Wednesday, June 10, 2020

ស្នងការនគរបាលខេត្តកណ្តាល ប្រកាសតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីនគរបាល និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិចំនួន១៣៦រូប

(កណ្តាល)៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើរៀបចំពិធីផ្សព្វផ្សាយប្រកាសលេខ២២៦៦ ប្រ ក របស់ក្រសួងមហាផ្ទៃ ស្តីពីការតាំងស៊ប់ក្នុងក្របខ័ណ្ឌនគរបាលជាតិ និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងមានការចូលរួមពីលោក-លោកស្រីស្នងការរង ,លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ,លោកនាយប៉ុស្តិ៍ច្រកទ្វារជ្រៃធំ ,លោកអធិការនគរបាលក្រុង/ស្រុកទាំង១១ និងមន្ត្រីក្របខ័ណ្ឌថ្មីផងដែរ ។


បន្ទាប់ពីលោកវរសេនីយ៍ឯក ម៉ាន់ គីមឡេង នាយការិយាល័យបុគ្គលិក ឡើងអានរបាយការណ៍ និងប្រកាសតាំងស៊ប់រួចមក លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោក-លោកស្រីស្នងការរង បានអញ្ជើញបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ ដែលទើបនឹងប្រកាសតាំងស៊ប់ចំនួន១៣៦រូប ក្នុងនោះស្រី២៧រូប ។
ក្រោយពីតំណាងមន្ត្រីនគរបាលទើបតាំងស៊ប់ថ្មី ឡើយប្តេជ្ញាចិត្តរួចមក លោកឧត្តមសេនីយ៍ត្រីស្នងការ ក៏បានឡើងមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីនគរបាលទើបតាំងស៊ប់ ពេលចុះទៅបំពេញការងារនៅប៉ុស្តិ៍រដ្ឋបាល ត្រូវគោរពវិន័យកងកម្លាំងនគរបាលជាតិ ខិតខំរួមគ្នាបម្រើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធខ្ពស់ ។ ពេលចុះបំពេញការងារត្រូវមានភាពទន់ភ្លន់ តែមិនទន់ជ្រាយ មិនត្រូវច្រង៉េងច្រង៉ាងដាក់បងប្អូនប្រជាពលរដ្ឋ ត្រូវទុកប្រជាពលរដ្ឋជាម្ចាស់ ហើយខ្លួនយើងជានគរបាលជាអ្នកបម្រើពួកគាត់ ៕












No comments:

Post a Comment