Friday, August 26, 2022

សម្ដេចតេជោ ហ៊ុន សែន បង្កើតក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាប័ន្ន, លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ជាប្រធាន


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើតក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាប័ន្ន ហៅកាត់ថា «ក.ត.អ.ប»។


ក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាប័ន្ននេះ មានលោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធាន អមដោយអនុប្រធានអចិន្ដ្រៃយ៍ម្នាក់, អនុប្រធាន៤រូប និងសមាជិកអចិន្ដ្រៃយ៍ សមាជិក ចំនួន១៦រូប។

សូមជម្រាបថា អាជីវកម្មបរិយាប័ន្ន (Inclusive Business, IB) គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ប្រកបដោយនវានុវត្តភាព និងដំណោះស្រាយដែលមានវិសាលភាពធំ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនដែលមានចំណូលទាប។


អាជីវកម្មទាំងនោះផ្តល់ផលិតផល សេវាកម្ម និងជីវភាពលើមូលដ្ឋាននៃគោលការណ៍ធុរកិច្ច ដែលនៅខ្នាតធំ និងដែលអាចរីកលូតលាស់ ដល់ប្រជាជនដែលស្ថិតនៅបាតនៃពីរ៉ាមីត (BoP) ដើម្បីឱ្យពួកគាត់ក្លាយជាផ្នែកមួយខ្សែច្រវាក់ផលិតកម្មដែលមានដូចជា អ្នកផ្គត់ផ្គង់ អ្នកចែកចាយ អ្នកលក់រាយ ឬអតិថិជន។


ដោយសង្កត់ធ្ងន់លើផលចំណេញរបស់អាជីវកម្ម ការជះឥទ្ធិពលដល់សង្គម និងការផ្លាស់ប្តូរជាប្រព័ន្ធ គំរូអាជីវកម្មបរិយាប័ន្ន បង្កើតស្ថានភាពឈ្នះ ឈ្នះឈ្នះ (Triple Win) (១) ដល់ប្រជាជនក្រីក្រ (កាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ) វិស័យឯកជន (ទទួលផលចំណេញរបស់អាជីវកម្មបានច្រើនជាងមុន និងប្រកបដោយបរិយាប័ន្ន) និងសង្គមជាតិ (ជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គម ការកាត់បន្ថយភាពក្រីក្រក្នុងសង្គម ព្រមទាំងការបង្កើនចំណូលសេដ្ឋកិច្ចជាតិ)។


ដើម្បីអាចផ្តល់ជាប្រយោជន៍ដល់ប្រជាជន និងអាជីវកម្មក្នុងពេលតែមួយ វាជាការចាំបាច់ក្នុងការមានវិធីសាស្ត្រកាត់បន្ថយហានិភ័យដ៏ល្អមួយ ប្រភេទអាជីវកម្មដែលសមស្រប និងនវានុវត្តន៍សង្គម និងគោលបំណងអាជីវកម្មបរិយាប័ន្នដ៏រឹងមាំរបស់ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនដែលជំរុញបន្ទាត់អាជីវកម្មបរិយាប័ន្ន។


ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន (ASEAN Summit) ដែលបានរៀបចំឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាលសហគមន៍អាស៊ានបានសម្រេចជាឯកច័្ឆន្ទ ឲ្យមានការរៀបចំកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ាន (ASEAN IB Summit) និងបានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ជាពិសេសទៅលើការបង្កើតបរិយាកាសអំណោយផលសម្រាប់អាជីវកម្មបរិយាប័ន្ន (Inclusive Business - IB) នៅក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០២៥ ដែលប្រែក្លាយសហគមន៍សេដ្ឋកិច្ចអាស៊ាន ឲ្យក្លាយជាសហគមន៍ដែលមានភាពធន់ទ្រាំ ប្រកបដោយបរិយាប័ន្នផ្តោតទៅលើប្រជាជន និងយកសុខទុក្ខប្រជាជនជាចម្បង។


ថ្នាក់ដឹកនាំអាស៊ាន ក៏បានអំពាវនាវឲ្យមានចូលរួមបន្ថែមទៀតពីក្រុមហ៊ុន និងរដ្ឋាភិបាលនៅក្នុងបណ្តាប្រទេសអាស៊ាន ដើម្បីលើកកម្ពស់អាជីវកម្មបរិយាប័ន្ន និងបង្កើតការពិភាក្សាដែលមានលក្ខណៈជាស្ថាប័នស្តីពីអាជីវកម្មបរិយាប័ន្ន ក្រោមគណៈកម្មាធិការសម្របសម្រួលអាស៊ានស្តីពីសហគ្រាសធុនមីក្រូ តូច និងមធ្យម (ACCMSME)។ នៅក្នុងខែកញ្ញា ឆ្នាំ២០២០ អាស៊ានបានអនុម័តក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ដំណើរឆ្ពោះទៅមុខជាមួយការជំរុញអាជីវកម្មបរិយាប័ន្ននៅក្នុងតំបន់ (គោលការណ៍សម្រាប់ការជំរុញអាជីវកម្មបរិយាប័ន្នក្នុងអាស៊ាន)។


ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការដឹកនាំរបស់ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយបណ្តាញអាជីវកម្មបរិយាប័ន្ន (iBAN) និងគណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) បានរៀបចំការសិក្សាអង្កេតមួយស្តីពីស្ថានភាពនៃអាជីវកម្មបរិយាប័ន្ននៅកម្ពុជា និងបានផ្តល់អនុសាសន៍ផ្នែកគោលនយោបាយដើម្បីបង្កើនបរិយាកាសល្អប្រសើរដល់អាជីវកម្មបរិយាប័ន្ននៅកម្ពុជា។


កម្ពុជាបានក្លាយជាប្រទេសឈានមុខគេមួយ ក្នុងតំបន់អាស៊ានដែលបានចូលរួមយ៉ាងសកម្មក្នុងការងារអាជីវកម្មប្រកបដោយបរិយាប័ន្ននេះ ក្នុងក្របខណ្ឌអាស៊ាន និងបានរៀបចំគោលនយោបាយអាជីវកម្មបរិយាប័ន្ន (IB Strategy) បានចប់រួចរាល់ ព្រមទាំងបានបង្កើតគណ:កម្មការអន្តរក្រសួង ស្ថាប័នមួយដែលមានទាំងតំណាងរាជរដ្ឋាភិបាល និងវិស័យឯកជនដើម្បីធ្វើការវាយតម្លៃ និងទទួលស្គាល់ក្រុមហ៊ុនអាជីវកម្មប្រកបដោយបរិយាប័ន្ន (IB Model Company) ចំនួន១៨ក្រុមហ៊ុន។


ទន្ទឹមនឹងនេះដែរ នៅឆ្នាំ២០២២នេះ កម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ (The 5th ASEAN IB Summit) និងកម្មវិធីពានរង្វាន់អាជីវកម្មបរិយាប័ន្នអាស៊ានឆ្នាំ២០២២ផងដែរ (ASEAN IB Award 2022)៕