Wednesday, June 10, 2020

ស្នងការនគរបាលខេត្តកណ្តាល ប្រកាសតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីនគរបាល និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិចំនួន១៣៦រូប

(កណ្តាល)៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើរៀបចំពិធីផ្សព្វផ្សាយប្រកាសលេខ២២៦៦ ប្រ ក របស់ក្រសួងមហាផ្ទៃ ស្តីពីការតាំងស៊ប់ក្នុងក្របខ័ណ្ឌនគរបាលជាតិ និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងមានការចូលរួមពីលោក-លោកស្រីស្នងការរង ,លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ,លោកនាយប៉ុស្តិ៍ច្រកទ្វារជ្រៃធំ ,លោកអធិការនគរបាលក្រុង/ស្រុកទាំង១១ និងមន្ត្រីក្របខ័ណ្ឌថ្មីផងដែរ ។


បន្ទាប់ពីលោកវរសេនីយ៍ឯក ម៉ាន់ គីមឡេង នាយការិយាល័យបុគ្គលិក ឡើងអានរបាយការណ៍ និងប្រកាសតាំងស៊ប់រួចមក លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោក-លោកស្រីស្នងការរង បានអញ្ជើញបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ ដែលទើបនឹងប្រកាសតាំងស៊ប់ចំនួន១៣៦រូប ក្នុងនោះស្រី២៧រូប ។
ក្រោយពីតំណាងមន្ត្រីនគរបាលទើបតាំងស៊ប់ថ្មី ឡើយប្តេជ្ញាចិត្តរួចមក លោកឧត្តមសេនីយ៍ត្រីស្នងការ ក៏បានឡើងមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីនគរបាលទើបតាំងស៊ប់ ពេលចុះទៅបំពេញការងារនៅប៉ុស្តិ៍រដ្ឋបាល ត្រូវគោរពវិន័យកងកម្លាំងនគរបាលជាតិ ខិតខំរួមគ្នាបម្រើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធខ្ពស់ ។ ពេលចុះបំពេញការងារត្រូវមានភាពទន់ភ្លន់ តែមិនទន់ជ្រាយ មិនត្រូវច្រង៉េងច្រង៉ាងដាក់បងប្អូនប្រជាពលរដ្ឋ ត្រូវទុកប្រជាពលរដ្ឋជាម្ចាស់ ហើយខ្លួនយើងជានគរបាលជាអ្នកបម្រើពួកគាត់ ៕












អ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជា ព្យាបាលជាសះស្បើយម្នាក់ទៀត និងគ្មានករណីឆ្លងថ្មី

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានជូនព័ត៌មានអំពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា ដោយបានបញ្ជាក់ឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩ បានព្យាបាលជាសះស្បើយ១នាក់បន្ថែមទៀត ដែលធ្វើឱ្យមានការកើនឡើងចំនួនអ្នកព្យាបាលជាសះស្បើយរហូតដល់១១០នាក់ ខណៈដែលក្នុងរយៈពេល៩ថ្ងៃជាប់គ្នានេះគ្មានករណីឆ្លងថ្មីទៀតទេ។
ដូចនេះ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងប្រទេសកម្ពុជាគិតពីពេលចាប់ផ្តើមដំបូងមកដល់ពេលនេះមានចំនួន១២៦នាក់ បន្ទាប់ពីបានព្យាបាលជាសះស្បើយសរុបកើនឡើងរហូតដល់១២៥នាក់នោះ គឺអ្នកជំងឺដែលកំពុងនៅបន្តព្យាបាល មានត្រឹមតែ១នាក់ទៀតប៉ុណ្ណោះ ហើ់យសង្ឃឹមថា ក្នុងពេលដ៏ខ្លីខាងមុខតាមរយៈការប្រឹងប្រែងរបស់ក្រសួងសុខាភិបាល និងក្រុមគ្រួពេទ្យ អ្នកជំងឺដែលកំពុងបន្តព្យាបាល នឹងត្រូវបានព្យាបាលជាសះស្បើយជាបន្តបន្ទាប់ទៀត។
សូមជម្រាបផងដែរថា អ្នកជំងឺដែលបានជាសះស្បើយ គឺជាបុរសជនជាតិខ្មែរ-បារាំងអាយុ៣០ឆ្នាំ ធ្វើដំណើរមកពីប្រទេសបារាំង តាមជើងហោះហើរពីសាធារណរដ្ឋកូរ៉េ មកដល់កម្ពុជានៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាលនៅតែបន្តជូនដំណឹងដល់សាធារណជនឱ្យចូលរួមប្រយុទ្ធប្រឆាំងជាមួយជងឺដ៏កាចសាហាវនេះ និងចូលរួមអនុវត្តបទបញ្ជា និងវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជងឺកូវីដ១៩នេះ ហើយនឹងបន្តជម្រាបជូនអំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមរយៈទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh និងបានបញ្ជាក់ថា គេហទំព័រនេះមានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកប្រើប្រាស់បាន និងសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាលលេខ ១១៥ ដោយឥតគិតថ្លៃ៕



សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដព្រះសីហនុ»


*****************
ថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ»

វាគ្មិនអញ្ជើញចូលរួម៖
ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ រួមទាំងប្រធានមន្ទីរជំនាញជុំវិញរដ្ឋបាលខេត្ដ៕