Wednesday, December 15, 2021

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលេខាធិការនៃក្រុមសន្តិសុខនៃសហព័ន្ធរុស្ស៊ី


នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម NIKOLAI PATRUSHEV លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី។ 

នៅក្នុងជំនួបនោះ ឯកឧត្តម NIKOLAI PATRUSHEV បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខ ពីឯកឧត្តមប្រធានាធិបតីរុស្ស៊ី Vladimir Putin គោរពជូនសម្ដេចតេជោ ហើយក៏បាននាំមកជាមួយនូវគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព ជូនចំពោះសម្ដេចតេជោសម្រាប់ការចូលរួមចំណែកដើរតួរយ៉ាងសំខាន់ក្នុងការរក្សាពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី។ ឯកឧត្តមក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីវឌ្ឍនភាព កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរចំពោះវិស័យការពារជាតិ  សង្គមកិច្ច  អប់រំ  សេដ្ឋកិច្ច  ពាណិជ្ជកម្ម ថាមពល បច្ចេកវិទ្យា សន្តិសុខ ការផ្លាស់ប្ដូរព័ត៌មាន និងវិស័យដទៃទៀត។ ឯកឧត្តមក៏បានជម្រាបជូនសម្តេចតេជោថា ឯកឧត្តមនឹងខិតខំសហការជាមួយកម្ពុជាធ្វើយ៉ាងណាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរីកធំធាត់បន្ថែមទៀត។ 


ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម NIKOLAI PATRUSHEV តាមរយៈការផ្ដាំផ្ញើរសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីរុស្ស៊ី Vladimir Putin និងបាននាំមកជាមួយនូវគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព ដែលជាគ្រឿងឥស្សរិយយសថ្នាក់រដ្ឋជូនដល់សម្ដេចនៅពេលនេះ។ សម្ដេចតេជោក៏បានឯកភាពចំពោះការវាយតម្លៃ របស់ឯកឧត្តមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្ដេចតេជោក៏បានលើកទឹកចិត្តចំពោះឯកឧត្តម NIKOLAI PATRUSHEV ថា ក្រៅពីកិច្ចសហប្រតិបត្តិការដែលមានស្រាប់គប្បីណាពិនិត្យមើលលទ្ធភាពក្នុងការពង្រីក កិច្ចសហប្រតិបត្តិការទៅលើវិស័យដទៃទៀត ដូចជាការបើកឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងក្នុងក្របខ័ណ្ខទ្វេភាគី និងក្របខណ្ឌពហុភាគី ជាមួយនឹងការសិក្សាផ្ទេរសម្ភារៈបំពាក់រោងជាង ជួសជុល គ្រឿងចក្រ និងសម្ភារៈ ក្នុងព្រះរាជាណាចក្រកម្ពុជាផង។


សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ី ចំពោះការគាំទ្រ និងជំនួយជាច្រើន ដែលមានតម្លៃ ដែលបានផ្ដល់ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រាដ៏លំបាកនាពេលកន្លងមក៕













វិភាគអន្តរជាតិ៖ តើភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងផ្ទុះទៅជាសង្រ្គាម ឬ?


(វ៉ាស៊ីនតោន)៖ អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមកនេះ ក្រុមមន្ត្រីអាមេរិក អឺរ៉ុប និងអង្គការ NATO បានព្រមានក៏ដូចជាបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការ ដាក់ពង្រាយកងទ័ព ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់របស់រុស្ស៊ី នៅឯតំបន់ក្បែរព្រំដែនអ៊ុយក្រែន ដែលគេមើលឃើញថាជាការត្រៀមលក្ខណៈបើកការវាយប្រហារ ទ្រង់ទ្រាយធំ។


បើតាមក្រុមមន្ត្រីចារកម្មអាមេរិក រុស្ស៊ីអាចនឹងបើកការវាយប្រហារលើអ៊ុយក្រែន នៅខែមករា ឬនៅដើមខែកុម្ភៈ ឆ្នាំ២០២២ តែមិនបានបញ្ជាក់ថាតើលោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្តហើយ ឬក៏យ៉ាងណានោះទេ ខណៈរុស្ស៊ីបានច្រានចោលការចោទប្រកាន់បែបនេះ ដោយអះអាងថាខ្លួនមិនមានផែនការធ្វើសង្រ្គាម ឬសម្លុតគំរាមកំហែង ប្រទេសដទៃឡើយ។ គ្មាននរណាម្នាក់អាចដឹងថាតើលោក ពូទីន កំពុងគិត ឬចង់ធ្វើអ្វីទេ?


កាលពីរដូវក្ដៅឆ្នាំ២០២១នេះ រុស្ស៊ីក៏ធ្លាប់បានដាក់ពង្រាយកងទ័ពនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែនដែរ ហើយភាពតានតឹងនៅពេលនោះ បានជំរុញឱ្យមានជំនួបកំពូលរវាង ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោក ពូទីន នៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីខែមិថុនាកន្លងទៅ ដែលមជ្ឈដ្ឋានទូទៅយល់ថាវិបត្តិ ឬសង្រ្គាមអាចនឹង ត្រូវបានបញ្ចៀស។ កាលពីសប្ដាហ៍មុន លោក បៃដិន និងលោក ពូទីន ក៏បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូដែរស្ដីពីស្ថានការណ៍អ៊ុយក្រែន នៅក្រោមស្ថានភាពដ៏តានតឹង និងការផ្លោងសម្ដីព្រមានដាក់គ្នាទៅវិញទៅមក។


បើតាមក្រុមអ្នកជំនាញភាគច្រើន, វាមានហេតុផលមួយចំនួនដែលធ្វើឱ្យគេជឿជាក់ថាសង្រ្គាមទ្រង់ទ្រាយធំរវាងអ៊ុយក្រែន និងរុស្ស៊ី ទំនងជានឹងមិនផ្ទុះឡើងក្នុងអនាគតដ៏ខ្លី ទេ ហើយសកម្មភាពរបស់កងទ័ពរុស្ស៊ី អាចជាយុទ្ធសាស្ត្រមួយរបស់លោក ពូទីន ដើម្បីកេងចំណេញនយោបាយនៅក្នុងស្រុក និងបង្ខំឱ្យអឺរ៉ុប ឬអាមេរិក ផ្ដល់សម្បទាន ណាមួយឱ្យទីក្រុងម៉ូស្គូ។ ជាក់ស្ដែង នៅក្នុងសេចក្ដីថ្លែងការណ៍ជាច្រើននាពេលថ្មីៗនេះ ក្រុមមន្ត្រីរុស្ស៊ីបានព្រមានត្រង់ៗ ដៅទៅរក NATO និងអាមេរិក ជាជាងអ៊ុយក្រែន ហើយម្យ៉ាងវិញទៀត រុស្ស៊ីក៏ចង់បញ្ជូនសារទៅដល់អាមេរិក និង NATO រួមទាំងសហភាពអឺរ៉ុបដែរថា «កុំបំពានបន្ទាត់ក្រហមរបស់រុស្ស៊ី» ជាពិសេសកុំអនុញ្ញាតឱ្យអ៊ុយក្រែន ចូលជាសមាជិក NATO ឱ្យសោះ បន្ទាប់ពីអាមេរិកបង្ហើបពីចេតនា និងគាំទ្រឱ្យអ៊ុយក្រែនចូលរួមក្នុងបក្សសម្ពន្ធយោធាមួយនេះ។


ដូចគ្នាទៅនឹងសំណុំរឿងតៃវ៉ាន់ ដែលចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួន, រុស្ស៊ីក៏នៅតែមើលឃើញដូចគ្នាថាអ៊ុយក្រែន គឺជាផ្នែកមួយនៃទឹកដីរុស្ស៊ីសល់ពីអតីតសហភាព សូវៀត ហើយអ៊ុយក្រែន គឺជាទ្រនាប់ការពារមួយដ៏សំខាន់ពីការឈ្លានពានណាមួយពី NATO ដែលកំពុងបង្កើនវត្តមានយោធានៅតំបន់អឺរ៉ុបខាងកើត ជាពិសេសនៅតាម បណ្ដាប្រទេសមានព្រំដែនជាប់រុស្ស៊ី តែម្ដង។


ជាពិតណាស់, អ៊ុយក្រែនជាប្រទេសមួយមានទឹកដីធំ និងមានសមត្ថភាពខ្លាំងគួរសមដោយសារតែមានជំនួយពីសហរដ្ឋអាមេរិក ដែលបាននិងកំពុងជួយបំពាក់អាវុធទំនើបៗ ដល់យោធាអ៊ុយក្រែន ដែលនេះនឹងមិនមែនជារឿងងាយស្រួលឡើយសម្រាប់រុស្ស៊ី ក្នុងការប្រើប្រាស់កម្លាំងយោធា។ អ្នកជំនាញយោធាជឿថាប្រសិនបើទីក្រុងម៉ូស្គូ សម្រេចចិត្តបើកការវាយប្រហារលើអ៊ុយក្រែនមែន (មិនប្រើអាវុធនុយក្លេអ៊ែរ) នោះទីក្រុងកៀវ មិនមែនជាដៃគូរបស់រុស្ស៊ីទេ ហើយសូម្បីតែ អាមេរិក ឬសហភាពអឺរ៉ុប រួមទាំង NATO ក៏មិនប្រាកដថាអាចនឹងពលីជីវិតកងទ័ពរបស់ពួកគេ ដើម្បីការពារអ៊ុយក្រែន ដែលមិនមែនជាសមាជិក NATO នោះដែរ។ សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប និង NATO តាមរយៈសេចក្ដីថ្លែងការណ៍កន្លងមកនេះបានបង្ហាញពីជំហរយ៉ាងច្បាស់ថាពួកគេគ្មានចេតនាបញ្ជូន ឬដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែនទេ ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។


តែទោះជាបែបនេះក្ដី លោក ពូទីន ដឹងយ៉ាងច្បាស់ថាធ្វើសង្រ្គាមជាមួយប្រទេសធំដូចជាអ៊ុយក្រែន ទោះជាឈ្នះ តែមិនអាចគេចផុតពីការខាតបង់ធ្ងន់ធ្ងរឡើយ រីឯអាមេរិក និងសហភាពអឺរ៉ុប មុខជានឹងមិនឈរអោបដៃមើលដែរ ដោយទោះជាមិនធ្វើអន្តរាគមន៍យោធា តែពួកគេអាចដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធំសម្បើម ក្នុងនោះរួមមានទាំងការ កាត់ផ្ដាច់រុស្ស៊ីចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិជាដើម ហើយវាក៏អាចធ្វើឱ្យមុខមាត់ និងកិតិ្តយសរបស់រុស្ស៊ីនៅលើឆាកអន្តរជាតិត្រូវអាប់ឱនផងដែរ។ ម្លោះហើយ សង្រ្គាម ទ្រង់ទ្រាយធំ ប្រហែលជានឹងមិនផ្ទុះឡើងទេ តែអ្វីដែលគេបារម្ភនោះគឺរុស្ស៊ីអាចនឹងបើកដៃ ឬបញ្ជាឱ្យក្រុមឧទ្ទាមនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ធ្វើសកម្មភាពជំនួស ហើយ ខ្លួនអង្គុយរង់ចំាមើលឱកាសទាញយកប្រយោជន៍ពីស្ថានការណ៍ជាក់ស្ដែង៕

ប្រភព៖ eurasiareview (ថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១)

ដោយៈ Fresh News






ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» តម្លៃ១៨០លានដុល្លារ

(ភ្នំពេញ)៖ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដ៏សែនប្រណិត តម្លៃ១៨០លានដុល្លារ ស្ថិតកណ្តាលរាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។

ការដាក់សម្ពោធឱ្យប្រើប្រាស់សណ្ឋាគារដែលទិញម៉ាកយីហោមកពីអាមេរិកនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ជាសណ្ឋាគារយីហោ «ហៃយ៉ាត់» ដំបូងគេនៅក្នុងរាជធានីភ្នំពេញ ស្ថិតនៅចំតំបន់ពាណិជ្ជកម្ម និងតំបន់វប្បធម៌ក្នុងរាជធានីភ្នំពេញ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណ២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ប្រសាសន៍របស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន បានហៅសណ្ឋាគារហៃហាត់ថា ជាសមិទ្ធផលមួយទៀត សម្រាប់ជាតិកម្ពុជា។ សម្តេចតេជោ បានថ្លែងថា សណ្ឋាគារនេះផ្តល់ការងារ ផ្តល់ពន្ធជូនរដ្ឋ និងទាក់ទាញអ្នកទេសចរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិតជាមានមោទនភាពចំពោះសមិទ្ធផលសណ្ឋាគារនេះ។

* សម្តេចតេជោ ហ៊ុន សែន បើរំលឹកទៅអតីតកាល គ្រប់អ្នករកស៊ី រួមទាំងក្រុមហ៊ុនជីបម៉ុង គឺបានឆ្លងកាត់ដំណាក់កាលដ៏វេទនា ដែលបន្សល់ពីរបប ប៉ុល ពត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមោទនភាពចំពោះក្រុមហ៊ុន ជីបម៉ុង និងក្រុមហ៊ុនដទៃទៀត ដែលបានរួមចំណែកធ្វើឱ្យកម្ពុជាមានវឌ្ឍនភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមហ៊ុនឯកជន គឺជាប្រតិបត្តិករ ដែលបានធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដែលកម្ពុជាកើតមាននេះ គឺដោយសារមានការរំដោះថ្ងៃ៧ មករា។ សម្តេចតេជោ បានបញ្ជាក់ថា នេះគឺជាសច្ចភាពប្រវត្តិសាស្ត្រ ហើយគ្មានអ្វីនឹងខ្លាចក្នុងការនិយាយនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកនូវស្ថានភាពដ៏លំបាកនៃជីវិតតស៊ូរបស់សម្តេចក្នុងពេលកម្ពុជាមានវិបត្តិភ្លើងសង្គ្រាម។ ទី១ត្រូវចេញតស៊ូទាំងកូននៅក្នុងផ្ទៃ បន្ទាប់មកជួបកូន កូនមិនស្គាល់ឪពុក បន្ទាប់ពីកូនស្គាល់ឪពុក ភរិយាបានខូចកូនក្នុងផ្ទៃ ព្រោះតែការយោងទឹកឡើងផ្ទះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលឃើញរូបភាពពីលើអាកាសក្នុងរាជធានីភ្នំពេញ បានបង្ហាញឱ្យឃើញពីការរីចម្រើនខ្លាំង ដោយសម្តេចស្មានតែជាទិដ្ឋភាពនៃទីក្រុងប្រទេសដទៃ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កត្តាសន្តិភាព គឺជាកត្តាចាំបាច់នាំឱ្យកម្ពុជាមានការរីកចម្រើនបែបនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ភ្ញៀវបរទេសចូលក្នុងកម្មវិធីសម្ពោធសណ្ឋាគារថា សម្តេចមិនខ្លាចនឹងនិយាយថា មានសន្តិភាព ទើបមានការអភិវឌ្ឍនេះ។ សម្តេចក៏បានប្រាប់ភ្ញៀវបរទេសពីភាពខ្ទេចខ្ទាំរបស់កម្ពុជាពីអតីតកាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានផ្តល់សិទ្ធិរស់រានមានជីវិត ជាសិទ្ធិចម្បង និងធំមុនគេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនត្រូវឱ្យប្រទេសនេះមានភ្លើងសង្គ្រាមនោះឡើយ ហើយទោះក្នុងតម្លៃណាក៏ដោយត្រូវរក្សាឱ្យបាននូវសុខសន្តិភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធ្លាប់បានប្រាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន ថា សម្តេចសុខចិត្តឱ្យសាលាក្តីខ្មែរក្រហមរលាយ តែមិនឱ្យកម្ពុជាកើតសង្គ្រាមជាថ្មីនោះឡើយ។ ការជម្រាបបែបនេះ បន្ទាប់ពីសាលាក្តីខ្មែរក្រហម មានបំណងចង់បន្តដំណើរការលើសំណុំរឿងទៅអ្នកពាក់ព័ន្ធរបបខ្មែរក្រហមដទៃទៀត ដែលសម្តេចចាត់ទុកជាការប្រឈមនឹងការនាំសង្គ្រាមឡើងវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា សម្តេចបានយកជីវិតធ្វើដើមទន់ម្តងទៀត ក្រោយការយកជីវិតដើមទន់នៅថ្ងៃទី២០ មិថុនា ១៩៧៧ គឺការចូលខ្លួនទៅចរចាជាមួយខ្មែរក្រហម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព បានផ្តល់នូវឱកាសមាស ឱកាសពេជ្រ សម្រាប់ការកសាងសង្គម និងសេដ្ឋកិច្ចកម្ពុជាឡើងវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះចង់សម្លាប់ សាដាម ហូសេន ចោទអ៉ីរ៉ាក់ មានអាវុធប្រល័យលោក តែក្រោយសម្លាប់ សាដាម ហូសេន តើអាវុធប្រល័យលោកនៅទីណា?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកើនឡើងនៃជម្លោះដីធ្លី ក៏ដោយសារតែកម្ពុជាមានសុខសន្តិភាព។ បើគ្មានសន្តិភាព មិនមានអ្នកដណ្តើមដីគ្នាឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បានរងការរាតត្បាតដោយសារជំងឺកូវីដ១៩ ប្រមាណពីរឆ្នាំហើយ។ តែយុទ្ធសាស្ត្រនៃការដឹកនាំ ធ្វើកម្ពុជាបើកប្រទេស និងស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ។

* សម្តេចេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី១៤ ខែធ្នូ រកឃើញអ្នកកើតកូវីដ១៩ តែ៨នាក់ប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្លាក់ចុះនៃការរាតត្បាតជំងឺកូវីដ១៩ គឺបានមកពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងក្រុមហ៊ុននានា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញនូវយុទ្ធសាស្ត្រក្នុងការចាក់វ៉ាក់សាំង និងរកវ៉ាក់សាំង ដែលជាមូលហេតុនាំកម្ពុជាយកឈ្នះជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទើបអនុម័តឱ្យចាក់វ៉ាក់សាំងដូសទី៣ ជូនកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅ ១៨ឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានវ៉ាក់សាំង បានជួយទប់ស្កាត់ការស្លាប់គរជើងគ្នា។

* សម្តេចតេជោ ហ៊ុន សែន បានសន្និដ្ឋានថា សេច្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ស្ថិតក្នុងរង្វង់ ៣ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នរោងចក្រមួយចំនួនត្រូវធ្វើការពេលយប់ ដើម្បីផលិតផលិតផលឱ្យទាន់ការបញ្ជាទិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះមេរោគបំប្លែងថ្មី «អូមីក្រុង» តែមិនត្រូវស្លន់ស្លោ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិធានការវ៉ាក់សាំងមិនទាន់គ្រប់គ្រាន់ទេ ត្រូវតែបន្តការប្រកាន់ខ្ជាប់វិធានការ «៣ការពារ និង៣កុំ»។

* សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តពលរដ្ឋខ្មែរ ជាពិសេសអ្នករៀបអាពាហ៍ពិពាហ៍ហើយ មកស្នាក់នៅសណ្ឋាគារហៃយ៉ាត់។

* សម្តេចតេជោ ហ៊ុន សែន ស្នើបញ្ចុះតម្លៃ ១០ភាគរយ ដល់អ្នកមកក្រេបទឹកឃ្មុំនៅហៃយ៉ាត់។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងមិនអាចការបិទខ្ទប់ឡើងវិញ ដូចសម័យដែលយើងគ្មានវ៉ាក់សាំងមកដល់ទេ

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាប់បែកមួយគ្រាប់ផ្ទុះ ប៉ះពាល់មនុស្សតិចតួចប៉ុណ្ណោះ ប៉ុន្តែបើគ្រាប់បែកសេដ្ឋកិច្ចផ្ទុះ នឹងប៉ះពាល់ទាំងអស់

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានការរីករាលដាលជំងឺកូវីដ១៩ ទេនោះ ម្ល៉េះប្រទេសកម្ពុជា បានទទួលមេដឹកនាំជាង ៥០ប្រទេស ដែលមកចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១៣ ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចចង់សរសេរសៀវភៅ អំពីរសជាតិជីវិតរបស់សម្ដេច ដោយចាប់ផ្ដើមពីកូនទាហាន ដើម្បីទុកសម្រាប់យុវជនជំនាន់ក្រោយស្វែងយល់

* សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យម្ចាស់រថយន្តដែលមិនទាន់បង់ពន្ធទៅបង់ពន្ធ ឲ្យបានទាន់ពេលវេលា មុនដំណាច់ឆ្នាំនេះ ដើម្បីទទួលបានការអនុគ្រោះ ១០ភាគរយ

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ហាមឃាត់សម្ដេចមិនបាននោះទេ

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការក្លាយជាប្រធានអាស៊ាន ហើយមិនអញ្ជើញសមាជិកអាស៊ានចូលរួមប្រជុំ គឺជារឿងមិនត្រឹមត្រូវ

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចធ្វើអ្វីៗទៅតាមធម្មនុញ្ញអាស៊ានអនុញ្ញាត

* សម្ដេចតេជោ ហ៊ុន សែន ហាមមិនឲ្យបន្ទោសកម្ពុជាទោះបីជាបញ្ហាមីយ៉ាន់ម៉ា ត្រូវបានដោះស្រាយចប់ ឬមិនចប់ឡើយ

* សម្ដេចតេជោ ហ៊ុន សែន ប្រាប់កុំឲ្យរំពឹងខ្លាំងពេកមកលើកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ប៉ុន្តែមិនគួរប្រមាថចំពោះកម្ពុជាដែលជាប្រធានអាស៊ានដែរ

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សុំទុកឱកាសឲ្យកម្ពុជាធ្វើការងារក្នុងនាមជាប្រធានអាស៊ានលើបញ្ហាមីយ៉ាម៉ា

* សម្ដេចតេជោ ហ៊ុន សែន ស្នើកុំឲ្យបន្ទោសកម្ពុជាដូចឆ្នាំ២០១២ បើសិនជាមិនអាចចេញសេចក្តីថ្លែងការណ៍ ទាក់ទងនឹងបញ្ហា COC បានក្នុងពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២

* សម្ដេចតេជោ ហ៊ុន សែន បានទម្លាយថា មូលហេតុដែលកម្ពុជាមិនអាចចេញសេចក្តីថ្លែងការណ៍ COC កាលពីឆ្នាំ២០១២ គឺការចាប់បង្ខំឲ្យកម្ពុជាធ្វើជាចៅក្រមកាត់សេចក្តី ឲ្យកោះនេះទៅប្រទេសនេះ ឱ្យកោះនោះទៅប្រទេសនោះ

* សម្ដេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា ចុះប្រទេសផ្សេងទៀតដែលធ្វើជាប្រធានអាស៊ានមុនៗ ម្ដេចក៏មិនអាចចេញសេចក្តីថ្លែងការណ៍ COC នេះបាន?

* សម្ដេចតេជោ ហ៊ុន សែន បានស្នើកុំឲ្យទុកកម្ពុជាធ្វើជាចៅក្រមកាត់ក្តីជុំវិញជម្លោះដែនសមុទ្រចិនខាងត្បូង

* សម្ដេចតេជោ ហ៊ុន សែន សម្តែងការអបអរសាទរចំពោះវៀតណាម-ចិន ក្នុងការដោះស្រាយបញ្ហាព្រំដែនគោកជាមួយគ្នា បានយ៉ាងល្អប្រសើរ

* សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យប្រទេសពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង សម្របសម្រួលដោះស្រាយគ្នាដោយសន្តិវិធី

* សម្ដេចតេជោ ហ៊ុន សែន ស្នើកុំឲ្យបញ្ហាសមុទ្រចិនខាងត្បូងក្លាយជាដុំថ្មក្តៅ សូមឲ្យក្លាយទៅជាដំឡូងក្តៅវិញ

* សម្ដេចតេជោ ហ៊ុន សែន ប្រកាសពីគោលជំហរ ៣ចំណុចចំពោះបញ្ហាសមុទ្រចិនខាងត្បូង ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងនាមប្រធានអាស៊ាន ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា

* សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចនឹងតែងតាំង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើជាបេសកជនរបស់ប្រធានអាស៊ាន ដើម្បីចុះទៅសម្របសម្រួលជាមួយប្រទេសមីយ៉ាន់ម៉ា

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ាន ៩ប្រទេសគឺជាអាស៊ានដែលមិនគ្រប់ទឹក

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសមួយមិនអាចទទួលយកការបង្ខិតបង្ខំទេ មានតែបង្កើតជំនឿទុកចិត្តទេ ទើបអាចទទួលយកបាន

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលរីករាលដាលកូវីដ១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម'បែរជាកើនឡើង រហូតដល់ ៣០០ភាគរយ

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សូមកុំមកបង្ខំកម្ពុជាឲ្យធ្វើនេះធ្វើនោះ កម្ពុជាប្រហែលជាមានបញ្ញាគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហាដោយខ្លួនឯង* សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា លោក មីន អោមលាំង បានអញ្ជើញសម្ដេចទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ប៉ុន្តែគ្រប់គ្នាបានដឹងហើយថាសម្ដេចជាប្រធានអាស៊ានឆ្នាំក្រោយដែរ

* មុននឹងបញ្ចប់សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណក្រុមហ៊ុនជីបម៉ុង ដែលបានអញ្ជើញសម្ដេច មកសម្ពោធសណ្ឋាគារលំដាប់ផ្កាយ ៥ របស់ខ្លួន

* សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវ ឲ្យប្រជាពលរដ្ឋអនុវត្តវិធានការសុខាភិបាល និងវិធានការបីកុំបីការពារបន្តទៀត ទោះបីជាកម្ពុជាមានការធូរស្រាលក្នុងការរីករាលដាលជំងឺកូវីដ១៩ ក៏ដោយ

* សម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់សន្តរកថា នៅវេលាម៉ោង១០៖១៥នាទីព្រឹក៕





រដ្ឋាភិបាលខិតខំប្រឹងប្រែងរកថ្នាំវ៉ាក់សាំងមកចាក់បានទាន់ពេលវេលា គឺគោលដៅស្រោចស្រង់សេដ្ឋកិច្ចជាតិឱ្យដំណើរការឡើងវិញ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងកំឡុងពេលទប់ស្កាត់ បិទខ្ទប់ប្រទេស ធ្វើឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ជាពិសេសវិស័យទេសចរណ៍តែម្តង នេះជាវិបត្តិសកល ដែលពិភពលោកជួបប្រទះ និងដោះស្រាយ។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH»។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ក្រោយពីប្រកាសដាក់ឱ្យបើកដំណើរការប្រទេសឡើងវិញ គឺប្រជាជន ចេញដើរកំសាន្តគ្រប់កន្លែង ទាំងពេលឈប់សម្រាកបុណ្យ និងថ្ងៃសៅរ៍ អាទិត្យផងដែរ នេះបញ្ជាក់ឱ្យឃើញថា វិស័យទេសចរណ៍ហាក់ងើបឡើងវិញហើយ មានកំណើនទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ទន្ទឹមនេះ មានគូ ស្វាមី ភរិយាទើបនឹងរៀបការថ្មីៗ អាចទៅសម្រាកលំហែរកាយនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ នេះសំដៅដល់អ្នកមានលុយតែប៉ុណ្ណោះ ហើយអ្នកផ្សេងទៀតអាចនឹងចំណាយទៅតាមលទ្ធភាពរបស់ខ្លួនផងដែរ៕



សម្តេចតេជោ ហ៊ុន សែន៖ សិទ្ធិរស់រានមានជីវិតជារឿងសំខាន់បំផុតរបស់មនុស្ស

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានការលើកឡើងមួយចំនួនផ្តោតទៅលើសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែលត្រូវបានប្រើជាលេសដើម្បីឈ្លានពានប្រទេសដទៃ ប៉ុន្តែសម្រាប់សម្តេច អ្វីដែលសំខាន់បំផុតនោះគឺសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនដែលត្រូវការពារឱ្យបាន។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» ស្ថិតនៅសង្កាត់ជ័យជំនះ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានទិញម៉ាកយីហោមកពីអាមេរិក។


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កត្តាសន្តិភាពដែលកម្ពុជារកបានដោយលំបាក មិនត្រូវមើលរំលងជាដាច់ខាត និងមិនអនុញ្ញាតឱ្យអ្នកណាបំផ្លាញបានទេទោះក្នុងតម្លៃណាក៏ដោយ បើគ្មានសន្តិភាពក៏គ្មានការអភិវឌ្ឍនោះដែរ។


សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា អ្វីដែលរាជរដ្ឋាភិបាលត្រូវធ្វើចាំបាច់នោះគឺការពារសិទ្ធិរស់រានមានជីវិតរបស់ប្រជាជន តាមរយៈការការពារមិនឱ្យមានសង្រ្គាមកើតឡើង ជាថ្មីម្តងទៀតនៅលើទឹកដីកម្ពុជានៃយើង៕






សម្តេចតេជោ ហ៊ុន សែន ៖ ការដាក់ចេញនូវយុទ្ធសាស្ត្រដោះស្រាយបញ្ហារហ័ស ទើបប្រជាជនទទួលបានការចាក់ថ្នាំវ៉ាក់សាំងបានគ្រប់ៗគ្នា

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកចាក់ឱ្យប្រជាពលរដ្ឋ និងវិធានការខិតខំប្រែង ការពារ តស៊ូខ្លាំងណាស់របស់រាជរដ្ឋាភិបាល ដើម្បីសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ដោយមានអត្រាឆ្លងតិច និងស្លាប់តិច បើប្រៀបធៀបនឹងបណ្តាប្រទេសដទៃទៀត មិនទាន់នឹងមានថ្នាំវ៉ាក់សាំងចាក់គ្រប់គ្រាន់ ហើយប្រទេសខ្លះទៀត មានឆ្លងច្រើន បណ្តាលឱ្យស្លាប់ក៏មានចំនួនច្រើនផងដែរ។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH»។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរអរគុណដល់ក្រុមហ៊ុន, សប្បុរសជនទាំងអស់ បានចូលរួមចំណែកសហការជាមួយរាជរដ្ឋាភិបាល ក្នុងការជួយឧបត្ថម្ភថ្នាំវ៉ាក់សាំង និងសម្ភារៈជាច្រើន ដែលជាតម្រូវការចាំបាច់បម្រើដល់ការអនុវត្តយន្តការ បង្កា ការពារ ជំងឺឆ្លងកូវីដ-១៩ បានទាន់ពេលវេលា នេះបង្ហាញពីស្មារតីសាមគ្គី សហការ រួមកម្លាំងគ្នាដោះស្រាយស្ថានការណ៍បានភ្លាមៗ គួរជាកោតសរសើរណាស់៕






សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានថ្ងៃរំដោះ៧មករាទេ តើយើងនៅមានជីវិតដល់សព្វថ្ងៃទេ?

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកសារជាថ្មីម្តងទៀតថា បើគ្មានការរំដោះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩នោះទេ ប្រជាជនខ្មែរយើងក៏ពុំមានជីវិតរបស់នៅដល់សព្វថ្ងៃនេះដែរ ដែលនេះគឺជាការពិតមិនអាចប្រកែកបានឡើយ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» ស្ថិតនៅសង្កាត់ជ័យជំនះ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានទិញម៉ាកយីហោមកពីអាមេរិក។


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកដែលមិនទទួលស្គាល់ការពិតនៃថ្ងៃរំដោះជាតិ៧មករា មិនចាំបាច់ស្តាប់សម្តេចថ្លែងទេ ហើយអ្នកទាំងអស់នោះក៏មិនសមជាមនុស្សដែរ គឺសមជាសត្វតិរិច្ឆាន។


សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរពីសោកនាដកម្មដែលប្រជាជនខ្មែរឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍ និងក្រោយថ្ងៃរំដោះ៧មករា ដែលកម្ពុជាពេលនោះពុំមានអ្វីទាល់តែសោះ ប៉ុន្តែបច្ចុប្បន្ននេះមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានទឹកស្អាតគ្របដណ្តប់ដល់ទីជនបទនានាភាគច្រើនផងដែរ៕






សម្តេចតេជោ ហ៊ុន សែន ៖ ផ្តើមចេញពីកត្តាសុខសន្តិភាព បានធ្វើឱ្យតួអង្គបុគ្គល និងតួអង្គក្រុមហ៊ុនមានការរីកចម្រើន

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយរំដោះប្រទេសជាតិ ចេញពីសង្គ្រាម នៅថ្ងៃ ៧មករា ១៩៧៩ គឺក្រុមហ៊ុនជីបម៉ុងមានដើមទុនរកស៊ីដំបូងមានត្រឹមមាស 2ជី តែប៉ុណ្ណោះ រហូតមកដល់ពេលនេះមានដើមទុនរាប់លានដុល្លារ។ នាឱកាសនោះ សម្តេចបានថ្លែងអំណរគុណជូនដល់ក្រុមជីបម៉ុង និងបណ្តាក្រុមហ៊ុនដទៃទៀត បានបណ្តាក់ទុនវិនិយោគនៅកម្ពុជា ធ្វើឱ្យមានការរីកចម្រើនដោយសារប្រទេសជាតិ មានសុខសន្តិភាព។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH»។


សម្តេច បានថ្លែងបន្តថា បើនិយាយដោយក្លាហាន និងនិយាយដោយការពិតមានសច្ចៈធម៌ថា ការរីកចម្រើននេះ បានមកពីការរំដោះប្រទេសចេញពីសង្គ្រាម នាពេលនោះ គឺក្រុមហ៊ុនវិនិយោគមុនដំបូងគេបង្អស់គឺក្រុមហ៊ុនសែលកាត Cellcard និងមានបណ្តាក្រុមហ៊ុនដទៃៗទៀត បានចូលមកវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់ រហូតដល់មានក្រុមហ៊ុនជាច្រើនសន្ធឹកសន្ធាប់ក្នុងបច្ចុប្បន្ន នេះបង្ហាញឱ្យឃើញពីការរីកចម្រើនវិស័យឯកជន រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់វិស័យរដ្ឋផងដែរ៕





សម្តេចតេជោ ហ៊ុន សែន៖ សណ្ឋាគារ HYATT REGENCY PHNOM PENH គឺជាសមិទ្ធផលសង្គមជាតិថ្មីមួយទៀត

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» គឺជាសមិទ្ធផលសង្គមជាតិថ្មីមួយទៀត បើទោះបីជាវាជាកម្មសិទ្ធិរបស់វិស័យឯកជនក៏ដោយក្តី។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» ស្ថិតនៅសង្កាត់ជ័យជំនះ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានទិញម៉ាកយីហោមកពីអាមេរិក។


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការដែលសម្តេចថាជាសមិទ្ធផលសង្គមជាតិនោះ ក៏ដោយសារវិស័យឯកជនមួយនេះ បានចូលរួមជាច្រើនជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិតាមរយៈការផ្តល់ការងារធ្វើដល់ប្រជាជន និងការចូលរួមផ្នែកពន្ធដារជាដើម។


សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការរីកចម្រើននៃវិស័យឯកជន ក៏ជាការរីកចម្រើនរបស់ប្រទេសជាតិយើងផងដែរ ដែលវិស័យឯកជនត្រូវបានចាត់ទុកថាជារថភ្លើងនៃកំណើនសេដ្ឋកិច្ចប្រទេសជាតិផងដែរ៕







ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH»។ 
ថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១