Saturday, August 13, 2016

សិក្ខាសាលា​ដើម្បីស្វែង​យល់​បេតិកភណ្ឌ​វប្បធម៌​តំបន់​មេគង្គ ត្រូវ​បាន​រៀប​ចំឡើង​នៅតំបន់​រមណីយ​ដ្ឋានអង្គរ

អ្នកជំនាញខាងបេតិកភណ្ឌវប្បធម៌ ចំនួន១០រូប ដែលមាន២រូបមកពីប្រទេសនីមួយៗ នៃប្រទេសទាំង៥នៅអាស៊ីអាគ្នេយ៍ ពោល គឺកម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ និងវៀតណាម ព្រមទាំងប្រទេសឥណ្ឌូនេស៊ី បានមកជួបជុំគ្នាជាមួយអ្នកជំនាញជប៉ុន នៃសាកលវិទ្យាល័យ សូហ្វីយ៉ា និងអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា នៅតំបន់សៀមរាប-អង្គរ ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការអភិរក្សមរតកបេតិកភណ្ឌតាមរយៈសិក្ខាសាលាអន្តរជាតិ ដែលហៅថា សិក្ខាសាលាដើម្បីស្វែងយល់បេតិកភណ្ឌវប្បធម៌តំបន់មេគង្គ
នៅក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ លោកសាស្រ្តាចារ្យ Ishizawa Yoshiaki តំណាងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន ដែលជាអ្នកដឹកនាំរៀបចំកម្មវិធីនេះ បានថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរាដែលបានគាំទ្រ និងសហការគ្រប់បែបយ៉ាងចំពោះកម្មវិធីនេះ។ មិនតែប៉ុណ្ណោះ អាជ្ញាធរជាតិអប្សរា ក៏បានបញ្ជូនអ្នកជំនាញផ្សេងៗ ចូលរួមដោយផ្ទាល់ ដើម្បីធ្វើបទបង្ហាញផ្តល់បទពិសោធន៍ដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីសិក្ខាសាលានេះ ។ លោក សាស្រ្តាចារ្យ ក៏បានរំលេចឱ្យឃើញពីភាពជោគជ័យ ដែលសម្រេចបានលើការងារអភិរក្សជួសជុលប្រាង្គប្រាសាទកន្លងមក ធ្វើឱ្យអាជ្ញាធរជាតិអប្សរា មានសមត្ថភាពគ្រប់គ្រាន់ដើម្បីចែករំលែកបទពិសោធន៍ទាំងនេះ ដល់ប្រទេសផ្សេងៗទៀតក្នុងតំបន់ ក៏ដូចជាពិភពលោក ។ មិនតែប៉ុននោះ កម្ពុជា ជាប្រទេសសម្បូរណ៍ដោយប្រាង្គប្រាសាទសិលា ដែលទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីមនុស្សក្នុងពិភពលោក ដូចនេះហើយសិក្ខាសាលាដែលបានរៀបចំក្នុងពេលនេះ ក៏ជាឱកាសល្អមួយបង្ហាញដល់អ្នកជំនាញក្នុងការស្វែងយល់បន្ថែមទៀត ដើម្បីយកជាគំរូទៅរៀបចំនៅតាមបណ្តារមណីយដ្ឋានបេតិកភណ្ឌពិភពលោកនៅបណ្តាប្រទេសផ្សេងៗទៀត។
ជាកិច្ចស្វាគមន៍ ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យសូហ្វីយ៉ា ជាពិសេសលោកសាស្រ្តាចារ្យ Ishizawa Yoshiaki ដែលតែងតែជួយលើកិច្ចការអភិរក្ស ជួសជុលប្រាង្គបា្រសាទក្នុងតំបន់អង្គរ ក៏ដូចជាការៀបចំឱ្យមានកម្មវិធីសិក្ខាសាលាក្នុងពេលនេះជាដើម។ ក្នុងនាម អាជ្ញាធរជាតិអប្សរា ឯកឧត្តមអគ្គនាយក ក៏បានទាញចំណាប់អារម្មណ៍សិក្ខាកាមដែលបានចូលជួបក្នុងឱកាសនេះ ឱ្យបានស្វែងយល់ពីការខិតខំរបស់អាជ្ញាធរជាតិអប្សរាពាក់ព័ន្ធនឹងកិច្ចការអភិរក្ស ជួសជុលបេតិកភណ្ឌ ជាពិសេសកិច្ចសហការអន្តរជាតិក្នុងរយៈពេលជាង២០ឆ្នាំ ជាមួយដៃគូរអន្តរជាតិនានា។ ក្នុងក្របខ័ណ្ឌកិច្ចសហការអន្តរជាតិ នេះហើយ គណៈកម្មការ អាយស៊ីស៊ី-អង្គរ ត្រូវបានទទួលស្គាល់ជាបន្តបន្ទាប់លើកឆាកអន្តរជាតិ និងប្រទេសមួយចំនួន ចាត់ទុកអាយស៊ីស៊ី-អង្គរ ជាគំរូក្នុងកិច្ចការអភិរក្ស ជួសជុល តំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកផ្សេងៗ ទៀតដូចជានៅប្រទេសស៊ីរី និងប្រទេសអាហ្គានីស្ថាន ជាដើម។
ឯកឧត្តមអគ្គនាយក ក៏បានជូនពរដល់អង្គសិក្ខាសាលាឱ្យទទួលជោគជ័យតាមផែនការ ហើយក៏បានសន្យា សហការ បញ្ជូនអ្នកជំនាញ ដើម្បីចូលរួម និងសម្របសម្រួលចំពោះគ្រប់កម្មវិធីដែលត្រូវចុះកម្មសិក្សា តាមបណ្តាប្រាង្គប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ។
សូមបញ្ជាក់ថា នេះជាសិក្ខាសាលាលើកទី៥ហើយ ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា ដែលមានទីតាំងនៅតំបន់សៀមរាប-អង្គរ។ សិក្ខាសាលា ដែលមានរយៈពេល៨ថ្ងៃនេះ បានចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ សិក្ខាកាមដែលបានចូលរួមទាំងអស់នឹងបានផ្លាស់ប្តូរព័ត៌មានទូទៅទាក់ទងនឹងបញ្ហារួមទាំងឡាយនៅតំបន់អាស៊ីអាគ្នេយ៍ មានដូចជា ភាពគំរាមគំហែងពីធម្មជាតិ ភាពទ្រុឌទ្រោមនៃគ្រឿងសំណង់ វិធីសាស្រ្តការពាររមណីយដ្ឋានប្រវត្តិសាស្រ្តជាដើម៕