Monday, January 09, 2017

លោក ស ខេង ដឹកនាំ​គណៈ​ប្រតិភូ​ទៅបំ​ពេញទស្សន​កិច្ច ប្រ​ទេសវៀត​ណាម រយៈពេល​៣ថ្ងៃ​

(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច និងបង្កើនកិច្ចសហប្រតិបត្តិការនៅ សាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃ ចាបពីថ្ងៃទី ០៩ដល់ ថ្ងៃទី១១ ខែមករានេះ។
ថ្នាក់ដឹកនាំអមដំណើរ លោក ស ខេង រួមមាន លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ៕


ក្រសួងប​រិស្ថាន ចុះហត្ថ​លេខាលើក្រប​ខណ្ឌកិច្ច​ព្រម​ព្រៀងរៀបចំ​គម្រោង​រេដ​បូក​ក្នុង​ដែន​ជម្រកសត្វ​ព្រៃ ជាមួយ​ក្រុម​ហ៊ុនជប៉ុន Mitsui

នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះហត្ថលេខាលើក្របខណ្ឌកិច្ចព្រមព្រៀងរៀបចំគម្រោងរេដបូកក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ (ដំណាក់កាលទីមួយរយៈពេលបីឆ្នាំ) ជាមួយតំណាងក្រុមហ៊ុនជប៉ុន Mitsui និងអង្គការអភិរក្សអន្តរជាតិ CI ក្នុងក្របខណ្ឌយន្តការឥណទានកាបូនរួមគ្នា (JCM) ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

សូមជម្រាបផងដែរថា គម្រោងរេដបូកនេះ មានគោលបំណងបង្កើតយន្តការហិរញ្ញវត្ថុនិរន្តរភាព សម្រាប់ការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសដែនជម្រកសត្វព្រៃ ព្រៃឡង់ ឱ្យរិតតែមានប្រសិទ្ធភាព។ ម្យ៉ាងទៀត គម្រោងនេះនឹងចូលរួមក្នុងការកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួលអាកាសក្នុងអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)៕



ដើម​ស្ពង់ចំណាស់​មួយដើម​ក្នុងតំ​បន់​អង្គរត្រូវ​បាន​ជួយស​ង្រ្គោះដោយ​អ្នកជំនាញ​អាជ្ញាធរជាតិ​អប្សរា​

ក្រៅពីទស្សនាប្រាង្គប្រាសាទដ៏អស្ចារ្យ ភ្ញៀវទេសចរមួយចំនួនក៏បានចាប់អារម្មណ៍នឹងទេសភាពដ៏ស្រស់ស្អាតនៃដើមឈើធំៗ ដែលដុះចាក់ឫសនៅលើតួប្រាសាទផងដែរ។ ដើមឈើចំណាស់ជាច្រើនបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ ជាពិសេសដើមស្ពង់នៅក្នុងប្រាសាទតាព្រហ្ម ក៏ដូចជានៅតាមបណ្តាប្រាង្គប្រាសាទមួយចំនួនទៀត។
ក្នុងបំណងអភិរក្ស និងថែរក្សាដើមឈើចំណាស់ដែលដុះក្នុងឧទ្យានអង្គរ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានចុះព្យាបាលប្រភេទដើមឈើចំណាស់ៗជាច្រើន ជាពិសេសដើមស្ពង់។ ជាក់ស្តែង ដើមស្ពង់ចំណាស់មួយដើមនៅជិតខ្លោងទ្វារទន្លេអុំ ត្រូវបានអភិរក្សថែទាំដោយយកចិត្តទុកដាក់ពីក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា។ ការជួយសង្រ្គោះនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧។
លោក លឹម សៀងហួត បុគ្គលិកជំនាញតាមដានសុខភាព ផ្នែកព្យាបាលដើមឈើនៃនាយដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានឱ្យដឹងថា ដើមស្ពង់ដែលចុះមកព្យាបាលនេះ មានការពុកផុយនៅត្រង់គល់ និងចុង។ ដោយសារមានទីតាំងជាប់ផ្លូវដើរដ៏សំខាន់សម្រាប់ភ្ញៀវទេសចរ ដូច្នេះក្រុមការងាររបស់លោក ប្រញាប់ក្នុងការព្យាបាល ហើយការព្យាបាលនេះក៏មានការចាប់អារម្មណ៍ច្រើនពីសំណាក់ទេសចរដែលកំពុងទស្សនានៅទីនោះផងដែរ។ ភ្ញៀវទេសចរទាំងនោះ បានសាកសួរពីការងារព្យាបាលដើមស្ពង់ ដែលក្រុមការងារកំពុងជួយសង្រ្គោះនេះ ។
ដើមស្ពង់ដែលក្រុមជំនាញកំពុងព្យាបាលនេះ មានបញ្ហា៣សំខាន់។ ទីមួយ ដើមអម្ពិលដែលដុះក្បែរនោះ ឫសរបស់វាចាក់ប្រជែងនឹងគល់ដើមស្ពង់ ទីពីរ ការដើរជាន់ឫសស្ពង់ពីសំណាក់មនុស្ស ព្រោះថាវានៅជិតផ្លូវដើរ ធ្វើឱ្យវាពិបាកស្រូបយកជីវជាតិក្នុងដី និងទីបី ដោយសារអាយុកាលរបស់វា ដោយចំណុចខ្លះនៃគល់ បានពុកផុយ និងមានសត្វកណ្តៀរឡើង។
សម្រាប់វិធីសាស្រ្តនៃការព្យាបាល លោក សៀង ហួត បានរៀបរាប់ថា៖ « ការព្យាបាលដើមស្ពង់ គឺធ្វើឡើងតាមរយៈការកោសសំបកពុកផុយចេញ លាបជ័រទឹក ដើម្បីការពារពីការជ្រាបទឹកចូលក្នុងសាច់ និងចុងក្រោយបិទដីដំបូកដើម្បីឱ្យសាច់ឈើដុះឡើងវិញ។ បន្ទាប់មក ក្រុមការងារនឹងបន្តតាមដានរយៈពេល៦ខែទៅមួយឆ្នាំ ដើម្បីដឹងពីការវិវត្តថ្មីរបស់ដើមស្ពង់»។
យ៉ាងណាក៏ដោយ តាមបទពិសោធន៍របស់លោក សៀងហួត ដែលកន្លងមកបានចុះព្យាបាលដើមស្ពង់ជាច្រើនដើមនោះបាននិយាយថា មានតែដើមស្ពង់ដែលមានសាច់ខ្ចីតែប៉ុណ្ណោះ ដែលអាចលូតលាស់ល្អឡើងវិញ ចំណែកស្ពង់ចាស់មានអាយុលើសពី១០០ឆ្នាំឡើង លទ្ធភាពលូតលាស់មានតិចតួចបំផុត។ ស្ពង់ខ្ចី កោសិការបស់វាឆាប់លូតលាស់ជាងស្ពង់ចាស់ ដែលកោសិការបស់វាមួយចំនួនបានងាប់ទៅហើយ ដោយការព្យាបាលគ្រាន់តែពន្យារអាយុកាលរបស់វាតែប៉ុណ្ណោះ។
គួររម្លឹកថា ស្ពង់ជាប្រភេទឈើក្រៅចំណាត់ថ្នាក់មួយ ហើយភាគច្រើនមានដុះនៅតំបន់អង្គរ។ នៅតំបន់អង្គរ ដើមស្ពង់មានដុះច្រើនជាងគេនៅប្រាសាទតាព្រហ្ម។ ស្ពង់ជាដើមឈើទាក់ទាញ ចំណែកឫសរបស់វាមួយចំនួន ក៏មានផលប្រយោជន៍ការពារ និងទ្រប្រាសាទផងដែរ៕



កងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស បើកវគ្គ​បំប៉ន​ការស៊ើបអង្កេតក្នុង​រឿងក្តី​ព្រហ្មទណ្ឌ ដើម្បីបង្កើន​សមត្ថភាព ការស៊ើបអង្កេត

(ភ្នំពេញ)៖ វគ្គបំប៉នការស៊ើបអង្កេត ក្នុងរឿងក្តីព្រហ្មទណ្ឌ ទាមទារឱ្យសមត្ថកិច្ច ត្រូវបង្កើនសមត្ថភាពទ្វេឡើង និងមានវិធានការបង្ក្រាប គ្រាបច្ចុប្បន្ន ជនល្មើស កាន់តែមានល្បិចកលខ្ពស់ ដើម្បីគេចពីការបង្ក្រាប របស់សមត្ថកិច្ច។
នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ បានបើក វគ្គបំប៉នការស៊ើបអង្កេត ក្នុងរឿងក្តីព្រហ្មទណ្ឌ លោក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានថ្លែងថា ពិធីនេះបានសម្តែងឱ្យឃើញ ពីការយកចិត្តទុកដាក់ គ្រប់ជ្រុងជ្រោយ របស់លោក មេបញ្ជាការ ជុំវិញជំនាញវិជ្ជាជីវៈរបស់ មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថ ទូទាំងប្រទេស ដើម្បីឈានទៅពង្រឹង លក្ខណៈសម្បត្តិ សមត្ថភាព គុណភាព ប្រសិទ្ធភាព ក្នុងកិច្ចប្រតិបត្តិការបង្ក្រាប ដែលជាតួនាទី ភារកិច្ចដ៏សំខាន់មួយ ក្នុងចំណោមភារកិច្ចផ្សេងទៀត។
លោក បានបន្តថាបច្ចុប្បន្ននេះប្រទេសកម្ពុជាមានការអភិវឌ្ឍជីវភាពរស់នៅ របស់ប្រជាជនយើងក្នុងសង្គមទាំងមូល ត្រូវបានប្រែប្រួលក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលដែលមានលោក នាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាអ្នកដឹកនាំដ៏ឈ្លាសវៃ។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធ និងបង្ក្រាបការកាប់ឈើខុសច្បាប់ ការរំលោភដីធ្លីខុសច្បាប់ បទល្មើសនេសាទខុសច្បាប់ ការធ្វើអាជីវកម្ម ធនធានធម្មជាតិ ខុសច្បាប់។ ក្នុងពេលអនុវត្តព្រមៗគ្នានេះ ទាមទារឱ្យសមត្ថកិច្ច ដែលមានការពាក់ព័ន្ធ ត្រូវបង្កើនសមត្ថភាព យល់ដឹង និងមានវិធានការបង្ក្រាប ឱ្យខានតែបានគ្រានេះសមត្ថកិច្ចយើង ក៏យល់ច្បាស់ហើយថា បច្ចុប្បន្ន ជនល្មើសកាន់តែមានល្បិចកលខ្ពស់ ដើម្បីគេចពីការបង្ក្រាប របស់សមត្ថកិច្ច ដូច្នេះទាមទារឱ្យសមត្ថកិច្ចយើង ត្រូវបង្កើនសមត្ថភាពទ្វេឡើង ដោយមានវិធានការ ទៅលើជនល្មើស ឈានដល់ការកាត់បន្ថយ និងលុបបំបាត់ រាល់បទល្មើសនានា ដែលបង្កអសន្តិសុខក្នុងសង្គម។
លោក បានបញ្ជាក់ទៀតថា ដូច្នេះយើងត្រូវចេះចាំ អំពីទ្រឹស្តីពាក់ព័ន្ធបទល្មើស ធាតុផ្សំបទល្មើស ការវិវឌ្ឍនៃអំពើល្មើស និងវិធានការជាមូលដ្ឋាន ពាក់ព័ន្ធនឹងតួនាទី ភារកិច្ច របស់នគរបាលយុត្តិធម៌។ ការប្រកាន់គោលការណ៍ នៃមាត្រាច្បាប់ ក្នុងនោះ គឺក្រមនីតិវិធីព្រហ្មទណ្ឌ ដែលជាត្រីវិស័យ បំភ្លឺផ្លូវ ដល់កិច្ចការបង្ក្រាប គ្រប់ស្ថានភាព និងគ្រប់ពេលវេលា ដែលមន្ត្រីប្រតិបត្តិច្បាប់ ត្រូវតែប្រកាន់ខ្ជាប់ខ្ជួន ដោយមិនអាចខ្វះបាន។ ក្នុងករណី ការបង្ក្រាបរបស់ មន្ត្រីនគរបាលយុត្តិធម៌ អនុវត្តទៅមានភាព ចន្លោះប្រហោង មិនគ្រប់នីតិវិធី វាមិនត្រឹមតែធ្វើឱ្យជនល្មើស ដែលបានប្រព្រឹត្តបទល្មើស ត្រូវរួចផុតពីការចោទប្រកាន់ តាមផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាធ្វើឱ្យជនរងគ្រោះ មិនបានទទួលយុត្តិធម៌ ទៀតផង៕

ក្រសួង​កសិកម្ម​បង្ហាញ​ឈ្មោះ​រោងម៉ាស៊ីន​កិនស្រូវ និង​រោងម៉ាស៊ីន កែ​ច្នៃអង្ករ ដែល​មាន​ស​មត្ថភាព​អនាម័យ​ក្នុងការ​នាំចេញ អង្ក​រទៅ​ចិន

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ បានបង្ហាញឈ្មោះ រោងម៉ាស៊ីនកិនស្រូវ រោងម៉ាស៊ីនកែច្នៃអង្ករ ដែលបានវាយតម្លៃដោយអគ្គរដ្ឋបាលត្រួតពិនិត្យ គុណភាព អនាម័យ និងភូតគាមអនាម័យ នៃប្រទេសចិន ដែលមានសមត្ថភាពអនាម័យ និងភូតគាមអនាម័យក្នុងការនាំចេញអង្ករទៅប្រទេសចិន។
ក្រសួងកសិកម្ម បានឱ្យដឹងថា រោងម៉ាស៊ីនកិនស្រូវ រោងម៉ាស៊ីនកែច្នៃអង្ករ ទាំងអស់មានចំនួន ២៦ ដែលត្រូវបានវាយតម្លៃឃើញថាសមត្ថភាពអនាម័យ និងភូតគាមអនាម័យក្នុងការនាំចេញអង្ករទៅប្រទេសចិន៕

លោក ឱម យ៉ិនទៀង បង្ហាញលទ្ធផលវិជ្ជមាន ក្នុងយុទ្ធនាការលុបបំបាត់មន្ត្រីខ្មោចតាមស្ថាប័ន មន្ទីរនិងក្រសួងនានា

(ភ្នំពេញ)៖ គិតរហូតមកដល់ពេលនេះ យុទ្ធនាការបំបាត់មន្ត្រីខ្មោចក៏ដូចជាការប្រព្រឹត្តិអំពើពុករលួយលើការដាក់ឈ្មោះមន្ត្រីចុះបេសកម្មតាមខេត្តដែលកន្លងមកបានប្រព្រឹត្តិអំពើពុករលួយយ៉ាងខ្លាំងក្លានោះពេលនេះត្រូវបានលុបបំបាត់ទទួលបានយោគជ័យយ៉ាងធំបំផុតនៅក្នុងប្រទេសកម្ពុជា។
ការថ្លែងបញ្ជាក់របស់ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលូយ បានធ្វើឡើងក្នុងសន្និសីទកាសែត ក្រោយពីបញ្ចប់ការប្រារព្ធពិធី ទិវាជាតិប្រឆាំងអំពើពុករលួយ៩ធ្នូ និងពិធីបំពាក់គ្រឿងឥស្សរិយ ជូនដល់ផលិតកម្មសាន់ដេ កាលពីព្រឹកថ្ងៃទី៩ខែធ្នូឆ្នាំ២០១៦កន្លងមក។
លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ដោយសារតែយុទ្ធនាការនៃការលុបបំបាត់មន្ត្រីខ្មោចតាមស្ថាប័ន មន្ទីរនិងក្រសួង របស់រដ្ឋកន្លងមកបានធ្វើឱ្យមានការកែប្រែយ៉ាងខ្លាំង ហើយជនដែលបានប្រព្រឹត្តិអំពើនេះគេក៏លែងហ៊ានបន្តទៀតដែរ។ មន្ត្រីខ្មោចដែលគេធ្លាប់តែប្រើសម្រាប់លួចលុយជាតិ តាមរយៈជនពុករលួយនោះត្រូវកំចាត់បានស្ទើរទាំងស្រុងធ្វើឱ្យពួកគេលែងហ៊ានប្រព្រឹត្តិបន្តទៅ
ទៀត។
លោកបានមានប្រសាសន៍បន្ថែមថា “ យើងខ្ញុំចាប់មួយពីរទៅតុលាកាវាក៏ផ្តល់ផលល្អដល់មនុស្សមួយរយពីររយឬហូតដល់មួយពាន់ពីរពាន់។រាជដ្ឋាភិបាលបានយល់ព្រមប្តូរប្រព័ន្ធថ្មី ក្នុងនេះយើងបានស្នើសុំតម្លើងប្រាក់ខែឧទាហរណ៍ដូចជាមន្ត្រីជាប់កិច្ចសន្យានៅមន្ទីរសាធារណៈកាអ្នកថែរសួនច្បារប្រាក់ខែ១៦ម៉ឺនរៀលគ្នារស់អត់បានទេ។ខ្ញុំទៅចាប់ភ្លាមបានដាក់ទាំងទ្រុងឡានយកទៅបានប៉ុន្តែឥឡូវនេះយើងខ្ញុំ
មិនបានចាប់ទេព្រោះយើងទទួលស្គាល់ការលំបាកជាក់ស្តែង។យើងយកច្បាប់ទៅអនុវត្តទាំងងងឹតងងុលចេះតែបានហើយប៉ុន្តែវាអត់ប្រសិទ្ធភាពទេ”។
លោកឱម យ៉ិនទៀង បានឱ្យដឹងបន្ថែមថានៅពេលនេះមន្ត្រីដែលជាប់កិច្ចសន្យាលែងមានប្រាក់បៀវត្សរ៍ ចំនួន១៦ម៉ឺនរៀលទៀតហើយគឺចាប់ពី១០០ដុល្លារឡើងទៅ។ក្រៅពីនេះចំពោះថវិកាចុះបេកសកម្មតាមខេត្តដែលមន្ត្រីមួយចំនួនប្រព្រឹត្តិអំពើពុករលួយដាក់ចំនួនលើមនុស្សសម្រាប់យកថវិការដាក់ហោប៉ៅខ្លួនឯង
នោះក៏ត្រូវបានលុបបំបាត់ដូចគ្នា។
លោកថា” លុយចុះបេសកម្មតាមខេត្តក៏ជាផ្នែកមួយមន្ត្រីខ្មោចដែរ។ក្នុងនេះចុះទៅខេត្តបីនាក់ប៉ុន្តែគេដាក់ប្រាំនាក់ ខ្លួនទៅបីថ្ងៃដាក់ទៅ៥ថ្ងៃ អញ្ចឹងអាពីរនាក់ហ្នឹងខ្មោចហើយអាពីរថ្ងៃហ្នឹងខ្មោចហើយដែរ។ឥឡូវលុបហើយពីព្រោះថាលុយទៅខេត្តគេឱ្យទៅច្រើន គ្រប់គ្រាន់ចាយសល់ អញ្ចឹងអត់មានអ្នកឯងដាក់លើសទេ។នេះជាការលុបមួយជោគជ័យយ៉ាងធំៗប៉ុន្តែយើងមិនបានផ្សព្វផ្សាយទេ”។
ទាក់ទិននឹងការលុបបំបាត់មន្ត្រីខ្មោចនេះដែរលោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបន្ថែមថា ពេលនេះអង្គភាពរបស់លោកបានទទួលជោគជ័យយ៉ាងធំសម្រាប់ជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់រាល់អំពើពុករលួយលួច ថវិការជាតិ តាមរយៈមន្ត្រីខ្មោចនេះ។
លោកបានបន្ថែមពីរឿងនេះផងថា”យើងមិនបានបញ្ជូនមនុស្ស៤ទៅ១០នាក់ទៅតុលាកាទេប៉ុន្តែយើងបានបញ្ជូនមនុស្សរាប់ម៉ឺននាក់មកឡើងលើដងមហាវិថីរបស់រាជរដ្ឋាភិបាលដែលស្អាតស្អំ នេះក៏ជាលទ្ធផលមួយធំ”។
ជាមួយនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយនេះដែរលោក ឱម យ៉ិនទៀង បានឱ្យដឹងផងថាក្នុងតួអង្គសំខាន់៣ដែលចូលរួមហើយមានប្រសិទ្ធភាពខ្ពស់នោះគឺ រួមមាន អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសិល្បៈ និងអង្គភាពសារព័ត៌មាន។អង្គភាពទាំងនេះបានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្នុងនេះមានទាំងអប់រំបង្ការទប់ស្កាត់នាកន្លងមក។
លោកបន្ថែមថា”ក្នុងនេះបើអង្គភាពប្រឆាំងអំពើពុករលួយនិយាយទៅអាចមានមនុស្ស១០០០នាក់គេស្ដាប់ រីឯអ្នកសិល្បៈនិយាយទៅមានដល់ ១លាន ឬ២លាននាក់ស្ដាប់ ហើយអ្នកដែលបញ្ជូនទៅដល់មនុស្ស១លាន ឬ២លាននាក់នោះ គឺជាអ្នកសារព័ត៌មាន តែម្តង ព្រោះថាអ្នកសារព័ត៌មានមានតួនាទីមួយ មិនអាចមើលស្រាលបាននោះឡើយ ហើយការមើលស្រាលតួនាទីអ្នកសិល្បៈ និងអ្នកសារព័ត៌មាន ជាការឆោទល្ងង់មួយហើយ” ៕


នៅ​រសៀលនេះ ប្រធា​​នាធិប​​តីសិង្ហ​បុរី ​ នឹងអ​ញ្ជើញជួបពិ​ភាក្សាការងារ​ជាមួយ លោក ​ហ៊ុន សែន នៅ​វិមាន​សន្តិភាព

(ភ្នំពេញ)៖ នៅម៉ោង៤រសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ លោកបណ្ឌិត តូនី តាន់ កេងយ៉ា ប្រធានាធិបតីសិង្ហបុរី (Tony Tan Keng Yam, President of Singapore) នឹងអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ហ៊ុន សែន នៅវិមានសន្តិភាព។ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សា ប្រមុខដឹកនាំទាំងពីរ នឹងអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សារណៈយោគយល់ (MOU) រវាងប្រទេសទាំងពីរ នៅវិមានសន្តិភាព។
សូមជម្រាបផងដែរថា កាលពីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១០៖៣០នាទី លោកបណ្ឌិត តូនី តាន់ កេងយ៉ា  បានអញ្ជើញចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះនរោត្តម មុនិនាថ សីហនុ នៅព្រះបរមរាជវាំង បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ លោកប្រធានាធិបតី និងគណៈប្រតិភូ អញ្ជើញទៅទទួលទានអាហារថ្ងៃត្រង់ នៅភោជនីយដ្ឋាន Topaz ដោយទទួលស្វាគមន៏ ដោយឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា។

សូមបញ្ជាក់ថា លោកបណ្ឌិត តូនី តាន់ កេងយ៉ា ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី បានអញ្ជើញមកដល់ប្រទេសកម្ពុជានៅ រសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ។ លោកប្រធានាធិបតី  សិង្ហបុរី និងគណៈប្រតិភូ ស្នាក់ការនៅសណ្ឋាគារ សូហ្វីតែលភូកេត្រា រាជធានីភ្នំពេញ ព្រមទាំងបានអញ្ជើញទៅគោរពវិញ្ញានក្ខន្ធ នៅវិមានឯករាជ្យ។ ប្រធានាធិបតីសិង្ហបុរី កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់១១ ខែមករា ឆ្នាំ២០១៧នេះ៕


សូមបងប្អូនប្រញាប់ ទៅពិនិត្យបញ្ជីឈ្មោះតាមឃុំ-សង្កាត់ ឱ្យបានគ្រប់ៗគ្នា ព្រោះនៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ ការបិទបញ្ជីឈ្មោះបោះឆ្នោតនឹងត្រូវបញ្ចប់

គិតចាប់ពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០១៧នេះ នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះការបិទប្រកាសបញ្ជីឈ្មោះបោះឆ្នោតលើកដំបូង នឹងត្រូវបញ្ចប់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានទៅពិនិត្យបញ្ជីឈ្មោះ សូមប្រញាប់អញ្ជើញទៅពិនិត្យនៅតាមឃុំ-សង្កាត់ ឱ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានេះ អ្នកនាំពាក្យគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា ដោយបានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានពិនិត្យបញ្ជីឈ្មោះដំបូង សូមអញ្ជើញទៅពិនិត្យ បញ្ជីឈ្មោះឲ្យបានគ្រប់ៗគ្នា ដើម្បីប្រាកដថា លោកអ្នកមានឈ្មោះត្រឹមត្រូវ ដែលអាចបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨។

លោក ហង្ស ពុទ្ធា បានបញ្ជាក់យ៉ាងច្បាស់ថា ដំណើរការបិទបញ្ជីឈ្មោះបោះឆ្នោត ធ្វើឡើងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ដែលអាចឲ្យបងប្អូនទៅពិនិត្យ បញ្ជីឈ្មោះរបស់ខ្លួនតាមឃុំ-សង្កាត់ដែលបងប្អូនបានទៅចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះឆ្នោតថ្មី កាលពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក ហង្ស ពុទ្ធា បញ្ជាក់ទៀតថា ក្នុងពេលដែលបងប្អូន បានទៅពិនិត្យបញ្ជីឈ្មោះចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ មានបញ្ហាដូចជា ឈ្មោះខុសអក្ខរាវារុទ្ធ ខុសភេទ ឬអ្វីៗផ្សេងទៀត អាចប្តឹងជំទាស់ នៅឃុំ-សង្កាត់ទំាងនោះបាន។
ជាមួយគ្នានេះ បញ្ជីឈ្មោះបោះឆ្នោតដំបូងនេះ បងប្អូនប្រជាពលរដ្ឋក៏អាចចូលទៅពិនិត្យបានដែរ តាមរយៈគេហទំព័ររបស់ គ.ជ.ប គឺ http://www.voterlist.org.kh៕


ប្រធា​នាធិប​តីសិង្ហបុរី នឹង​អញ្ជើញ​ចូល​គាល់​ព្រះមហាក្ស​ត្រ ​នៅព្រះបរ​ម​រាជវាំង​

(ភ្នំពេញ)៖ លោកបណ្ឌិត តូនី តាន់ កេងយ៉ា (Tony Tan Keng Yam, President of Singapore) ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ វេលាម៉ោង១០៖៣០នាទី នឹងអញ្ជើញចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះនរោត្តម មុនិនាថ សីហនុ នៅព្រះបរមរាជវាំង បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ លោកប្រធានាធិបតី និងគណៈប្រតិភូ អញ្ជើញទៅទទួលទានអាហារថ្ងៃត្រង់ នៅភោជនីយដ្ឋាន Topaz ដោយទទួលស្វាគមន៏ ដោយឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា។

សូមបញ្ជាក់ថា លោកបណ្ឌិត តូនី តាន់ កេងយ៉ា ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី បានអញ្ជើញមកដល់ប្រទេសកម្ពុជានៅ រសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ។ លោកប្រធានាធិបតី  សឹង្ហបុរី និងគណៈប្រតិភូ ស្នាក់ការនៅសណ្ឋាគារ សូហ្វីតែលភូកេត្រា រាជធានីភ្នំពេញ ព្រមទាំងបានអញ្ជើញទៅគោរពវិញ្ញានក្ខន្ធ នៅវិមានឯករាជ្យ។ ប្រធានាធិបតីសិង្ហបុរី កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់១១ ខែមករា ឆ្នាំ២០១៧នេះ៕


លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មាន​មោទនៈ​ភាព ចំពោះ​ស្នាដៃ​របស់​ឧត្តម​ភរិយា ចំពោះ​ការខិត​ខំ​ប្រឹង​ប្រែងលះ​បង់គ្រប់​យ៉ាង នៅ​ក្នុង​កិច្ច​ការមនុស្ស​ធម៌ និង​ជីវភាព​រស់នៅ​របស់ពលរដ្ឋ

នៅថ្ងៃទី០៩ខែមករា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រ Facebook ផ្លូវការរបស់លោកថា លោកមានកិត្តិយសបំផុតដែលបានចូលរួមនៅក្នុងពិធីប្រគល់សញ្ញាបត្រ “បណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្ត្រ” ពីសាកលវិទ្យាល័យក្វាំងស៊ី ប្រទេសចិន ជូនដល់ភរិយាជាទីស្រឡាញ់។ លោក ហ៊ុន សែន បានបន្ថែមថា លោកពិតជាមានមោទនៈភាពខ្លាំងណាស់ ចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងលះបង់គ្រប់យ៉ាងដោយគ្មានការនឿយហត់របស់ឧត្តមភរិយានៅក្នុងកិច្ចការមនុស្សធម៌ដើម្បីសេចក្តីសុខ និងជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជានៅគ្រប់ទីកន្លែងទាំងអស់ រហូតមានការទទួលស្គាល់ជាសកលថ្ងៃនេះពីសាកលវិទ្យាល័យក្វាងស៊ី ប្រទេសចិន។
លោកបានបន្ថែមទៀតថា ភរិយារបស់លោកមិនត្រឹមតែខិតខំប្រឹងប្រែងដឹកនាំកាកបាទក្រហមកម្ពុជាអោយបានល្អតែប៉ុណ្ណោះទេ តែគាត់ជាម្តាយល្អ ជាជីដូនល្អ និងជាឧត្តមភរិយាដ៏ល្អបំផុតរបស់លោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអរគុណគណៈគ្រប់គ្រងសាកលវិទ្យាល័យក្វាងស៊ី និង អរគុណបង ជនរួមជាតិ ជាពិសេសក្មួយៗយុវជនដែលបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការកាកបាទក្រហមកម្ពុជា។
លោកនិងកូនៗ ព្រមទាំងចៅៗទាំងអស់ ជូនពរភរិយាជាទីស្រឡាញ់ ឱ្យនៅតែមានសម្រស់ស្រស់ស្អាត និងមានសុខភាពល្អរឹងមាំ ដើម្បីបន្តដឹកនាំការងារកាកបាទក្រហមកម្ពុជាជួយសង្គមជាតិយើងអោយកាន់តែល្អប្រសើរឡើងថែមទៀត៕








តំបន់រមណីយដ្ឋានអង្គរចាប់ផ្តើមបង្កើនសេវាទូរសព្ទនិងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ4Gសម្រាប់អ៊ីនធើណេត

បង្គោលអង់តែនសិប្បនិម្មិតដែលមានទម្រង់រូបរាងជាដើមឈើចំនួន៦ដើម ត្រូវបានដាក់តំឡើងរួចរាល់ជាស្ថាពរនិងដាក់ឱ្យដំណើរការហើយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនទូរសព្ទផ្សេងៗបំពាក់អង់តែនបង្កើនសេវាទូរសព្ទនិងល្បឿនអ៊ីនធឺណេតឱ្យបានទូលំទូលាយដល់ភ្ញៀវទេសចរ ប្រជាជនក្នុងតំបន់អង្គរ អ្នកប្រកបរបរអាជីវកម្មសេវាកម្មទេសចរណ៍ និងវិស័យឯកជននានានៅក្នុងតំបន់ប្រវត្តិសាស្ត្រខ្មែរដ៏ល្បីមួយនេះ។
តាមបញ្ជាក់ពីលោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានឱ្យដឹងថា បង្គោលអង់តែន បានតំឡើងចំនួន៦ទីតាំង ដូចជា CTL1 នៅភូមិទក្សិណត្បូង សង្កាត់គោកចក CTL2 នៅភូមិក្រវ៉ាន់ សង្កាត់នគរធំ CTL3 នៅភូមិរហាល សង្កាត់នគរធំ CTL4 នៅភូមិនគរក្រៅ សង្កាត់គោកចក CTL5 នៅខ្លោងទ្វារតាកាវ និង CTL6 នៅតាមបណ្តោយផ្លូវកូម៉ៃ។ លោក សុខ សង្វារ បន្តទៀតថា បើគិតមកដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ប្រព័ន្ធទូរសព្ទស្មាតជាក្រុមហ៊ុនដំបូងគេដែលបានដាក់ឱ្យដំណើរការសេវាទូរសព្ទនិងបណ្តាញអ៊ីនធឺណេត4Gយ៉ាងរលូនក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយនាពេលឆាប់ៗខាងមុខនេះ និងមានប្រព័ន្ធទូរសព្ទផ្សេងៗទៀតក្នុងប្រទេសមកបំពាក់សេវាទូរសព្ទនិងសេវាអ៊ីនធើណិតបន្ថែមទៀតផងដែរ។
តាមរយៈការតំឡើងបង្គោលអង់តែនសិប្បនិម្មិត និងបំពាក់សេវាប្រព័ន្ធទូរសព្ទនានាក្នុងតំបន់រមណីយដ្ឋានអង្គរនេះ នឹងធ្វើឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិដែលមកទស្សនាតំបន់អង្គរ មានភាពងាយស្រួលទាំងការហៅទូរសព្ទ ការផុសរូបក្នុងបណ្តាញសង្គមហ្វេសប៊ុក និងផ្សាយផ្ទាល់វីដេអូពីដំណើរកម្សាន្តរបស់ខ្លួនបានភ្លាមៗ។ ជាពិសេសជាងនេះទៅទៀត វាបានជួយសម្រួល ដល់ការងាររបស់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការប្រតិបតិ្តការងាររបស់ខ្លួនផង។

នេះជាលើកទី១ហើយសម្រាប់ប្រទេសកម្ពុជា ដែលបានរៀបចំតំឡើងអង់តែនសិប្បនិម្មិតមានរូបរាងដូចដើមឈើនិងដាក់ឱ្យដំណើរការនៅលើទឹកដីអង្គរបេតិកភណ្ឌពិភពលោក។ អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់បំផុត ចំពោះការផ្តល់ជូននូវភាពងាយស្រួលតាមរយៈការរៀបចំសេវាកម្មទេសចរណ៍ ដើម្បីទាក់ទាញទេសចរឱ្យចូលមកទស្សនាតំបន់ប្រវត្តិសាស្ត្រដ៏ល្បីនេះឱ្យកាន់តែច្រើនឡើង។ លើសពីនោះទៀត អាជ្ញាធរជាតិអប្សរាក៏បានគិតគូរដល់ការអភិរក្ស និងការថែរក្សាសោភ័ណភាពនៅក្នុងតំបន់អង្គរផងដែរ ជាក់ស្តែងការតំឡើងអង់តែនសិប្បនិម្មិតសម្រាប់បំពាក់ប្រព័ន្ធទូរសព្ទដូច្នេះ ក៏តម្រូវឱ្យមានលក្ខណៈធម្មជាតិ ដែលអាចបន្លំនិងរក្សាបាននូវភាពស្រស់បំព្រងនៃទេសចរណ៍ធម្មជាតិ ស្របតាមបទដ្ឋានរបស់តំបន់បេតិកភណ្ឌពិភពលោកទៀតផង៕