Wednesday, March 15, 2017

អ្នកប្រើប្រាស់បណ្តាញសង្គមFacebook : បើសិនជាគ្មានសម្ដេចវិបុលបញ្ញា សុខ អាន ម្ល៉ោះបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងរឿងក្ដីប្រាសាទព្រះហារ ក៏កម្ពុជាមិនអាចឈ្នះក្ដីនៅតុលាការយុត្តិធម៌អន្ដរជាតិដែរ

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៧នេះ បានបង្ហោះខ្លឹមសារជាការរំលឹកគុណចំពោះលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាពិសេសការឈ្នះក្តីក្នុងរឿងក្តីប្រាសាទព្រះវិហារកាលពីពេលកន្លងទៅ ដោយទេពកោសល្យការទូតដ៏ប៉ិនប្រសប់របស់លោក។
ខាងក្រោមនេះជាសាររបស់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក៖
បើសិនជាគ្មានសម្ដេចវិបុលបញ្ញា សុខ អាន ម្ល៉ោះបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងរឿងក្ដីប្រាសាទព្រះហារ ក៏កម្ពុជាមិនអាចឈ្នះក្ដីនៅតុលាការយុត្តិធម៌អន្ដរជាតិដែរ ជាពិសេសតំបន់ប្រាសាទព្រះវិហារ និងប្រាសាទព្រះវិហារ ក៏មិនក្លាយទៅជាបេតិកភណ្ឌអន្ដរជាតិបានដែរ។
បើគ្មានសម្ដេចវិបុលបញ្ញា សុខ អាន ដែលបានបង្កើតឱ្យមាននូវអាជ្ញាធរជាតិអប្សរាទេ ក៏ប្រាសាទអង្គរវត្តក៏មិនអាចទទួលបាននូវកំណើនភ្ញៀវទេសចរអន្ដរជាតិពី៤ម៉ឺននាក់ រហូតជាច្រើនលាននាក់ដូចសពថ្ងៃនេះដែរ។
ស្នាដៃធំៗដែលសម្ដេចវិបុលបញ្ញា បានធ្វើដើម្បីជាតិ គឺសម្ដេចជាស្ថាបនិកបង្កើតឱ្យមាននូវសាលាភូមិន្ទរដ្ឋបាល រាជបណ្ឌិតសភា និងវិជ្ជាជីវៈតុលាការ អាជ្ញាធរប្រេងកាត និងជាថ្នាក់ដឹកនាំប្រកបដោយព្រហ្មវិហារធម៌យ៉ាងធំធេងចំពោះជាតិ។ នេះជាសមិទ្ធផលដែលមិនអាចកាត់ថ្លៃបានឡើយ។ ហើយម្យ៉ាងនេះក៏ជាស្នាដៃមួយដែលសម្រាប់ខ្មែរជំនាន់ក្រោយ។
សម្ដេចវិបុលបញ្ញា សុខ អាន ក៏បានលះបង់កម្លាំងកាយចិត្ត ក្នុងការតតាំងក្ដីជាមួយនឹងក្រុមហ៊ុនដ៏ល្បីរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងរឿងក្បាលអ្នកតារបស់ខ្មែរ រហូតដល់សម្ដេចឈ្នះក្ដី និងបានប្រគល់ជូនកម្ពុជាវិញផងដែរ។
ដូច្នេះគ្រាន់តែរៀបរាប់នូវគុណតម្លៃដ៏ថ្លៃថ្នាទាំងនេះ គឺលោកសាកសមណាស់នឹងទទួលបាននូវគោរមងារនេះ ជាពិសេសក៏ត្រូវបានប្រវត្តិសាស្ដ្រកម្ពុជាកត់ត្រាទុកផងដែរ។
យើងសូមគោរពចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ!


រាជរដ្ឋាភិបាល ​ចេញ​សេចក្តី​សម្រេច​បង្កើត​គណៈកម្មការ និង​អនុគណៈកម្មការ​រៀប​ចំ​បុណ្យ​សព លោកឧបនាយករដ្ឋមន្ត្រី​ សុខ អាន!






រាជរដ្ឋាភិបាល ចេញសេចក្តីជូនដំណឹងអំពីមរណភាពរបស់លោកឧបនាយករដ្ឋមន្រ្តី សុខ អាន

នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីមរណភាពរបស់លោកឧបនាយករដ្ឋមន្រ្តី សុខ អាន។
សេចក្តីជូនដំណឹង បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តី​សោក​​ស្តាយ សូមជូនដំណឹងដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងសាធារ​ណ​ជនឱ្យបានជ្រាបថា សម្តេចវិបុលបញ្ញា សុខ អាន សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាពនៅថ្ងៃ ៣រោជ ខែផល្គុន ឆ្នាំ វក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១៨ និង៣២នាទី នៅមន្ទីរពេទ្យទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយរោគាពាធ ក្នុងជន្មាយុ ៦៦ឆ្នាំ៕


ជីវប្រវត្តិសង្ខេប សម្តេចវិបុលបញ្ញា សុខ អាន



លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានទទួលមរណភាពហើយ ក្នុងជន្មានុ៦៦ឆ្នាំ

លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានទទួល​មរណភាពហើយ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅវេលា ម៉ោង ១៨:៣២នាទី (ម៉ោង​នៅភ្នំពេញ) ដោយរោគាពាធ ក្នុងជន្មាយុ ៦៦ឆ្នាំ។ នេះបើយោងតាមសេចក្តីជូនដំណឹងមរណភាព ដែលប្រកាសឱ្យដឹងដោយក្រុមគ្រួសារសព។
សេចក្តីជូនដំណឹង បានជម្រាបជូនថា៖
លោកជំទាវ អាន្នី សុខអាន ព្រមទាំងបុត្រាបុត្រីបង្កើត បុត្រីបុត្រាប្រសារ ចៅប្រុស ចៅស្រី និងក្រុមគ្រួសារ មានទុក្ខជាទម្ងន់ដោយ សម្តេចវិបុលបញ្ញា សុខ អាន សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ដែលត្រូវជាស្វាមី ជាឪពុក ឪពុកក្មេក ជីតា បានទទួលមរណភាព នៅថ្ងៃ ៣រោជ ខែផល្គុន ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅវេលា ម៉ោង ១៨:៣២នាទី (ម៉ោងនៅភ្នំពេញ) ដោយរោគាពាធ ក្នុងជន្មាយុ ៦៦ឆ្នាំ។
ដំណឹងនេះចាត់ទុកជាសេចក្តីជូនដំណឹងចំពោះ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា និងញាតិមិត្តជិតឆ្ងាយ នៃសព សម្តេចវិបុលបញ្ញា សុខ អាន មេត្តាជ្រាបតាមការគួរ។ កម្មវិធីបុណ្យសពនឹងមានទូលថ្វាយ និងជម្រាបជូនជ្រាបជាក្រោយ​៕