Wednesday, July 08, 2015

សម្តេចក្រឡាហោម ស ខេង ថ្លែងបញ្ជាក់ថា ប្រជាធិបតេយ្យ ត្រូវតែមានច្បាប់

ស្របពេលដែលក្រុមអង្គការមិនមែនរដ្ឋាភិបាល កំពុងស្រែកថា សេចក្តីព្រាងច្បាប់អង្គការសង្គមស៊ីវិលចុងក្រោយនេះ តាក់តែងឡើងដោយផ្ទុយពីរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងអន្តរជាតិដទៃទៀតនោះ សម្តេច ក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ច្បាប់នេះ មានការជជែកយ៉ាងច្រើន ហើយរាជរដ្ឋាភិបាល បានតាក់តែងឡើងស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងជាគោលការណ៍ប្រជាធិបតេយ្យ ត្រូវតែមានច្បាប់
ក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូននាយនគរបាលជាតិជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៨ ខែកក្កដានេះ នៅទីស្តីការក្រសួង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា "​ច្បាប់អង្គការសង្គមស៊ីវិល នាពេលកន្លងមក មានមតិជាច្រើនបានលើកឡើង។ មតិទីមួយ គាំទ្រឲ្យមានច្បាប់អង្គការសង្គមស៊ីវិល។ មតិទីពីរ ថាមិនទាន់ចាំបាច់ឲ្យមានច្បាប់នេះទេ។ មតិទីបីថា មានច្បាប់ ប៉ុន្តែសុំឲ្យមានការជជែកឲ្យបានគ្រប់ជ្រុងជ្រោយ ។ មតិទីបួន សុំផ្តល់អនុសាសន៍ គឺបានន័យថា បើសុំតែម្តងមិនបានទេ គឺសុំផ្តល់អនុសាសន៍គួរលុបចំណុចនេះគួរកែចំណុចនោះជាដើម។
សម្តេចក្រឡាហោម បានមានប្រសាសន៍បញ្ជាក់ថា  ជាទ្រឹស្តីជាគោលការណ៍ វាគ្មានប្រជាធិបតេយ្យណា ដែលអត់ច្បាប់ទេ ហើយក៏គ្មានសេរីភាពណា ដែលអត់ច្បាប់ដែរ។ វាគ្មានប្រជាធិបតេយ្យ ដែលគ្មានច្បាប់ទេ ហើយក៏គ្មានសេរីភាពណាដែលគ្មានច្បាប់ដែរ ហើយក៏គ្មានអ្វីរារាំងច្បាប់នេះដែរ នេះជាការពិត ហើយក៏មិនខុសពីរដ្ឋធម្មនុញ្ញ ព្រោះមូលដ្ឋានច្បាប់នេះ គឺមូលដ្ឋានគតិយុត្តិមានពីរយ៉ាង គឺទីមួយ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងទីពីរ កតិការសញ្ញា ឬអនុសញ្ញាអន្តរជាតិ
សូមបញ្ជាក់ថា ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ នេះ នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអំពាវនាវដល់ភាគីពាក់ព័ន្ធ ឲ្យយកចិត្តទុកដាក់ខ្ពស់ ចំពោះរាល់មតិយោបល់និងអនុសាសន៍នានារបស់សង្គមស៊ីវិល
សម្តេច ហេង សំរិន បានថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ថាជាសេចក្តីព្រាងច្បាប់មួយដ៏មានសារៈសំខាន់ សម្រាប់លើកស្ទួយការប្រើប្រាស់សិទ្ធិសេរីភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងក្របខណ្ឌនីតិរដ្ឋ។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ កម្ពុជា នៅមិនទាន់មានច្បាប់សម្រាប់គ្រប់គ្រងអង្គការ ឬសមាគម ដូចប្រទេសនានាមួយចំនួនក្នុងតំបន់និងសកលលោកនៅឡើយ

No comments:

Post a Comment