យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា
ចុះថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៥ ដែលចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ស្តីពីការកំណត់ល្បឿនសម្រាប់យានជំនិះបានកំណត់ថា អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនសមស្របតាមផ្លាកសញ្ញាកំណត់ល្បឿនអតិបរមានៅតាមដងផ្លូវ។
នៅក្នុងជំពូកទី២ មាត្រា៥ កំណត់ថា ចំពោះនៅកន្លែងដែលពុំមានផ្លាកសញ្ញាកំណត់ល្បឿន
អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនអតិបរមា ដូចជា នៅក្នុងទីប្រជុំជនល្បឿនអតិបរមា
ត្រូវកំណត់ត្រឹម ៣០ គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក
ត្រីចក្រយានយន្ត ត្រាក់ទ័រ យានយន្តកសិកម្ម និងសម្រាប់យានយន្តុបករណ៍ដែលមានល្បឿនអតិបរមាត្រឹម
៤០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។
៤០គីឡូមែត្រក្នុងមួយម៉ោង សំរាប់រថយន្តគ្រប់ប្រភេទ
និងសម្រាប់យានយន្តុបរណ៍ដែលមានល្បឿនអតិបរមាលើស ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ចំពោះក្រៅទីប្រជុំជនល្បឿនអតិបរមា ត្រូវកំណត់ត្រឹម ៤០ គីឡូម៉ែត្រ ក្នុងមួយម៉ោង
សម្រាប់ត្រីចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រាក់ទ័រ យានយន្តកសិកម្ម
និងយានយន្តុបករណ៍ដែលមានល្បឿនអតិបរមាត្រឹម ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
៦០ គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ទោចក្រយានយន្តដែលមានទំហំស៊ីឡាំង
មិនលើសពី ១២៥សង់ទីម៉ែត្រគូប យានយន្តុបករណ៍ ដែលមានល្បឿនអតិបរមាលើស ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង
រថយន្ត សណ្តោងរ៉ឺម៉ក និងរថយន្តដឹកកុតតែន័រគ្រប់ប្រភេទ។ ៧០គីឡូម៉ែត្រក្នុងមួយម៉ោង
សម្រាប់ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងលើសពី ១២៥ សង់ទីម៉ែត្រ និងរថយន្តដឹកទំនិញធុនធ្ងន់។
៨០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់រថយន្តធុនស្រាល និងរថយន្តដឹកអ្នកដំណើរ។
៩០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់រថយន្តធុនស្រាល និងរថយន្តដឹកអ្នកដំណើរបើកបរនៅលើផ្លូវដែលមានខឿនបែងចែកទិសចរាចរណ៍ជាពីរ
ហើយមានគន្លងផ្លូវចាប់ពីបួនឡើងទៅ។
បទបញ្ញត្តិខាងលើ មិនអនុវត្តចំពោះអ្នកបើកបរយានយន្តក្បួននគរបាល
យោធា កងរាជអាវុធហត្ថ គណៈប្រតិភូ ថ្នាក់ដឹកនាំជាន់ខ្ពស់ យានយន្តពន្លត់អគ្គីភ័យ
យានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ និងយានខ្លះទៀតដែលមានការអនុញ្ញាតឲ្យបន្លឺសូរសព្ទ
ភ្លើងសញ្ញាពិសេស នៅពេលកំពុងបំពេញភារកិច្ចឡើយ។
អនុក្រឹត្យនេះ មានគោលបំណងកំណត់ល្បឿនបើកបរអតិបរមាសម្រាប់យានជំនិះគ្រប់ប្រភេទដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
អនុក្រឹត្យនេះមានគោលដៅ រក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក, ទប់ស្កាត់ការបើកបរយានជំនិះហួសល្បឿនកំណត់
ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងលើកកម្ពស់ការយល់ដឹង និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន
ដើម្បីកាត់បន្ថយគ្រោះថ្នាក់៕