Monday, January 09, 2017

ដើម​ស្ពង់ចំណាស់​មួយដើម​ក្នុងតំ​បន់​អង្គរត្រូវ​បាន​ជួយស​ង្រ្គោះដោយ​អ្នកជំនាញ​អាជ្ញាធរជាតិ​អប្សរា​

ក្រៅពីទស្សនាប្រាង្គប្រាសាទដ៏អស្ចារ្យ ភ្ញៀវទេសចរមួយចំនួនក៏បានចាប់អារម្មណ៍នឹងទេសភាពដ៏ស្រស់ស្អាតនៃដើមឈើធំៗ ដែលដុះចាក់ឫសនៅលើតួប្រាសាទផងដែរ។ ដើមឈើចំណាស់ជាច្រើនបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ ជាពិសេសដើមស្ពង់នៅក្នុងប្រាសាទតាព្រហ្ម ក៏ដូចជានៅតាមបណ្តាប្រាង្គប្រាសាទមួយចំនួនទៀត។
ក្នុងបំណងអភិរក្ស និងថែរក្សាដើមឈើចំណាស់ដែលដុះក្នុងឧទ្យានអង្គរ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានចុះព្យាបាលប្រភេទដើមឈើចំណាស់ៗជាច្រើន ជាពិសេសដើមស្ពង់។ ជាក់ស្តែង ដើមស្ពង់ចំណាស់មួយដើមនៅជិតខ្លោងទ្វារទន្លេអុំ ត្រូវបានអភិរក្សថែទាំដោយយកចិត្តទុកដាក់ពីក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា។ ការជួយសង្រ្គោះនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧។
លោក លឹម សៀងហួត បុគ្គលិកជំនាញតាមដានសុខភាព ផ្នែកព្យាបាលដើមឈើនៃនាយដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានឱ្យដឹងថា ដើមស្ពង់ដែលចុះមកព្យាបាលនេះ មានការពុកផុយនៅត្រង់គល់ និងចុង។ ដោយសារមានទីតាំងជាប់ផ្លូវដើរដ៏សំខាន់សម្រាប់ភ្ញៀវទេសចរ ដូច្នេះក្រុមការងាររបស់លោក ប្រញាប់ក្នុងការព្យាបាល ហើយការព្យាបាលនេះក៏មានការចាប់អារម្មណ៍ច្រើនពីសំណាក់ទេសចរដែលកំពុងទស្សនានៅទីនោះផងដែរ។ ភ្ញៀវទេសចរទាំងនោះ បានសាកសួរពីការងារព្យាបាលដើមស្ពង់ ដែលក្រុមការងារកំពុងជួយសង្រ្គោះនេះ ។
ដើមស្ពង់ដែលក្រុមជំនាញកំពុងព្យាបាលនេះ មានបញ្ហា៣សំខាន់។ ទីមួយ ដើមអម្ពិលដែលដុះក្បែរនោះ ឫសរបស់វាចាក់ប្រជែងនឹងគល់ដើមស្ពង់ ទីពីរ ការដើរជាន់ឫសស្ពង់ពីសំណាក់មនុស្ស ព្រោះថាវានៅជិតផ្លូវដើរ ធ្វើឱ្យវាពិបាកស្រូបយកជីវជាតិក្នុងដី និងទីបី ដោយសារអាយុកាលរបស់វា ដោយចំណុចខ្លះនៃគល់ បានពុកផុយ និងមានសត្វកណ្តៀរឡើង។
សម្រាប់វិធីសាស្រ្តនៃការព្យាបាល លោក សៀង ហួត បានរៀបរាប់ថា៖ « ការព្យាបាលដើមស្ពង់ គឺធ្វើឡើងតាមរយៈការកោសសំបកពុកផុយចេញ លាបជ័រទឹក ដើម្បីការពារពីការជ្រាបទឹកចូលក្នុងសាច់ និងចុងក្រោយបិទដីដំបូកដើម្បីឱ្យសាច់ឈើដុះឡើងវិញ។ បន្ទាប់មក ក្រុមការងារនឹងបន្តតាមដានរយៈពេល៦ខែទៅមួយឆ្នាំ ដើម្បីដឹងពីការវិវត្តថ្មីរបស់ដើមស្ពង់»។
យ៉ាងណាក៏ដោយ តាមបទពិសោធន៍របស់លោក សៀងហួត ដែលកន្លងមកបានចុះព្យាបាលដើមស្ពង់ជាច្រើនដើមនោះបាននិយាយថា មានតែដើមស្ពង់ដែលមានសាច់ខ្ចីតែប៉ុណ្ណោះ ដែលអាចលូតលាស់ល្អឡើងវិញ ចំណែកស្ពង់ចាស់មានអាយុលើសពី១០០ឆ្នាំឡើង លទ្ធភាពលូតលាស់មានតិចតួចបំផុត។ ស្ពង់ខ្ចី កោសិការបស់វាឆាប់លូតលាស់ជាងស្ពង់ចាស់ ដែលកោសិការបស់វាមួយចំនួនបានងាប់ទៅហើយ ដោយការព្យាបាលគ្រាន់តែពន្យារអាយុកាលរបស់វាតែប៉ុណ្ណោះ។
គួររម្លឹកថា ស្ពង់ជាប្រភេទឈើក្រៅចំណាត់ថ្នាក់មួយ ហើយភាគច្រើនមានដុះនៅតំបន់អង្គរ។ នៅតំបន់អង្គរ ដើមស្ពង់មានដុះច្រើនជាងគេនៅប្រាសាទតាព្រហ្ម។ ស្ពង់ជាដើមឈើទាក់ទាញ ចំណែកឫសរបស់វាមួយចំនួន ក៏មានផលប្រយោជន៍ការពារ និងទ្រប្រាសាទផងដែរ៕



No comments:

Post a Comment