Monday, January 09, 2017

តំបន់រមណីយដ្ឋានអង្គរចាប់ផ្តើមបង្កើនសេវាទូរសព្ទនិងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ4Gសម្រាប់អ៊ីនធើណេត

បង្គោលអង់តែនសិប្បនិម្មិតដែលមានទម្រង់រូបរាងជាដើមឈើចំនួន៦ដើម ត្រូវបានដាក់តំឡើងរួចរាល់ជាស្ថាពរនិងដាក់ឱ្យដំណើរការហើយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនទូរសព្ទផ្សេងៗបំពាក់អង់តែនបង្កើនសេវាទូរសព្ទនិងល្បឿនអ៊ីនធឺណេតឱ្យបានទូលំទូលាយដល់ភ្ញៀវទេសចរ ប្រជាជនក្នុងតំបន់អង្គរ អ្នកប្រកបរបរអាជីវកម្មសេវាកម្មទេសចរណ៍ និងវិស័យឯកជននានានៅក្នុងតំបន់ប្រវត្តិសាស្ត្រខ្មែរដ៏ល្បីមួយនេះ។
តាមបញ្ជាក់ពីលោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានឱ្យដឹងថា បង្គោលអង់តែន បានតំឡើងចំនួន៦ទីតាំង ដូចជា CTL1 នៅភូមិទក្សិណត្បូង សង្កាត់គោកចក CTL2 នៅភូមិក្រវ៉ាន់ សង្កាត់នគរធំ CTL3 នៅភូមិរហាល សង្កាត់នគរធំ CTL4 នៅភូមិនគរក្រៅ សង្កាត់គោកចក CTL5 នៅខ្លោងទ្វារតាកាវ និង CTL6 នៅតាមបណ្តោយផ្លូវកូម៉ៃ។ លោក សុខ សង្វារ បន្តទៀតថា បើគិតមកដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ប្រព័ន្ធទូរសព្ទស្មាតជាក្រុមហ៊ុនដំបូងគេដែលបានដាក់ឱ្យដំណើរការសេវាទូរសព្ទនិងបណ្តាញអ៊ីនធឺណេត4Gយ៉ាងរលូនក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយនាពេលឆាប់ៗខាងមុខនេះ និងមានប្រព័ន្ធទូរសព្ទផ្សេងៗទៀតក្នុងប្រទេសមកបំពាក់សេវាទូរសព្ទនិងសេវាអ៊ីនធើណិតបន្ថែមទៀតផងដែរ។
តាមរយៈការតំឡើងបង្គោលអង់តែនសិប្បនិម្មិត និងបំពាក់សេវាប្រព័ន្ធទូរសព្ទនានាក្នុងតំបន់រមណីយដ្ឋានអង្គរនេះ នឹងធ្វើឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិដែលមកទស្សនាតំបន់អង្គរ មានភាពងាយស្រួលទាំងការហៅទូរសព្ទ ការផុសរូបក្នុងបណ្តាញសង្គមហ្វេសប៊ុក និងផ្សាយផ្ទាល់វីដេអូពីដំណើរកម្សាន្តរបស់ខ្លួនបានភ្លាមៗ។ ជាពិសេសជាងនេះទៅទៀត វាបានជួយសម្រួល ដល់ការងាររបស់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការប្រតិបតិ្តការងាររបស់ខ្លួនផង។

នេះជាលើកទី១ហើយសម្រាប់ប្រទេសកម្ពុជា ដែលបានរៀបចំតំឡើងអង់តែនសិប្បនិម្មិតមានរូបរាងដូចដើមឈើនិងដាក់ឱ្យដំណើរការនៅលើទឹកដីអង្គរបេតិកភណ្ឌពិភពលោក។ អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់បំផុត ចំពោះការផ្តល់ជូននូវភាពងាយស្រួលតាមរយៈការរៀបចំសេវាកម្មទេសចរណ៍ ដើម្បីទាក់ទាញទេសចរឱ្យចូលមកទស្សនាតំបន់ប្រវត្តិសាស្ត្រដ៏ល្បីនេះឱ្យកាន់តែច្រើនឡើង។ លើសពីនោះទៀត អាជ្ញាធរជាតិអប្សរាក៏បានគិតគូរដល់ការអភិរក្ស និងការថែរក្សាសោភ័ណភាពនៅក្នុងតំបន់អង្គរផងដែរ ជាក់ស្តែងការតំឡើងអង់តែនសិប្បនិម្មិតសម្រាប់បំពាក់ប្រព័ន្ធទូរសព្ទដូច្នេះ ក៏តម្រូវឱ្យមានលក្ខណៈធម្មជាតិ ដែលអាចបន្លំនិងរក្សាបាននូវភាពស្រស់បំព្រងនៃទេសចរណ៍ធម្មជាតិ ស្របតាមបទដ្ឋានរបស់តំបន់បេតិកភណ្ឌពិភពលោកទៀតផង៕


No comments:

Post a Comment