Thursday, January 27, 2022

ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តប៉ៃលិន ប្រារព្ធពិធីបួងសួងសុំសេចក្តីសុខចម្រើន និងឡើងអាស្រមអ្នកតាភ្នំខៀវថ្មី

ប៉ៃលិន៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ បានធ្វើពិធីបួងសួងសុំសេចក្តីសុខចម្រើន និងឡើងអាស្រមអ្នកតាភ្នំខៀវថ្មី ស្ថិតនៅមុខក្លោងទ្វារផ្លូវចូលរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដែលស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 


លោកស្រី បាន ស្រីមុំ បានលើកឡើងថាក្រោយពីស្ថាបនាផ្លូវបេតុងអាមេឡើងទៅកាន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ភ្នំខៀវ រួចរាល់ទាំងស្រុង គឺនឹងបើកដំណើរការឱ្យភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកលេងកម្សាន្តនាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ឆាប់ៗខាងមុខនេះ ខណ:ក្រុមការងារក៏បានកំពុងរៀបចំតុបតែងដាំដើមផ្កាចម្រុះពណ៌នៅសងខាងផ្លូវ សួនរូបសត្វគ្រប់ប្រភេទដើម្បីកម្ពស់សោភ័ណ្ឌភាព ក្នុងការទាក់ទាក់ទាញភ្ញៀវទេសចរណ៍ មកលេងកម្សាន្តក្នុងខេត្តប៉ៃលិន ឲ្យកាន់តែច្រើនកុះករ។


លោកស្រីបានបន្តថា ទន្ទឹមនឹងនោះ ដោយសង្កេតឃើញរូបសំណាក់អ្នកតាភ្នំខៀវស្នាក់នៅក្នុងកូនខ្ទមតូចចាស់ទ្រុឌទ្រោមរេចរិលផងនោះ ទើបខាងរដ្ឋបាលខេត្ត ក៏បានធ្វើការសាងសង់អាស្រមថ្មីចំនួន៣ខ្នង ដោយមានខ្ទមតូចចំនួន០២ និងខ្ទមធំចំនួន០១ ព្រមទាំងបានរៀបចំពិធីឡើងអាស្រមអ្នកតាភ្នំខៀវ ដើម្បីទុកសម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលមានជំនឿធ្វើការបួងសួងសុំសេចក្តីសុខចម្រើន។


លោកស្រីអភិបាលខេត្ត បានបញ្ជាក់ទៀតថា ការធ្វើពិធីនេះឡើង គឺដើម្បីបួងសួងសុំសេចក្តីសុខចម្រើនជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកលេងកម្សាន្តរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ឱ្យទទួលបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរទាំងទៅទាំងមក ហើយទទួលបាននូវភាពសប្បាយរីករាយជាមួយសម្រស់ដ៏ស្រស់ត្រកាលបែបធម្មជាតិ មានភ្នំ មានព្រៃ និងទឹកជ្រោះថ្លាឆ្វេងជាច្រើនជាន់។


សូមបញ្ជាក់ថា រម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ជារម្មណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្នអាជ្ញាធរខេត្ត បានធ្វើការស្ថាបនាផ្លូវបេតុងអាមេប្រវែងជាង៣គីឡូម៉ែត្របន្ថែមឡើងទៅកាន់រម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ៕





No comments:

Post a Comment