Friday, January 08, 2016

ក្បាច់គុន​បុរាណខ្មែរបញ្ជាក់​ពីប្រវត្តិ​យុទ្ធគុណ​ដ៏ខ្លាំងពូកែ​តាំងពីបុរណ​កាលមក

ការប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរជាលក្ខណៈមិត្តភាពអន្តរជាតិ និងដណ្តើមខែ្សក្រវ៉ាត់ ណាហ្គា វ៉ើល នៅក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បានសហការរៀបចំឡើងដើម្បីចូលរួមអបអរសាទរទិវាជ័យជំនៈ ៧មករាខួបលើកទី៣៧ នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ក្រោម​វត្តមានចូលរួមពីសំណាក់ ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ​គណៈ​រដ្ឋមន្ត្រី។

ឯកឧត្តម យុទ្ធ ភូថង ក្នុងនាមគណៈកម្មកា​ររៀបចំការប្រកួត​បាន​លើក​ឡើងថា៖ ព្រឹត្តិការណ៍​ប្រកួតកីឡា​ប្រដាល់ ក្បាច់គុន​បុរាណខ្មែរ​នាពេលនេះ​មាន​លក្ខណៈ​ជាមិត្តភាព-​​អន្តរជាតិ​​ ហើយក៏​ជាលើក​ទី៣ដែរ ដែលបាន​រៀបចំ​ក្នុង មួយឆ្នាំម្តង​នៅតាម​បណ្តា​ខេត្តនានា ដើម្បី​​ឆ្លុះ​បញ្ចាំង​​​ឱ្យ​​ឃើញ​​អំពី​​​​កិច្ច​​សហប្រតិបត្តិការ​​​អន្តរជាតិ​លើ​វិស័យ​​កីឡា​​ហើយ​ក៏​​ជា​​​ឱកាស​​ផ្តល់​នូវ​ការ​​ផ្លាស់​ប្តូរ​ទាំង​​បច្ចេកទេស​ និង​​បទ​​ពិសោធន៍​​​ក្នុងការ​ប្រកួត​​​ក្បាច់​គុន​​បុរាណ​​ដែល​ជា​មរតក​​នៃ​​សិល្បៈ​ការពារ​​ខ្លួនរបស់​ប្រជាជាតិខ្មែរ​យើង​​។ ការប្រកួត​ជា​លក្ខណៈមិត្តភាព អន្តរជាតិ​នាពេលនេះ​ដែរ គឺស្របពេល ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចូលរួមអបអរសាទរខួបលើកទី៣៧ ទិវាជ័យជំនះ៧មករា ព្រមទាំងជា​ការបំផុស​​ស្មារតី​​​ម​ហា​ជន​ឱ្យ​កាន់​តែ​ស្រលាញ់​ និង​គាំទ្រកីឡា​ ពិសេស​​ក្បាច់​គុន​បុរាណខ្មែរ សំដៅលើក​កម្ពស់​កិត្តិសព្ទ​​​​​​កីឡា​ប្រដាល់ក្បាច់គុនបុរាណខ្មែរ ​ឱ្យកាន់​តែមានភាព​ល្បីល្បាញ​ថែមទៀត​នៅ​លើ​ឆាក​អន្តរជាតិ​។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បានឲ្យដឹងដែរថា ក្នុងចំណោមកីឡាជាច្រើន ក្បាច់គុនបុរាណខ្មែរ គឺ​ជាប្រភេទ​កីឡា​ដ៏មាន​ប្រជា​ប្រិយភាពមួយ​ ដែល​ទទួល​​បាន​ការទាក់ទាញ និងគាំទ្រ​ ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ​ និង​អន្តរជាតិ ហើយក្បាច់គុនបុរាណខ្មែរ​ មិនត្រឹម​តែ​ជាកីឡាប្រដាល់​សម្រាប់​ប្រកួត​តាម​​លក្ខណៈ​​​​បច្ចេកទេស​ និងដើម្បីប្រកួត​យកចាញ់​ឈ្នះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសិល្បៈកីឡា​ នៃ​ការបញេ្ចញ​នូវ​កាយវិការដ៏​រហ័ស​រហួន​ ប្រកប​ដោយ​ភាព​ស្វាហាប់ និង​​មាន​​​​​​​ឫសគល់​យ៉ាង​ជ្រៅ​​​ក្នុង​​ទំនៀមទំលាប់​ប្រពៃណីវប្បធម៌របស់​ជាតិ​​ ហើយ​កីឡាប្រភេទ​នេះ​ ក៏​បានបង្ហាញ នៃអារ្យធម៌ខ្មែរ​ផងដែរ​។    តាម​ការសិក្សា​ស្រាវជ្រាវ​​របស់​ប្រវត្តិ​វិទូ​បាន​ឱ្យ​ដឹង​ថា នាសម័យ​​អាណា​ចក្រ​ខ្មែរ ក្បាច់​គុនខ្មែរ​​មាន​​ច្រើន​ប្រភេទ​ណាស់​ ហើយ​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ ​ក្នុង​វិស័យ​ការពារ​ជាតិ​​ និង​សង្គម​វប្បធម៌ ជា​សិល្បៈ​ការពារ​​ខ្លួន ជាល្បែង​ប្រដាល់​​​កំសាន្ត​ និង​ជា​យុទ្ធ​​គុនសម្រាប់​ពលទាហានផងដែរ​​។ ជារួមក្នុង​សម័យ​នោះ​ ​​ទាំង​ព្រះ​រា​ជាមន្រ្តី​​​គ្រប់​​ជាន់​ថ្នាក់ ពលទាហាន​ និង​រាស្រ្ត​សាមញ្ញភាគច្រើន​​ សុទ្ធ​តែ​ទទួល​បាន​​ការ​ហ្វឹកហាត់ ​និងរៀន​ក្បាច់​គុន​​ខ្មែរមានជាអាទិ៍​ គុនប្រដាល់ គុនដាវ គុនដំបង​ បាញ់​​ធ្នូ​ និងក្បាច់​​​​គុន​ល្បុក្ក​តោ​ជាដើម។ ​ជាក់​ស្តែង យើង​អាច​រក​​ឃើញ ​ភស្តុតាងជាច្រើន ​​​​លើ​ផ្ទាំង​ថ្មចម្លាក់​​នៅតាម​​ប្រាសាទ​​បុរាណ​​​នានា តួយ៉ាងនៅ​​បា្រសាទ​សម្បូរណ៍​ព្រៃ​គុហ៍ ​ប្រាសាទ​អង្គរបូរី​ ប្រាសាទ​​​​កោះកេរ្តិ៍​ ប្រាសាទ​​បន្ទាយ​ស្រី ប្រាសាទ​បាពួន​ ​ប្រាសាទ​បាយ័ន ដែលអាច​​បញ្ជាក់​​យ៉ាង​ច្បាស់ ​អំពី​​ប្រភព​​មរតក​វប្បធម៌​​​នៃ​ក្បាច់​​គុន​បុរាណ​​​​ខ្មែរដែលបាន បន្សល់ទុក។

សម្រាប់ការប្រកួតឆ្នាំនេះ​នៅខេត្តព្រះសីហនុ មានចំនួន៨គូ ដែលសុទ្ធសឹងជាការប្រកួត ជាលក្ខណៈមិត្តភាព អន្តរជាតិ ហើយជាលទ្ធផលសំរាប់កីឡាករកម្ពុជា​ ប្រកួតស្មើ១គូ ឈ្នះដោយពិន្ទុចំនួន៤គូ និងបានផ្ដួលគូប្រគួត ឲ្យសន្លាប​សង្វៀនមាន​ចំនួន៣គូ ៕













ថ្ងៃ​៧មករា ឆ្នាំ១៩៧៩ នៅតែជាថ្ងៃ​ប្រវត្តិ​សាស្រ្ដ ដែលបាន​រំដោះ​អាយុជីវិត​ប្រជា​ជាតិ​កម្ពុជា ឲ្យរួច​ផុត​អំពីការ​កាប់​សម្លាប់និង​ការធ្វើ​ទារុណ​កម្មគ្រប់បែប​យ៉ាង

នៅព្រឹកថ្ងៃទី៧ ខែមករាឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន សមាជិកគណៈអចិន្រ្ដៃយ នៃគណៈកម្មាធិការកណ្ដាល គណប្រជាជនកម្ពុជា និងជាតំណាងរាស្រ្ដមណ្ឌល​តាកែវ  និងលោកជំទាវ បានអញ្ជើញចូលរួមជាអធិបតីមិទ្ទិញអបអរសាទរ ទិវាជ័យជំនៈ៧មករា ខួបអនុស្សារីយ៍​លើកទី៣៧ (១៩៧៩- ២០១៦) ជាមួយថ្នាក់ដឹនាំ​មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ  លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋខេត្តតាកែវ។

ការប្រារព្ធពិធីនេះឡើង ក្នុងស្មារតីគោរពដឹងគុណ​យ៉ាងជ្រាលជ្រៅ ចំពោះយុ​ទ្ធជន យុទ្ធនារី អ្នក​ស្នេហា​ជាតិដ៍ច្រើន​ឥត​គណនា ដែលបាន​ក្រោក​ឈរតស៊ូ​ប្រយុទ្ធ​យ៉ាង​ប្ដូផ្ដាច់ លះបង់នូវ​សាច់​ស្រស់​ឈាមស្រស់ និងអាយុជីវិតប្រកបដោយវិរភាពដ៏ខ្ពង់ខ្ពស់ ដើម្បីបុព្វហេតុជាតិ ក្នុងការផ្ដួល​រំលំរបប​ផ្ដាច់ការ ប៉ុល​ពត ដែល​បានអនុវត្តន៍​នយោបាយ​ប្រល័យពូជសាសន៍​ដ៍សាហាវ​យង់ឃ្នង​បំផុតចំពោះជាតិមាតុភូមិ ក្នុងរយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ នៃរបបនេះ​បានបំផ្លាញសង្គមជាតិ​ទាំងមូល​ដែលរង​នូវវិនាស​កម្មដោយ​សារ​សង្គ្រាម​៥ឆ្នាំរួចមកហើយនោះ​ឲ្យរលាយ​ខ្ទីចខ្ទីទាំងស្រុងរហូត​ដល់​ឬស​គល់ ហើយប្រជាជន​កម្ពុជា ត្រូវពួក​ឃាតករ​បំបិទសិទ្ធិ​សេរីភាព​សព្វបែប​យ៉ាង ក្លាយជា​ទាសករ បាត់បង់​អស់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់មនុស្ស ប្រែក្លាយ
កម្ពុជា​ទៅជា​វាលពិឃាតគួរ​ឲ្យរន្ធត់ ប្រជាជាតិ​ទាំងមូលត្រូវ​ជ្រមុជជ្រៅ​ក្នុងសមុទ្រ​ឈាមនិង​ទឹកភ្នែក រងចាំថ្ងៃស្លាប់ ដែលពុំធ្លាប់​មាននៅ​ក្នុងប្រវ​ត្តិសាស្រ្ដ​សំរាប់​មនុស្សជាតិ។

ថ្លែងក្នុង​មិទ្ទីញ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​បញ្ជាក់ថា៖ ក្នុង​រយៈពេល​៣៧ឆ្នាំ​កន្លមកនេះ ផ្ដើមពីជ័យ​ជំនៈ៧​មករា​ប្រជា​ជនកម្ពុជា បាន​សម្រេច​នៅការ​ផ្លាស់​ប្ដូរ​សង្គម​យ៉ាង​ធំធេង ដោយ​គ្មាន​​នរណា​​ម្នាក់​​អាចស្មាន​ដល់ បានប្រែ​ក្លាយពីវាល​ពិឃាត​នៃរបប​ប្រល័យពូជសាសន៍, ពីសម​រភូមិ នៃ​សង្គ្រាម​រាំរ៉ៃ​ ពីការ​បែកបាក់​ជាតិ, និងការ​បែង​ចែក​ទឹកដី ក្លាយ​ជាប្រជាតិ​មួយដែល​មាន​សុខ​សន្ដិភាព​ សេរីភាព ឯកភាព ស្ថេរភាព និង​ការ​អភិវឌ្ឍន៍​លើគ្រប់​វិស័យ ធ្វើឲ្យជីវភាព​រស់នៅ​​របស់​ប្រជាជន ត្រូវបាន​លើក​កម្ពស់ឥត​ឈប់ឈរ ដែលអាច​និយាយ​បានថា ជាលើក​ដំបូងនៅ​ក្នុងប្រវត្តិ​សាស្រ្ដ រយៈពេល​ជាង៥​រយឆ្នាំ​មកនេះ​បន្ទាប់ពី​សម័យ​អង្គរដ៏រុងរឿង ដែលប្រជាជន​កម្ពុជាទទួលបាន​នូវ​សន្ដិភាព​ដ៏ពេញ​លេញ មានការ​ឯកភាព​ជាតិ ឯកភាព​ទឹកដី និងកំពុង​រស់នៅ​ដោយ​សុខដុម​​រមនាក្រោម​ដំបូលរដ្ឋធម្មនុញ្ញ​តែមួយ។    ម៉្យាងវិញទៀត រាល់សមិទ្ធិផល​ដែលសម្រេច​បាន​ក្នុង​រយៈ​ពេល​៣៧ឆ្នាំ​នេះ គឺអាស្រ័យ​ដោយមាន​ការដឹកនាំ​លើផ្នែក​នយោបាយ​ត្រឹមត្រូវ មានការលះបង់​ខ្ពស់ របស់​យុទ្ធជន យុទ្ធនារី មន្រ្ដីគ្រប់​លំដាប់ថ្នាក់​ក្នុងការ​បំពេញភារៈកិច្ច​របស់ខ្លួន មានការ​ចូលរូម​ពីសំណាក់​ប្រជាជន​ទូទាំងប្រទេស ដោយមាន​ឆន្ទៈ​មោះមុត បើទោះបីមាន​និន្នាកា​រ​នយោបាយ ដើម​កំណើតជាតិ, ជំនឿ​សាសនា ឬឋានៈតួរនាទី​ក្នុងសង្គម​ផ្សេងគ្នាក្ដី ព្រមទាំងទទួល​ការជួយ​ឧបត្ថម្ភគាំទ្រដ៍​ស្មោះ​សរពីបណ្ដា​ប្រទេស​ជាមិត្ត និង​សហគមន៍​អន្ដរជាតិ​ផងដែរ។

ឯកឧត្តមបានមានប្រសាសន៍បន្ដថា៖ ការពិតជាក់ស្ដែង ទាំងអស់នេះគឺគ្មាន ជនណា ឬមជ្ឈដ្ឋានណាអាច មកបដិសេធ​មួលបង្កាច់បានឡើយ បើគ្មានរដ្ឋប្រហារ​ថ្ងៃ ១៨មិនា​ ឆ្នាំ១៩៧០ ក៍គ្មានរ​បបប្រល័យ​ពូជសាសន៍
ប៉ុល​ពត បើគ្មានរ​បបប្រល័យ​ពូជសាសន៍ ក៍គ្មាន​ថ្ងៃជ័យជំនៈ ៧ មករា បើគ្មាន​ថ្ងៃជ័យ​ជំនៈ៧មករា ក៍គ្មាន​អ្វីៗ ដូចថ្ងៃនេះ​ដែរ។ ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២​ របស់ប្រជាជនកម្ពុជា នេះគឺសច្ចៈធម៌​ប្រវត្តិសាស្ដ្រ​ដែលប្រជាជន​​គ្រប់ជំនាន់ គប្បីយល់​​ដឹងឲ្យបាន​​ច្បាស់ មិនត្រូវរស់​នៅក្នុង​ស្រមោល​​អតីតៈកាល ជៀសឲ្យ​ផុតការ​កើតជា​ថ្មីនូ​វ​សោកនា​​ដកម្ម ពិសេស​ធ្លាក់​ក្នុង​​ឧបាយកល នៃស្រមោល​​​​អាក្រក់ និងមជ្ឈដ្ឋានអគតិណាមួយដែលចង់សម្រេចនូវមហិច្ឆតានយោបាយរបស់ខ្លួន ។

គួរបញ្ជាក់ថា៖ នៅក្នុងពិធីរំលឹកខួបអនុស្សាវរីយទិវាជ័យជំនៈ ៧​មករាលើកទី៣៧នេះដែរ ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ ក៍បានបំពាក់គ្រឿងឥស្សរយសដល់សប្បុរសជនដែលបានចូលរួមជួយអភិវឌ្ឍនៅក្នុងខេត្ដតាកែវ ព្រមទាំងចែករង្វាន់ និងលិខិតសរសើរដល់ជ័យលាភីតែងកំណាព្យស្ដីអំពីអត្ថន័យប្រវត្តិសាស្រ្ដនៃថ្ងៃ៧មករា រួមមានម៉ូតូ កង់និងថវិកា ផងដែរ ៕
        















មន្ត្រីរាជការ និងប្រជាពលរដ្ឋ ចំនួន ៨០០នាក់ ប្រារព្ធពិធីអបអរសាទរទិវាជ័យជនះ៧មករា នៅស្រុកបាទី ខេត្តតាកែវ

នៅព្រឹកថ្ងៃទី០​៨ ខែមករា ឆ្នាំ២០១៦ ស្រុកបាទី ខេត្តតាកែវ បានប្រារព្ឋពិធីអបអរសាទរ ខួបទី ៣៧ ថ្ងៃជ័យជំនៈ ០៧ មករា ១៩៧៩ - ០៧ មករា ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម កែវ វុឌ្ឍិន និង ឯកឧត្តម ខាយ ឃុនហេង តំណាងដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ ម៉ារ៉ា និងឯកឧត្តម ជា វ៉ាន់ដេត ជាសហប្រធានក្រុមការងារចុះជួយស្រុកបាទី ខេត្តតាកែវ និងមានការចូលរួមពីលោកលោកស្រី ជាក្រុមការងារ ក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរង ស្រុក មេឃុំ           យុវជន និងសមាជិកសមាជិកា  ចំនួន ៨០០នាក់។ នៅថ្ងៃដដែលនេះដែរ ស្នាក់ការគណបក្សប្រជាជនកម្ពុជា ក៍មានរៀបចំពិធី បង្សុកុល និង ប្រគេនភត្តាហារចំពោះព្រះសង្ឃ ០៧ អង្គ  ឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខ័ន្ឋ សម្តេច ជា ស៊ីម អតីតប្រធានគណ​បក្សប្រជាជនកម្ពុជា និងជូនដួង​វិញ្ញាណក្ខ័ន្ឋ ឯកឧត្តម សូ ឃុន ផងដែរ៕



រដ្ឋមន្រ្តីការបរទេសហុងគ្រី នឹងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០១៦នេះ

យោងតា​មសេចក្តីជូ​នព័ត៌មានរ​បស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ បានឲ្យដឹងថា​ ឯកឧត្តម ពិទ័រ ហ្ស៊ីហ្សារតូ (Peter Szijjarto) រដ្ឋមន្រ្តីក្រសួងការបរទេសនិងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នឹងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេលថ្ងៃ នៅថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០១៦នេះ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

ក្រសួងការបរទេសបានបន្ថែមថា អំឡុងទស្សនកិច្ចនេះ ឯកឧត្តម ពិទ័រ ហ្ស៊ីហ្សារតូ (Peter Szijjarto)នឹងសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ឯកឧត្តម ពិទ័រ ហ្ស៊ីហ្សារតូ (Peter Szijjarto) ក៏ជួបពិភាក្សាការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរ។ ក្រៅពីនោះ ឯកឧត្តម ពិទ័រ ហ្ស៊ីហ្សារតូ (Peter Szijjarto) នឹងអញ្ជើញទៅទស្សនាអគារពាណិជ្ជកម្ម មេគង្គកម្ពុជា-ហុងគ្រី៕

សម្តេចតេជោ ហ៊ុន សែន ពន្យល់បញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួនដែលជាកង្វល់របស់ពលរដ្ឋចំពោះការអនុវត្តន៍ច្បាប់ចរាចរណ៍ថ្មីដូចខាងក្រោម

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister បង្ហោះផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦  មានខ្លឹមសារដូចតទៅ៖

១-សេចក្តីសម្រេចមិនតម្រូវអោយបង់ថ្លៃប្រឡងប័ណ្ណបើកបរម៉ូតូ (កម្លាំង 125cc ចុះក្រោម)។

២-ប្រសិនបើបានបង់ថ្លៃប័ណ្ណបើកបរម៉ូតូកម្លាំង 125cc រួចហើយ ហើយចង់បានថវិកាវិញ គឺត្រូវយកប័ណ្ណបើកបរមកប្រគល់អោយក្រសួងវិញ ដើម្បីទួលយកប្រាក់ត្រឡប់វិញគ្រប់ចំនួន។

៣-តម្លៃបង់ថ្លៃប័ណ្ណបើកបររថយន្តគឺនឹងបញ្ចុះតម្លៃជូនពលរដ្ឋ ។

៤-ចំពោះពលរដ្ឋដែលមានម៉ូតូកម្លាំង125 ccចុះក្រោម ហើយចង់អោយសមាជិកគ្រួសារប្រើប្រាស់ទោះបីចំនួន ៣ ឬ៤នាក់ ឬ ច្រើនជាងនេះ គឺអាចប្រើប្រាស់ម៉ូតូបាន ដោយមិនចាំបាច់ស្នើរសុំលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ ប្រសិនបើម្ចាស់ម៉ូតូយល់ព្រមអោយខ្ចីជិះ។

៥-សូមប្រជាពលរដ្ឋរៀនបើកបរបញ្ជាយានយន្តអោយបានស្ទាត់ជំនាញ ហើយរៀនច្បាប់ចរាចរណ៌យល់ដឹងអោយបានច្បាស់លាស់ និងបើកបរគោរពច្បាស់ចរាចរណ៍ទាំងអស់គ្នា ៕                         អត្ថបទៈ​ តាំង ករុណា

សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាកសាងជាតិ សន្តិភាពនិងការអភិវឌ្ឍសង្គមជាតិ

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister បង្ហោះនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ មានខ្លឹមសារដូចតទៅ៖

នៅព្រឹកថ្ងៃទី ៧ មករា ឆ្នាំ ២០១៦នេះ  សម្តេចតេជោ ហ៊ុន សែន និង សម្ដេច កិត្តិព្រឹទ្ឋបណ្ឌិត បានអញ្ជើញចូលរួមក្នុងទិវារំលឹកខួបទី៣៧ នៃទិវាជ័យជំនះ ៧មករា ជាមួយសមាជិកសមាជិកា និងប្រជាពលរដ្ឋរាប់ពាន់នាក់នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាក្នុងខ័ណ្ឌចំការមន រាជធានីភ្នំពេញ ។

៧ មករា បានធ្វើឲ្យប្រទេសជាតិរស់ឡើងវិញ និងស្ថិតស្ថេរគង់វង្ស និងរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ ទោះបីជារយៈពេល ៣៧ឆ្នាំ បានកន្លងផុតទៅហើយក្តី ក៏ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នៅតែរស់រវើកជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់រូបដែលស្នេហាសន្តិភាព   សេរីភាព   និងយុត្តិធម៌ទាំងអស់លើពិភពលោក។

ពិធីបុណ្យរំលឹកទិវាជ័យជំនះ ៧មករា ជាប្រវត្តិសាស្រ្តថ្ងៃនេះ គឺក្នុងស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះវីរយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដ៏ច្រើនឥតគណនា ដែលបានប្រយុទ្ធ និងពលីកម្មយ៉ាងអង់អាចក្លាហានបំផុត ក្នុងការរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ ។ យើងទាំងអស់គ្នា សូមលំឱនកាយគោរពដួងវិញ្ណាណក្ខន្ធរបស់ប្រជាជនជនរួមជាតិយើងជាងបីលាននាក់ដែលបានត្រូវសម្លាប់យ៉ាងអយុត្តិធម៌បំផុត ក្រោមរបបប្រល័យពូជសាសន៍ និងសូមឧទ្ទិសបួងសួងសូមឲ្យដួងព្រលឹង របស់លោកអ្នកទាំងនោះ បានទៅកាន់សុគតិភព ជារៀងរហូត។

ប្រជាជនកម្ពុជានាពេលបច្ចុប្បន្នកំពុងរស់នៅប្រកបដោយសុទិដ្ឋិនិយមជាមួយក្តីសោមនស្សរីករាយក្រៃលែង ចំពោះសមិទ្ធផលដែលបានកើតឡើងជាបន្តបន្ទាប់ក្រោយថ្ងៃរំដោះ ៧ មករា។ ខឿនឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព ត្រូវបានការពារមោះមុតស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមមានភាពល្អប្រសើរ ទោះបីជាមានការរំខានពីសកម្មភាពនយោបាយខ្លះៗក្តី។

ក្នុងនាមជា ប្រធានគណះបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្ដេជ្ញាចិត្ត ក្នុងការដឹកនាំប្រទេសកម្ពុជាអោយមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសបន្តអនុវត្តន៍កំណែទម្រង់គ្រប់វិស័យដែលបានកំណត់ក្នុងយុទ្ឋសាស្ត្រចតុកោណ ដោយតាំងចិត្តខ្ពស់ដើម្បីលើកកំពស់ និងអភិបាលកិច្ចល្អរបស់ស្ថាប័ន គ្រប់ផ្នែក  ព្រមទាំងផ្ដល់សេវាសាធារណ:គ្រប់ប្រភេទប្រកបដោយប្រសិទ្ឋភាព តម្លាភាព និងគុណភាពសំរាប់ការរស់នៅរបស់ប្រជាជន ។

នៅចុងបញ្ចប់នៃពិធី សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលបាច់ផ្កាអបអរសាទរពីបណ្ដាស្ថាប័នផ្សេងៗ ស្ថានទូត និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើន  ព្រមទាំងបានព្រលែងព្រាបសន្តិភាព និង បង្ហោះប៉ោងប៉ោងក្នុងបរិយាកាសរីករាយក្រៃលែង៕                        
 អត្ថបទៈ​ តាំង ករុណា




សម្តេចតេជោ ហ៊ុន សែន មាននូវសុទិដ្ឋិនិយមខ្ពស់ចំពោះសមិទ្ធផលក្រោយថ្ងៃរំដោះ7មករា និងខិតខំដោះស្រាយរាល់បញ្ហាសំខាន់ៗរបស់ជាតិបន្ថែមទៀត

នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់នៅក្នុងសុន្ទរកថា ថ្លែងក្នុងពិធីមិទ្ទិញ ខួបលើកទី ៣៧ នៃ ទិវាជ័យជំនះជាប្រវត្តិសាស្រ្តថ្ងៃ៧ មករា ដោយបានលើកឡើងពីសមិទ្ធផលក្នុងឆ្នាំកន្លងមក និងទិសដៅក្នុងការអភិវឌ្ឍជាបន្តបន្ទាប់ទៀត។
                                                                               
តាមសន្ទរកថាក៏បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកមួយរូប ក្នុងចំណោមប្រមុខដឹកនាំជាច្រើនរូបទៀត ដែលបានដឹកនាំចលនា តស៊ូរំដោះជាតិ បានគូសបញ្ជាក់ថា ក្រោយរដ្ឋប្រហារថ្ងៃ ១៨ មីនា ឆ្នាំ១៩៧០ ដឹកនាំដោយលោក លន់ នល់ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ បានធ្វើឲ្យប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាមយ៉ាងសន្ធោរសន្ធៅបំផុត ដែលបានបង្កមហាវិនាសកម្មពុំអាចនឹងពណ៌នាបានឡើយ។ ក្រោយថ្ងៃជ័យជម្នះលើពួក លន់ នល់ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ប្រជាជនកម្ពុជា ដែលសង្ឃឹមបានរស់នៅក្នុងសន្តិភាពវិញនោះ ត្រូវរលាយបង់តែមួយប៉ព្រិចភ្នែក ក្រោមអំពើផ្តាច់ការនៃបនក្បត់ ប៉ុល ពត ដែលបានអនុវត្តនយោបាយប្រល័យពូជសាសន៍ ដ៏សាហាវយង់ឃ្នងបំផុត ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃនេះ ពួកបនប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លាញសង្គមជាតិទាំងមូល ឱ្យទទួលរងការវិនាសដោយសារសង្រ្គាម ៥ឆ្នាំរួចមកហើយនោះ (ពីឆ្នាំ១៩៧០-១៩៧៥) ឲ្យរលាយខ្ទេចខ្ទីទាំងស្រុងដល់ឬសគល់។ ប្រជាជនកម្ពុជា ត្រូវពួកឃាតករបំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាងទាំងស្រុង ក្លាយជាទាសករ បាត់បង់អស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ហើយរង់ចាំតែពេលពួក ប៉ុល ពត សម្លាប់តែប៉ុណ្ណោះ។
                                         
សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា របបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រែក្លាយកម្ពុជា ទៅជាវាលពិឃាតគួរឲ្យរន្ធត់បំផុត ប្រជាជាតិទាំងមូលត្រូវជ្រមុជយ៉ាងជ្រៅទៅក្នុងសមុទ្រឈាម និងទឹកភ្នែក ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ ប្រជាជន ដែលពុំទាន់ត្រូវបានសម្លាប់ មានតែការលើកដៃបួងសួងបន់ស្រន់ សូមឲ្យទេវតា និងវត្ថុស័ក្តិសិទ្ធទាំងឡាយមកជួយសង្រ្គោះឲ្យរួចផុតពីឋាននរកអវចី។ ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលជាសច្ចធម៌ប្រវត្តិសាស្រ្ត គួរយល់ដឹងច្បាស់លាស់ និងចងចាំជារៀងរហូត។ យើងមិនមែនត្រូវរស់នៅក្នុងស្រមោល នៃអតីតកាលឡើយ ប៉ុន្តែក្នុងជំហានទៅមុខឆ្ពោះទៅរកអនាគត ដ៏រុងរឿង យើងចាំបាច់ ត្រូវតែយល់ពីប្រវត្តិសាស្រ្ត ឲ្យបានត្រឹមត្រូវ ត្រូវរៀនសូត្រអំពីមេរៀនជាប្រវត្តិសាស្រ្តទាំងឡាយ ដើម្បីបន្តកសាង និងការពារជាតិយើងតទៅមុខទៀត ឲ្យរុងរឿង ស្ថិតសេ្ថរគង់វង្ស ដោយជៀសឲ្យផុតពីការកើតមានជាថ្មីនូវសោកនាដកម្ម និងគ្រោះមហន្តរាយ ដូចដែលប្រជាជាតិយើងធ្លាប់បានឆ្លងកាត់ ហើយមិនធ្លាក់ទៅក្នុងឧបាយកលរបស់សមាសភាពអាក្រក់ និងមជ្ឈដ្ឋានអគតិណាដែលចង់សម្រេចនូវមហិច្ឆតារបស់ខ្លួននោះ។
                                                       
សុន្ទរកថាសម្តេចតេជោ ក៏បានលើកឡើងថា រយៈពេល ៣៧ឆ្នាំ ក្រោយការផ្តួលរំលំរបប ប៉ុល ពត ស្មារតី ៧ មករា នៅតែស្ថិតស្ថេរជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា ជាប្រទីបបំភ្លឺផ្លូវ ដែលបាននាំកម្ពុជា ឈានពីជ័យជម្នះមួយ ទៅជ័យជម្នះមួយទៀតឥតឈប់ឈរ។ ៧ មករា គឺជាមោទនភាព ដ៏ថ្លៃថ្លាបំផុតរបស់ប្រជាជនកម្ពុជាទាំងអស់គ្នា។មានតែអ្នកស្រឡាញ់របបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ ដែលប្រឆាំងនឹង ថ្ងៃ ៧ មករា។ ប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន កំពុងរស់នៅប្រកបដោយសុទិដ្ឋិនិយមជា មួយក្តីសោមនស្សរីករាយក្រៃលែងចំពោះសមិទ្ធផល ដែលបានកើតឡើងជាបន្តបន្ទាប់ក្រោយថ្ងៃរំដោះ ៧ មករា។ ខឿនឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព ត្រូវបានការពារគត់មត់ ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមមានភាពល្អប្រសើរទោះបីជាមានការរំខានពីសកម្មភាពនយោបាយខ្លះក្តី។ ប្រការនេះបានធានានូវភាពអនុគ្រោះ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យសម្រេចបានផ្លែផ្កាជាថ្មីទៀត។

សម្តេចតេជោ ក៏បានលើកឡើងផងដែរថា លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកាន់តែត្រូវបានលើកកម្ពស់ដោយដើរទន្ទឹមនឹង ការពង្រឹងនីតិរដ្ឋ។ ការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងកំពុងមានដំណើរការយ៉ាងល្អ ធានាបាននូវបូរណភាពទឹកដីកម្ពុជា និងការកសាងខ្សែបន្ទាត់ព្រំដែន ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ជាមួយនឹងអំណរសាទរចំពោះសមិទ្ធផលទាំងឡាយដែលបានទទួលក្នុងឆ្នាំ២០១៥ និងប្រកាន់ខ្ជាប់នូវ ស្មារតី៧មករា ដ៏រុងរឿង យើងមានជំនឿមុតមាំថា យើងពិតជានឹងសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀត ក្នុងការបន្តដោះស្រាយរាល់បញ្ហារបស់ជាតិ លើកស្ទួយលទ្ធិប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទោះបីជានៅមានការលំបាកនិងបញ្ហាប្រឈមជាច្រើនទៀតក្តី។

សម្តេចតេជោ ក៏បានលើកឡើងនៅក្នុងសុន្ទរកថារបស់សម្តេចថា បើគ្មានរដ្ឋប្រហារថ្ងៃ ១៨ មីនា ឆ្នាំ១៩៧០ ក៏

គ្មានរបបប្រល័យពូជសាសន៍ប៉ុល ពត បើគ្មានរបបប្រល័យពូជសាសន៍ក៏គ្មានជ័យជម្នះ ៧មករា បើគ្មានជ័យជម្នះ ៧មករា គឺ គ្មានអ្វីៗនៅថ្ងៃនេះឡើយ៕

អត្ថបទៈ តាំង ករុណា