Monday, January 09, 2017

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មាន​មោទនៈ​ភាព ចំពោះ​ស្នាដៃ​របស់​ឧត្តម​ភរិយា ចំពោះ​ការខិត​ខំ​ប្រឹង​ប្រែងលះ​បង់គ្រប់​យ៉ាង នៅ​ក្នុង​កិច្ច​ការមនុស្ស​ធម៌ និង​ជីវភាព​រស់នៅ​របស់ពលរដ្ឋ

នៅថ្ងៃទី០៩ខែមករា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រ Facebook ផ្លូវការរបស់លោកថា លោកមានកិត្តិយសបំផុតដែលបានចូលរួមនៅក្នុងពិធីប្រគល់សញ្ញាបត្រ “បណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្ត្រ” ពីសាកលវិទ្យាល័យក្វាំងស៊ី ប្រទេសចិន ជូនដល់ភរិយាជាទីស្រឡាញ់។ លោក ហ៊ុន សែន បានបន្ថែមថា លោកពិតជាមានមោទនៈភាពខ្លាំងណាស់ ចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងលះបង់គ្រប់យ៉ាងដោយគ្មានការនឿយហត់របស់ឧត្តមភរិយានៅក្នុងកិច្ចការមនុស្សធម៌ដើម្បីសេចក្តីសុខ និងជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជានៅគ្រប់ទីកន្លែងទាំងអស់ រហូតមានការទទួលស្គាល់ជាសកលថ្ងៃនេះពីសាកលវិទ្យាល័យក្វាងស៊ី ប្រទេសចិន។
លោកបានបន្ថែមទៀតថា ភរិយារបស់លោកមិនត្រឹមតែខិតខំប្រឹងប្រែងដឹកនាំកាកបាទក្រហមកម្ពុជាអោយបានល្អតែប៉ុណ្ណោះទេ តែគាត់ជាម្តាយល្អ ជាជីដូនល្អ និងជាឧត្តមភរិយាដ៏ល្អបំផុតរបស់លោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអរគុណគណៈគ្រប់គ្រងសាកលវិទ្យាល័យក្វាងស៊ី និង អរគុណបង ជនរួមជាតិ ជាពិសេសក្មួយៗយុវជនដែលបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការកាកបាទក្រហមកម្ពុជា។
លោកនិងកូនៗ ព្រមទាំងចៅៗទាំងអស់ ជូនពរភរិយាជាទីស្រឡាញ់ ឱ្យនៅតែមានសម្រស់ស្រស់ស្អាត និងមានសុខភាពល្អរឹងមាំ ដើម្បីបន្តដឹកនាំការងារកាកបាទក្រហមកម្ពុជាជួយសង្គមជាតិយើងអោយកាន់តែល្អប្រសើរឡើងថែមទៀត៕








No comments:

Post a Comment