Thursday, June 11, 2020

ក្រសួងសុខាភិបាល ចេញសេចក្តីថ្លែងការណ៍ច្រានចោល ករណីជនជាតិវៀតណាម អាយុ១៨ឆ្នាំ មានជំងឺកូវីដ១៩ ចេញពីកម្ពុជា

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានសេចក្តីថ្លែងការណ៍មួយ ច្រានចោលចំពោះករណីជនជាតិវៀតណាមមានអាយុ១៨ឆ្នាំ មានជំងឺកូវីដ១៩ ចេញពីប្រទេសកម្ពុជា។ ប្រតិកម្មរបស់ក្រសួងសុខាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីវេបសាយវៀតណាមឈ្មោះ លុយអាតវៀតណាម (luatvetnam.vn) បានផ្សព្វផ្សាយថា មានជនជាតិវៀតណាមម្នាក់អាយុ១៨ឆ្នាំ បានឆ្លងជំងឺកូវីដ១៩ ពេលចេញពីប្រទេសកម្ពុជា តាមច្រកព្រំដែន ថុងហ្វើក (Thuong Phuon) កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ហើយពេលនេះកំពុងព្យាបាលនៅ មណ្ឌលសុខភាព ង្វានហុងងី (Huyen Hong Ngu Health Center)។




បើតាមក្រសួងសុខាភិបាល, ក្រុមការងារបស់ក្រសួងសុខាភិបាលកម្ពុជា និងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ជាពិសេសខេត្តព្រៃវែង ក៏បានធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនមានបុគ្គលជនជាតិវៀតណាមខាងលើនេះនៅកម្ពុជា ឬចេញតាមច្រកដូចបានលើកឡើងក្នុងសារព័ត៌មានខាងលើនេះ ចេញទៅប្រទេសវៀតណាមនោះដែរ។
ផ្ទុយទៅវិញ តាមរយៈការចុះផ្សាយនោះទៀត បង្ហាញច្បាស់ថា បុគ្គលរូបនេះជាជនជាតិ វៀតណាម រស់នៅឃុំថុងហ្វក ស្រុកបៀនហុងអ៊ី (Huyen Hong Ngu) ខេត្តដុងថាប់ ប្រទេសវៀតណាម ដូច្នេះ មិនមែនរស់នៅកម្ពុជា ហើយការដែលចម្លងនេះ គឺមានការឆ្លងនៅប្រទេសវៀតណាមនេះ តែម្ដង។
ព័ត៌មានដែលក្រសួងបានឃើញការចុះផ្សាយ ក្រុមការងាររបស់ក្រសួងតែងតែធ្វើការ ស្រាវជ្រាវនៅព្រះរាជាណាចក្រកម្ពុជារបស់យើង ដោយបានធ្វើការរុករកយ៉ាងហ្មត់ចត់ ហើយថ្ងៃនេះ ខ្ញុំសូមជម្រាបជូនថា មិនមានករណ៍វិជ្ជមានវីរុសកូវីដ-១៩ ថ្មីណាមួយត្រូវបានរកឃើញ ឬរាយការណ៍ តាមរយៈប្រព័ន្ធស្រាវជ្រាវតាមដានរបស់ក្រសួងនោះឡើយ។
ក្រសួងសុខាភិបាល បានអំពាវនាវដល់ភាគីមិត្តវៀតណាម សូមគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍និយ័តកម្មអន្តរជាតិលើករណីជំងឺឆ្លង មុននឹងធ្វើការសន្និដ្ឋាន ឬចុះផ្សាយ ដែល ជាការប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ ១៩នេះ ដើម្បីផលប្រយោជន៍ដល់ប្រជាជនទាំងពីរប្រទេស។ ក្រសួងសុខាភិបាលនៅតែប្រកាន់ ជំហរសហប្រតិបត្តិការល្អ មានតម្លាភាពជានិច្ច ដើម្បីទប់ស្កាត់នឹងជំងឺកូវីដ-១៩ (COVID-19) ដែល ជាជំងឺរាតត្បាតដ៏កាចសាហាវជាសកល៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ក្រសួងសុខាភិបាលកម្ពុជា៖





No comments:

Post a Comment