Saturday, March 19, 2022

វិភាគអន្តរជាតិ៖ អ្វីដែលលោក ហ្សេលេនស្គី ចង់បាន, សហរដ្ឋអាមេរិកមិនអាចឱ្យបាន


(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) នៅថ្ងៃពុធសប្ដាហ៍នេះ បានអំពាវនាវឱ្យសភាទាំង២ របស់ សហរដ្ឋអាមេរិក និងរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បង្កើនកិច្ចខិតខំប្រឹងប្រែងជួយដល់អ៊ុយក្រែន ដោយសង្កត់ធ្ងន់ថាសង្រ្គាមអ៊ុយក្រែន ក៏មានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍អាមេរិកដូចគ្នាដែរ។


ថ្លែងនៅក្នុងសុន្ទរកថាទៅកាន់សភាអាមេរិក, លោក ហ្សេលេនស្គី បានលើកឡើងដូច្នេះថា «សព្វថ្ងៃ, ប្រជាជនអ៊ុយក្រែនមិនត្រឹមតែកំពុងប្រយុទ្ធការពារ អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែយើងក៏កំពុងប្រយុទ្ធដើម្បីតម្លៃរបស់អឺរ៉ុប និងពិភពលោកទាំងមូលផងដែរ។ សន្តិភាពនៅក្នុងប្រទេសរបស់អ្នកមិនមែនពឹងផ្អែក តែទៅលើអ្នក និងប្រជាជនរបស់អ្នកនោះទេ ប៉ុន្តែវាពឹងផ្អែកលើមនុស្សដែលនៅក្បែរអ្នក និងអ្នកដែលខ្លាំង»។ ព្រមពេលជាមួយគ្នា លោក ហ្សេលេនស្គី បានស្នើជាថ្មីផងដែរឱ្យ NATO និងសហរដ្ឋអាមេរិកបង្កើត «តំបន់គ្មានការហោះហើរ» នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីរារាំងការទម្លាក់គ្រាប់បែករបស់ រុស្ស៊ី។


បើតាមលោក ហ្សេលេនស្គី ការជួយអ៊ុយក្រែននៅក្នុងសង្រ្គាមជាមួយរុស្ស៊ី ក៏ជាផលប្រយោជន៍របស់សហរដ្ឋអាមេរិកដូចគ្នា។ មែនទែនទៅ សង្រ្គាមនៅ អ៊ុយក្រែន វាពិតជាមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ជាតិអាមេរិកមែន នោះគឺអាមេរិកចង់ឱ្យលោក ពូទីន បរាជ័យដែលនេះអាចនឹងកំញើញកុំឱ្យរុស្ស៊ី ប្រើកម្លាំងយោធាលើប្រទេសណាមួយក្នុងតំបន់អឺរ៉ុប នៅពេលអនាគត។ ប៉ុន្តែ នេះមិនមែនមានន័យថា អាមេរិកត្រូវតែបោះបង់ចោលប្រយោជន៍ជាតិ និងសន្តិសុខប្រជាជនរបស់ខ្លួន ដើម្បីការពារអ៊ុយក្រែនឱ្យខានតែបាននោះទេ។ ករណីបែបនេះ យើងអាចសង្កេតបានលើប្រតិកម្មរបស់អាមេរិក និង NATO ចំពោះការស្នើរបស់លោក ហ្សេលេនស្គី ដែលចង់បង្កើតតំបន់គ្មានការហោះហើរនៅអ៊ុយក្រែន។


បើយើងពិនិត្យលើការស្នើបង្កើត «តំបន់គ្មានការហោះហើរនៅអ៊ុយក្រែន ឬ no-fly zone», លោក ហ្សេលេនស្គី ហាក់មិនបារម្ភពីការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ ឬក៏សង្រ្គាមលោកឡើយ។ មិនបារម្ភ គឺដោយសារតែអ្នកដែលកំពុងធ្វើសង្រ្គាមជាមួយរុស្ស៊ី គឺអ៊ុយក្រែន ហើយអ្នកដែលចង់ឱ្យគេមកជួយក៏ជាអ៊ុយក្រែន។ តែសម្រាប់អាមេរិក និង NATO, ការបង្កើតតំបន់គ្មានការហោះហើរ បានន័យថាពួកគេត្រូវបញ្ជូនកងទ័ពឱ្យទៅធ្វើសង្រ្គាមដោយផ្ទាល់ជាមួយកងទ័ពរុស្ស៊ី ព្រោះជាលក្ខណៈបច្ចេកទេស គេត្រូវប្រើយន្ដហោះចម្បាំង ឬមធ្យោបាយយោធានានា ដើម្បីបាញ់ទម្លាក់យន្ដហោះចម្បាំងសត្រូវដែលហោះចូលក្នុង ដែនអាកាសអ៊ុយក្រែន ដែលការធ្វើបែបនេះចៀសមិនរួចទេ នឹងបង្កទៅជាសង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកលើកទី៣។


* នៅពេលប្រយោជន៍របស់អ៊ុយក្រែន មិនមែនជាប្រយោជន៍អាមេរិក


នៅពេលដែលគេនិយាយដល់ពី «ប្រយោជន៍ជាតិ» វាជាបញ្ហាទស្សនវិជ្ជា ដែលមានភាពស្មុគស្មាញ ជាងអ្វីដែលមនុស្សភាគច្រើនគិតដល់។ ជាឧទាហរណ៍ ការសម្រេចចិត្តមួយលើគោលនយោបាយការបរទេស តួយ៉ាងដូចជាការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម គឺជាការស្វែងរកផលប្រយោជន៍សម្រាប់ជាតិទាំងមូល តែជាធម្មតា វានឹងអាចផ្ដល់ប្រយោជន៍ដល់ប្រជាជនមួយចំនួន ហើយក៏អាចប៉ះពាល់ដល់ប្រជាជនមួយទៀតដែរ។ ដូចគ្នាដែរ អ្វីដែលមិនអាចកាត់ផ្ដាច់បានពី ប្រយោជន៍ជាតិ នោះគឺធ្វើយ៉ាងណាឱ្យ «ជាតិរស់» ដ្បិតបើជាតិស្លាប់ទៅហើយ តើមានន័យអ្វីទៀតទៅ?


នៅក្នុងសុន្ទរកថាប្រកាសបើកប្រតិបត្តិការយោធាវាយលុកចូលអ៊ុយក្រែន ដែលត្រូវបានលោកខាងលិចហៅថាជា «ការឈ្លានពាន», លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហើបពីចេតនារបស់លោក ក្នុងការផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែន ហើយលើកបន្តុបរដ្ឋាភិបាលរណបរុស្ស៊ីថ្មីមួយឡើង។ ដូច្នេះក្នុងករណីអ៊ុយក្រែន គឺពួកគេកំពុងតស៊ូប្រយុទ្ធធ្វើយ៉ាងណាឱ្យ «ជាតិរស់» ហើយវាក៏មិនមានអ្វីចម្លែកនោះដែរដែលលោក ហ្សេលេនស្គីចង់ឱ្យអាមេរិក និង NATO លូកដៃចូល ក្នុងសង្រ្គាមដោយផ្ទាល់។ ប៉ុន្តែ អ្នកនយោបាយអាមេរិក រួមទាំងលោក ចូ បៃដិន ក៏មានការបារម្ភ និងគិតគូរពីប្រយោជន៍ជាតិរបស់ខ្លួនដែរ។ ពោលគឺពួកគេ ដឹងយ៉ាងច្បាស់ថាសង្រ្គាមរវាងអាមេរិក និងរុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែរតំណាងឱ្យជាង ៩០ភាគរយនៃអាវុធនុយក្លេអ៊ែរនៅលើពិភពលោក នឹងបង្កទៅជា សង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកលើកទី៣ ដែលមិនត្រឹមតែគំរាមកំហែងដល់ពិភពលោកទាំងមូលប៉ុណ្ណោះទេ សូម្បីតែប្រជាជនអាមេរិក ក៏ប្រហែលជា មិនអាចគេចរួចពីអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីបាននោះដែរ។


ហេតុផលបែបនេះ យើងអាចស្វែងយល់បានពីជំហរ និងសេចក្ដីថ្លែងការណ៍របស់លោក ចូ បៃដិន នាពេលកន្លងមក។ លោក បៃដិន បានបញ្ជាក់ជាច្រើន លើកច្រើនសារថាសហរដ្ឋអាមេរិក នឹងមិនបញ្ជូនកងទ័ពឱ្យជួយអ៊ុយក្រែនប្រយុទ្ធតតាំងដោយផ្ទាល់ជាមួយរុស្ស៊ីនោះទេ ហើយក៏មិនគាំទ្រការបង្កើតតំបន់ គ្មានការហោះហើរនៅអ៊ុយក្រែននោះដែរ។ «យើងនឹងមិនប្រយុទ្ធដោយផ្ទាល់ជាមួយរុស្ស៊ីនៅអ៊ុយក្រែនឡើយ។ ពីព្រោះថាជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី នឹងផ្ទុះទៅជាសង្រ្គាមលោកលើកទី៣ ហើយនេះជាអ្វីដែលយើងកំពុងប្រឹងប្រែងទប់ស្កាត់»។ នេះការបញ្ជាក់ជាថ្មីរបស់លោក បៃដិន កាលពីថ្ងៃសុក្រ ទី១១ ខែមីនាកន្លងទៅ។


* នៅពេល អាមេរិក និងអ៊ុយក្រែនមានប្រយោជន៍រួម


សុន្ទរកថារបស់លោក ហ្សេលេនស្គី គឺមានចេតនាដាក់សម្ពាធនយោបាយឱ្យលោក បៃដិន ផ្លាស់ប្ដូរគោលជំហរសព្វថ្ងៃ។ សម្រាប់គណបក្សសាធារណរដ្ឋ ជំហររបស់លោក បៃដិនចំពោះរុស្ស៊ីគឺមានភាពទន់ខ្សោយ។ ជាក់ស្ដែង នៅក្រោយការថ្លែងសុន្ទរកថារបស់លោក ហ្សេលេនស្គី កាលពីថ្ងៃពុធសប្ដាហ៍នេះ, ប្រធានព្រឹទ្ធសភាអាមេរិកសំឡេងភាគតិចមកពីបក្សសាធារណរដ្ឋ លោក មីក ម៉ាកខូណែល (Mitch McConnel) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍ CNN ថាសុន្ទរកថារបស់លោក ហ្សេលេនស្គី គឺជាសុន្ទរថាដ៏មានប្រសិទ្ធភាពមិនគួរឱ្យជឿ ដែលនេះជាសារផ្ញើទៅកាន់លោក ចូ បៃដិន ឱ្យពង្រឹង ជំហរឡើងវិញ។ តែសួរថាត្រូវពង្រឹងជំហរយ៉ាងមេ្ដចទៅ? មកទល់ពេលនេះ អ្វីដែលអាមេរិកអាចធ្វើបាន នោះគឺដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៊ី និងផ្ដល់ ការគាំទ្រ ក៏ដូចជាជំនួយយោធាឱ្យអ៊ុយក្រែន។


និយាយដល់ចំណុចនេះគឺអាមេរិក និងអ៊ុយក្រែនមានប្រយោជន៍រួមគ្នា។ អាមេរិកចង់ឱ្យលោក ពូទីនបរាជ័យ ដើម្បីអាចធានាបានថារុស្ស៊ីនឹងមិនធ្វើទង្វើ ធ្លាប់ធ្វើដាក់អ៊ុយក្រែន លើបណ្ដាប្រទេសជាសមាជិក NATO រីឯអ៊ុយក្រែនវិញ ចង់ការពារទឹកដីរបស់ពួកគេ។ ម្យ៉ាងវិញទៀត ឈរលើសីលធម៌ អាមេរិក និងអ៊ុយក្រែន បានបង្ហាញពិភពលោកពីកាតព្វកិច្ចការពារប្រជាជនស៊ីវិល និងរដ្ឋ ឬប្រទេសដែលរងការវាយប្រហារដោយអយុត្តិធម៌ពីប្រទេសដទៃ ក្នុង ករណីនេះគឺរុស្ស៊ី។


អ្វីដែលសហរដ្ឋអាមេរិក និង NATO កំពុងធ្វើត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រដែលធ្លាប់បានប្រើក្នុងសម័យសង្រ្គាមត្រជាក់ នោះគឺម្យ៉ាងបំពាក់អាវុធឱ្យ អ៊ុយក្រែន មានលទ្ធភាពតស៊ូប្រយុទ្ធប្រឆាំងជាមួយរុស្ស៊ី ហើយម្យ៉ាងទៀត គឺចៀសវាងការផ្ទុះសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៊ី។ អតីតសហភាពសូវៀត ធ្លាប់ជួយវៀតណាមខាងជើងប្រយុទ្ធតតាំងជាមួយកងទ័ពអាមេរិក ចំណែកឯ អាមេរិកធ្លាប់ជួយឱ្យចលនាមូចាហ៊ីឌីនអាហ្វហ្កានីស្ថានធ្វើសង្រ្គាមជាមួយ សូវៀត៕


ប្រភព៖ Vox (ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២២)

ដោយ : Fresh News