លើ​លក្ខណៈវិនិច្ឆ័យ​នៃ​លទ្ធិប្រជាធិបតេយ្យ​នោះទេ ហើយក៏​មិនអាច​កម្រិត​សិទ្ធិ​របស់​ប្រជាជន​ក្នុងការ​ស្វែងរក​និង​ការជ្រើសរើស​គំរូ​ប្រជាធិបតេយ្យ​នោះដែរ​។ ដូច​សុភាសិត​មួយ និយាយថា​”​មានតែ​អ្នក​ពាក់​ស្បែកជើង​ទេ​ទើប​ដឹងថា​ស្បែកជើង​នោះ​ត្រូវ​ជើង​គេ​ឬ​អត់​”​។​ការវិនិច្ឆ័យ​ថា​តើ​ប្រទេសមួយ​មាន​ប្រជាធិបតេយ្យ​ឬ​អត់ គួរ​ធ្វើឡើង​ដោយ​ប្រជាជន​នៃ​ប្រទេស​នោះ មិនមែន​ដោយ​មនុស្ស​មួយ​ក្តាប់​តូច​ណា​នោះទេ​។​


​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីបានលើកឡើង​ពី​ទំនាក់ទំនង​កម្ពុជា​-​ចិន​ថា​ប្រទេស​កម្ពុជា​និង​ចិន​មាន​ប្រវត្តិ​ទំនាក់ទំនង​ជាមួយគ្នា​ជា យូរលង់​ណាស់​មកហើយ​។​ប្រទេស​ទាំងពីរ​មាន​វប្បធម៌​និង​អារ្យធម៌​ស្រដៀង​គ្នា​ហើយ​ចំពោះ​ការប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​មេត្រីភាព​រវាង​ប្រទេស​ទាំងពីរ មាន​ប្រវត្តិ​ជាង​១០០០​ឆ្នាំ​មកហើយ​។


​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទបាយ័ន​បានបង្ហាញ​ពី​ទិដ្ឋភាព​ដ៏​រស់​រវើក​នៃ​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ពាណិជ្ជករ​ចិន​និង​ប្រជាជន​កម្ពុជា​កាលពី សម័យបុរាណ​។ ចាប់តាំងពី​ឆ្នាំ​១៩៥៨ មក ទំនាក់ទំនង​កម្ពុជា​-​ចិន គឺជា​បងប្អូន​ល្អ ជា​អ្នកជិតខាង​ល្អ និង​ជា​ដៃគូ​ល្អ ដែលជា​និច្ចកាល កម្ពុជា​និង​ចិន​តែងតែ​គាំទ្រ​គ្នា​ទៅវិញទៅមក ហើយ​មាន​កិច្ចសហការ​ល្អ​។​


​កំណាព្យ​បុរាណ​ចិន​មួយ​ឃ្លា​ពោលថា «​ភ្នំ​ទាំងឡាយ​ទោះ​នៅ​ឆ្ងាយ​ពីគ្នា តែ​ស្រស់បំព្រង​ក្រោម​ដំណក់ទឹកភ្លៀង​រួមគ្នា​។ ដូច្នេះ​យើង​នៅ ឃ្លាតឆ្ងាយ​ពីគ្នា​យ៉ាងម៉េច​កើត បើ​យើង​ទទួល​ពន្លឺ​ព្រះ​ចន្ទ​តែមួយ​?» ដូចគ្នា​នឹង​ប្រជាជន​កម្ពុជា​តែង​និយាយថា យើង​ត្រូវ​រួម​វាសនា​ជាមួយគ្នា ព្រោះ​យើង​រស់​ក្រោម​ដំបូល​មេឃ​តែមួយ ស្រូបយក​ខ្យល់​អុកស៊ីសែន​ពី​លំហ​អាកាស​តែមួយ និង​ផឹកទឹក​ទន្លេមេគង្គ ជាមួយគ្នា​។ ក្នុងនាម​ជា​ប្រទេសជិតខាង និង​ជា​ដៃគូ​ជិតស្និទ្ធ កម្ពុជា​និង​ចិន​បាន​បង្កើត​និង​ថែរក្សា​ចំណងមិត្តភាព «​ដែកថែប​» ដែល​មិនអាច​បំបែក​បាន ដែល​ឆ្លងកាត់​ការសាកល្បង​និង​ការលំបាក​ផ្សេងៗ​ជាច្រើន​ក្នុង​ប្រវត្តិសាស្ត្រ​។​


ទំនាក់ទំនង​ដ៏​រឹងមាំ​រវាង​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ​បង្កើតបានជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​ការរីកចម្រើន​ជា​បន្តបន្ទាប់​នៃ​កិច្ចសហប្រតិបត្តិការ​ជា​មិត្តភាព​រវាង​កម្ពុជា​និង​ចិន​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កិច្ចសហប្រតិបត្តិការ​កម្ពុជា​-​ចិន​ត្រូវបាន​ពង្រឹង លើ​គ្រប់​វិស័យ​៕ ដោយៈ ពល ជ័យ​

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការ របស់អគ្គលេខាធិការអាស៊ាននៅកម្ពុជា រយៈពេល ៥ថ្ងៃ

(ភ្នំពេញ)៖ លោក លឹម ចុក ហ៊ុយ (LIM Jock Hoi) អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។



ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក លឹម ចុក ហ៊ុយ បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ប្រាក់ សុខុន ផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបញ្ជាក់ថា នៅក្នុងជំនួបសម្តែងការគួរសម សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បានសង្កត់ធ្ងន់អំពីការបេ្តជ្ញាចិត្តដ៏រឹងមាំរបស់កម្ពុជា ក្នុងការជំរុញដំណើរការកសាងសហគមន៍ អាស៊ាន តាមរយៈការពង្រឹងមជ្ឈភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន។ ជាកិច្ចឆ្លើយតប លោក លឹម ចុក ហ៊ុយ បានបញ្ជាក់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី អំពីការត្រៀមលក្ខណៈ រួចរាល់របស់លេខាធិការដ្ឋានអាស៊ានក្នុងការគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ ដើម្បីជំរុញអាទិភាពរបស់កម្ពុជា ក៏ដូចជាសម្រេចបាននូវសមិទ្ធផលរំពឹងទុកនានារបស់ខ្លួន សម្រាប់ផលប្រយោជន៍អាស៊ាន និងប្រជាជនរបស់ខ្លួន។

ក្នុងជំនួបទ្វេភាគីរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោក លឹម ចុក ហ៊ុយ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ថា តើត្រូវធ្វើយ៉ាងណាដើម្បីជំរុញកិច្ចប្រឹងប្រែងកសាងសហគមន៍អាស៊ាន ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីបញ្ហាប្រឈមចម្បងៗ ដែលអាស៊ានកំពុងជួបប្រទះ ដូចជា ការស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ ការប្រកួតប្រជែងរវាងមហាអំណាចធំៗ បញ្ហាសន្តិសុខជាប្រពៃណី និងមិនមែនជាប្រពៃណីផ្សេងៗទៀត និងបញ្ហាប្រឈមផ្នែកស្ថាប័នរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាស្មុគ្រស្មាញនានា។

ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» កម្ពុជានឹងពុះពារដឹកនាំកិច្ចប្រឹងប្រែងសកម្មភាពតម្រង់ទិសអាស៊ាន (action-oriented efforts) ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ ដើម្បីផលប្រយោជន៍នៃសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។

លោក លឹម ចុក ហ៊ុយ បានចែករំលែកនូវទស្សនៈ អំពីវិធីធ្វើយ៉ាងណាពន្លឿនភារកិច្ចរបស់អាស៊ានដែលមានស្រាប់ និងតម្រូវការក្នុងការបន្សាបនយោបាយ (depoliticize) លើវិស័យកិច្ចសហប្រតិបត្តិការមួយចំនួន ដែលមិនរារាំងដល់កិច្ចប្រឹងប្រែងការធ្វើសមាហរណកម្មតំបន់ និងការ កសាងសហគមន៍អាស៊ាន។

ភាគីទាំងពីរ ក៏បានពិភាក្សាជាច្រើនលើអាទិភាព និងសមិទ្ធផលរំពឹងទុករបស់កម្ពុជាក្នុងឆ្នាំ២០២២ និងបានពិភាក្សាផងដែរលើការវិវត្តក្នុងតំបន់ និងអន្តរជាតិ រួមមានសភាពការណ៍នៅមីយ៉ាន់ម៉ា និងវិធីធ្វើយ៉ាងណាជំរុញការផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជនដែលត្រូវការជំនួយជាចាំបាច់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក លឹម ចុក ហ៊ុយ ក៏មានជំនួបដាច់ដោយឡែកពីគ្នាផងដែរជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៕












សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ាន

នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ានដឹកនាំដោយឯកឧត្តម លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន។


នៅក្នុងជំនួបដែលធ្វើឡើងនៅឯសណ្ឋាគារសុខាខេត្តព្រះសីហនុ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់អំពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ជាពិសេសយុទ្ធនាការនៃការចាក់វ៉ាក់សាំង។ អ្វីដែលកម្ពុជាក៏ដូចជាសមាជិកអាស៊ានដទៃទៀតបាន និងកំពុងធ្វើកន្លងទៅនេះបានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដើម្បីធ្វើយ៉ាងណាស្ដារវិស័យទេសចរណ៍នៅក្នុងតំបន់អាស៊ាន។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថារហូតមកដល់ពេលនេះ ការប្រើប្រាស់វ៉ាក់សាំងពិតជាមានឥទ្ធិពល និងមានប្រសិទ្ធភាព ដែលកន្លងមកនេះបញ្ហានៃជំងឺកូវីដ-១៩បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាក៏ដូចជាទេសចរណ៍ក្នុងតំបន់អាស៊ានផងដែរ។ ជាក់ស្ដែងមុនពេលមានជំងឺកូវីដ-១៩ កម្ពុជាទទួលភ្ញៀវទេសចរប្រមាណជា ៦ លាននាក់ ហើយក្រោយពេលមានជំងឺកូវីដ-១៩ភ្ញៀវទេសចរអន្តរជាតិបានធ្លាក់មកត្រឹម២ម៉ឺននាក់ប៉ុណ្ណោះ ។ សម្ដេចតេជោបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជួយ ដល់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋដែលមានផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នេះ។ សម្ដេចតេជោក៏បានជម្រាបជូនដល់បណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ានថា កម្ពុជាខិតខំជំរុញការចាក់វ៉ាក់សាំងដូសជំរុញគឺដូសទី៣និងដូសទី៤សម្រាប់អ្នកដែលស្ថិតនៅជួរមុខ។ ដែលកត្តាទាំងអស់នេះធ្វើឲ្យកម្ពុជាអាចមានឱកាសបើកប្រទេសជាតិឡើងវិញ។ 

សម្ដេចបានគូសបញ្ជាក់ថា ពេលយើងមានវ៉ាក់សាំងកូវីដ-១៩ យើងបានឃើញថាសមាជិកអាស៊ាននីមួយៗបានចាត់វិធានការខុសៗគ្នាក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩។ សម្ដេចតេជោក៏បានគូសបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលឆ្នាំ ២០២០ ដោយសារឥទ្ធិពលនៃកូវីដ-១៩ កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះ ប៉ុន្តែឆ្នាំ២០២១កន្លងទៅបានឡើងជាង៣% ឯណោះខណ:ធនាគារពិភពលោកបានទស្សន៍ទាយថាអាចកើនឡើងបានប្រមាណ២% ប៉ុន្តែជាក់ស្ដែងបានកើនឡើងរហូតដល់ជាង៣%ឯណោះ។

សម្ដេចតេជោបានបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នបានប្រសើរហើយៗសម្ដេចបានស្នើឲ្យមានការជំរុញការធ្វើដំណើរក្នុងអាស៊ានជាពិសេសគួរពិនិត្យឡើងវិញនូវការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងវិស័យទេសចរណ៍នេះ ដោយសម្តេចស្នើឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននេះពិនិត្យមើលឡើងវិញ ដោយសារទេសចរណ៍ជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចម្យ៉ាងទៀតដោយសារទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាការសំខាន់ផងដែរ។សម្ដេចតេជោបានជម្រាបជូនបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ានថា កន្លងមកកម្ពុជាមានប៉ូលសេដ្ឋកិច្ចរហូតដល់ ៣ គឺមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើយឥឡូវនេះរាជរដ្ឋាភិបាលក៏បានបង្កើតប៉ូលទី៤ ផងដែរ នៅប៉ែកឦសានប្រទេសដែលមាន ឧស្សាហកម្ម កសិកម្ម មានដូចជាកាហ្វេ និងគ្រាប់ស្វាយចន្ទីជាដើម។សម្ដេចតេជោបានគូសបញ្ជាក់អំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការវិនិយោគបន្ថែមលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ និងខេត្តសៀមរាបដោយ កម្ពុជាបានចាយថវិកាមួយចំនួនក្នុងការកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ជាដើម។សម្ដេចតេជោបានគូសបញ្ជាក់ថាយើងនឹងបញ្ចប់ការកសាងផ្លូវល្បឿនលឿននៅពេលខាងមុខពីភ្នំពេញទៅខេត្តព្រះសីហនុហើយកំពុងពិចារណាលើការកសាងផ្លូវរថភ្លើងល្បឿនលឿនផងដែរ រវាងភ្នំពេញ និងប្រទេសថៃ និងភ្នំពេញប្រទេសវៀតណាមនៅពេលអនាគត។

ឯកឧត្តមអគ្គលេខាធិការអាស៊ានបានមានប្រសាសន៍ថា ឯកឧត្តមពិតជាថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រីចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចនៅក្នុងកម្មវិធីបើកវេទិកាទេសចរណ៍អាស៊ានក៏ដូចជាក្នុងកម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានផងដែរ។​ ឯកឧត្តមបន្តថាអ្វីដែលសម្ដេចបានលើកឡើងក្នុងការជំរុញសមាហរណកម្មអាស៊ាន ជាពិសេសឧស្សាហកម្មទេសចរណ៍ជាតែម្ដង ដែលកន្លងមកមានការប៉ះពាល់យ៉ាងខ្លាំងដោយសារការជះឥទ្ធិពលនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ឯកឧត្តមថាអ្វីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីផ្ដល់វត្តមាន និងសន្ទរកថារបស់សម្ដេចបានលើកទឹកចិត្តនិងណែនាំឲ្យបណ្ដាប្រទេសអាស៊ានបន្តខិតខំក្នុងការជំរុញធ្វើយ៉ាងណាឱ្យបានជាលទ្ធផលផ្លែផ្កាជាក់ស្ដែងនៅពេលខាងមុខហើយឯកឧត្តមក៏បានសាទរកម្ពុជាដែលបានបើកវេទិកាទេសចរណ៍អាស៊ានលើកដំបូងក្នុងរយៈពេល២ឆ្នាំដោយសារយើងមិនបានរៀបចំពីមុនមកដោយសារបញ្ហាកូវីដ-១៩។ ដូច្នេះអ្វីដែលកម្ពុជាបានធ្វើនេះជាជោគជ័យហើយកន្លែងដែលល្អក្នុងការជំរុញឲ្យមានវេទិកាទេសចរណ៍អាស៊ានកម្ពុជានេះគឺល្អណាស់។ មិនត្រឹមតែប៉ុណ្ណោះឯកឧត្តមមានប្រសាសន៍ផងដែរថា ការដែលយើងរៀបចំបើកឡើងវិញវេទិកាទេសចរណ៍អាស៊ាននេះក៏បញ្ជាក់អំពីការបើកឡើងវិញនៃទេសចរណ៍អាស៊ានផងដែរ។ 

ឯកឧត្តមបញ្ជាក់ថាកន្លងទៅមុនកូវីដ-១៩ ផ្នែកវិស័យទេសចរណ៍បើគិតជា GDPស្មើនឹង១៤,៣%នៃ GDPអាស៊ានសរុបទាំងមូល ហើយបើគិតនៅក្នុងមុខរបរការងារក្នុងអាស៊ានគឺស្មើប្រមាណជាង១៣%ឯណោះ។

ដូច្នេះវិស័យទេសចរណ៍នេះសំខាន់ណាស់សម្រាប់ទ្រទ្រង់សហគ្រាសនៃមីក្រូតូច និងមធ្យមក្នុងអាស៊ានហើយក៏ជាផ្នែកមួយដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចក្នុងអាស៊ាន។ ឯកឧត្តមបានបញ្ជាក់សារជាថ្មីថាការប្រជុំនៅខេត្តព្រះសីហនុសម្រាប់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាននេះគឺបានបញ្ជូនសារសំខាន់ណាស់អំពីការធ្វើដំណើរសម្រាប់ទេសចរណ៍ក្នុងអាស៊ានឡើងវិញក៏ដូចជាសម្រាប់ជូនសារទៅក្រៅតំបន់អាស៊ានថាវិស័យទេសចរណ៍អាស៊ានបានបើកឡើងវិញហើយ។ ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តមគូសបញ្ជាក់ថានៅប្រទេសកម្ពុជាកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍នឹងអនុម័តលើឯកសារមួយចំនួនជាពិសេសក្នុងការស្ដារឡើងវិញលើវិស័យទេសចរណ៍ក្រៅពីកូវីដ-១៩ ហើយជាពិសេសទៀតសេចក្តីប្រកាសទីក្រុងភ្នំពេញនេះធ្វើយ៉ាងណាជំរុញទេសចរណ៍ដែលមានលក្ខណៈធន់និងបត់បែន។ឯកឧត្តមបញ្ជាក់ដែរថាការងារអាទិភាពរបស់កម្ពុជាឆ្នាំនេះក្នុងក្របខណ្ឌវិស័យទេសចរណ៍គឺជំរុញធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចអាស៊ានងើបឡើងវិញហើយវិស័យទេសចរណ៍នេះគឺអាចចូលរួមក្នុងការអនុវត្តនូវគំនិតផ្ដួចផ្ដើមមួយចំនួនក្នុងការជួយជម្រុញសេដ្ឋកិច្ចអាស៊ានក្នុងការពង្រឹងវិស័យទេសចរណ៍អាស៊ាន ជាពិសេសដល់អ្នកដែលប្រកបអាជីពលើវិស័យទេសចរណ៍នេះ។ឯកឧត្តមអគ្គលេខាធិការអាស៊ានបានមានប្រសាសន៍ទៀតថាយើងនឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយបណ្ដាសមាជិកអាស៊ានទាំងអស់ធ្វើយ៉ាងម៉េចបើកឡើងវិញវិស័យទេសចរណ៍ហើយសំខាន់ណាស់អ្វីដែលសម្ដេចតេជោបានស្នើឲ្យអាស៊ានធ្វើយ៉ាងណារៀបចំបើកនិងអនុវត្តរបៀងអាស៊ានសម្រាប់ការធ្វើដំណើររបស់អាស៊ានយើងមានផែនការក្នុងការបើកនិងជំរុញជាពិសេសការធ្វើដំណើរទេសចរណ៍នៅពេលខាងមុខនេះជាពិសេសពាក់ព័ន្ធផ្នែកផ្សេងៗទៀតដូចជាសុខាភិបាល ដឹកជញ្ជូននិងការបរទេស។ដូច្នេះអគ្គលេខាធិការបានសន្យាជាមួយសម្ដេចតេជោថាអគ្គលេខាធិការអាស៊ាននឹងខិតខំធ្វើការងារជាមួយសមាជិកអាស៊ានដៃគូពាក់ព័ន្ធនឹងវិស័យមួយចំនួនធ្វើយ៉ាងណាជំរុញឲ្យអនុវត្តបានក្នុងការធ្វើដំណើរនៅក្នុងក្របខ័ណ្ឌអាស៊ានប៉ុន្តែអ្វីដែលចាំបាច់គឺត្រូវរៀបចំឱ្យមានផែនការសកម្មភាពហើយការងារនិងលើកយកមកពិភាក្សានៅក្នុងខែមិនាខាងមុខនៅពេលរដ្ឋមន្ត្រីសុខាភិបាលជួបគ្នានៅពេលខាងមុខ។ អគ្គលេខាធិការអាស៊ានបានសន្យាថានឹងធ្វើការងារនេះជាមួយនិងវិស័យពាក់ព័ន្ធទាំងអស់ខិតខំជំរុញយ៉ាងណាឲ្យវិស័យទេសចរណ៍កំរើកឡើងវិញ។អគ្គលេខាធិការអាស៊ានក៏បានថ្លែងអំណរគុណក្នុងភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានផ្ដល់ភាពកក់ក្តៅនិងលើកទឹកចិត្ត ជាពិសេសសារក្នុងសន្ទរកថារបស់សម្ដេចគឺបានខិតខំជំរុញធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍បានប្រសើរជាងមុននិងចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចអាស៊ានបានប្រសើរជាងមុន៕








ពិធីអបអរសាទរទីក្រុងសៀមរាប ទទួលបាន ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី ៣ ឆ្នាំ២០២២-២០២៤

សៀមរាប៖ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ 


ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែង របស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥ សំដៅធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅ ដល់ភ្ញៀវទេសចរ។ 


ជាមួយនឹងការប្រកួតប្រជែងនេះ ក៏បានជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ តាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ានឱ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ឋភាពដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព សុវត្ថិភាព និងបរិយាបន្ន។ 


ម៉្យាងទៀតក្រុងសៀមរាប ក៏ក្លាយជាក្រុងគំរូក្នុងតំបន់អាស៊ាន ជាក្រុងឆ្លាតវៃ ប្រកបទៅដោយបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ នឹងពិតជាចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាបទៀតផង។ 


ទន្ទឹមនឹងនេះ ដើម្បីខេត្តសៀមរាប បន្តបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាននិងជាក្រុងឆ្លាតវៃនៅបណ្តាឆ្នាំខាងមុខទៀត សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាប បន្តចូលរួមរក្សាអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប ឱ្យបានច្រើនកុះករ។ 


ជាមួយគ្នានោះ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងសហការក្នុងរក្សាសណ្តាប់ធ្នាប់ របៀរៀបរយសាធារណៈ ពិសេសចូលរួមថែរក្សាអនាម័យឱ្យកាន់តែប្រសើរឡើងថែមទៀត៕




សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាន នៅខេត្តព្រះសីហនុ


នៅល្ងាចថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបធ្វើឡើងនៅក្រុងព្រះសីហនុ។ ដែលកម្មវិធីនេះមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំ, រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នអង្គការពាក់ព័ន្ធនឹងវិស័យទេសចរណ៍ជាច្រើនទៀតផងដែរ។ 


តាមការឲ្យដឹងពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានដឹងថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ គឺជាការបង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃទៀត ក្នុងការធ្វើឱ្យវិស័យទេសចរណ៍មានដង្ហើមឡើងវិញ ក្រោយរងការវាយប្រហារយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ រយៈពេលប្រមាណ២ឆ្នាំកន្លងទៅនេះ។ វេទិកាទេសចរណ៍អាស៊ាននេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ។ ព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ និងបានស្វាគមន៍យ៉ាងកក់កក្តីជាទីបំផុតចំពោះវត្តមានថ្នាក់ដឹកនាំ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានទាំងអស់ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជានាពេលនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ដំណើរការប្រទេសឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តស្តីពីការរស់នៅតាមបែបគន្លងថ្មី រួមទាំងកម្មវិធីស្តារកំណើនសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី។ សម្តេចតេជោបានប្រកាសគាំទ្រក្នុងការបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញ ពេលនេះ និងប្រកាសគាំទ្រនូវទេសចរណ៍វ៉ាក់សាំង នៅក្នុងតំបន់អាស៊ាន។ 

សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងការកោតសរសើរដល់ប្រទេសថៃ ដែលបានអនុវត្តជាមួយប្រទេសកម្ពុជា ក្នុងការអនុញ្ញាតឱ្យប្រជាជនដែលចាក់វ៉ាក់សាំងឆ្លងទៅវិញទៅមក ដោយមិនបាច់ធ្វើចត្តាឡីស័ក។ សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រតិភូអន្តរជាតិទាំងអស់ក្នុងការធ្វើដំណើរមកចូលរួមវេទិការទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅពេលនេះតាមផ្លូវគោក និងផ្លូវអាកាសទោះបីជាប្រើពេលវេលាវែង និងបំពេញបែបបទធ្វើដំណើរបន្ថែមក្នុងបរិបទកូវីដ-១៩ យ៉ាងណាក៏ដោយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា កម្ពុជាពិតជាមានសេចក្តីរីករាយដោយសង្កេតឃើញការបើកប្រទេសឡើងវិញជាបណ្ដើរៗ នៅតាមបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ជាពិសេសការរួមសាមគ្គីគ្នា និងសហការយ៉ាងសកម្មរវាងប្រជាជនអាស៊ាន ប្រទេសដៃគូ និងស្ថាប័នអន្តរជាតិក្នុងការឆ្លើយតបទៅនឹងការប្រឈមរួមរបស់តំបន់ និងសាកលលោក។

ឱកាសនេះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែក និងផ្ដល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម: 

១- ការបើកដំណើរការសកម្មភាពសង្គមសេដ្ឋកិច្ចពេញលេញ ឡើងវិញ ត្រូវបានវាយតម្លៃថា ស្ថិតក្នុងស្ថានភាពបន្ទាន់ និងត្រូវស្របតាមកន្លងប្រក្រតីភាពថ្មីសម្រាប់ប្រទេសទាំងអស់ក្នុងអាស៊ាន ដែលហៅថាស្ថានភាពទីផ្សារទេសចរណ៍ និងមានភាពតូចចង្អៀតជាមួយនឹងការប្រកួតប្រជែងកាន់តែខ្ពស់ ទាំងលើទិដ្ឋភាពនៃគុណភាពផលិតផល និងសេវាកម្មតម្លៃសមរម្យ ទំនុកចិត្តលើសុវត្ថិភាព នៃគោលដៅទេសចរណ៍វិធានការក្នុងការទប់ស្កាត់ គ្រប់គ្រងស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការសម្រួលដល់ការធ្វើដំណើរ។ ចំណុចនេះគឺជាកត្តាគន្លឹះសម្រាប់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរក្នុងការជ្រើសរើសគោលដៅទេសចរណ៍ក្នុងបរិបទថ្មី។ ក្នុងន័យនេះ ផែនការស្ដារវិស័យទេសចរណ៍អាស៊ានក្រោយវិបត្តិកូេវីដ-១៩ នឹងក្លាយទៅជាគន្លឹះយុទ្ធសាស្ត្រសំខាន់សម្រាប់ការធ្វើឲ្យដំណើរការឡើងវិញជាបណ្ដើរៗ នៃការទទួលភ្ញៀវទេសចរអន្តរជាតិកដោយឈរលើគោលការណ៍រក្សាបាននូវគោលដៅរវាងសកម្មភាពសង្គមសេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈជាមួយនឹងកិច្ចខិតខំក្នុងការវិលត្រឡប់ឲ្យបានឆាប់ទៅរកប្រក្រតីភាពថ្មី នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនអាស៊ាន។

២- សម្ដេចតេជោគាំទ្រគំនិតផ្តួចផ្តើមសម្រាប់បណ្ដាប្រទេសអាស៊ានក្នុងការរៀបចំអនុវត្តវិធានការសុខាភិបាលក្នុងសហគមន៍ទេសចរណ៍ ដែលជាការចូលរួមដ៏មានសារៈសំខាន់ក្នុងការធានាជូនដំណើរអាជីវកម្មទេសចរណ៍ឡើងផង និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩  តាមរយៈការអនុវត្តគោលការណ៍រួមជាអតិបរមា។ កម្ពុជាបច្ចុប្បន្នបាននិងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការសុវត្ថិភាពវិធីប្រតិបត្តិស្ដង់ដារសម្រាប់ប្រតិបត្តិលើការបើកដំណើរការអាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។

៣- ក្នុងរយៈពេលដ៏ខ្លី អាស៊ានក៏ត្រូវគិតគូរជំរុញចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ានបន្ថែមទៀតស្របតាមទស្សនៈ អាស៊ានដើម្បីអាស៊ាន ហើយសម្តេចគាំទ្រទាំងស្រុងនូវគំនិតផ្ដួចផ្ដើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានក៏ដូចជាបើកតំបន់ទាំងមូលដើម្បីទទួលបាននូវការស្វាគមន៍ទេសចរអន្តរជាតិឡើងវិញ។ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន សម្ដេចគាំទ្រឲ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ានពិភាក្សាគ្នានិងឯកភាពគ្នា ប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញនៅថ្ងៃស្អែក ចេញពីក្រុងព្រះសីហនុតែម្តង។ ដើម្បីធានាបាននូវជោគជ័យនៃការបើកទទួលទេសចរអន្តរជាតិឡើងវិញ គឺចាំបាច់ត្រូវធានាឱ្យបាននូវភាពជឿជាក់ និងទំនុកចិត្តថា ជាគោលដៅទេសចរណ៍អាស៊ានមានសុវត្ថិភាពដោយឈរលើអត្រានៃការចាក់វ៉ាក់សាំងជាសូចនាករគោល។ សម្ដេចតេជោគាំទ្រនូវកម្មវិធីទេសចរណ៍វ៉ាក់សាំងដែលបានដាក់ចេញតាមរយៈបណ្ដាប្រទេសអាស៊ាន និងគាំទ្រលើការដាក់ចេញយុទ្ធនាការអាស៊ានជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព។ 

៤- រដ្ឋមន្ត្រីទេសចរណ៍អាស៊ានប្រទេសដៃគូអាស៊ាន និងថ្នាក់ដឹកនាំ អង្គការទេសចរណ៍ពិភពលោក ព្រមទាំងសមាគមទេសចរណ៍អាស៊ាន គួរបន្តពង្រឹងអភិវឌ្ឍមូលធនមនុស្ស ខិតខំអនុវត្តប្រកបដោយកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ព្រមទាំងបង្កើនការផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ល្អៗជុំវិញការទាក់ទាញ និងការអភិវឌ្ឍទេពកោសល្យ ដោយគិតគូរផងដែរនូវការជំរុញកម្មវិធីអក្ខរកម្មឌីជីថល ការជំរុញសហគ្រិនវ័យក្មេង និងជួយគាំទ្រសិប្បកម្មសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍ដល់កម្រិតមូលដ្ឋាន និងត្រូវទាញអត្ថប្រយោជន៍ ពីនាវានុវត្ត ការភ្ជាប់ឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០ ដើម្បីអភិវឌ្ឍទេសចរណ៍អាស៊ានប្រកបដោយភាពឆ្លាតវៃចីរភាព និងបរិយាប័ន្ន។

៥- អាស៊ានត្រូវរួមគ្នាជំរុញមើលឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយភាពធន់ និងឆ្ពោះទៅអនាគតកាន់តែប្រសើរជាងមុនប្រកបដោយគុណភាព ចីរភាព និងបរិយាបន្ន ។ ក្នុងន័យនេះសម្ដេចតេជោសូមអំពាវនាវឲ្យអាស៊ានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍នានា និងកសាងភាពជាដៃគូឯកជន ក្នុងប្រទេស  ក្នុងតំបន់ និងពិភពលោកឆ្ពោះទៅរកភាពរីកចម្រើនវិស័យទេសចរណ៍ប្រកបដោយភាពធន់តាមកន្លងប្រក្រតីភាពថ្មី និងនាំមកនូវវិបុលភាពរបស់អាស៊ានទាំងមូល៕

































សារព័ត៌មានថៃ៖ កម្ពុជាប្រធានអាស៊ាន, ទំនុកចិត្ត និងការ​ងារ​ដែល​ត្រូវធ្វើ


(បាងកក)៖ កម្ពុជាមានកេរ្តិ៍ឈ្មោះនៅក្នុងតំបន់ និងក្នុងកិច្ចការអន្តរជាតិតាំងពីយូរណាស់មកហើយ ពោលគឺមិនមែនទើបតែមាន នៅក្រោយពេល សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាទេ។ ជាងនេះទៅទៀតដំណើរទស្សនកិច្ចនេះវាជាប្រៀបបាន ដូចជាការត្រួសត្រាយផ្លូវបង្កើតឱកាស ដើម្បីឱ្យអាស៊ានជួបជុំគ្រួសាររបស់ខ្លួនឡើងវិញ។


សម្ដេចនាយករដ្ឋមន្ត្រី នឹងត្រូវទទួលខុសត្រូវលើបន្ទុកដ៏ធ្ងន់មួយនេះពេញមួយឆ្នាំ ជាមួយការធានាចំពោះអាស៊ានថា រូបលោកកំពុងធ្វើសកម្មភាព ក្នុងចេតនាល្អ និងក្នុងនាមអាស៊ាន ព្រមទាំងដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់ទាំងមូល។ តែវាមិនមែនជារឿងងាយស្រួលនោះទេ។ និយាយដោយស្មោះ ប្រទេសមួយចំនួនមិនចង់ឃើញយុទ្ធសាស្ត្រដោះស្រាយបញ្ហារបស់សម្ដេចតេជោទទួលបានជោគជ័យនោះឡើយ។ ពួកគេសង្ឃឹមថា លោកនឹងទទួលបរាជ័យក្នុងការអះអាងថា កម្ពុជាអាចទុកចិត្តបាន និងមិនមែនកំពុងធ្វើសកម្មភាពបម្រើផលប្រយោជន៍បរទេស។


កម្ពុជាបានឡើងកាន់តំណែងជាប្រធានអាស៊ាន នៅចំពោះមុខបញ្ហាធំៗជាច្រើនត្រូវដោះស្រាយ ក្នុងនោះរួមមានវិបត្តិ COVID-19 និងការងើបចេញ ពីវិបត្តិមួយនេះ, ផលប៉ះពាល់បង្កឡើងដោយការប្រជែងដណ្ដើមឥទ្ធិពលគ្នារវាងពួកមហាអំណាច, បញ្ហាមីយ៉ាន់ម៉ា និងជម្លោះសមុទ្រចិនខាងត្បូង, ឧក្រិដ្ឋកម្មឆ្លងដែន និងភេរវកម្ម ហើយចុងក្រោយគេ គឺអាស៊ានកំពុងប្រឈមមុខនឹងបញ្ហាផ្ទៃក្នុង។ មានបញ្ហាជាច្រើនទៀតដែលមានពាក់ព័ន្ធនឹង សសរស្តម្ភទាំង៣ នៃសហគមន៍អាស៊ាន ដែលត្រូវចាំបាច់ត្រូវបានវាយតម្លៃ និងពង្រឹងបន្ថែម។ របៀបវារៈទាំងនេះនឹងកាន់តែធ្វើឱ្យប្រធានអាស៊ានកាន់តែមមាញឹក។


យ៉ាងណាក៏ដោយ សម្រាប់សម្ដេចតេជោ ហ៊ុន សែន ជោគជ័យនៃការកាន់តំណែងជាប្រធានអាស៊ានរបស់លោក នឹងត្រូវបានកំណត់ដោយបញ្ហា

ធំៗចំនួន៣ នោះគឺភាពរីកចម្រើនក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា, កិច្ចចរចាស្ដីពីក្រមប្រតិបត្តិក្នុងតំបន់សមុទ្រចិនខាងត្បូង និងការធ្វើ

ប្រតិបត្តិការចក្ខុវិស័យអាស៊ានចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។ ទទួលតំណែងជាប្រធានអាស៊ាន មិនទាន់បានមួយសប្ដាហ៍ស្រួលបួលផង លោកបានបំពេញទស្សនកិច្ចទៅកាន់រដ្ឋធានីណៃពិដោរ (Nay Pyi Taw) ដើម្បីត្រួសត្រាយផ្លូវនាំមីយ៉ាន់ម៉ាត្រឡប់មកកាន់គ្រួសារអាស៊ានវិញ។


សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងជាច្រើនលើកថា ក្នុងនាមជាសមាជិកអាស៊ាន មីយ៉ាន់ម៉ាមានសិទ្ធិចូលរួមក្នុងកិច្ចប្រជុំនានារបស់អាស៊ាន ហើយ «ការរួបរួមគ្នា» គឺជារឿងដ៏សំខាន់បំផុតសម្រាប់សាមគ្គីភាពអាស៊ាន។ មានតែសមាជិកអាស៊ានចំនួន ២ប៉ុណ្ណោះ ដែលបានបង្ហាញការមិនពេញចិត្តទៅនឹងការសម្រេចចិត្តរបស់កម្ពុជា ក្នុងការអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក Wunna Maung Lwin ចូលរួមរួមក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេស។


ពិតមែនទៅ លោក Wunna Maung Lwin អាចចូលរួមក្នុងកិច្ចប្រជុំអាស៊ាន ពាក់ព័ន្ធដោយមិនចាំបាច់មានការអញ្ជើញ។ កាលពីជាងបួនខែមុន ពោលគឺក្រោយការសម្រេចចិត្តហាមលោក មីង អោង ឡាំង (Min Aung Hlaing) ចូលរួមកិច្ចប្រជុំអាស៊ាន កាលពីខែតុលា ឆ្នាំ២០២១ លោក Wunna Maung Lwin ក៏ធ្លាប់បង្ហាញពីឆន្ទៈមិនចង់រួមកិច្ចប្រជុំផងដែរ។ ដូច្នេះគ្មានថ្នាក់ដឹកនាំអាស៊ានណាម្នាក់រំពឹងថា ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងចូលរួមក្នុងកិច្ចប្រជុំ ក្នុងរយៈពេលខ្លីខាងមុខនេះនោះទេ។


យ៉ាងណាមិញ កិច្ចប្រជុំអាស៊ានលើកទី៤០ និងលើកទី៤១ នឹងត្រូវប្រព្រឹត្តទៅជាបន្តបន្ទាប់នៅដើមខែវិច្ឆិកា ឆ្នាំ២០២២នេះ។ នៅពេលនោះ, វាអាចនឹងមានភាពរីកចម្រើននៅក្នុងការអនុវត្តគោលការណ៍កង់សង់ស៊ីស៥ចំណុច ដែលនឹងកែប្រែការសម្រេចចិត្តរបស់អាស៊ានកាលពីខែតុលា ឆ្នាំ២០២១។ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀន ឡុង (Lee Hsien Loong) បានសង្ខេបយ៉ាងខ្លីនៅក្នុងការបញ្ជាក់ជំហររបស់លោកថា ដោយមិនមានការរីកចម្រើន ការសម្រេចចិត្តពាក់ព័ន្ធ នឹងការចូលរួមប្រជុំរបស់មេដឹកនាំរបបបយោធាមីយ៉ាន់ម៉ា នឹងមិនមានការកែប្រែឡើយ។


គ្មានប្រធានអាស៊ានណាមួយធ្លាប់ទទួលរងការវិនិច្ឆ័យយ៉ាងម៉ឺងម៉ាត់ ដូចជាកម្ពុជានោះទេ។ ក្រុមអ្នករិះគន់ភាគច្រើនបាននិយាយថា សកម្មភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើឱ្យអាស៊ានបែកបាក់ ក៏ដូចជានឹងទទួលស្គាល់របបដឹកនាំដ៏ឃោរឃៅមួយតែប៉ុណ្ណោះ។ នេះអាចនិយាយបានថា «កម្ពុជាធ្វើក៏ខុស មិនធ្វើក៏ខុស»។ ជាការពិតណាស់ នៅមុនចាប់ផ្ដើមកាន់តំណែងជាប្រធានអាស៊ាន អ្វីដែលកម្ពុជាត្រូវធ្វើមុនគេ នោះគឺស្ដារឡើងវិញនូវស្មារតីជឿជាក់គ្នាទៅវិញទៅមក និងចំណងមិត្តភាពនៅក្នុងចំណោមសហសេវិកអាស៊ាន នៅគ្រប់កម្រិត។


ក្នុងរយៈពេល២ឆ្នាំមកនេះ និងដោយសារការឆ្លងរាតត្បាត COVID-19 ទំនាក់ទំនងរវាងបណ្ដាមេដឹកនាំអាស៊ានមានការធ្លាក់ចុះ។ ពួកគេបានជួប មុខគ្នាតែតាមវីដេអូដែលចំណេញពេលវេលា តែវាមិននាំមកនូវភាពស្និទស្នាលរវាងគ្នាដូចជាកិច្ចប្រជុំជួបមុខផ្ទាល់នោះទេ។ ម្លោះហើយទើប កម្ពុជា ទទូចឱ្យរៀបចំជំនួបទល់មុខនៃកិច្ចប្រជុំចង្អៀត ថ្នាក់រដ្ឋមន្ត្រីការបរទេស។ កិច្ចប្រជុំនេះត្រូវបានលើកពេលទៅសប្ដាហ៍ទី១ នៅខែកុម្ភៈវិញ ខណៈ ដំបូងឡើយកិច្ចប្រជុំនេះត្រូវធ្វើឡើងតាមការគ្រោងទុកនៅថ្ងៃទី១៨ ខែមករានេះ។ ការណាត់ជួបគ្នានៅខេត្តសៀមរាប នឹងអាចជម្រះបញ្ហាសំខាន់ៗ មួយចំនួន ជាពិសេសអំពីសារតាំង និងអ្នកតំណាងរបស់មីយ៉ាន់ម៉ា។


នៅឯកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេស, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន (Prak Sokhonn) ត្រូវតែប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពឡើងវិញ នៅក្នុងចំណោមសហសេវិករបស់លោក។ កាលពីឆ្នាំ២០២១, វិបត្តិគ្មានច្រកចេញរបស់ មីយ៉ាន់ម៉ា បានបង្កការខូចខាតយ៉ាងខ្លាំងដល់ឯកភាព និងសាមគ្គីភាពនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន។ នៅក្រោមតំណែងជាប្រធានអាស៊ាន របស់កម្ពុជា វាពិតជាសំខាន់ណាស់ក្នុងការធានាឱ្យបានថា មេដឹកនាំអាស៊ានទាំងអស់មានការឯកភាពគ្នា ចំពោះវត្ថុបំណងរួមរបស់អាស៊ាន។ សមាជិកនីមួយៗ នៅតែមានសិទ្ធិអធិបតេយ្យដើម្បីបង្ហាញទស្សនយល់ឃើញដោយឯករាជ្យ ហើយទោះជាមានការខ្វែងគំនិតគ្នាយ៉ាងណា ក៏ពួកគេតែងតែឯកភាពគ្នាលើ «យន្ដការកង់សង់ស៊ីស» ដដែល។ កាលណាបានឯកភាពគ្នាហើយ, អាស៊ានមិនដែលបដិសេធទៅនឹងយន្ដការកង់សង់ស៊ីសនោះទេ។


តែដោយមិនមានការជឿទុកចិត្តគ្នា ទៅវិញទៅមក, វានឹងបង្កផលលំបាកដល់ប្រធានអាស៊ានបច្ចុប្បន្ន ក្នុងការសម្រេចឱ្យនូវសមិទ្ធផល ពីព្រោះតែខ្វះកង់សង់ស៊ីស។ កាលពីឆ្នាំមុនការខ្វែងគំនិតគ្នា និងភាពចម្រូងចម្រាសលើការតែងតាំងបេសកជនពិសេសអាស៊ាន នៅក្នុងចំណោមសមាជិកអាស៊ានសំខាន់ៗ អាចនឹងយកមកធ្វើជាឧទាហរណ៍មួយដ៏ល្អសម្រាប់ការសិក្សា។ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី០៥ ខែមករាកន្លងទៅ មេដឹកនាំអាស៊ាន បានស្វាគមន៍ការតែងតាំងលោក ប្រាក់ សុខុន ជាបេសកជនពិសេសអាស៊ាន ជំនួសរដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសប៊្រុយណេ លោក Erywan Yusof។ មិនតែប៉ុណ្ណោះ ពួកគេក៏បានពិភាក្សាគ្នាដែរ ពីសំណើបំពេញទស្សនិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា របស់សម្ដេចតេជោ ហ៊ុន សែន និងថែមទាំង បានទទូចឱ្យមានការធ្វើបទសង្ខេបខ្លីពីលទ្ធផលទៀតផង។ ជាលក្ខណៈផ្លូវការ ប្រធានអាស៊ានក៏បានស្វែងរកកង់សង់ស៊ីស សម្រាប់បេសកជនពិសេសផងដែរ។


កម្ពុជា បាន និងកំពុងធ្វើការដោយផ្អែកលើមូលដ្ឋានដែលគេហៅថា «ការរួបរួមគ្នា» នៃបណ្ដាមេដឹកនាំអាស៊ាន។ បន្ថែមពីលើនេះ អាស៊ានត្រូវតែបញ្ចេញសំឡេងតែមួយ ដោយសារតែមានកិច្ចប្រជុំកំពូលចំនួន៣ ដែលនឹងត្រូវរៀបចំឡើងនៅក្នុងតំបន់ ក្នុងនោះរួមមានកិច្ចប្រជុំអាស៊ាននៅកម្ពុជា, កិច្ចប្រជុំកំពូល G20 នៅឥណ្ឌូណេស៊ី ព្រមទាំងកិច្ចប្រជុំមេដឹកនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក រៀបចំឡើងនៅក្នុងប្រទេសថៃ។ ខែវិច្ឆិកាខាងមុខ នឹងក្លាយជាពេលវេលាដ៏សំខាន់ និងជាខែដ៏មមាញឹកក្នុងឆ្នាំ២០២២នេះ ដោយមេដឹកនាំពិភពលោកនឹងណាត់ជួបគ្នានៅក្នុងតំបន់។


ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ, មានព័ត៌មានជាច្រើនផ្សាយថាអ្នកការទូតអាស៊ាន កំពុងឈ្លោះប្រកែកគ្នាជុំវិញកាលបរិច្ឆេទរៀបចំកិចប្រជុំ ហើយវាជារឿងខកចិត្តដែលបានស្ដាប់ឮបែបនេះ។ មេដឹកនាំអាស៊ានបានដឹងយ៉ាងច្បាស់ថាវាពិតជាពិបាក សម្រាប់មេដឹកនាំនៃប្រទេសមហាអំណាច ជាពិសេសប្រទេសមហាអំណាចជាដៃគូ ក្នុងការចំណាយពេលពេញមួយសប្ដាហ៍ចូលរួមក្នុងកិច្ចប្រជុំទាំងអស់ រហូតទាល់តែមានការសម្របសម្រួលកម្រិតខ្ពស់ ដើម្បីរៀបចំកាលបរិច្ឆេទជាថ្មី ធ្វើដូច្នេះទើបភ្ញៀវមកពីប្រទេសជាមហាអំណាចអាចចូលរួមគ្រប់ព្រឹត្តិការណ៍ទាំងអស់បាន។


ដូច្នេះវាអាចនឹងមានសម្ពាធផ្នែកការទូតមួយចំនួន នៅក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ាន ខណៈនេះជាឱកាសដ៏កម្រមួយដើម្បីបង្ហាញពីប្រទេស និងការតស៊ូអត់ធ្មត់របស់ពួកគេ។ នេះជារឿងមួយអាចយល់បាន ប៉ុន្តែវាក៏មិនត្រូវប្រែក្លាយជាល្អក់កករ និងបង្កផលវិបាកដោយអចេតនា ដែលអាចនាំឱ្យខូចដល់ប្រវិត្តរូបល្អរបស់អាស៊ាន និងបំផ្លាញដល់ទំនាក់ទំនងទ្វេភាគីនោះដែរ។


ការវិវត្តដ៏វិជ្ជមានមួយនោះគឺថាប្រធានអាស៊ានត្រូវតែបង្កើតការប្រស្រ័យទាក់ទងគ្នា ជាមួយបេសកជនពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer។ លោកស្រី បានចាប់ផ្ដើមជំនួបដ៏ល្អជាមួយប្រធានអាស៊ានកាលពីសប្ដាហ៍មុន ដោយបានសន្យាថា នឹងធ្វើការងារជាមួយគ្នាយ៉ាងជិតស្និទ ដើម្បីជំរុញឱ្យមានការអនុវត្តតាមគោលការណ៍កង់សងស៊ីស ៥ចំណុច។ កម្ពុជាបានបង្កើតហើយដែរនូវយន្ដការមួយមានឈ្មោះថា «Troika» ដែលរួមមានប្រធានអាស៊ានអាណត្តិមុន, ប្រធានអាស៊ានបច្ចុប្បន្ន និងអនាគតប្រធានអាស៊ាន ដែលត្រូវសហការជាមួយ អគ្គលេខាធិការអាស៊ាន។ 

ការធ្វើការងាររួមគ្នាជាមួយភាគីពាក់ព័ន្ធ អាទិភាពបន្ទាន់ដែលត្រូវធ្វើគឺស្វែងរកដំណោះស្រាយបញ្ឈប់អំពើហិង្សា និងការអនុវត្តបទឈប់បាញ់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈបន្តរក្សាគោលការណ៍កង់សង់ស៊ីស ៥ចំណុច និងផ្ដល់ជំនួយមនុស្សធម៌។ ខណៈការប្រយុទ្ធគ្នានៅតែបន្តកើតរវាងយោធាមីយ៉ាន់ម៉ា និងក្រុមចលនាតស៊ូ។


លោកស្រី Noeleen Heyzer ជាអ្នកវិទ្យាសាស្ត្រសង្គមជាតិសិង្ហបុរីមួយរូប និងជាអតីតប្រធានគណៈកម្មការអង្គការសហប្រជាជាតិទទួលបន្ទុកសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ឬហៅកាត់ថា (Escap) មិនមែនជាមនុស្សចម្លែកសម្រាប់តំបន់នោះទេ។ លោកស្រីធ្លាប់បាន ធ្វើការយ៉ាងជិតស្និទជាមួយអតីតអគ្គលេខាធិការអាស៊ាន លោក Surin Pitsuwan កំឡុងវិបត្តិបង្កឡើងដោយព្យុះស៊ីក្លូន Nargis កាលពីឆ្នាំ២០០៨ ដើម្បីផ្ដល់ជំនួយមនុស្សធម៌ដល់បណ្ដាភូមិរងផលប៉ះពាល់នៅក្នុងតំបន់ដីសណ្ដរ Irrawaddy នៃប្រទេសមីយ៉ាន់ម៉ា។ បទពិសោធន៍នៅក្នុងដៃរបស់ លោកស្រីនឹងក្លាយជាទ្រព្យមួយដ៏សំខាន់ ក្នុងផ្សាភា្ជប់គម្លាតនៃសេចក្ដីប្រាថ្នារបស់តំបន់ និងសកលលោក រួមទាំងការរៀបចំឡើងវិញនូវផែនការ ការងារនានា។ កាលពីឆ្នាំមុន អង្គការសហប្រជាជាតិ មិនអាចសម្រេចបានកិច្ចការចេញជាលទ្ធផលបានច្រើនឡើយ ក្រៅតែពីការឆ្លុះបញ្ចុះពីស្ថានភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ា ទោះជាបីជាមានកិច្ចប្រជុំកម្រិតក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិជាច្រើនលើកក៏ដោយ។


កិច្ចប្រជុំចង្អៀតដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះគឺពិតជាមានសារៈសំខាន់ជាទីបំផុត ដើម្បីបង្កើតនូវរបៀបវារៈរួមសម្រាប់អាស៊ាន ដែលនឹងត្រូវបានប្រើប្រាស់ក្នុងការចូលរួមជាមួយដៃគូសន្ទនា និងអង្គការសហប្រជាជាតិ។ ដើម្បីបន្តការអនុវត្តយ៉ាងពេញលេញនូវគោលការណ៍ កុងសង់ស៊ីសចំនួន ៥ចំណុច (សម្រាប់មីយ៉ាន់ម៉ា) ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រយុទ្ធគ្នា ត្រូវតែអង្គុយនៅឯតុចរចាឱ្យបានឆាប់ ឬនៅពេលណាមួយ។ វាជាការចាប់ផ្ដើមមួយដ៏ល្អ ដែលបេសកជនពិសេសអាស៊ាន មានគម្រោងបំពេញទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា ក្រោយកិច្ចប្រជុំចង្អៀត៕


ប្រភព៖ Bangkok Post (ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២)

ដោយៈ Fresh News