Thursday, February 13, 2020

(Video) សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA

កិច្ចសម្ភាសន៍ពិសេស៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការអនុញ្ញាតឲ្យនាវាទេសចរណ៍របស់អាមេរិកចូលចតកម្ពុជា ដើម្បីបំបាត់ជំងឺភ័យខ្លាច និងគ្មានការរើសអើងពូជសាសន៍

(ភ្នំពេញ)៖ ខណៈនាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយគ្រឿងឈ្មោះ​ Westerdam ដែលផ្ទុកមនុស្សជាង២២០០នាក់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកទី១៣ ខែកុម្ភៈ ក្រោយពីប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី ពាក់ព័ន្ធបញ្ហានេះក៏មានសំណួរលើកឡើងថា ហេតុអ្វីកម្ពុជាឲ្យកប៉ាល់មួយនេះចូលចត។
ឆ្លើយតបបញ្ហានេះលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News បានស្នើសុំធ្វើកិច្ចសម្ភាសន៍ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមទូរស័ព្ទដោយលើកឡើងថា តើហេតុអ្វីកម្ពុជាសម្រេចអនុញ្ញាតឲ្យនាវាទេសចរណ៍របស់អាមេរិក ចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ ខណៈប្រទេសនិងកោះសរុបចំនួន៦ បានបដិសេធ, មិនឲ្យចូលចតកំពង់ផែរបស់ខ្លួន ដោយសារខ្លាចមេរោគកូរ៉ូណា ឬ Covid-19 ?
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបថា «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»។
«យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។ បើគេមិនទទួលកម្ពុជាទទួល, កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកប ដោយស្មារតីទទួលខុសត្រូវ», នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមយ៉ាងដូច្នេះ។
នាវាទេសចរណ៍ដ៏ធំនេះឈ្មោះ​ Westerdam នឹងមកចូលចតនៅកំពង់ផែ​ ខេត្តព្រះសីហនុ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០២០ ហើយការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់លើកប៉ាល់មិនមានអ្នកណាម្នាក់ ផ្ទុកមេរោគកូរ៉ូណាថ្មី ឬ Covid-19 នោះទេ។
អ្នកវិភាគបានលើកឡើងថា ប្រទេសនិងកោះ ចំនួន៦ដែលបានរារាំងនាវាទសេចរណ៍ខ្នាតយក្សនេះចូលចត សុទ្ធសឹងតែជាប្រទេសដែលមានភាពសិទ្ធស្នាលនឹង សហរដ្ឋអាមេរិក ខណៈនាវាទេសចរណ៍ខាងលើ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិកហូឡេនដ៍ (Holland America) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ដូច្នេះអ្វីដែលជាទង្វើរបស់កម្ពុជាធ្វើនៅពេលនេះ ជាកិច្ចការមនុស្សធម៌ដ៏ល្អណាស់ក្នុងនាមប្រទេសតូចនិងដ៏កំសត់មួយ មិនរើសអើងពូជសាសន៍ និងបង្ហាញទឹកចិត្តដ៏ធំធេងក្នុងការជួយសង្រ្គោះមនុស្សកំពុងជួបគ្រោះអាសន្ន។
អាជ្ញាធរកម្ពុជានឹងសម្របសម្រួលគ្រប់និតីវិធីទាំងអស់ ទាំងការត្រួតពិនិត្យសុខភាពនៅលើកប៉ាល់, មិនយកថ្លៃ Visa និងសេវាផ្សេងៗ ដែលទាំងនេះបង្ហាញទឹកចិត្ត ដ៏ប្រពៃបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ​ ហ៊ុន​ សែន ចំពោះផ្នែកកិច្ចការមនុស្សធម៌ និងគ្មានការរើសអើងពូជសាសន៍ប្រទេសដទៃនោះទេ។ ក្រៅពីនោះអាជ្ញាធរនឹងចែកក្រមាដល់អ្នកដំណើរទាំងអស់នោះផងដែរ។
ក្រុមហ៊ុននាវាទេសចរណ៍ បានឲ្យដឹងតាមរយៈគេហទំព័ររបស់ខ្លួនថា នឹងសំចត១-២ថ្ងៃនៅខេត្តព្រះសីហនុ ព្រមទាំងសម្រេចជួលយន្តហោះសម្រាប់ដឹកជញ្ជូនអ្នកដំណើរ ពីព្រលានយន្តហោះ ខេត្តព្រះសីហនុ ទៅកាន់អាកាសយានយន្តអន្តរជាតិភ្នំពេញ ហើយអ្នកដំណើរបន្តត្រឡប់ទៅផ្ទះវិញរៀងខ្លួនៗ។
ក្រុមហ៊ុន Holland America Line របស់នាវា ​Westerdam បានសរសេរសារនៅលើ Facebook ផ្លូវការរបស់ខ្លួន ដោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធរកម្ពុជា ដែលបានគាំទ្រ និងអនុញ្ញាតឲ្យកប៉ាល់របស់ខ្លួនបានចូលចតនៅកំពង់ផែព្រះសីហនុ។
គួរបញ្ជាក់ថា កប៉ាល់ទេសចរណ៍ Westerdam មានដឹកមនុស្សសរុបជាង ២,២០០នាក់ ក្នុងនោះអ្នកដំណើរ ១,៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែវាត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)៕

ប្រភពពី Freshnews



កម្ពុជា ចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយ ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយ ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដោយសម្រេចព្យួរផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ចំពោះប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា មានការសោកស្ដាយចំពោះសេចក្ដីសម្រេចដ៏អយុត្តិធម៌របស់គណៈកម្មការអឺរ៉ុប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការដកជាបណ្តោះអាសន្ននូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ “គ្រប់មុខទំនិញលើកលែងសព្វាវុធ” ដែលអនុលោមតាមមាត្រា ១៩ នៃបទប្បញ្ញត្តិ ស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហភាពអឺរ៉ុប។ ទស្សនាទានស្តីពី “ការរំលោភបំពានធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ” ដូចបានចែងក្នុងបទប្បញ្ញត្តិស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដែលផ្តើមចេញពីការភាន់ច្រឡំ និងការយល់ខុសអំពីតថភាពជាក់ស្តែងនៅកម្ពុជា ត្រូវបានយកមកប្រើប្រាស់តាមទំនើងចិត្ត ដើម្បីចាប់ផ្តើមនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា»
បើតាមសេចក្តីថ្លែងការណ៍នេះ, បើទោះជាផ្អែកលើគុណតម្លៃ និងគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់សហភាពអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេចនេះ ត្រូវបានជំរុញដោយហេតុផលនយោបាយ ដោយគ្មានការពិចារណាប្រកបដោយកត្តាសត្យានុម័ត និងភាពមិនលំអៀង។ កត្តាទាំងពីរនេះ គឺជាគោលការណ៍គ្រឹះដែលស្ថាប័នអន្តរជាតិ តួយ៉ាងដូចជាគណៈកម្មការអឺរ៉ុបត្រូវតែប្រកាន់ខ្ជាប់ខ្ជួន។
ក្រសួងការបរទេសបានបន្តថា៖ «សេចក្តីសម្រេចនេះ មិនមានអ្វីក្រៅពីការអនុវត្តស្តង់ដារទ្វេ នៅពេលដែលយើងប្រៀបធៀបប្រព្រឹត្តកម្មរបស់សហភាពអឺរ៉ុប ជាមួយនឹងដៃគូពាណិជ្ជកម្មដទៃទៀត។ ទោះបីជាសេចក្តីសម្រេចនេះបានទទួលស្គាល់ «វឌ្ឍនភាពជាក់ស្តែង» ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅក្នុងវិស័យជាច្រើន ក្នុងការឆ្លើយតបទៅនឹងក្តីកង្វល់របស់គណៈកម្មការអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេចនេះពុំបានទទួលស្គាល់ និងគោរពបញ្ហាជាមូលដ្ឋាននៃអធិបតេយ្យរបស់កម្ពុជា ដែលពុំមែនជាកម្មវត្ថុនៃការចរចាប្រព័ន្ធអនុគ្រោះពន្ធ ឬជាកម្មវត្ថុនៃការផ្លាស់ប្តូរដើម្បីជំនួយអភិវឌ្ឍន៍នោះឡើយ»។
រាជរដ្ឋាភិបាលកម្ពុជាប្រកាន់យ៉ាងម៉ឺងម៉ាត់នូវជំហរគោលការណ៍ក្នុងការបដិសេធរាល់ការប៉ុនប៉ងដោយដៃគូខាងក្រៅ ក្នុងការប្រើប្រាស់ពាណិជ្ជកម្ម ឬជំនួយអភិវឌ្ឍន៍ ដើម្បីជាលេសក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ លើកលែងតែដំណើរការនៃនីតិវិធីតុលាការមួយគត់ដែលកំពុង​ត្រូវបានអនុវត្តដោយអនុលោមយ៉ាងពេញលេញតាមច្បាប់កម្ពុជា និងស្ថិតនៅក្រោមយុត្តាធិការនៃអំណាចឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា ក្រៅពីនេះ សកម្មភាពទាំងអម្បាលមានរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានស្តែងចេញក្នុងដំណាក់កាលនៃកិច្ចសន្ទនាគឺមានខ្លឹមសារគួរឱ្យកត់សម្គាល់លើសពីអ្វីដែលជាក្តីកង្វល់របស់សហភាពអឺរ៉ុបទៅទៀត។ ដោយឡែកចំពោះបញ្ហាទំនាស់ដីធ្លី សិទ្ធិការងារ និងសេរីភាពសារព័ត៌មានដែល គណៈកម្មការអឺរ៉ុបបានទទួលស្គាល់​ថាមានវឌ្ឍនភាព​ជាក់លាក់នោះ ក៏រាជរដ្ឋាភិបាលនៅតែបន្តដោះស្រាយកង្វះខាតនានាដែលនៅសេសសល់បន្ថែមទៀតដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែល។
កម្ពុជាបានបញ្ជាក់ទៀតថា ចំពោះលំហនយោបាយវិញ រាជរដ្ឋាភិបាលបានព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានប្រកបដោយភាពស្មោះត្រង់ លើកលែងតែសកម្មភាពទាំងឡាយណាដែលប៉ះពាល់នឹងអធិបតេយ្យជាតិប៉ុណ្ណោះ។
ក្រសួងការបរទេស បានបន្ថែមថា ដើម្បីទុកជាកំណត់ហេតុ និងឈរលើគោលការណ៍តម្លាភាព កម្ពុជាសូមគូសបញ្ជាក់ថា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវប្រព័ន្ធ​ប្រជាធិបតេយ្យពហុបក្សដោយមានគណបក្សនយោបាយចំនួន ២០ ចូលរួមក្នុងការបោះឆ្នោតចុងក្រោយបង្អស់នៅឆ្នាំ ២០១៨។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងសមាគម ដែលបានចុះបញ្ជីចំនួន ៥.៤៤១ ស្ថាប័នសារព័ត៌មានចំនួន ៨០០ សារព័ត៌មានអនឡាញចំនួន ៧០ ស្ថានីយ៍ទូរទស្សន៍ចំនួន ២២ និងស្ថានីយ៍វិទ្យុចំនួន ៣៣០។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសតែបីគត់នៅអាស៊ាន ដែលបាន ផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលទាំង ៨ ក្នុងវិស័យការងាររបស់អង្គការពលកម្មអន្តរជាតិ (ILO) ដែលអនុញ្ញាតឱ្យកម្មករមានសហជីពចុះបញ្ជីដល់ទៅ ៥.០៤៥។ តួលេខទាំងអស់នេះមិនមែនគ្រាន់តែជាស្ថិតិប៉ុណ្ណោះទេ ប៉ុន្តែវាជា «ភស្តុតាងយ៉ាងច្បាស់»ថា ប្រជាជនកម្ពុជានៅពេលនេះកំពុងទទួលអំណរជាមួយនឹងសេរីភាពនយោបាយ លំហសង្គមស៊ីវិល និងសេរីភាពដែលគ្មានសេចក្តីរំខាន។
យ៉ាងណាក៏ដោយ ទោះបីជាមានសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបលើបញ្ហាពាណិជ្ជកម្មនេះក្តី កម្ពុជានៅតែមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹង​ទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពអឺរ៉ុបបន្ថែមទៀត ដោយឈរលើស្មារតីនៃការគោរព និងការទទួលផលប្រយោជន៍ទៅវិញទៅមក ជាមួយនឹងការបញ្ជាក់សាជាថ្មីពីបំណងប្រាថ្នាយ៉ាងមុតមាំរបស់ខ្លួនក្នុងការបន្តអនុវត្តតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងតំបន់៕