Tuesday, November 22, 2016

រញ្ជួយដីនៅប្រទេសជប៉ុន អាចបង្កឱ្យមានរលកស៊ូណាមិ ដូច​ឆ្នាំ២០១១

ថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ការរញ្ជួយដី កម្រិត ៧,៤រ៉ិចទ័រ នៅភាគខាងជើង ប្រទេសជប៉ុន ក្បែរខេត្តហ្វូគូស៊ីម៉ា (Fukushima) បានជំរុញឲ្យមានការព្រមានថា អាចនឹងកើតមានរលកស៊ូណាមិ កម្ពស់៣ម៉ែត្រ ហេតុការណ៍រញ្ជួយដីនេះ បានកើតឡើង នៅវេលាម៉ោង ៦ព្រឹក (ម៉ោងក្នុងតំបន់) ។
នេះបើតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងថា  ជម្រៅនៃការរញ្ជួយដី ត្រូវបានគេប៉ាន់ប្រមាណថា មានប្រហែល ២៥គីឡូម៉ែត្រ។
ជាមួយគ្នានេះដែរ រលកស៊ូណាមិ កម្ពស់ ៦០សង់ទីម៉ែត្រ បានកើតមាននៅឯកំពង់ផែ Onahama Port ក្នុងខេត្តហ្វូគូស៊ីម៉ា ខណៈ រលកស៊ូណាមិ កម្ពស់ ៩០សង់ទីម៉ែត្រផ្សេងទៀត បានកើតមាននៅឯទីក្រុងសូម៉ា (Soma) ដែលជាតំបន់ធ្លាប់ជួបការវាយប្រហារ ដោយរលកស៊ូណាមិ កាលពីឆ្នាំ២០១១។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០១១ រលកស៊ូណាមិយក្សមួយ ដែលបង្កឡើងដោយការរញ្ជួយដី បានបំផ្លាញរោងចក្រថាមពលនុយក្លែអ៊ែរ ក្នុងខេត្តហ្វូគូស៊ីម៉ា យ៉ាងដំណំ។យ៉ាងណាមិញ ការរញ្ជួយដីនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា រលកស៊ូណាមិអាចនឹងវាយប្រហារច្រើនសារ និងបានព្រមានអ្នកស្រុក មិនឲ្យចាកចេញពីទីជម្រកឡើយ។
គួរបញ្ជាក់ថា ប្រទេសជប៉ុន ស្ថិតនៅក្នុងតំបន់ដែលមានកម្រិតនៃការរញ្ជួយដីខ្ពស់ រហូតដល់ទៅ ២០ភាគរយ នៃការរញ្ជួយដីនៅទូទាំងពិភពលោក ក្នុងកម្រិតជាមធ្យមចំនួន ៦,០រ៉ិចទ័រ ឬច្រើនជាងនេះ៕