Monday, January 09, 2017

កងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស បើកវគ្គ​បំប៉ន​ការស៊ើបអង្កេតក្នុង​រឿងក្តី​ព្រហ្មទណ្ឌ ដើម្បីបង្កើន​សមត្ថភាព ការស៊ើបអង្កេត

(ភ្នំពេញ)៖ វគ្គបំប៉នការស៊ើបអង្កេត ក្នុងរឿងក្តីព្រហ្មទណ្ឌ ទាមទារឱ្យសមត្ថកិច្ច ត្រូវបង្កើនសមត្ថភាពទ្វេឡើង និងមានវិធានការបង្ក្រាប គ្រាបច្ចុប្បន្ន ជនល្មើស កាន់តែមានល្បិចកលខ្ពស់ ដើម្បីគេចពីការបង្ក្រាប របស់សមត្ថកិច្ច។
នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ បានបើក វគ្គបំប៉នការស៊ើបអង្កេត ក្នុងរឿងក្តីព្រហ្មទណ្ឌ លោក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានថ្លែងថា ពិធីនេះបានសម្តែងឱ្យឃើញ ពីការយកចិត្តទុកដាក់ គ្រប់ជ្រុងជ្រោយ របស់លោក មេបញ្ជាការ ជុំវិញជំនាញវិជ្ជាជីវៈរបស់ មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថ ទូទាំងប្រទេស ដើម្បីឈានទៅពង្រឹង លក្ខណៈសម្បត្តិ សមត្ថភាព គុណភាព ប្រសិទ្ធភាព ក្នុងកិច្ចប្រតិបត្តិការបង្ក្រាប ដែលជាតួនាទី ភារកិច្ចដ៏សំខាន់មួយ ក្នុងចំណោមភារកិច្ចផ្សេងទៀត។
លោក បានបន្តថាបច្ចុប្បន្ននេះប្រទេសកម្ពុជាមានការអភិវឌ្ឍជីវភាពរស់នៅ របស់ប្រជាជនយើងក្នុងសង្គមទាំងមូល ត្រូវបានប្រែប្រួលក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលដែលមានលោក នាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាអ្នកដឹកនាំដ៏ឈ្លាសវៃ។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធ និងបង្ក្រាបការកាប់ឈើខុសច្បាប់ ការរំលោភដីធ្លីខុសច្បាប់ បទល្មើសនេសាទខុសច្បាប់ ការធ្វើអាជីវកម្ម ធនធានធម្មជាតិ ខុសច្បាប់។ ក្នុងពេលអនុវត្តព្រមៗគ្នានេះ ទាមទារឱ្យសមត្ថកិច្ច ដែលមានការពាក់ព័ន្ធ ត្រូវបង្កើនសមត្ថភាព យល់ដឹង និងមានវិធានការបង្ក្រាប ឱ្យខានតែបានគ្រានេះសមត្ថកិច្ចយើង ក៏យល់ច្បាស់ហើយថា បច្ចុប្បន្ន ជនល្មើសកាន់តែមានល្បិចកលខ្ពស់ ដើម្បីគេចពីការបង្ក្រាប របស់សមត្ថកិច្ច ដូច្នេះទាមទារឱ្យសមត្ថកិច្ចយើង ត្រូវបង្កើនសមត្ថភាពទ្វេឡើង ដោយមានវិធានការ ទៅលើជនល្មើស ឈានដល់ការកាត់បន្ថយ និងលុបបំបាត់ រាល់បទល្មើសនានា ដែលបង្កអសន្តិសុខក្នុងសង្គម។
លោក បានបញ្ជាក់ទៀតថា ដូច្នេះយើងត្រូវចេះចាំ អំពីទ្រឹស្តីពាក់ព័ន្ធបទល្មើស ធាតុផ្សំបទល្មើស ការវិវឌ្ឍនៃអំពើល្មើស និងវិធានការជាមូលដ្ឋាន ពាក់ព័ន្ធនឹងតួនាទី ភារកិច្ច របស់នគរបាលយុត្តិធម៌។ ការប្រកាន់គោលការណ៍ នៃមាត្រាច្បាប់ ក្នុងនោះ គឺក្រមនីតិវិធីព្រហ្មទណ្ឌ ដែលជាត្រីវិស័យ បំភ្លឺផ្លូវ ដល់កិច្ចការបង្ក្រាប គ្រប់ស្ថានភាព និងគ្រប់ពេលវេលា ដែលមន្ត្រីប្រតិបត្តិច្បាប់ ត្រូវតែប្រកាន់ខ្ជាប់ខ្ជួន ដោយមិនអាចខ្វះបាន។ ក្នុងករណី ការបង្ក្រាបរបស់ មន្ត្រីនគរបាលយុត្តិធម៌ អនុវត្តទៅមានភាព ចន្លោះប្រហោង មិនគ្រប់នីតិវិធី វាមិនត្រឹមតែធ្វើឱ្យជនល្មើស ដែលបានប្រព្រឹត្តបទល្មើស ត្រូវរួចផុតពីការចោទប្រកាន់ តាមផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាធ្វើឱ្យជនរងគ្រោះ មិនបានទទួលយុត្តិធម៌ ទៀតផង៕

No comments:

Post a Comment