Wednesday, July 08, 2015

លិខិតមន្ត្រីទូតជប៉ុន ថ្លែងពី “ស្ពានត្សឹបាសា”

សម្ដេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងប្រជាជនកម្ពុជាទាំងអស់ជាទីគោរពរាប់អានដ៏ខ្ពង់ខ្ពស់

ទូលបង្គំជាខ្ញុំ​-​ខ្ញុំបាទ គូម៉ាម៉ារូ យូជិ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ តើសម្ដេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ទាំងអស់សុខសប្បាយជាទេ​?
ខ្ញុំបានដឹងថា “​ស្ពានត្សឹបាសា​” ត្រូវបានបើកឲ្យប្រើប្រាស់ជាផ្លូវការរួមជាមួយភាពសប្បាយរីករាយនិង អំណរសាទរ កាលពីថ្ងៃទី៦ ខែមេសា កន្លងទៅនេះ ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ស្ពាននេះក្នុងឱកាសផ្សេងៗថា “​ការឆ្លងកាត់នេ្លទៅមកមានភាពងាយស្រួល និងរហ័សណាស់។ ម្យ៉ាងវិញទៀត ខ្ញុំបានទទួលដំណឹងថា “​ស្ពានត្សឹបាសា​” បានក្លាយទៅជាកន្លែងទេសចរណ៍ដ៏ថ្មីមួយ ដែលទាក់ទាញភ្ញៀវទេសចរណ៍ពីកន្លែងផ្សេងៗជាច្រើននាក់អោយមកទស្សនា។ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែងដែល “​ស្ពានត្សឹបាសា​” ទទួលបានការស្រឡាញ់​​ពេញចិត្តជាខ្លាំងពីសំណាក់ប្រជាជនកម្ពុជា

ស្ពានដែលបានសាងសង់ឡើងក្រោមទឹកប្រាក់សរុបចំនួនប្រមាណ ១២៧លានដុល្លាសហរដ្ឋអាមេរិកនេះ មិនត្រឹមតែជាគម្រោងជំនួយហិរញ្ញប្បទានឥតសំណង “​ធំបំផុត​” ដែលប្រទេសជប៉ុនផ្ដល់ជូនព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ស្ពាននេះក៏ជាស្ពានដែលមានប្រវែង “​វែងបំផុត​” ក្នុងចំណោមស្ពានដែលមានរចនាសម្ព័ន្ធដូចគ្នាក្នុងប្រទេសកម្ពុជាផងដែរ។ ហើយស្ពាន នេះត្រូវបានចុះផ្សាយយ៉ាងទូលំទូលាយតាមរយៈកាសែតនិង ទូរទស្សន៍ក្នុងប្រទេសកម្ពុជា  រួមទាំងប្រទេសជប៉ុនផងដែរថា ជាស្ពានដែល​​ភ្ជាប់ “​ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង​” ពីប្រទេសវៀតណាមមកប្រទេសកម្ពុជាឆ្លងកាត់ទៅប្រទេសថៃឆ្ពោះទៅដល់ប្រទេសមីយ៉ាន់ម៉ា

“​ស្ពានត្សឹបាសា​” ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់រយៈពេលឆ្នាំ និងប្រឈមនិងការលំបាកជាច្រើនក្នុងដំណើរសាងសង់នេះ
ទីមួយ គឺលក្ខខណ្ឌបរិស្ថានរបស់ប្រទេសកម្ពុជា។ ដោយសារកម្រិតកម្ពស់ទឹកទន្លេមេគង្គមានគម្លាតខុសគ្នាជាង ៧ម៉ែត្រ រវាងរដូវប្រាំង និងរដូវវស្សានោះ ដូចនេះហើយទើបមានការងារខ្លះអាចធ្វើឡើងបានតែក្នុងរដូវប្រាំងតែប៉ុណ្ណោះ ធ្វើអោយការគ្រប់គ្រងដំណើរការការដ្ឋានមានភាពលំបាកជាពន់ពេក។ ជាពិសេស ច្រាំងនេ្លត្រូវបានហូរច្រោះអស់ ៣០ម៉ែត្របណ្ដាលឲ្យចំណតផែទូក សម្រាប់ដឹកញ្ចូសម្ភារៈសាងសង់ ត្រូវបានទឹកហូរនាំយកទៅបាត់ នៅពេលទឹកជំនន់ធំក្នុងឆ្នាំ ២០១១ ហើយដែលត្រូវការពេលវេលាយ៉ាងច្រើនសន្ធឹកសម្រាប់ធ្វើកាស្ដារឡើងវិញ

ទីពីរ គឺការកម្ទេចចោលនូវគ្រាប់មិនទាន់ផ្ទុះ។ គ្រាប់មិនទាន់ផ្ទុះចំនួនប្រមាណ ៤៥០០ គ្រាប់ត្រូវបានរកឃើញនិងកម្ទេចចោល នៅពេលមុននិងក្រោយការបើកដំណើរការការដ្ឋានសាងសង់។ ប្រទេសជប៉ុនក៏ធ្លាប់បានរកឃើញគ្រាប់មិនទាន់ផ្ទុះដែរនៅក្នុងការដ្ឋានសាងសង់កំពង់ផែ តែចំនួនមានច្រើនបំផុតតែប៉ុន្មានគ្រាប់ប៉ុណ្ណោះ។ ជាពិសេស មានគ្រាប់មិនទាន់ផ្ទុះត្រូវបានរកឃើញនៅក្នុងបំពង់បូមខ្សាច់ ក្នុងដំណើរការបុកគ្រឹះ ដើម្បីសាងសង់សសរស្ពាននៅសងខាង “​ស្ពានត្សឹបាសា​” ដែលបានធ្វើឲ្យខូចបំពង់បូមខ្សាច់នោះ។ ដូច្នេះហើយ ការដ្ឋានត្រូវបានផ្អាកដំណើរការអស់រយៈពេលជាងខែ ទើបអាច​​បើកដំណើរការឡើងវិញបានម្ដងទៀត។ ក៏ប៉ុន្តែ អ្វីដែលសំណាងបំផុតនោះគឺថាគ្មានករណីជនរងគ្រោះ ក្នុងអំឡុងពេលសាងសង់ ក៏ដូចជាពេលមានឧប្បត្តិហេតុគ្រាប់មិនទាន់ផ្ទុះនោះឡើយ  បានន័យថាការងារការដ្ឋានធានាបាននូវសុវត្ថិភាពរហូត

ទីបី គឺភាពខុសគ្នារវាងភាសារបស់អ្នកធ្វើការងារសាងសង់។ ការដ្ឋានសាងសង់ “​ស្ពានត្សឹបាសា​” មានការចូលរួមយ៉ាងច្រើនពីជនជាតិកម្ពុជា ហើយក៏មានជនជាតិជប៉ុន រួមទាំងជនជាតិហ្វីលីពីនជាដើម។ ជាពិសេសមុនពេលចូលរដូវវស្សា មានកម្មករប្រមាណជាង១០០០នាក់បានមកចូលរួមធ្វើការសាងសង់​​​គ្រឹះសម្រាប់សសរស្ពាន ដែលអាចធ្វើបានតែក្នុងរដូវប្រាំង​​​តែប៉ុណ្ណោះ។ ខ្ញុំគិតថា ប្រតិត្ដិការប្រកបដោយការធានានូវសុវត្ថិភាពនៅក្នុងការដ្ឋានសាងសង់បែបនេះ គឺជាការងារមួយដែលមានការលំបាកជាខ្លាំង

ទោះបីជា “​ស្ពានត្សឹបាសា​” ត្រូវបានសាងសង់ឡើងដោយឆ្លងកាត់ការលំបាកជាច្រើនដូចនេះក៏ពិតមែន តែក៏នៅអាចបើកឲ្យប្រើប្រាស់បានទាន់ពេលវេលាដូចបានគ្រោងទុកតាំងពីដើមមក ។ រចនាបទរបស់ស្ពាននេះ ត្រូវបានធ្វើឡើងដើម្បីអាចប្រើប្រាស់បានរយៈពេល ១០០ឆ្នាំ ប្រសិនបើមានការថែទាំគ្រប់គ្រងបានត្រឹមត្រូវទៅថ្ងៃក្រោយ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ស្ពាននេះនឹងក្លាយជាស្ពានចំណងមិត្តភាពរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលយូរឆ្នាំទៅមុខទៀត ហើយស្ពាននេះ នឹងត្រូវបានប្រើប្រាស់និងស្រឡាញ់ជារៀងរហូតទៅ ពីសំណាក់ប្រជាជនកម្ពុជាទាំងអស់រដ្ឋា​​​ភិបាល​​ជប៉ុន បាននិងកំពុងផ្ដល់ជំនួយលើវិស័យជាច្រើនដល់ ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជារហូតមក ហើយសម្រាប់ជំនួយដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្នែកសាងសង់ផ្លូវថ្នល់វិញនោះ គឺយើងបានខិតខំយ៉ាងសកម្មក្នុងការផ្ដល់ជំនួយសម្រាប់ការសាងសង់ផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៥ ដែលជាផ្លូវសម្រាប់បង្កើតច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង។ ទៅថ្ងៃមុខ យើងប្ដេជ្ញានឹងបន្ដជួយដល់ប្រទេសកម្ពុជាធ្វើឲ្យកាន់តែមានភាពរឹងមាំសម្រាប់ភាពភ្ជាប់ក្នុងតំបន់ឆ្ពោះទៅកាន់សមាហរណកម្មអាស៊ាននៅចុងឆ្នាំ២០១៥នេះ

ជាចុងក្រោយនេះ ទូលបង្គំជាខ្ញុំ​-​ខ្ញុំបាទ សូមអនុញ្ញាតថ្វាយនិងជូននូវសព្វសាធុការពរបវរមហាប្រសើរសូម សម្ដេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងប្រជាជនកម្ពុជាទាំងអស់ប្រកបដោយសុភមង្គលយ៉ាងបរិបូរណ៍នាឱកាសឆ្នាំ ២០១៥នេះ


No comments:

Post a Comment