Wednesday, July 08, 2015

អគ្គីសនីកម្ពុជា បំភ្លឺទៅលើបញ្ហាមិនប្រក្រតីដែលកើតឡើងកន្លងមក

នាពេលថ្មីៗនេះ មាន​ការ​ចោទ​ប្រកាន់​ពី​មជ្ឈដ្ឋាន​ខ្លះទៅ​​លើ​ភាព​មិន​ប្រក្រតី​របស់​អគ្គីសនី​កម្ពុជា​ដែលមាន​ដូចជា ​នាឡិការ​ស្ទង់​ដែល​កំពុង​ប្រើ​ប្រាស់មាន​ភាព​មិន​ប្រក្រតី,​ បរិមាណ​ថាមពល​អគ្គីសនី​ប្រើប្រាស់​មាន​ការ​កើន​ឡើង​ខុស​ប្រក្រតី,​ និងអគ្គីសនី​កម្ពុជាបាន​ច្នៃនាឡិការ​ស្ទង់ជាដើម។ល។
ដើម្បីឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ខាង​លើ​អគ្គិសនី​បាន​ចេញ​សេច​ក្តី​ជូន​ដំណឹង​មួយចុះ​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៥ ក្នុង​គោល​បំណងបំ​ភ្លឺដល់​ប្រជាពលរដ្ឋទូទៅ ​ដែល​ទទួល​ព័ត៌មាន​ពី​ការ​​ចោទ​ប្រកាន់​ដល់​អគ្គីសនីជាតិ​កម្ពុជា​ពីសំណាក់​អ្នក​ចោទ​ប្រកាន់​ដើម្បីកេងចំណេញ​នយោបាយ និង​គោល​បំណង​ផ្សេងៗ​ទៀត​។
សេចក្តី​ជូន​ដំណឹង​របស់​អគ្គីសនី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គោល​ការ​របស់​អគ្គីសនី​កម្ពុជា​គឺ អគ្គីសនីកម្ពុជាជា​ក្រុម​ហ៊ុន​រដ្ឋ​ ១០០% ហើយ​​ពុំ​មាន​គោលការណ៍​ណា​មួយ​​កេង​ប្រវ័ញ្ច​ពី​អតិថិជន​របស់​ខ្លួន​យក​ទៅ​ជូន​រដ្ឋ​នោះទេ​ ចំពោះ​នយោជិត​ណាមួយរបស់​អគ្គីសនី​កម្ពុជា​ណា​ដែល​អនុវត្ត​មិន​ត្រឹម​ត្រូវ​តាម​គោល​ការណ៍ខាង​លើ​​នេះ ​នឹង​ត្រូវ​មាន​ទោស​តាម​ច្បាប់​ជា​ធរមាន​ រាប់​ទាំង​ការ​បញ្ឈប់​ពី​អង្គភាព​ជា​បន្ទាន់​ផង​ដែរ។​
សេចក្តីជូន​ដំណឹង​បាន​បន្ថែម​ថា​ កន្លងមកអគ្គីសនី​កម្ពុជា​បាន​ខិត​ខំ​ប្រឹង​ប្រែង និង​បន្ត​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ ទៅ​លើ​អគ្គីសនី​ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំណើន​នៃ​ការ​ប្រើប្រាស់​ ២០%​ក្នុង​មួយឆ្នាំ​។ កាត់​បន្ថយ​ថ្លៃ​អគ្គីសនី​ពី​ជាង​ ៣,០០០រៀល​ក្នុង​មួយ​គីឡូមក​ត្រឹម​តែ​ ១,០៥០រៀល។ ចំណែកឯនៅ​​ក្នុង​រាជ​ធានីភ្នំពេញ​វិញ​អគ្គីសនី​​​កម្ពុជា​បាន​ឧបត្ថម្ភផ្នែក​ហិរញ្ញវត្តុ​​របស់​ខ្លួនផ្ទាល់ ​ដើម្បី​ភ្ជាប់​បណ្តាញ​អគ្គីសនី​ជូន​ប្រជាពលរដ្ឋ​ ដែល​​ជួល​​បន្ទប់​​ស្នាក់​​នៅ​​បាន​ចំនួន ១១៦,៩១៤បន្ទប់​ និង​បញ្ចុះ​ថ្ងៃ​អគ្គីសនី​មក​ត្រឹម​ ៦១០រៀល​ក្នុង​មួយ​គីឡូ​វ៉ាត់​ និង​មាន​គំរោង​ចំណាយ​ទុន​របស់​ខ្លួន​ ប្រមាណ​៤៥% នៃ​ប្រាក់​ចំណេញ​ ដើម្បី​កាត់​បន្ថយ​ថ្លៃ​អគ្គីសនីនៅ​រាជ​ធានី​ភ្នំពេញបន្ថែម​ទៀត​ ជាពិសេស​កាត់​បន្ថយ​ថ្លៃ​អគ្គីសនី​នៅ​​តាម​​ជនបទ​ទាំង​អស់​ ដែល​ប្រើប្រាស់​​បណ្តាញ​អគ្គីសនី​កម្ពុជា​ឲ្យ​មក​ត្រឹម​ ៨០០រៀលក្នុង​មួយ​គីឡូ​វ៉ាត់​ម៉ោង​ ចំណែក​ឯ​ជន​ក្រីក្រ​ដែល​​ប្រើប្រាស់​មិន​លើស​ពី​ ១០​គីឡូវ៉ាត គឺអគ្គីសនី​កម្ពុជានិង​កាត់​បន្ថយ​ថ្លៃ​អគ្គីសនី​មក​ត្រឹម​ ៤១០រៀល​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។
អគ្គីសនីកម្ពុជា​ក៏បានឲ្យដឹង​ផង​ដែរ​ថា ក្នុង​យុទ្ធនាការ​នៃ​ការ​តភ្ជាប់​អគ្គីសនី​ឲ្យ​ដល់​បន្ទប់ជួលរបស់​ប្រជាពលរដ្ឋ​​នោះ អគ្គីសនីកម្ពុជា​ ​បាន​ប្រើប្រាស់​​នាឡិកា​ស្ទង់ដែលផ្គត់ផ្គង់​ដោយ​អគ្គីសនី​​កម្ពុជា​តែ​ប្រមាណ ១.៩% ស្មើ​នឹង ​២,២៣០ នាឡិកា​ស្ទង់តែ​ប៉ុណ្ណោះ​ ចំពោះ​នាឡិការ​ស្ទង់​​​ឯទៀត​គឺ​សុទ្ធ​តែ​ជា​នាឡិកា​ស្ទង់​ដែល​ម្ចាស់​ផ្ទះ​ជួល​បន្ទប់​ជួល​ បាន​ដាក់​តម្លើង​​ និង​ប្រើប្រាស់​ស្រាប់​រួច​ហើយ​ពី​មុនដែល​ស្មើរ​នឹង​ ១១៦,៩១៤នាឡិកា​ស្ទង់។
ក្រៅ​ពី​នេះ​អគ្គីសនី​កម្ពុជា​ ក៏បាន​អំពាវនាវ​ដល់​អតិថិជន​ទាំង​អស់​ដែល​ឃើញ​ថា​ ប្លុម​បេ​ពី​រោង​ចក្រ​របស់​នាឡិកា​ស្ទង់​បាន​ដាច់​ សូម​មេត្តា​រាយការណ៍​ជា​ប្រញាប់​មក​ភ្នាក់​ងារ​នៅ​តាម​សាខា​នីមួយៗ​ដើម្បី​អគ្គីសនី​កម្ពុជា​ធ្វើ​ការ​ផ្លាស់​ប្តូរ​ថ្មី​ឲ្យ​វិញ​។
លើស​ពី​នេះ​ចំពោះ​ករណី​ដែល​កត់​ត្រា​លេខ​អំណាន​នាឡិកា​ស្ទង់​ខុស​ ដោយ​ភ្នាក់​ងារ​ណាមួយ ថាម​ពល​ដែល​ខុស​នឹងត្រូវ​បាន​កាត់​កង​ជាមួយ​ខែ​បន្ទាប់​ដោយ​ស្វ័យ​ប្រវត្តិ។ សំរាប់​ភ្នាក់ងារ​ដែល​មាន​បំណង​កត់​ត្រា​លេខ​អំណាន​នាឡិការស្ទង់​ឲ្យ​ខុសក្នុង​គោល​បំណង​ណាមួយ​ នោះ​អគ្គីសនី​កម្ពុជា​នឹង​បញ្ឈប់​ពី​ក្របខណ្ឌ​អគ្គីសនី​កម្ពុជាជា​បន្ទាន់ ​ដោយ​ពុំ​បណ្តែត​បណ្តោយ​ឲ្យ​មាន​ការ​ប្រព្រឹត្តិ​បែបនេះ​តទៅ​ទៀត​ឡើយ។
ជាមួយ​គ្នា​នេះ​ដែរ​អគ្គីសនី​កម្ពុជា ​កំពុង​ស្នើរ​សុំ​ជំនួយ​បច្ចេកទេស​ពីទី​ភ្នាក់​ងា​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន(JICA) ឲ្យ​ជួយ​បង្កើត​មជ្ឈមណ្ឌល​ពិនិត្យ​នាឡិកាស្ទង់​​ឯករាជ្យ​ថ្នាក់​ជាតិ​មួយ​ ក្រោម​ការ​ត្រូត​ពិនិត្យ​របស់​អ្នក​ជំនាញ​ជប៉ុន​ដែល​ពុំមាន​ការ​ពាក់​ព័ន្ធ​ជាមួយ​អ្នក​ផ្គត់​ផ្គង់​អគ្គីសនី ក្នុង​បំណង​ផ្តល់​កន្លែង​ផ្ទៀង​ផ្ទាត់​ឲ្យ​កាន់​តែ​មាន​តម្លាភាព​មួយទៀត​ ដើម្បី​ជូន​អ្នក​ប្រើប្រាស់​អគ្គីសនី​ទូទាំង​ប្រទេស​ប្រើប្រាស់។

អគ្គីសនី​កម្ពុជា​ក៏​បាន​ផ្តាំ​ផ្ញើរ​ដល់​អតិថិជន​របស់​អគ្គីសនី​កម្ពុជា​ ដែល​មាន​មន្ទិល​ពី​ការ​ប្រើប្រាស់​ ឬមន្ទិល​របស់​នាឡិកា​ស្ទង់​ សូម​មេត្តា​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ដែល​មាន​នៅ​លើ​វិក្កយបត្រ​ប្រចាំ​ខែ​ ឬមក​ជួប​ភ្នាក់​ងារ​ទទួល​អតិថិជន​របស់​អគ្គីសនី​កម្ពុជា​តាម​បណ្តា​ខេត្ត​ក្រុង​ទាំង​អស់​ ដើម្បី​ឲ្យ​ភ្នាក់​ងារ​មាន​សមត្ថកិច្ច​ចុះ​ត្រួត​ពិនិត្យ​នាឡិកា​ស្ទង់​ដែល​មាន​មន្ទិល​នោះ ដើម្បី​ផ្តល់​ដំណោះ​ស្រាយ​ដែល​ប្រជាពលរដ្ឋ​ចង់​បាន​ឲ្យទាន់​ពេល​វេលា។




No comments:

Post a Comment