Thursday, June 11, 2020

នាយករដ្ឋមន្ត្រីឥណ្ឌា៖ វិធានការគ្រប់គ្រងជំងឺកូវីដ-១៩ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អាចជាគំរូសម្រាប់ពិភពលោក

លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានកោតសរសើរចំពោះការដាក់ចេញវិធានការទាំងឡាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ រហូតទទួលបានលទ្ធផលល្អប្រសើរ។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានចាត់ទុកវិធានការរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន អាចធ្វើជាគំរូមួយសម្រាប់ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានសរសើរសរសើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចសន្ទនាតាមរយៈទូរស័ព្ទនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ។

 


ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបតាមទូរស័ព្ទនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ម៉ឌី បានពិភាក្សាផ្តោតជាសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកនាយករដ្ឋមន្ត្រី បានសម្តែងនូវការគោរពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ម៉ឌី និងរដ្ឋាភិបាលឥណ្ឌា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក៏បានចូលរួមរំលែកមរណទុក្ខចំពោះការបាត់បង់ជីវិតប្រជាពលរដ្ឋឥណ្ឌាដោយសារជំងឺកូវីដ១៩នេះផងដែរ។
ជំងឺកូវីដ-១៩ ជាជំងឺឆ្លងដែលបានរីករាលដាលយ៉ាងស្រួចស្រាវនៅលើពិភពលោក។ មកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ មនុស្សជាង ៧លាននាក់ បានឆ្លង ហើយមនុស្សជិត ៤២ម៉ឺននាក់ បានស្លាប់ដោយសារជំងឺនេះ។
សម្រាប់កម្ពុជាវិញ រកឃើញអ្នកឆ្លងចំនួន ១២៦នាក់។ ក្នុងនោះ ១២៥នាក់ បានព្យាបាលជាសះស្បើយ ហើយនៅសល់តែ ១នាក់ប៉ុណ្ណោះ កំពុងព្យាបាល និងគ្មានអ្នកស្លាប់នោះឡើយ។
តាមទិន្នន័យនេះ នាំឱ្យគេវាយតម្លៃថា ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ទើបនាំឱ្យការចម្លងមិនមានសភាពខ្លាំងក្លាដូចប្រទេសដទៃ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេចាត់ទុកជាអគ្គមេបញ្ជាកំពូលក្នុងសមរភូមិប្រយុទ្ធជាមួយជំងឺកូវីដ-១៩។ ចាប់តាំងពីពេលដែលជំងឺកូវីដ១៩ បានកើតឡើងករណីដំបូងនៅកម្ពុជាកាលពីខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតាមដានយកចិត្តទុកដាក់ខ្ពស់ ជាមួយការដាក់ចេញនូវវិធានការ និងចំណាត់ការនានា ប្រកបដោយភាពប្រាកដនិយម ច្បាស់លាស់ និងម៉ត់ចត់ជាទីបំផុត។
វិធានការ និងចំណាត់ការ ដែលជាការឆ្លើយតបទាន់ពេលវេលា និងច្បាស់លាស់ក្នុងការទប់ស្កាត់ការនាំជំងឺពីខាងក្រៅ ទប់ស្កាត់ការរីករាលដាល និងការប្រឹងប្រែងព្យាបាលអ្នកជំងឺរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អមដោយការអនុវត្តន៍យ៉ាងយកចិត្តទុកដាក់របស់កងទ័ពអាវស និងមន្ត្រីពាក់ព័ន្ធ ទើបធ្វើឱ្យការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ មានស្ថានភាពល្អប្រសើរបែបនេះ។
លទ្ធផលដ៏ល្អប្រសើរលើការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩នេះ ធ្វើឱ្យកម្ពុជាទទួលបានការកោតសរសើរពីអង្គការសុខភាពពិភពលោក និងបណ្តាប្រទេសមួយចំនួនទៀតផងដែរ៕









No comments:

Post a Comment