Monday, January 31, 2022

បទវិភាគអន្តរជាតិ៖ តើកូរ៉េខាងជើង នឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ ឬ?

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងបានចេញមុខអះអាង នៅព្រឹកថ្ងៃចន្ទនេះថា មីស៊ីលដែលខ្លួនបានធ្វើតេស្ត កាលពីថ្ងៃអាទិត្យម្សិលមិញនេះមានឈ្មោះថា វ៉ាសុង ១២ (Hwasong-12) ជាប្រភេទមីស៊ីលបាលីស្ទីគរយៈចម្ងាយមធ្យម (IRBM)។


វាជាលើកដំបូងហើយ គិតចាប់តាំងពីឆ្នាំ ២០១៧ ដែលកូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលប្រភេទ IRBM ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ និងអាចហោះបានចាប់ពីចម្ងាយ ៩០០គីឡូម៉ែត្រ ទៅដល់ជាង ៥,០០០គីឡូម៉ែត្រនេះ ហើយសកម្មភាពនៃការហោះហើរ របស់គ្រាប់មីស៊ីល Hwasong-12 នោះ ក៏ត្រូវបានផ្តិតយកយ៉ាងល្អិតល្អន់ផងដែរ។


អ្វីដែលសំខាន់ទៅទៀត នោះគឺការធ្វើតេស្ដមីស៊ីល Hwasong-12 ដែលជាការធ្វើតេស្ដលើកទី៧ នៅក្នុងខែមករានេះត្រូវបានក្រុមអ្នកជំនាញមើលឃើញថាជា សញ្ញាមួយនៃការចាប់ផ្ដើមឡើងវិញនូវការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីគអន្តរទ្វីប ICBM របស់ទីក្រុងព្យុងយ៉ាងនាពេលអនាគតដ៏ខ្លី ខាងមុខនេះ។


ខាងក្រោមនេះជាប្រភេទមីស៊ីលដែលកូរ៉េខាងជើង បានធ្វើតេស្ដជាបន្តបន្ទាប់ នៅក្នុងខែមករានេះ៖


*មីស៊ីលល្បឿនលឿនជាងសំឡេង (hypersonic missile)


កូរ៉េខាងជើង កាលពីថ្ងៃទី៥ ខែមករានេះបានធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង (hypersonic missile) មួយគ្រាប់ និងមួយគ្រាប់ទៀត នៅថ្ងៃទី១១ ខែដដែល ហើយដែលការធ្វើតេស្ដលើកទី២ ធ្វើឡើងដោយមានការត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ពីសំណាក់លោក គីម ជុងអ៊ុន។ hypersonic missile គឺជាប្រភេទអាវុធដ៏ទំនើបមួយនាពេលបច្ចុប្បន្ន ដោយវាមានសមត្ថភាពហោះសំដៅទៅរកគោលដៅ នៅរយៈកម្ពស់ទាបជាមីស៊ីលបាលីស្ទីគ ក្នុងល្បឿនលឿង ជាងសំឡេង ៥ដង ឬ ៦,២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។


*KN-23 SRBM


កាលពីថ្ងៃទី១៤ ខែមករា, កូរ៉េខាងជើង បានធ្វើតេស្ដមីស៊ីលបាលីស្ទីគរយៈចម្ងាយខ្លី KN-23 SRBM ចំនួន២គ្រាប់ ដោយបាញ់ចេញពីរថភ្លើងមួយគ្រឿងស្ថិតនៅ ក្បែរតំបន់ភាគខាងជើងជាប់ព្រំដែនចិន។ KN-23 SRBM គឺជាប្រភេទមីស៊ីល ដែលត្រូវបានកូរ៉េខាងជើងធ្វើតេស្ដជាលើកដំបូងបំផុតកាលពីខែឧសភា ឆ្នាំ២០១៩ ហើយកាលពីថ្ងៃទី២៧ ខែមករានេះ ទីក្រុងព្យុងយ៉ាងក៏បានធ្វើតេស្ដមីស៊ីល KN-23 ២គ្រាប់បន្ថែមទៀតផងដែរ។


*KN-24 SRBM


កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល KN-24 SRBM ចំនួន ២គ្រាប់ ចេញពីអាកាសយានដ្ឋានមួយកន្លែងនៅក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១៧ ខែមករា។


មីស៊ីលប្រភេទនេះត្រូវបានកូរ៉េខាងជើងធ្វើតេស្ដចុងក្រោយបំផុត កាលពីខែមីនា ឆ្នាំ២០២០ ខណៈមានសេចក្ដីរាយការណ៍ថា KN-24 SRBM កំពុងស្ថិតនៅក្រោមការផលិតជាលក្ខណៈទ្រង់ទ្រាយធំ។ KN-24 ត្រូវបានគេប្រដូចទៅនឹងមីស៊ីលរបស់សហរដ្ឋអាមេរិក US MGM-140។


*មីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយ


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ពីការធ្វើតេស្ដមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយចំនួន ២គ្រាប់ កាលពីថ្ងៃទី២៥ ខែមករា។ មីស៊ីលនេះហោះបាន ១,៨០០គីឡូម៉ែត្រ មុននឹងធ្លាក់ចំគោលដៅដែលកំណត់នៅលើកោះមួយ ស្ថិតនៅសមុទ្រនៃតំបន់ឆ្នេរភាគខាងកើតរបស់កូរ៉េខាងជើង។ កាលពីខែកញ្ញា ឆ្នាំ២០២១ កូរ៉េខាងជើងក៏ធ្លាប់បាញ់សាកល្បងមីស៊ីលគ្រូសមួយគ្រាប់ដែរ ហើយក្រុមអ្នកវិភាគជឿថាមីស៊ីលដែលត្រូវបានធ្វើតេស្ដកាលពីថ្ងៃទី២៥ ខែមករា គឺជាប្រភេទមីស៊ីលតែមួយនឹងមីស៊ីលកាលពីខែកញ្ញា ដែរ។


*HWASONG-12


កូរ៉េខាងជើងបានចេញមុខអះអាង នៅព្រឹកថ្ងៃចន្ទនេះថា មីស៊ីលដែលខ្លួនបានធ្វើតេស្ត កាលពីថ្ងៃអាទិត្យម្សិលមិញនេះមានឈ្មោះថា វ៉ាសុង ១២ (Hwasong-12) ជាប្រភេទមីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យម (IRBM)។ វាជាលើកដំបូងហើយ គិតចាប់តាំងពីឆ្នាំ ២០១៧ ដែលកូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលប្រភេទ IRBM ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ និងអាចហោះបានចាប់ពីចម្ងាយ ៩០០គីឡូម៉ែត្រ ទៅដល់ជាង ៥,០០០គីឡូម៉ែត្រនេះ។


មីស៊ីល Hwasong-12 ត្រូវបានកូរ៉េខាងជើងធ្វើតេស្ដដោយជោគជ័យជាលើកដំបូងកាលពីខែឧសភា ឆ្នាំ២០១៧៕


ប្រភព៖ CNA (ថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២)

ដោយៈ Fresh News




សម្តេចតេជោ ហ៊ុន សែន សន្ទនាតាមទូរស័ព្ទជូនពរ ប្រធានាធិបតី និងនាយករដ្ឋមន្រ្តីវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម

(ភ្នំពេញ)៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នា ដើម្បីជូនពរជ័យឆ្នាំថ្មីដល់ លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋ និង លោក ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជំនួបតាមទូរស័ព្ទ បានធ្វើឡើងនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២២។ 


នៅក្នុងជំនួបសន្ទនា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងនូវការអបអរ សាទរយ៉ាងស្មោះស្ម័គ្រ ចំពោះសមិទ្ធផលដ៏អស្ចារ្យដែលរដ្ឋាភិបាល និងប្រជាជនវៀតណាមសម្រេច បាននាពេលកន្លងមក ជាពិសេស លទ្ធផលសំខាន់ៗដែលទទួលបានពីការអនុវត្តសេចក្តីសម្រេច នៃសមាជបក្សលើកទី១៣ ក៏ដូចជាការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងកំឡុងពេល នៃការបន្តឱ្យមាននិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងបរិបទការរស់នៅតាមបែប «គន្លងថ្មី»។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ច្បាស់លាស់ និង ត្រឹមត្រូវរបស់ លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក និង លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ ប្រជាជនវៀតណាម នឹងបន្តសម្រេចបាននូវសមិទ្ធផលកាន់តែធំធេងជាបន្តបន្ទាប់ ទាំងក្នុងវិស័យ ការពារជាតិ ការកសាង និងការធ្វើកំណែទម្រង់ជាតិ។

បន្ទាប់ពីបានសម្តែងនូវក្តីសោមន្សរីករាយ និងការថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានអបអរសាទរ និងជូនពរយ៉ាងកក់ក្តរួចមក លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក និង លោកនាយករដ្ឋមន្ដ្រី ម៉ិញជិញ បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផល សំខាន់ៗដែលកម្ពុជាសម្រេចបាននាពេលកន្លងមកនេះ ជាពិសេស ការឆ្លើយតបបកបដោយ ប្រសិទ្ធភាពក្នុងការប្រឆាំងនឹងជំងឺរាតត្បាតកូវី-១៩ ក៏ដូចជាការបង្កើតបុរេលក្ខខណ្ឌសម្រាប់ការ បើកសេដ្ឋកិច្ចពេញលេញជាប្រក្រតីឡើងវិញផងដែរ។

ថ្នាក់នាំទាំងពីររបស់វៀតណាម មានជំនឿថាក្រោមម្លប់នៃការដឹកនាំដ៏ឈ្លាសវៃរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ការដឹកនាំរបស់ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ការ គ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃរាជរដ្ឋាភិបាល ប្រទេស និងប្រជាជនកម្ពុជា នឹងបន្តទទួល បាននូវសមិទ្ធផលកាន់តែអស្ចារ្យក្នុងការកសាង និងការអភិវឌ្ឍប្រទេស រួមទាំងការរៀបចំប្រកប ដោយជោគជ័យនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតសកលនៅឆ្នាំ ២០២៣ ខាងមុខនេះ ពិសេសការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយលទ្ធផលផ្លែផ្កា។

លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក និងលោកនាយករដ្ឋមន្ត្រី ជាម មិញជិញ និង សម្តេចតេជោ ហ៊ុន សែន បានឯកភាពថា ប្រទេសទាំងពីរចាំបាច់ត្រូវបន្តធ្វើការជាមួយគ្នាយ៉ាង ជិតស្និទ្ធដើម្បីលើកកម្ពស់បន្ថែមទៀតនូវការប្រើប្រាស់ប្រកបដោយស័ក្ដិសិទ្ធភាពនូវយន្តការទ្វេភាគី ដែលមានស្រាប់ ផ្ដល់អាទិភាពដល់ការអនុវត្តកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខារួចនាពេល កន្លងមក លើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចរវាងគ្នាដើម្បីជំរុញការអភិវឌ្ឍរួម និងជំរុញការសម្របសម្រួល យ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិនានា៕













សម្តេចម៉ែ ផ្ញើព្រះរាជសារអបអរសាទរ និងប្រទានពរដល់ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជ័យលាភីពានរង្វាន់សន្តិភាពស៊ិនហាក់ ឆ្នាំ២០២២

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានសេចក្តីសោមនស្សរីករាយ ដោយបានទទួលដំណឹងដ៏ល្អប្រសើរស្តីពី សម្ដេចអគ្គមហាសេនាបតីតេជោ ដែលទទួលបានជ័យលាភីពានរង្វាន់សន្តិភាពស៊ិនហាក់ ឆ្នាំ២០២២ (SUNHAK PEACE PRIZE 2022) ពីមូលនិធិសន្តិភាពស៊ិនហាក់ របស់ប្រទេសកូរ៉េខាងត្បូង។



ក្នុងព្រះរាជសារ សម្តេចព្រះមហាក្សត្រី បានអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ និងសូមកោតសរសើរដ៏កក់ក្ត សម្តេចអគ្គមហាសេនាបតីតេជោ ចំពោះការទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាមហាកិត្តិយស ដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុតសម្រាប់ សម្តេចអគ្គ មហាសេនាបតីតេជោ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំង កាយកម្លាំងចិត្ត និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន កម្ពុជា ។ ជាពិសេសការដឹកនាំបញ្ចប់សង្គ្រាមបង្ហូរឈាមនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខ សន្តិភាពពេញលេញ, មានការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញបរិបូរណ៍, មានការធានា ឯករាជ្យ និងអធិបតេយ្យជាតិ, មានការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ព្រមទាំងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើ ឆាកអន្តរជាតិ។

សម្តេចព្រះមហាក្សត្រី បានប្រទានពរ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុម គ្រួសារសូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕ 




ព្រះមហាក្សត្រ ផ្ញើព្រះរាជសារអបអរសាទរ និងប្រទានពរដល់ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជ័យលាភីពានរង្វាន់សន្តិភាពស៊ិនហាក់ ឆ្នាំ២០២២

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់មានសេចក្តីសោមនស្សរីករាយ ដោយបានទទួលដំណឹងដ៏ល្អប្រសើរស្តីពី សម្ដេចអគ្គមហាសេនាបតីតេជោ ដែលទទួលបានជ័យលាភីពានរង្វាន់សន្តិភាពស៊ិនហាក់ ឆ្នាំ២០២២ (SUNHAK PEACE PRIZE 2022) ពីមូលនិធិសន្តិភាពស៊ិនហាក់ របស់ប្រទេសកូរ៉េខាងត្បូង ។


ក្នុងព្រះរាជសារ ព្រះមហាក្សត្រ បានមានព្រះបន្ទូលទាំងស្រុងដូច្នេះថា៖

«សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានទទួលដំណឹងដ៏ល្អប្រសើរ ស្តីពី សម្តេចអគ្គ មហាសេនាបតីតេជោ ដែលទទួលបានជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ឆ្នាំ២០២២ (SUN HAK PEACE PRIZE 2022) ពីមូលនិធិសន្តិភាពស៊ុនហាក់ របស់ប្រទេសកូរ៉េខាងត្បូង ។

ខ្ញុំសូមអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះនិងសូមកោតសរសើរដ៏កក់ក្ត សម្ដេចអគ្គមហាសេនាបតីតេជោ ចំពោះការទទួលពានរង្វាន់សន្តិភាព ស៊ុនហាក់ គឺជាមហាកិត្តិយស ដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុតសម្រាប់ សម្ដេចអគ្គ មហាសេនាបតីតេជោ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបេសកកម្មដើម្បីបុព្វហេតុ ជាតិ មាតុភូមិ និងប្រជាជន កម្ពុជា ។ ជាពិសេសការដឹកនាំបញ្ចប់សង្គ្រាមបង្ហូរឈាមនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខ សន្តិភាពពេញលេញ, មានការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញបរិបូរណ៍, មានការធានា ឯករាជ្យ និងអធិបតេយ្យជាតិ, មានការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ព្រមទាំងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើ ឆាកអន្តរជាតិ។

ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុម គ្រួសារសូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ»៕




ផ្សាយបន្តផ្ទាល់៖ ពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វស្ពានបេតុងឆ្លងទន្លសាប និងផ្លុវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស នៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ ។

  

ស្ពានអាកាសដែលបើកការដ្ឋានសាងសង់ថ្មីនេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។ ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ (បណ្តោយស្ពានអាកាស ១៤៥ម៉ែត្រ និងផ្លូវគល់ស្ពានសងខាង ៣៣៨ម៉ែត្រ), មានទទឹង ១៥.៨ម៉ែត្រ។ គ្រោងចំណាយថវិកាសាងសង់ជិត ១០លានដុល្លារអាមេរិក។

គម្រោងស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) ដោយប្រើរយៈពេលប្រមាណ ១៥ខែ។

រាជធានីភ្នំពេញ ដែលត្រូវបានប្រសិទ្ធនាមជាទីក្រុងខ្មោចក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត និងជាទីក្រុងដ៏ស្ងប់ស្ងាត់បំផុតក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩នោះ បានប្រែក្លាយជាទីក្រុងដ៏រស់រវើក និងមមាញឹកបំផុតនាពេលបច្ចុប្បន្ន។ ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ រាជធានីភ្នំពេញ ត្រូវបានពង្រីកផ្ទៃដីជាបន្តបន្ទាប់់ ខណៈប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលំអ និងលើកកម្ពស់កាន់តែល្អប្រសើរ ជាមួយសំណង់អគារពាណិជ្ជកម្ម លំនៅឋានផុសឡើងយ៉ាងព្រោតព្រាតសមជាទីក្រុងដ៏ស៊ីវិល័យ។

ជំរឿនស្ថិតិប្រជាពលរដ្ឋកាលពីឆ្នាំ២០១៩ បានបង្ហាញថា រាជធានីភ្នំពេញ មានប្រជាពលរដ្ឋរស់នៅ ធ្វើការ និងបំពេញការសិក្សារៀនសូត្រសរុបជាង ២លាននាក់។ របាយការណ៍ ក៏បានបង្ហាញដែរថា កំណើនយានយន្តក្នុងរាជធានីភ្នំពេញ បានកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ បច្ចុប្បន្នចំនួនយានយន្តចរាចរណ៍ក្នុងរាជធានីភ្នំពេញ មានជាង ២លានគ្រឿង។ ក្នុងនោះរថយន្តមានជាង ៥០ម៉ឺនគ្រឿង និងទោចក្រយានយន្តមានប្រមាណ ២លានគ្រឿង។

កំណើនយានយន្ត កំណើនចរាចរណ៍នេះ បានធ្វើឱ្យរាជធានីភ្នំពេញ ជួបបញ្ហាកកស្ទះខ្លាំងលើការធ្វើដំណើរ។ ឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់ផ្លូវអាកាសនៅចំណុចប្រសព្វ ដែលមានការកកស្ទះខ្លាំង។

បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៥ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពានអាកាស៧មករា (៦ មករា ២០១២), ស្ពានអាកាសស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពានអាកាស៥មករា (៥ មករា ២០១៦), ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» (២ កក្កដា ២០១៨) ។ ក្រៅពីនេះស្ពានអាកាសមួយទៀត គឺស្ពានអាកាសរង្វង់មូលចោមចៅ កំពុងដំណើរការសាងសង់ និងសម្រេចបានជាង ៩០ភាគរយ។

សូមបញ្ជាក់ថា ទន្ទឹមនឹងការបើកការដ្ឋានសាងសង់ស្ពានអាកាសនេះ ស្ពានបេតុងខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាបតភ្ជាប់រវាងផ្លូវជាតិលេខ៥ ទៅកាន់ក្រុងរណបជ្រោយចង្វា ក៏ដូចជាផ្លូវជាតិលេខ៦នោះ សាងសង់សម្រេចបានច្រើនហើយដែរ។

មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងថា គិតត្រឹមខែមករា ឆ្នាំ២០២២ ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាបនេះ សម្រេចបានជិត ៦៤ភាគរយហើយ។ ស្ពាននេះគ្រោងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៣។

ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប មានរចនាបទទំនើប។ មានសរសរធំៗចំនួន ៤បង្គោល មានកំពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។ ស្ពាននេះគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារ។ ស្ពាននេះមានប្រវែង ៩២២ម៉ែត្រ និងទទឹង២០.៥ម៉ែត្រ៕











Friday, January 28, 2022

លោក ហ៊ុន ម៉ាណែត ៖ កម្ពុជាមានសុខសន្តិភាព គឺជាឱកាសមាសសម្រាប់សិស្សជំនាន់នេះ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ

កំពង់ចាម៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានថ្លែងថា «មានសន្តិភាព មានការអភិវឌ្ឍន៍ ដូចពេលនេះ» ។ ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសលោក អញ្ជើញជាអធិបតីក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាសិក្សា១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ អគារទីចាត់ការ១ខ្នង រួមជាមួយនឹងសមិទ្ធផលនានាស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។


នាឱកាសនោះ លោក ក៏បានចាត់ទុកសកម្មភាពដែលសប្បុរសជនជាអតីតសិស្សនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង បានធ្វើនៅពេលនេះ គឺជាគំរូដ៏ល្អប្រសើរ សម្រាប់ប្អូនៗជំនាន់ក្រោយ។ ជាមួយគ្នានោះ លោក ក៏បានជម្រុញលើកទឹកចិត្តដល់សិស្សានុសិស្សជំនាន់នេះ ត្រូវខិតខំរៀនសូត្រឡើង ខណៈពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍ រីកចម្រើនជាហូរហែ ដោយមិនភ័យខ្លាចនឹងសង្គ្រាមឡើយ ពោលគឺយើងត្រូវបន្តថែរក្សាសន្តិភាព ដែលមានពេលនេះជារៀងរហូត និងបន្តកសាងអភិវឌ្ឍប្រទេសជាមួយរាជរដ្ឋាភិបាល ឲ្យកាន់តែជឿលឿនថែមទៀត។


ក្នុងនោះ លោក ហ៊ុន ម៉ាណែត បានរំលឹកថា ជំនាន់អតីតសិស្សព្រៃទទឹង សិក្សានៅសាលានេះ ពិតជាមានការលំបាកណាស់ ដោយហេតុថា កាលនោះ ប្រទេសយើងមិនទាន់មានសុខសន្តិភាព ពេញលេញនោះទេ ពោលគឺពោរពេញទៅដោយសង្គ្រាម។


លើសពីនោះ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ក៏បានគូសបញ្ជាក់ដែរថា បច្ចុប្បន្ន ខេត្តកំពង់ចាម បាននឹងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ ជាបន្តបន្ទាប់ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវ័ន្ត ជាច្រើន ពិសេស ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ កាន់តែបានលើកកម្ពស់ជាបណ្តើរៗ តាមរយៈ ការទទួលបាននូវសមិទ្ធផលនានា ពីរាជរដ្ឋភិបាលកម្ពុជា ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជននានា។ 


លោកអភិបាលខេត្ត បានមានប្រសាសន៍ បន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញ មានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី ទឹកស្អាត។ ហើយសមិទ្ធផលទាំងនោះហើយបាននឹងកំពុងជួយដល់ប្រជាពលរដ្ឋក្នុងការកាត់បន្ថយភាពក្រីក្រពីភាពក្រីក្រ១០០% ក្នុងឆ្នាំ១៩៧៩ មកនៅត្រឹម ១២,៦% នៅតាមទីប្រជុំជន និង ២២,៨% នៅជនបទ ក្នុងឆ្នាំ២០២០។


នាឱកាសនោះដែរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុនសែន ព្រៃទទឹង ក៏បានសម្តែងភាពសប្បាយរីករាយជាខ្លាំងនៅពេលឃើញសមិទ្ធផលកកើតថ្មីៗ នៅក្នុងវិទ្យាល័យ របស់ខ្លួន ជាពិសេសនាពេលនេះពួកគាត់ទទួលបានអគារសិក្សាថ្មី បណ្ណាល័យថ្មី មានសៀវភៅជាច្រើនប្រភេទ ទុកឃ្លាំង សម្រាប់ពួកគាត់សិក្សាស្រាវជ្រាវចំណេះដឹងផ្សេងៗ។ ជាមួយនោះ ក្នុងនាមលោកគ្រូ អ្នកគ្រូ  សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុនសែន ព្រៃទទឹង ក៏បានគាំទ្រចំពោះសមិទ្ធិផលទាំងអស់នេះ  ដោយបានធ្វើការប្ដេជ្ញាចិត្តខិតខំរៀនសូត្រឲ្យបានពូកែ ដើម្បីយកចំណេះដឹងកសាងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ នាពេលអនាគតផងដែរ៕







Thursday, January 27, 2022

រាជធានីភ្នំពេញ​ ខែមករា​ ឆ្នាំ២០២២!

នេះគឺទិដ្ឋភាពមួយចំនួននៃរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជាយើង ថតពីលើអាកាស នៅក្នុងខែមករា ឆ្នាំ២០២២នេះ ។ បច្ចុប្បន្ននេះ វាពិតជាខុសគ្នាដាច់ស្រឡះពីអតីតកាល ហើយទៅអនាគត ក៏នឹងកាន់តែរីកដុះដាលច្រើន និងល្អៗជាងនេះថែមទៀត ។

តាមរយៈទិដ្ឋភាពនេះ បានបង្ហាញអោយឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងភ្នំពេញបាន និងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនតាមរយៈវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់តែច្រើននៅក្នុងទីក្រុង នៃប្រទេសកំពុងមានការអភិវឌ្ឍមួយនេះ។
ការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើងជាបន្តបន្ទាប់ កាន់តែច្រើនទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់កម្ពុជាដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក ក្នុងខណៈពេលដែលកម្ពុជាកំពុងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី។
ការរីកចម្រើនទាំងអស់នេះ មិនអាចកើតឡើងបានឡើយ បើប្រទេសយើងមិនមានសន្តិភាព។ ដូច្នេះ សន្តិភាព គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិរបស់យើង។
អរគុណសន្តិភាព !











សេចក្ដីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥

រដ្ឋបាលរាជធានីភ្នំពេញ  សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ  ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ  នៅថ្ងៃទី៣១  ខែមករា  ឆ្នាំ ២០២២។ 


ព័ត៌មាន លម្អិតសូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម៖



ពិធីប្រកាសចូលកាន់មុខតំណែងថ្មី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ

ក្រចេះ ៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ លោកហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអោយចូលកាន់មុខតំណែងប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តក្រចេះ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ 


សូមបញ្ជាក់ថា លោក សួន ដានី ត្រូវបានតែងតាំងជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ ជំនួសលោក កែវ កុសល អតីតប្រធានប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ ដែលបានចូលនិវត្តន៍ ។ 


ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ ដែលកន្លងមកបានអនុវត្តការងារស្របតាម ផែនការយុទ្ធសាស្ត្រអភិវឌ្ឍ វិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនៅខេត្តក្រចេះ សំដៅខិតខំចូលរួមអនុវត្តនូវតួនាទី ភារកិច្ចបម្រើ ប្រជាពលរដ្ឋ ជាពិសេសការជំរុញការអនុវត្តនូវគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥ ។ 


លោករដ្ឋមន្ត្រី បន្ថែមថា ៖ ចំពោះកិច្ចការកន្លងមក ដែលបានធ្វើការសហការយ៉ាងសិ្អតរមួតរួមគ្នា អនុវត្តប្រកបដោយជោគជ័យ យុទ្ធសាស្ត្រចតុកោណ គោលនយោបាយនានា ដូចជាគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិស្តីពីអប់រំ  បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈគោលនយោបាយជាតិអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម។ បន្ថែមពីនេះ ក៏បានរួមគ្នាដោះស្រាយបាននូវបញ្ហាជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត សំដៅធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ ក៏ដូចជាធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងសុខដុមរមនាក្នុងទំនាក់ទំនង វិជ្ជាជីវៈ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង១០ចំណុច របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ 


លោក បានស្នើលោកប្រធានមន្ទីរថ្មី -ត្រូវបន្តយកចិត្តទុកដាក់អោយបានម៉ឹងម៉ាត់ ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ -ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវរាល់ភារកិច្ច ដែលក្រសួង និងរដ្ឋបាលខេត្តក្រចេះប្រគល់ជូន-ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា-ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្រ្តីផ្តល់សេវាល្អ ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ-ត្រូវខិតខំអនុវត្តឱ្យបានម៉ឹងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ ទាំងឡាយរបស់រាជរដ្ឋាភិបាល-ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួន សំដៅធានា បាននូវប្រសិទ្ធភាពការងារខ្ពស់-ចំណុច ចុងក្រោយដែលជាចំណុចសំខាន់បំផុត ត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ ៕








លោក ហាន កុសល ៖ ធនធានមនុស្សដែលរឹងមាំជាក្តីសង្ឃឹមសម្រាប់ការអភិវឌ្ឍន៍សង្គមជាតិបានល្អប្រសើរ

កំពង់ចាម÷ នៅក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា ធនធានមនុស្ស ដែលរឹងមាំជាក្តីសង្ឃឹមសម្រាប់ការអភិវឌ្ឍ អភិវឌ្ឍន៍សង្គមជាតិ និងភពផែនដីគឺធនធានមនុស្សដែលមានសុខភាពល្អ ព្រោះថាផ្តេីមចេញពីសុខភាពល្អនេះហេីយ ដែលធ្វើឲ្យមនុស្សមានចំណេះដឹង តាមរយៈការផ្ដល់ឱកាសដែលរាជរដ្ឋាភិបាលផ្តល់ឲ្យទាំងសុខភាពល្អ  ចំណេះដឹង ការប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍ សង្គមសង្គមជាតិ ឲ្យមានការរីកចម្រើន។ 


លោកអភិបាលរងខេត្ត បានបន្តថា ចំពោះ ការថែទាំសុខភាព ជាការទទួលខុសត្រូវ របស់បុគ្គលម្នាក់ៗ ផ្តេីមចេញពីមនុស្សម្នាក់ៗមុនគេ ដែលត្រូវយល់ដឹងពីរបៀបនៃ ការហូបចុកអ្វីដែលមិនត្រូវហូបនឹងអ្វី ដែលត្រូវហូបដេីម្បីឲ្យយេីងមានសុខភាពល្អ ជាពិសេសត្រូវយកអនាម័យជាគោល និងសុខភាពជាគុណតម្លៃ។


ដោយឡែក ការគ្រប់គ្រងសំរាមក្នុង មូលដ្ឋានសុទ្ធតែពាក់ព័ន្ធនឹងសុខភាព ក្នុងនោះបញ្ហាទឹកស្អាតហើយនឹង អនាម័យជនបទ និងការងារផ្សេងៗ ជាច្រើនទៀតដែលយេីងត្រូវគិតគូរ ដេីម្បី ធានាថា ប្រជាពលរដ្ឋយេីងមានសុខភាព ល្អ ព្រោះសុខភាពជាកត្តាសំខាន់ជាងគេ បំផុតរបស់មនុស្សដែលធ្វើឲ្យយើងអាច ឈានទៅដល់ការអភិវឌ្ឍខ្លួនឯង ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំង មូលផងដែរ។


ជាមួយគ្នានោះ លោក ហាន កុសល បាន ក្រេីនរំលឹកថា បច្ចុប្បន្ននេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ផែនការដល់មន្ត្រីពាក់ព័ន្ធត្រូវជម្រុញ ប្រជាពលរដ្ឋឲ្យមានការប្រើប្រាស់ បន្ទប់ទឹក បង្គន់អនាម័យដោយបច្ចុប្បន្ន ការប្រើប្រាស់បង្គន់អនាម័យក្នុងខេត្តកំពង់ចាម នៅខ្វះតែ ២០%តែប៉ុណ្ណោះ ដូច្នេះ សូមលោក លោកស្រី ដែលជា អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវជួយជម្រុញ រិះរកវិធីណាដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ យេីងបានរប្រេីប្រាស់បន្ទប់ទឹកឲ្យបាន គ្រប់ៗខ្នងផ្ទះ។ 


លោកអភិបាលរងខេត្ត បានបញ្ជាក់ថា  បច្ចុប្បន្នវិស័យកសិកម្ម នៅតែនាំមុខគេ ដែលមានដូចជាការនាំចេញអង្ករ បន្លែ  គ្រាប់ ធញ្ញជាតិ និងកសិឧស្សាហកម្ម ផ្សេងៗ ដូច្នេះគម្រោងកាត់បន្ថយភាពក្រី  និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២  ឆ្នាំ២០២២នេះ ត្រូវ  ផ្តោតសំខាន់ទៅលេីវិស័យកសិកម្មនៅឯ ជនបទ តាមរយៈការចិញ្ចឹមសត្វការផ្ដល់ ជូននូវពូជដំណាំ បន្លែផ្សេងៗ គឺធ្វើ យ៉ាងណា យេីងត្រូវលេីកកម្ពស់ការ  

យកចិតទុកដាក់ដេីម្បីផ្តល់ឱកាសឲ្យ ប្រជាកសិករយើងនៅតាមមូលដ្ឋានបាន ប្រតិបត្តិការណ៍ដាំដុះ ការទទួលបាន ជំនួយបច្ចេកទេស ហើយនឹងការយក ផលិតផលរបស់គាត់ទៅលក់នៅឯទីផ្សារ តាមរយៈការសម្រួលការផ្តល់ សេវាសាធារណៈ និងការកសាងផ្លូវផងដែរ៕






ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តប៉ៃលិន ប្រារព្ធពិធីបួងសួងសុំសេចក្តីសុខចម្រើន និងឡើងអាស្រមអ្នកតាភ្នំខៀវថ្មី

ប៉ៃលិន៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ បានធ្វើពិធីបួងសួងសុំសេចក្តីសុខចម្រើន និងឡើងអាស្រមអ្នកតាភ្នំខៀវថ្មី ស្ថិតនៅមុខក្លោងទ្វារផ្លូវចូលរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដែលស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 


លោកស្រី បាន ស្រីមុំ បានលើកឡើងថាក្រោយពីស្ថាបនាផ្លូវបេតុងអាមេឡើងទៅកាន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ភ្នំខៀវ រួចរាល់ទាំងស្រុង គឺនឹងបើកដំណើរការឱ្យភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកលេងកម្សាន្តនាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ឆាប់ៗខាងមុខនេះ ខណ:ក្រុមការងារក៏បានកំពុងរៀបចំតុបតែងដាំដើមផ្កាចម្រុះពណ៌នៅសងខាងផ្លូវ សួនរូបសត្វគ្រប់ប្រភេទដើម្បីកម្ពស់សោភ័ណ្ឌភាព ក្នុងការទាក់ទាក់ទាញភ្ញៀវទេសចរណ៍ មកលេងកម្សាន្តក្នុងខេត្តប៉ៃលិន ឲ្យកាន់តែច្រើនកុះករ។


លោកស្រីបានបន្តថា ទន្ទឹមនឹងនោះ ដោយសង្កេតឃើញរូបសំណាក់អ្នកតាភ្នំខៀវស្នាក់នៅក្នុងកូនខ្ទមតូចចាស់ទ្រុឌទ្រោមរេចរិលផងនោះ ទើបខាងរដ្ឋបាលខេត្ត ក៏បានធ្វើការសាងសង់អាស្រមថ្មីចំនួន៣ខ្នង ដោយមានខ្ទមតូចចំនួន០២ និងខ្ទមធំចំនួន០១ ព្រមទាំងបានរៀបចំពិធីឡើងអាស្រមអ្នកតាភ្នំខៀវ ដើម្បីទុកសម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលមានជំនឿធ្វើការបួងសួងសុំសេចក្តីសុខចម្រើន។


លោកស្រីអភិបាលខេត្ត បានបញ្ជាក់ទៀតថា ការធ្វើពិធីនេះឡើង គឺដើម្បីបួងសួងសុំសេចក្តីសុខចម្រើនជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកលេងកម្សាន្តរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ឱ្យទទួលបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរទាំងទៅទាំងមក ហើយទទួលបាននូវភាពសប្បាយរីករាយជាមួយសម្រស់ដ៏ស្រស់ត្រកាលបែបធម្មជាតិ មានភ្នំ មានព្រៃ និងទឹកជ្រោះថ្លាឆ្វេងជាច្រើនជាន់។


សូមបញ្ជាក់ថា រម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ជារម្មណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្នអាជ្ញាធរខេត្ត បានធ្វើការស្ថាបនាផ្លូវបេតុងអាមេប្រវែងជាង៣គីឡូម៉ែត្របន្ថែមឡើងទៅកាន់រម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ៕





សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២”

កោះកុង៖  ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២  បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រង  និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងក្រុង ស្រុក ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ តាមរយៈ Video Conference ស្តីពី “ចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២” ក្រោមអធិបតីភាពលោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ អគ្គលេខាធិការរងនៃ គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) និងជាប្រធានក្រុមការងារ ទទួលបន្ទុកតាមដាននិងវាយតម្លៃឆ្នេរខ្សាច់កម្សាន្តស្អាត។


បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត បានជម្រាបជូនអង្គពិធីទាំងមូលឱ្យបានជ្រាប អំពីភូមិសាស្រ្ត និងសក្តានុពលទេសចរណ៍ និងតំបន់ឆ្នេរសមុទ្ររបស់ខេត្តកោះកុង ដោយបានបញ្ជាក់ថា កោះកុងជាខេត្តដែលមានឆ្នេរវែងជាងគេគឺប្រហែល ២៣៧គម ដោយលាតសន្ធឹងចាប់ពី ចំណុចចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ព្រំប្រទល់ជាប់នឹង ខេត្តត្រាតប្រទេសថៃឡងត៍ ដល់ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ព្រំប្រទល់ជាប់នឹងខេត្តព្រះសីហនុ។ ក្រុង ស្រុកទាំង០៧ នៃខេត្តកោះកុង សុទ្ធតែជាប់ឆ្នេរសមុទ្រ និងដៃព្រែក កោះនៅក្នុងលម្ហសមុទ្រ មាន២៣ និងកោះនៅក្នុងព្រែកមាន១២ សរុប៣៥កោះ ស្ថិតក្នុងភូមិសាស្រ្តស្រុកចំនួន០៥ ដោយ មានឆ្នេរខ្សាច់ និង ផ្កាថ្ម បាត សមុទ្រ តាម ប្រជុំ កោះស្តេច ប្រជុំកោះកុងក្រៅ ព្រមទាំង ស្មៅសមុទ្រ នៅឃុំជ្រោយប្រស់ និងតំបន់ព្រៃកោងកាងដែលជាដែនជម្រកដ៏សុខសាន្តនៃជីវៈចម្រុះគ្រប់ប្រភេទក្នុង ដែនជម្រកសត្វព្រៃពាមក្រសោប។


កន្លងមកខេត្តកោះកុងក៏មានឆ្នេរចំនួន៣ ដែលទទួលបាន ចំណាត់ថ្នាក់ឆ្នេរខ្សាច់កម្សាន្តស្អាតផងដែរ រួមមាន៖ ឆ្នេរប៉ាក់ខ្លង ឆ្នេរតារាសាគរ និងឆ្នេរចាំយាម។ សម្រាប់ឆ្នាំ២០២២ គណៈកម្មាធិការ គ.អ.ឆ.ក ខេត្តកោះកុងនឹងជំរុញផ្សព្វផ្សាយដល់រដ្ឋបាលក្រុង ស្រុក ស្ថាប័ន ពាក់ព័ន្ធ និងវិស័យឯកជននានាក្នុងការរៀបចំ កែលម្អសោភណ្ឌភាពឱ្យបានល្អប្រសើរស្របទៅនឹងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត និងចូលរួមដាក់ពាក្យបេក្ខភាពចលនាប្រឡង ប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតឱ្យបានច្រើនផងដែរ៕